19
ឧសភា

ស្ត្រី​​ខ្មែរ​​នៅ​​ម៉ាឡេស៊ី​​កាន់​តែ​​ជិត​ដល់​​​ថ្ងៃ​​សម្រាល​កូន​​កាន់​តែ​​បារម្ភ​​

ស្ត្រីជា​ពលករ​ខ្មែរ​មានផ្ទៃពោះ ៨ខែ​ កំពុង​ជាប់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ ថ្លែង​ថា ក្រោយ​ប្តី​ស្លាប់​គាត់​ដេក​យំ​រាល់​យប់​ដោយសារ​រស់នៅ​ម្នាក់ឯង​ សុខភាព​ធ្វើទុក្ខ និងបារម្ភ​សម្រាលកូន​នៅ​ស្រុក​គេ​ជួប​គ្រោះថ្នាក់​មិនបាន​វិល​មក​ជួប​កូន ៣នាក់​ទៀត​នៅ​កម្ពុជា។

អ្នកស្រី ម៉ាត់ តោស​រី ថ្លែង​ថា រហូតមកដល់​ថ្ងៃអង្គារ​ទី១៩ ខែឧសភា​នេះ មិនទាន់​មាន​ស្ថាប័ន​ណា​ទាក់ទង​ទៅ​រូប​គាត់ ​ដើម្បី​ជួយ​សម្របសម្រួល​ឱ្យ​បាន​វិល​ត្រលប់​មក​ប្រទេស​វិញ​ទេ។ អ្នកស្រី​ថា ពេលនេះ ​សុខភាព​ផ្លូវកាយ​គាត់​ធ្វើទុក្ខ​ឈឺចុក​ចាប់ ហើយ​មិនដែល​បាន​ទៅពេទ្យ​ទេ​ដោយសារ​មិន​មាន​លុយ ម្យ៉ាងទៀត ​អ្នកស្រី​ថា កំពុងតែ​នឹក​កូន​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម ៣នាក់។

លោកស្រី ម៉ាត់ តោស​រី៖ «កើតកូន​នៅ​នេះ ​ខ្ញុំ​អត់មាន​អ្នកណា​មើល​ការខុសត្រូវ ដឹង​ស្រាប់ហើយ ចឹង​ខ្ញុំ​សូម​ឱ្យ​បង​ជួយ​ខ្ញុំ​ឱ្យ​បាន​ទៅ​ស្រុកខ្មែរ​វិញ។ ស្រុក​គេ​ម្នាក់ឯង​ពិបាក នឹកឃើញ​ប្តី​ ខ្ញុំ​យំ​រាល់​យប់ ហើយ​នឹក​កូន​ទៀត។»

កាលពីដើម​ខែមេសា​ ប្តី​របស់​អ្នកស្រី ម៉ាត់ តោស​រី ធ្វើកម្មករ​សំណង់​នៅក្នុង​ប្រទេស​ម៉ាឡេ​ស៊ី​ បាន​ស្លាប់​ដោយសារ​ដែក​ធ្លាក់​ត្រូវ​នៅក្នុង​ការដ្ឋាន ក្រោយមក ​អ្នកស្រី​សល់​លុយ​ខ្លះ​ទិញ​សំបុត្រ​យន្ត​ត្រៀម​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​មិនទាន់អនុញ្ញាតឱ្យ​អ្នកស្រី និង​ពលរដ្ឋខ្មែរ​ជាង ១០០នាក់​ផ្សេងទៀត​វិល​ចូល​ប្រទេស​វិញ​ ដោយ​បារម្ភ​មាន​ឆ្លង​កូ​វីដ១៩។

ក្រោយមក ​ស្រ្តី​ខ្មែរ​រូប​នេះ​ក៏​អស់​លុយសម្រាប់​ទិញ​អាហារ និង​លុយ​ទិញ​សំបុត្រ​យន្តហោះ វិលត្រឡប់​មក​ប្រទេស​វិញ ហើយ​បន្ត​សុំ​ស្នាក់នៅ​ជាមួយ​ពលករ​ផ្សេងទៀត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយ​ទទួល​បាន​អាហារពី​ការ​ផ្តល់​ឱ្យ​ពី​អ្នកជិតខាង។

ក្រោយពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​វី​អូ​ឌី អ្នកស្រី ម៉ាត់ តោស​រី កាលពី​ថ្ងