15
ឧសភា

កម្មករ​​ជាង​៣​ពាន់​​នាក់​​មក​​ពី​៤​រោង​ចក្រ​​ផ្សេង​គ្នា​ រង់​​ចាំ​​ដំណោះ​ស្រាយ​​វិវាទ​​ការងារ​​ពី​​អាជ្ញាធរ​​ពាក់ព័ន្ធ​

កម្មករ-កម្មការិនី​ជាង ៣ពាន់​នាក់​ នៅ​រោងចក្រ​ចំនួន ៤ កំពុង​តវ៉ា និង​រង​់ចាំ​ដំណោះស្រាយ​វិវាទ​ការងារ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​អះអាង​ថា ថៅកែ​រោងចក្រ​មួយចំនួន​អត់បើ​កប្រាក់ឈ្នួល និង​បញ្ចប់​កិច្ចសន្យា​ការងារ​ពួក​គេ​ដោយ​មិនបាន​ទូទាត់​សំណង​តាមផ្លូវ​ច្បាប់។

រោងចក្រ​ទាំង ៤ ដែល​វី​អូ​ឌី​ទទួល​បាន​ថា កម្មករ​កំពុង​បន្ត​តវ៉ា​នៅ​ថ្ងៃនេះ មាន​រោងចក្រ អេ​ហ្វ អឹម អេ​ហ្វ មេនូ​ហ្វេ​កធឺ​រីង (FMF MANUFACTURING CO​.,LTD, រោងចក្រ គ្រីស្តាល់​ម៉ា​ទីន (Crystal Martin ) ស្ថិត​ក្នុង​ខេត្តកណ្តាល និង​ រោងចក្រ ឡាក់​ឃី​ លី សាន់​ឡុង ហ្គាមេ​ន (Lucky Ly Sunn Long Garment Co.Ltd​), រោងចក្រ សឺ​ពី​យ៉ា (SEPIA​) ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។

កម្មករ​ផ្នែក​តុ​កាត់ ​លោក ស្រេង ចំរើន បម្រើការ​ងារ​នៅ​រោងចក្រ FMF ស្ថិត​ក្នុង​សង្កាត់​ព្រែកហូរ​ក្រុង​តាខ្មៅ បាន​ប្រាប់​វី​អូ​ឌី​ថា កម្មករ​ប្រហែល ១៦០០នាក់ ​បម្រើការ​ងារ​នៅ​រោងចក្រ FMF បាន​នាំគ្នា​តវ៉ា ៤ថ្ងៃហើយ ដើម្បី​ទា​ទារ​ឱ្យថៅកែ​បើកប្រាក់​ឈ្នួល​ជូន​ពួក​គេ ។

កម្មករ​រូប​នេះ​ឱ្យដឹង​ថា ថៅកែ​រោងចក្រ FMF បាន​បញ្ចប់​កិច្ចសន្យា​ការងារ​កម្មករ ២៥០នាក់ និង​បាន​ជំពាក់ប្រាក់​ឈ្នួល​កម្មករ ១ខែពេញ​ក្នុង​ខែមេសា ទាំង​កម្មករ​ដែល​ត្រូវ​បញ្ចប់​កិច្ចសន្យា និង​កម្មករ​មិន​ត្រូវ​បាន​បញ្ចប់​កិច្ចសន្យា។ លោក​ថា ដោយសារតែ​ពុំ​មាន​ដំណោះស្រាយ​នោះ នៅ​ថ្ងៃនេះ ក្រុម​កម្មករ​បាន​នាំគ្នា​ដើរ​ហែរ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលាខេត្ត​កណ្តាល ដើម្បី​សុំ​ឱ្យអាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ។

លោក​បន្ថែម​ថា៖ «អីចឹង ​សុំ​ឱ្យក្រសួងការងារ និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ជួយ​ជំរុញ​ឱ្យថៅកែ​រោងចក្រ​ហ្នឹង ​បើកលុយឱ្យពួក​ខ្ញុំ​ តែ​ប៉ុណ្ណឹង​បាន​ហើយ។ ព្រោះ​ឥលូវ​ ពួក​ខ្ញុំ​មានផល​លំបាក​ណាស់ អ្នកខ្លះ​គ្នា​ត្រូវ​បង់​ផ្ទះ​ជួល ទឹក​ភ្លើង ធនាគារ។ ឥលូវ​ លែង​ខ្លាច​កូ​វីដ​ហើយ ខ្លាច​ធនាគារ​វិញ​ហើយ»។

