17
ឧសភា

ពលរដ្ឋ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី រិះគន់​ស្ថានទូត​ខ្មែរ​ថា គ្មាន​ឆន្ទៈ​បញ្ជូន​ពួកគេ​មក​កម្ពុជា

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី រិះគន់​ស្ថានទូត​ខ្មែរ​ថា មិនសូវ​មាន​ឆន្ទៈ​ពិត ប្រាកដ​ក្នុង​ការ​ជួយ​សម្របសម្រួល​បញ្ជូន​ពួកគាត់​មក​ប្រទេស​កម្ពុជា​វិញ​។ ការរិះគន់​នេះ​ដោយសារ ពួកគេ កត់សម្គាល់​ថា ស្ថានទូត​ចេះតែ​ពន្យារ​ពេល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​គ្មាន​ព័ត៌មាន​ច្បាស់លាស់។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ព្រួយបារម្ភ​ថា ពួកគាត់​អាច​នឹង​ត្រូវ​បន្ត​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​រយៈពេល​យូរ​ទៀត ព្រោះ​មក​ដល់​ទល់​ពេល​នេះ ស្ថានទូត​ខ្មែរ មិនទាន់​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់​ថា ពួកគាត់​នឹង​ត្រូវ​ពិនិត្យ​សុខភាព​ថ្ងៃ​ណា និង​ឡើង​យន្តហោះ​ថ្ងៃ​ណា​នោះ​ទេ។

ស្ត្រី​ដើរ​លក់​សាច់​ក្រណាត់​តាម​ភូមិ​នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​លោកស្រី លី គៀស ថ្លែង​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ម៉ាឡេស៊ី តែងតែ​ឆ្លើយតប​ថា ឱ្យ​ពួកគាត់​រង់ចាំ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​អះអាង​ថា មិន​ទាន់​មាន​ជើង​ហោះហើរ​ពី​ម៉ាឡេស៊ី​ទៅ​កម្ពុជា។ លោកស្រី​ហាក់​មិនសូវ​ជឿ​លើ​ការ​អះអាង​របស់​មន្ត្រី​ស្ថានទូត​ឡើយ ព្រោះ​លោកស្រី និង​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត សង្កេតឃើញ​មាន​ជើង​ហោះហើរ​ពី​ម៉ាឡេស៊ី​ទៅ​ស្រុក​ខ្មែរ​ជា​បន្តបន្ទាប់ និង​ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត​។ លោកស្រី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា ជួយ​ពន្លឿន និង​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់៖ «ពួក​ខ្ញុំ​នេះ​គ្មាន​អី​ទេ មានតែ​សំណូមពរ​ឱ្យ​បាន​ទៅ​ចុះ ព្រោះ​ខ្ញុំ​មកនេះ​ចោល​កូនចៅ​នៅផ្ទះ​ស្រុក​ខ្មែរ ដូច្នេះ​ពិបាក​ណាស់ នៅ​ទីនេះ​ព្រោះ​អត់​មាន​ការងារ​ធ្វើ នៅតែ​ផ្ទះ ហើយ​ចាំ​ស្ដាប់​តែ​ព័ត៌មាន​គេ​ប្រកាស​ឱ្យ​ទៅ​។ សួរ​គាត់​ទៅ ថា​អត់​ទាន់​ដឹង​ថ្ងៃ​ណា​ទេ ចាំ​គាត់​ផ្តល់​ព័ត៌មាន​ឱ្យ ហើយ​នៅ​ចាំតែ​រហូត»។

ស្ត្រី​ខ្មែរ​រូប​នេះ អះអាង​ថា ស្ថានទូត​ខ្មែរ ក៏​មិនបាន​ផ្តល់​ជំនួយ​គ្រប់គ្រាន់​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង ជួប​ការ​ខ្វះខាត​ដូច​ការ​អះអាង​ដែរ។ លោកស្រី លី គៀស រៀបរាប់​ថា ក្នុងអំឡុងពេល​ជាប់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជាង​១​ខែ​នេះ គឺ​ស្ថានទូត​ខ្មែរ បាន​ជួយ​ឧបត្ថម្ភ​អង្ករ​៥​គីឡូ ស្ករ​មួយ​គីឡូ ត្រីខ​មួយ​កំប៉ុង និង​ទឹកដោះ​គោមួយ​កំប៉ុង។ លោកស្រី​បន្ត​ថា ពលរដ្ឋ​ខ្មែរ​មួយ ចំនួន ពិតជា​ជួប​ការ​លំបាក ខ្លាំង​ក្នុង​ជីវភាព​ដោយ​អ្នកខ្លះ​ដាច់​បាយ​ទឹក ប៉ុន្តែ​មាន​ជនជាតិ​ម៉ាឡេស៊ី អាណិតអាសូរ​ជួយ​ផ្តល់​បាយ ទឹក​ដល់​ពួកគាត់៖ «តាំង​ពេល​ឱ្យ​ម្តង​នោះ​មក គឺ​គាត់​ប្រកាស​ថា ឱ្យ​ជួយ​ទៀត តែ​អត់​ឃើញ​មាន​ជួយ​ទៀត​ផង​។ លំបាក​ខ្លាំង​ដែរ​នៅ​ទីនេះ លឺ​តែ​គេ​ត្អូញ​ថា អត់​មាន​លុយ​ស៊ីចុក​អ៊ីចឹង ហា»។

