15
ឧសភា

វិភាគ៖ តើប៉ះពាល់​​វិនិ​យោគ​​កម្រិត​​ណា ​បើ​EU​ដាក់​​កម្ពុជា​​ជា​​ប្រទេស​​លាង​​លុយ​​?​

សហភាព​អឺរ៉ុប កាលពី​សប្តាហ៍​មុន បាន​ស្នើ​សភា​របស់​ខ្លួន​ដាក់​កម្ពុជាក្នុង​បញ្ជី​ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​លើ​ការ​លាងលុយកខ្វក់ ​(លុយ​ខុសច្បាប់​) ទៅ​ក្នុង​ក្រុម​ប្រទេស ១១ផ្សេងទៀត ដោយ​ថា​ដើម្បី​ទប់ស្កាត់​ក្រុម​ភេរ​វក​ម្ម។

អឺរ៉ុប អះអាង​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី៧ ខែឧសភា​ថា ការ​ស្នើសុំ​នេះ ដោយសារ​ក្រុម​ប្រទេស​ទាំងនោះ​«បាន​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លាងលុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវក​ម្ម បង្ក​ការ​គំរាមកំហែង​ខ្លាំង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ខ្លួន»

ជា​ការ​កត់សម្គាល់ ការដែល​សហភាព​អឺរ៉ុប​ភ្ជាប់​កម្ពុជា​ទៅ​នឹង​ក្រុម​ប្រទេស​លាងលុយកខ្វក់​នេះ វា​បាន​កើតឡើង ក្រោយពី​វិធានការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​ពី​កម្ពុជា​កាលពី​ខែកុម្ភៈ។

សហភាព​អឺរ៉ុប​ អះអាង​ថា វិធានការ​ដក EBA ដោយសារតែ​បក្ស​កាន់​អំណាចរបស់​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ តប​តាម​លក្ខខណ្ឌ​របស់​ខ្លួន ពាក់ព័ន្ធ​នឹងការ​ធ្វើឱ្យសិទ្ធិមនុស្ស​ធ្លាក់ចុះ និងការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ជាដើម ។

សហភាព​អឺរ៉ុប​ជាទី​ផ្សារ​ធំជាង​គេ​របស់​កម្ពុជា ក្នុង​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីនោះ​ដោយ​រួច​ពន្ធ។ អំណោយផល​នេះ ជា​សក្តា​នុ​ពល​មួយ​របស់​កម្ពុជា ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​បាន​ផង និង​ទាក់ទាញ​វិនិយោគ​ផង។

នៅពេល​រលក​ទី២ នៃ​វិធានការ​នេះ​កើតឡើង វាប​ង្កើត​ជា​សំណួរ​ថា ​តើ​នឹង​ប៉ះពាល់​អ្នក​វិនិយោគ​កម្រិត​ណា បើ​សហភាព​អឺរ៉ុប​ដាក់​កម្ពុជា​ជា​ប្រទេស​លាង​លុយ​នោះ​?

អ្នកជំនាញ​ និង​អ្នកឃ្លាំមើល បង្ហាញ​ការយល់ឃើញ​ថា បញ្ហា​នេះជា​ហានិភ័យ​ដល់​អ្នក​វិនិយោគ និង​គំរាមកំហែង​ដល់​ការលូតលាស់​សេដ្ឋកិច្ច​ជាតិ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ប៉ិច ពិសី និយាយ​ថា វិធានការ​នេះ វា​នឹង​បង្ក​ហានិភ័យ​ដល់​អ្នក​វិនិយោគ និង​គំរាមកំហែង​ដល់​ការលូតលាស់​សេដ្ឋកិច្ច​ជាតិ ព្រោះ​ចរាចរណ៍​សាច់ប្រាក់ ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​តឹង​រ៉ឹង​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ។