លោក ទិត្យ រុណ ដែល​អះអាង​ថា ជា​តំណាង​កម្មករ​នៅ​រោងចក្រ គ្រីស្តាល់​ម៉ា​ទីន (Crystal Martin ) បាន​ប្រាប់​វី​អូ​ឌី​ថា ថៅកែ​រោងចក្រ​មួយ​នេះ បាន​ព្យួរការងារ​កម្មករ​ជាបន្តបន្ទាប់ ហើយ​ថា ចន្លោះ​ពេល​ព្យួរការងារ​កម្មករ​នោះ ​គឺថៅកែ​បាន​ហៅ​កម្មករ​ម្នាក់​ម្តង​មក​បញ្ចប់​កិច្ចសន្យា​ការងារ​ដោយ​មិនបាន​ដោះស្រាយ​សំណង​ត្រឹមត្រូវ​តាមច្បាប់​ឡើយ។

តំណាង​កម្មករ​ដែល​ត្រូវ​បាន​ថៅកែ​បញ្ចប់​កិច្ចសន្យា​ការងារ​ដែរ​នោះ លោក ទិត្យ រុណ ឱ្យដឹង​ថា ថៅកែ​រោងចក្រ គ្រីស្តាល់​ម៉ា​ទីន បា​នព្យួ​រការងារ​កម្មករ​ចំនួន ២​លើក​ហើយ ដែល​មានកម្ម​ករ​ប្រហែល​ជិត ៣ពាន់​នាក់ ក្នុង​នោះ​ កម្មករ​ជាង ១ពាន់​នាក់​ ត្រូវ​បាន​ថៅកែ​បញ្ចប់​កិច្ចសន្យា​មុន​កុងត្រា ដោយ​មិនបាន​ផ្តល់​សំណង​ត្រឹមត្រូវ​តាមច្បាប់​ឡើយ។

លោក​បន្ថែម​ថា៖ «ក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យា​ការងារ​កម្មករ​ហ្នឹង ​មិន​គោរព​ទៅតាម​ច្បាប់​ស្តី​ពី​ការងារ។ ក្រុមហ៊ុន​គាត់​ព្យួរការងារ​កម្មករ​ពីរ​ខែ។ អីចឹង ​អំឡុង​ពេល ២ខែ​ហ្នឹង​ គាត់​មិន​រង​់ចាំ​ដល់​ថ្ងៃ​យើង​ចូល​វិញ​ទេ ដោយ​គាត់​បាន​ហៅ​កម្មករ​ម្តង៥នាក់ ម្តង១០នាក់ ​មក​យក​លិខិត​បញ្ចប់​កិច្ចសន្យា ហើយ​បើកលុយ។ ហើយ​ការ​ផ្តាច់​កិច្ចសន្យា​នេះ​ទៀត ​គឺ​ថៅកែ​ទូទាត់​អត្ថ​ប្រយោជន៍​ជូន​កម្មករ​បាន ៤ចំណុច​ទេ ដែល​ធ្វើឱ្យបងប្អូន​កម្មករ​យើង​បាត់​លុយ​ច្រើនពេក អីចឹង​ហើយ​បាន​គាត់​តវ៉ា»។

ចំណែក​កម្មករ​បម្រើការ​ងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ឡាក់​ឃី ​លី សាន់​ឡុង ហ្គាមេ​ន (Lucky Ly Sunn Long Garment Co.Ltd​) ស្ថិត​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដេក​យាម​មុខ​រោងចក្រ​រយៈពេល ៥ថ្ងៃហើយ ក្រោយ​សង្ស័យ​ថា ថៅកែ​រត់ចោល​ដោយ​មិនបាន​បើកប្រាក់​ឈ្នួល និង​ទូទាត់​អត្ថ​ប្រយោជន៍​ជូន​ពួក​គេ។

កម្មការិនី​ផ្នែក​ដេរ​ អ្នកស្រី មិត វ៉ាន់​នូ ប្រាប់​វី​អូ​ឌី​ថា ក្រុម​កម្មករកំពុង​ពិ​ភា​ក្សា​គ្នា​រក​ចំណុចរួម​មួយ​ថា​តើ​ករណីនេះ​ត្រូវ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ ឬក្រៅ​ប្រព័ន្ធ​តុលាការ។

បើ​តាម​អ្នកស្រី មិត វ៉ាន់​នូ រោងចក្រ ឡាក់​ឃី​ លី សាន់​ឡុង មាន​ថៅកែ​ជា​ជនជាតិ​ចិន និង​មានកម្ម​ករ ៣៤៥នាក់ ហើយ​ថា ថៅកែ​រោងចក្រ​នេះ​បាន​លួច​ដឹក​អី​វ៉ាន់​ល្អ​ៗអស់ និង​បាន​គេចខ្លួន​មិន​ចេញមុខ​ដោះស្រាយ​សំណង​ជូន​កម្មករ​នោះឡើយ។