ចំណែក​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​នៅ​ម៉ាឡេស៊ី​ម្នាក់ទៀត គឺ​លោក ពួ ក្រី និយាយ​ថា មន្ត្រី​ស្ថានទូត បាន​ជូន​ដំណឹង​ថា បច្ចុប្បន្ន កំពុង​រង់ចាំ​ជើង​ហោះហើរ​ទៅ​ស្រុក​ខ្មែរ ហើយ​ចំពោះ​ការពិនិត្យ​សុខភាព គឺ​តម្រូវ​ឱ្យ​ពលរដ្ឋ​ចេញ​លុយ​ខ្លួនឯង​។ លោក​យល់​ថា ស្ថានទូត​ខ្មែរ​ហាក់ដូចជា​មិន​មាន​ឆន្ទៈ​ជួយ​សម្របសម្រួល​បញ្ជូន​ពួកគាត់​ទៅ​ស្រុក​ខ្មែរ​ឱ្យ​បាន​ឆាប់ៗ​នោះ​ទេ ដោយ​តែងតែ​លើក​ហេតុផល​មិន​សម​ទំនង​ផ្សេងៗ​។ លោក ទទូច​សុំ​ឱ្យ​ស្ថានទូត​ជួយ​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​បាន​ពិនិត្យ​សុខភាព ដោយ​មិន​អស់​ប្រាក់ និង​ជួយ​រៀបចំ​ជើង​ហោះហើរ​ឱ្យ​បាន​ឆាប់​ដូច​ការ​សន្យា​កន្លង​មក៖ «បើ​ជើង​យន្តហោះ​នេះ​ខ្ញុំ​គិត​ថា អត់​ពិបាក​ទេ ព្រោះ​ពេល​យើង​ទិញ​សំបុត្រ​លើក​មុន​នោះ គាត់​ប្រកាស​ឱ្យ​យើង​ទិញ​រួចហើយ​ថា បើ​ខ្មែរ​អត់​ឱ្យ​ចូល​ពេលនេះ តែ​បើក​ឱ្យ​ចូល​វិញ​ពេលណា គាត់​ជូន​ទៅ​ពេលនោះ ។ តែ​រឿង​ដែល​ខ្ញុំ​ខ្លាច​នោះ​គឺ​រឿង​តេស្ត​ជំងឺ ព្រោះ​គេ​ប្រាប់​ឱ្យ​យើង​តេស្ត​ចេញ​លុយ​ខ្លួនឯង។ ខ្ញុំ​ថា បើ​ចេញ​លុយ​ខ្លួនឯង​អ៊ីចឹង​ដែរ ខ្ញុំ​នៅចាំ ពេល​ម៉ាឡេស៊ី​បើក​ប្រទេស​វិញ​ក៏បាន​ដែរ ព្រោះ​បើ​គ្រាន់តែ​ប៉ុណ្ណឹង​ជួយ​មិន​បាន​ដែរ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក កុយ គួង បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។ ចំណែក​លេខ​ទូរស័ព្ទ​សម្រាប់​កិច្ចការ​ពលករ និង​កិច្ច ការ​កុងស៊ុល​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក៏​មិន​មាន​អ្នកទទួល​ដែរ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