លោក​ថា៖ «ប្រទេស​មួយ​ដែល​មាន​ហានិភ័យ​លាង​លុយ​ហ្នឹង​ខ្ពស់​ ក្រុម​ហ៊ុន​ធំៗ​ដែលគេ​រកស៊ី​ច្បាប់​លាស់​នឹង​មិន​ហ៊ាន​វិនិយោគ​ទុនហ្នឹង​មក​ទេ ​អ៊ីចឹង​ធ្វើឱ្យលំហូរ​សេដ្ឋកិច្ច​ខ្សោយ​ ហើយ​ធ្វើឱ្យការលូតលាស់​សេដ្ឋ​កិ​ច្ច​យឺត​យ៉ាវ»។

លោក ប៉ិច ពិសី ផ្តល់​ជាយោបល់​ថា ដើម្បី​រំដោះ​កម្ពុជា​ចេញពី​ក្រុម​ប្រទេស​លាង​លុយកខ្វក់ រដ្ឋាភិបាល​ត្រូវ​ផ្តោត​លើក​ត្តា​ច្បាប់​ ឬប្រព័ន្ធ​យុត្តិធម៌ និង​ការអនុវត្ត​ច្បាប់​ឱ្យមានប្រសិទ្ធភាព តប​តាម​លក្ខខណ្ឌ​អន្តរជាតិ។

បើ​តាម​អង្គការ​តម្លាភាព ការ​ដាក់​ប្រទេស​ណាមួយ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​លាង​លុយ គេ​ពិនិត្យ​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌ ការអនុវត្ត​ច្បាប់ ធនធានមនុស្ស និង​សេរីភាព​សារ​ព័ត៌មាន។

អង្គការ​ឃ្លាំមើល​ការ​លាងលុយកខ្វក់​អន្តរជាតិ «FATF» កាលពី​ខែកុម្ភៈ ​ឆ្នាំ២០១៩ ក៏បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ​ជាថ្មី​ទៀត ដើម្បី​តាមដាន​ការ​លាងលុយកខ្វក់ ខណៈ​កម្ពុជា មាន​លំហូរ​អ្នក​វិនិយោគ​ចិនផ្នែក​សំណង់ កាស៊ីណូ និង​ល្បែង​តាម​អន​ឡា​ញនោះ។

ក្រុមការងារ​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ​ការ​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ ដោយ​មើលឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មានអំពើ​ពុករលួយ​ខ្ពស់ ហើយ​ថា ការស៊ើបអង្កេត​ប្រយុទ្ធ​ប្រឆាំង​ការ​លាងលុយកខ្វក់​មាន​តិចតួច។

រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ​ លោក ងី ចន្ទ្រ័​ផល ដែល​ជា​អ្នកសម្របសម្រួល​ធ្វើ​ច្បាប់​តប​តាម​លក្ខខណ្ឌ​របស់​ក្រុមហិរញ្ញវត្ថុ​អន្តរជាតិ «FATF» ហៅ​ការ​មើលឃើញ​របស់​អឺរ៉ុប ខុសពី​អ្វី​ដែល​កម្ពុជា​កំពុង​ប្រឹងប្រែង​ដើម្បី​កែ​លម្អ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ អះអាង​ថា តប​តាម​អនុសាសន៍​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​អន្តរជាតិ សេចក្តី​ព្រាងច្បាប់​មួយចំនួន រួម​ទាំង​ច្បាប់ប្រយុទ្ធ​ប្រឆាំង​ការ​លាងលុយកខ្វក់​ផង​ រង់ចាំ​តែ​សភា​អនុម័ត​ប៉ុណ្ណោះ ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ ​ហៅ​ការ​ស្នើសុំ​វិធានការ​ថ្មីទៀតរបស់​អឺរ៉ុប ថា​ជា​ការ​វាយ​ប្រហាររ​ដ្ឋា​ភិបាល និង​បាន​អះអាង​ថា វា​នឹង​មិនប៉ះពាល់​ដល់​កម្ពុជា​ទេ ដរាបណា​កម្ពុជា​បន្ត​អនុវត្ត​តាម​អនុសាសន៍​របស់​ក្រុម​ហិរញ្ញប្បទាន​អន្តរជាតិ​នោះ។

លោក​ថា៖ «ខ្ញុំ​ថា​ មិន​គួរ​បារម្ភ​អី​ទេ វា​សុទ្ធតែ​ចង់​ទាញ វាយ​ប្រហាររ​ដ្ឋា​ភិបាល​យើង​ទេ តាមខ្ញុំ​មើលទៅ»។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង ធ្លាប់​ទម្លាយ​ថា មាន​មន្ត្រី​មួយចំនួន​ជាប់ពាក់ព័ន្ធ​នឹងការ​រត់ការ​ប្រាក់​ដុល្លារ ៣លាន ៥សែន ដែល​រឹបអូស​បាន គ្មាន​ប្រភព​ច្បាស់លាស់​ចូល​កម្ពុជា។

លោក​ថា៖ «បើសិនជា​លុយ​ហ្នឹង​ជា​លុយ​ត្រឹមត្រូវ​ អត់​នាំគ្នា​ចែកផ្លូវ​រត់ការ​ទេ។ ចុះបើ​លុយ​ខ្ញុំ​ត្រឹម​ត្រូវ​ ចំា​បាច់​ឱ្យលោក​ឯង​ដប់​ម្ភៃ​ ឬក៏៤០ភាគរយ ​កន្លែង​ខ្លះ​ជិត ៥០ភាគរយ។ ចុម​ម៉េច​ក៏​ចិត្តល្អ​ម៉្លេះ បើសិនជា​លុយ​ហ្នឹងបាន​មកវិញ គេ​សុខចិត្ត​ឱ្យ ៥០ភាគរយ»។

អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ លោក គៀត ច័ន្ទ​ថា​រិទ្ធ អះអាង​ថា មួយ​រយៈ​ចុងក្រោយ​នេះ ប្រាក់​ជាង ៤លានដុល្លារគ្មាន​ប្រភព​ច្បាស់លាស់ ត្រូវ​សមត្ថកិច្ច​រឹបអូស​បាន ហើយ​ថា ​អ្នក​ពាក់ព័ន្ធ​មួយចំនួនត្រូវ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​កាត់ទោស ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ លោក មឿន តុលា ហៅ​សំណើ​របស់​សហភាព​អឺរ៉ុប​នេះ​ ជា​ដំណឹង​មិនល្អ​មួយទៀត បន្ទាប់ពី​កម្ពុជា​ជួប​បញ្ហា EBA ២០ភាគរយ និង​កូ​វីដ១៩។

លោក មឿន តុលា វិភាគ​ថា បើ​កម្ពុជា​មិន​អាច​រំដោះខ្លួន​ចេញពី​ប្រទេស​លាង​លុយ​បានទេ វិប​ត្តិ​ធំៗ​ជាច្រើន​នឹង​កើតឡើង ដូចជា ​ការបាត់បង់​អ្នក​វិនិយោគ បញ្ហា​កូ​វីដ១៩ បញ្ហាEBA កង្វះ​អ្នកបញ្ជា​ទិញ និង​ឧបសគ្គ​ប្រព័ន្ធ​វេ​លុយតាម​ធនាគារ​ផង​ដែរ។

លោក​ថា៖ «កាលណាបើ​អឺរ៉ុប​ដាក់​មែន​ វា​ធ្វើឱ្យប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដូចជា​អាមេរិក​អី​ជាដើម​ ចាប់​ផ្តើ​មប្រយ័ត្ន​។ អ៊ីចឹង​ ប្រទេស​នៅក្នុង​តំបន់ ​មាន​អាស៊ាន និង​អាស៊ី​ គេ​ប្រយ័ត្ន​ក្នុង​ការ​ធ្វើជំនួញ​ជាមួយ​កម្ពុជា ដោយសារ​គេ​ខ្លាច​មានការ​តាមដាន​ប្រព័ន្ធ​លុយ​របស់​គេ។ ខ្ញុំ​ជឿ​ថា ​គេ​មិន​ចង់​ឱ្យប៉ះពាល់​ដល់​អាជីវកម្ម​របស់​គេ​ និង​មិន​ចង់​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​របស់​គេ​ដែរ»។