ដូចគ្នា​នេះ​ដែរ កម្មករ​-កម្មការិនី​ប្រហែល ៦០០នាក់ ​បម្រើការ​ងារ​នៅ​រោងចក្រ សឺ​ពី​យ៉ា (SEPIA​) ខណ្ឌ​ពោធិ៍សែនជ័យ បាន​នាំគ្នា​បន្ត​តវ៉ា​រយៈពេល ៦ថ្ងៃហើយ ដើម្បី​ទាមទារ​ឱ្យថៅកែ​បើកប្រាក់​ឈ្នួល​ជូន​ពួក​គេ។

លោក ហួន ហ៊ី​ម ដែល​អះអាង​ថា ជា​តំណាង​កម្មករ​រោងចក្រ សឺ​ពី​យ៉ា ប្រាប់​វី​អូ​ឌី​ថា ថៅកែ​រោងចក្រ​មួយ​នេះបាន​ជំពាក់ប្រាក់​ឈ្នួល​កម្មករ ១ខែពេញ។ លោក​ថា ក្រុម​កម្មករ​ដាក់​លិខិត​ទៅ​ក្រសួងការងារ​រួចហើយ​កាលពី​ថ្ងៃទី១១ ខែឧសភា ហើយ​ថា តំណាង​ក្រសួង​នឹង​កោះ​តំណាង​កម្មករ និង​តំណាង​រោងចក្រ​ ទៅ​ដោះស្រាយ​នៅ​ថ្ងៃទី១៨ ខែឧសភា​នេះ។

បើ​តាម​ប្រធាន​រដ្ឋបាល​រោងចក្រ FMF លោក សុខ ផេង និង​អ្នកគ្រប់គ្រង​ទូទៅ​នៅ​រោងចក្រ​ សឺ​ពី​យ៉ា​ លោក ណៃ ឌឿន អះអាង​ថា ករណី​ថៅកែ​បញ្ចប់​កិច្ចសន្យា​ការងារ និង​បើកប្រាក់​ឈ្នួល​ជូន​កម្ម​ករយឺ​តយ៉ាវ​នោះ គឺ​ដោយសារ​ក្រុមហ៊ុន​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ពោលគឺ​គ្មាន​អ្នកបញ្ជា​ទិញ។

ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក គង់ អាទិត្យ ស្នើ​ឱ្យក្រសួងការងារ​ត្រូវ​ចុះ​ស៊ើបអង្កេត ឬធ្វើ​អធិការកិច្ច​ឱ្យបាន​ច្បាស់លាស់​លើ​រោងចក្រ​បិទទ្វារ និង​រោងចក្រ​មួយចំនួន​ដែល​បញ្ចប់​កិច្ចសន្យា​ការងារ​កម្មករ​ក្នុង​ចំនួន​ច្រើន​នោះ ដើម្បី​បង្ហាញ​ភាព​ត្រឹមត្រូវ​ពី​មូលហេតុនៃ​ការ​បិទ​អាជីវកម្ម​របស់​ខ្លួន រួម​ទាំងបញ្ហា​ដែល​រោងចក្រ​កំពុង​ប្រឈម​ពិតប្រាកដ​។

លោក គង់ អា​ទិ​ត្យ លើកឡើង​ថា បច្ចុប្បន្ន​ លោក​មើលឃើញ​រូបភាព​អាក្រក់​ពីរ​របស់​ថៅកែ​រោងចក្រ។ លោក​ថា ថៅកែ​មួយចំនួន​បាន​យកពេល​វេ​លា​អំឡុង​ព្យួរការងារ​កម្មករ​នោះ បិទទ្វារ​រោងចក្រ ហើយ​រត់ចោល​ដោយ​មិនបាន​ដោះស្រាយ​សំណង​ជូន​កម្មករ​ត្រឹមត្រូវ​ឡើយ និង​ថៅកែ​មួយចំនួន​ទៀត បាន​យក​ចន្លោះ​ពេល​ព្យួរការងារ​នោះ ទៅ​បញ្ចប់​កិច្ចសន្យា​ការងារ​កម្មករ​ដោយ​មិន​គោរព​តាម​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន។