ទោះជា​យ៉ាងណា កាល​ពី​ពេល​ថ្មីៗ​នេះ លោក កុយ គួង ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា តំណាង​ស្ថានទូត កម្ពុជា បាន​ទាក់ទង​ទៅ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី​រួចហើយ ដើម្បី​ឱ្យ​ជួយ​ពិនិត្យ​សុខភាព​ជូន​ពលករ​ខ្មែរ ដោយ​មិន​គិត​ថ្លៃ ។ ចំពោះ​ថ្លៃ​សំបុត្រ​យន្តហោះ​នោះ គឺជា​បន្ទុក​របស់​ថៅកែ និង​ពលករ​ខ្លួនឯង។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ យល់​ថា រដ្ឋាភិបាល​តាមរយៈ​ស្ថាន​ទួត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី គួរតែ​ទទួលខុសត្រូវ​ផ្ដល់​កិច្ច​គាំពារ​នូវ​សេចក្តី​ត្រូវ​ការ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ដូចជា ថវិកា អាហារ​ហូបចុក និង​ចេញថ្លៃ​សំបុត្រ​យន្តហោះ និង​សម្របសម្រួល​ការពិនិត្យ​សុខភាព ដោយ​មិន​អស់​ប្រាក់​ជាដើម​។ លោក​បន្ត​ថា ការ​ឱ្យ​ពលរដ្ឋ​ទាំងនោះ ទៅ​ពិនិត្យ​សុខភាព​ដោយ​ខ្លួនឯង និង​ចេញ​លុយ​ដោយ​ខ្លួនឯង​នេះ កាន់តែ​ធ្វើ​ឱ្យ​ពួកគាត់​លំបាក​ថែម​មួយ​កម្រិត​ទៀត ព្រោះ​ពួកគាត់ មិន​ដឹង​ទៅ​ពិនិត្យ​នៅ​កន្លែង​ណា និង​ពុំ​មាន​ថវិកា៖ «ពួកគាត់​រង​ការ​ប្រឈម​ខ្លាំង​ណាស់ ទាំង​បញ្ហា​សេដ្ឋកិច្ច ទាំង​ការរស់នៅ ទាំង​បញ្ហា​ផ្លូវច្បាប់​រស់នៅ​និង​ស្នាក់នៅ​ប្រទេស​ម៉ាឡេស៊ី ។ ពួកគាត់ គួរតែ​មាន​សិទ្ធិ​ទទួល​បាន​ត្រូវ​បាន​ការធានា​គាំពារ​ដោយ​រដ្ឋ ។​យោង​តាម​រដ្ឋធម្មនុញ្ញ គឺ​រដ្ឋ​មាន​កាតព្វកិច្ច​ឆ្លើយតប​នឹង​អ្វី​ដែល​ជា​សេចក្តី​ស្នើ​សុំ​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ​គួរតែ​មានការ រៀបចំ​ការ​ធ្វើ​ដំណើរ​តាមរយៈ​ជើង​យន្តហោះ​ណាមួយ​ដែល​មាន​ការរៀបចំ​រវាង​រាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល ហើយ​រដ្ឋ​គួរតែ​ប្រើ​កញ្ចប់​ថវិកា​សង្គ្រោះ​បន្ទាន់​នេះ ដែល​តាមរយៈ​ជំនួយ កន្លងមក​ដូចជា​សហភាព​អឺរ៉ុប​ជាដើម មាន​ជំនួយ​ជាង​៦០​លាន​ដុល្លារ ហើយ​តាមរយៈ​ជំនួយ​ទីភ្នាក់ងារ​អភិវឌ្ឍ​សហរដ្ឋអាមេរិក USAID ក៏​ទទួល​បាន​លុយ​មក​ច្រើន។ លុយ​ទាំងអស់​នេះ គេ​ឱ្យ​ចំណាយ​ទៅលើ​អ្នក​ដែល​រង់​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​នេះ»។

កាលពី​ទី​៧ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្អាក​ជើង​យន្តហោះ​ដឹក​ពលរដ្ឋ​ខ្មែរ​១៥០​នាក់​ពី​ប្រទេស​ម៉ាឡេស៊ី ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់ និង​ការពារ​ជំងឺឆ្លង​កូវីដ-១៩​។ បន្ទាប់មក នៅ​ថ្ងៃទី​២៧ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្លាស់ប្ដូរ​ចិត្ត ដោយ​អនុញ្ញាត​ឱ្យ​ពលករ​ជាង​ពីរ​រយ​នាក់​( ២០០​នាក់​) ដែល​ក្នុង​នោះ​ក៏​មាន​អ្នកទោស​ចំនួន ៧៣​នាក់​ផង ដែរ​អាច​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​បាន ប៉ុន្តែ​តម្រូវ​ឱ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើតេស្ត​សុខភាព រក​ជំងឺ​កូវីដ​-១៩ ជា​មុន​សិន​។ ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ ពលរដ្ឋ​ខ្មែរ​ទាំងនោះ នៅតែ​មិនទាន់​អាច​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​នៅឡើយ​ទេ​។ ការ​ពន្យារ​ពេលនេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ ទាំងនេះ​ជួប​ការ​លំបាក​ខ្លាំង ដូចជា​អ្នកខ្លះ​គ្មាន​កន្លែង​ស្នាក់នៅ គ្មាន​ថវិកា​ទិញ​អាហារ​ហូបចុក អ្នកខ្លះ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ និង​មាន​ការ​អះអាង​ថា មាន​អ្នកខ្លះ​រហូត​ធ្លាក់ខ្លួន​សុំ​ទាន​ទៀត​ផង៕

ប្រភព៖RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...