បើ​តាម​សហភាព​អឺរ៉ុប នៅពេល​សំណើ​នេះ​ត្រូវ​បាន​អនុម័ត ធនាគារ ក្រុមហ៊ុន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សវនា​កម្ម​ផ្សេង​ៗ នឹង​ជាប់​កាតព្វកិច្ច​ដែល​តម្រូវ​ឱ្យ​ពិនិត្យមើល​ឱ្យ​បាន​ខ្លាំង​ថែមទៀត ទៅលើ​អតិថិជន​របស់​ពួក​គេ ដែល​មាន​ទំនាក់ទំនង​នឹង​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​សំណើ​នេះ។

ក្រុមហ៊ុន​នានា​នៅ​តាម​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​បញ្ជី​នេះ​ ក៏​នឹង​ត្រូវ​ហាមឃាត់​ទទួលយក​មូលនិធិ​ពី​សហភាព​អឺរ៉ុប​ផង​ដែរ។

អ្នកឯកទេស​នយោបាយ​ផ្នែក​ទំនាក់ទំនង​កិច្ចការ​បរទេស​ លោក ឯម សុវណ្ណ​រ៉ា វិភាគ​ថា ប្រទេស​ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​លាងលុយកខ្វក់ ជា​ឱកាស​អ្នក​វិនិយោគ​ខិលខូច និង​មន្ត្រី​ពុករលួយ។

ប៉ុន្តែ​ លោក​ថា ប្រព័ន្ធ​បែ​បនេះ វា​បង្ក​ហានិភ័យ​ដល់​សន្តិសុខជាតិ គំរាមកំហែង​ដល់​ការលូតលាស់​សេដ្ឋកិច្ច ព្រោះ​វា​បាន​ឡោមព័ទ្ធ​ដោយ​វិធានការ​ពី​សហគមន៍​អន្តរជាតិ និង​ប្រទេស​ក្នុង​តំបន់។

អ្នកឯកទេស​នយោបាយ​រូប​នេះ វិភាគ​ទៀត​ថា បើ​កម្ពុជា​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយតបទៅ​នឹង​ចរន្ត​ពិភពលោក លើ​ការ​ធ្វើ​កំណែទម្រង់​រដ្ឋ កម្ពុជា​នឹង​ជួប​ហានិភ័យ​ធំ​ពីរ​នៅពេល​ខាងមុខ។

លោក​ថា៖ «បើ​អឺរ៉ុប​ដាក់​ហើយ អាមេរិក​ក៏​ពិចារណា​ដែរ ព្រោះ​អឺរ៉ុប អាមេរិក អូស្ត្រាលី​ ជា​សម្ព័ន្ធ​មិត្ត អ៊ីចឹង​កម្ពុជា​ប្រឈម​លើ​ប៉ូល​នយោបាយ​ទាំង ៣ធំៗ​ ដែល​ប្រឈម​ជាមួយ​កម្ពុជា​ហ្នឹង​មាន​អឺរ៉ុប អាមេរិក អូស្ត្រាលី ​និង​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​ផលប្រយោជន៍​ច្រើនណាស់។ ប្រសិន​កម្ពុជា​មិន​ឆ្លើយតប កម្ពុជា​អាច​ប្រឈម​បញ្ហា​ច្រើន​ទាំង​បញ្ហា​នយោបាយ និង​បញ្ហា​សេដ្ឋកិច្ច​នៅពេល​ខាងមុខ​ហើយ»។

យ៉ាងនេះ​ក្តី អគ្គលេខាធិការ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ លោកស្រី សាយ សំអាត និយាយ​ថា៖ «អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​របស់​កម្ពុជា កំពុងធ្វើការ​យ៉ាង​ខ្លាំង ដើម្បី​ជម្រះ​ប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ»។

ប៉ុន្តែ​ លោ​ក ឯម សុវណ្ណ​រ៉ា វិភាគ​ថា ជម្រើ​សដែល​កម្ពុជា​ជម្រះ​ខ្លួន​ចេញពីបញ្ជីខ្មៅ​នៃ​ការ​លាងលុយកខ្វក់ វា​លុះ​ណា​របត់​នយោបាយវិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញ ហើយ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ពង្រឹង​ការអនុវត្ត​ច្បាប់ ផ្តល់ការ​ជឿ​ទុកចិត្ត​ដល់​សហគមន៍​អន្តរជាតិ៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...