លោក​បន្ថែម​ថា៖ «ក្រសួង​ត្រូវ​ធ្វើ​អធិការកិច្ច​រក​ឱ្យ​ឃើញថា រោងចក្រ​ហ្នឹង​បិទ​មែន ឱ្យ​វា​ប្រាកដជា​បិទ​មែន ហើយ​មាន​ភស្តុតាង​អី​? ហើយ​គោរព​ទៅតាម​មាត្រា​ណា​នៃ​ច្បាប់​ការងារ ដោយមាន​ការ​ធ្វើ​អធិការកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ។ យើង​មិន​អាច​ធ្វើ​ដូច​រាល់ថ្ងៃ​ហ្នឹង​ទេ។ ឧទាហរណ៍​ថា ក្រុមហ៊ុន​រំសាយ​កម្មករ រំសាយ​ដោយសារ​មូលហេតុ​អី​? ក្រុមហ៊ុន​នោះ ត្រូវ​ធ្វើ​លិខិត​ដាក់​ទៅ​ក្រសួង​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​យើង​ធ្វើ​នីតិវិធី​បាន​ត្រឹមត្រូវ​ទាំងអស់គ្នា»។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ (Central​) លោក ឃុន ថា​រ៉ូ មានប្រសាសន៍​ថា បញ្ហា​ជំងឺ​កូ​វីដ១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា។

លោក ឃុន ថា​រ៉ូ បង្ហាញ​ក្តី​បារម្ភ​ថា ថៅកែ​រោងចក្រ​មួយចំនួន​អាចយ​កលេស​បញ្ហានៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ដើម្បី​ឈាន​ទៅ​រក​ការ​បិទ​ទ្វា​ររោងចក្រ ហើយ​គេចវេស​ពីកាតព្វ​កិច្ច​ដោះស្រាយ​សំណង​ជូន​កម្មករ​ឱ្យបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​ក្នុង​ការធ្វើ​អធិការកិច្ច ដើម្បី​ធានា​ថា​ រោងចក្រ​ដែល​ងាយ​រងគ្រោះ​ទាំងអស់​នោះ ​បាន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ។

លោក​បន្ថែម​ថា៖ «អីចឹង​ ការអនុវត្ត​វិធាន​ច្បាប់​ វា​ជា​រឿង​មួយ​ដោយឡែក ដែល​ត្រូវ​ធ្វើការ​តាមដាន​ត្រួតពិនិត្យ​ឱ្យបាន​ល្អល្អិត​ល្អន់។ ហើយ​ប្រសិនបើ​រដ្ឋ​ហ្នឹង​គាត់​មិនបាន​ធ្វើការ​តាមដាន​ឱ្យបាន​ដិតដល់​ទេ អីចឹង​និយោ​ជកមួយចំនួន​អាច​គេចវេស​ពីកាតព្វ​កិច្ច​ទូទាត់​សំណង​គ្រប់ពេលវេលា។ យើង​ឃើញថា វិធានការ​កន្លងមក ​ពេល​ដែល​រោងចក្រ​បិទ ហើយ​នៅពេល​ដែល​កម្មករ​គាត់​ទាមទារ​ ខាង​ក្រសួង​ពាក់ព័ន្ធ​ហ្នឹងមិនបាន​មាន​វិធានការ​តឹង​រ៉ឹង​សម្រាប់​អនុវត្ត​ទេ ក្រៅពី​ការ​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ​ដើម្បី​លុយ​ទូទាត់​ឱ្យកម្មករ គឺ​យើង​ឃើញថា មិន​មាននូវការធានា ​ឬបញ្ចេញ​ប្រាក់​បុរេប្រទាន​ណាមួយ​សម្រាប់​ជូន​កម្មករ​ទេ»។

កាលពី​ថ្ងៃទី៨ ខែឧសភា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) បាន​លើកឡើង​ថា ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ផ្សេងទៀត​នៅ​កម្ពុជា កំពុង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​គ្មាន​អ្នកបញ្ជា​ទិញ ខណៈ​ដែល​ជំងឺ​កូ​វីដ១៩ កំពុង​រីក​រាលដាល។

សមាគម​មួយ​នេះ អះអាង​ថា ដោយសារ​ឧស្សាហកម្ម​នេះ​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក បាន​ធ្វើ​ឱ្យ​រោងចក្រ​ចំនួន ១៨០ បាន​ព្យួរ​ផលិតកម្ម​របស់​ខ្លួន ខណៈ​រោងចក្រ​ចំនួន ៦០ផ្សេងទៀត នឹង​ព្យួរ​ផលិតកម្ម​របស់​ខ្លួន​នៅពេល​ខាងមុខ​ដែរ ដោយសារ​មិន​អាច​ទ្រទ្រង់​បាន​នូវ​បន្ទុក​ចំណាយ​របស់​រោងចក្រ ខណៈ​ចំណូល​របស់​ពួក​គេ​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...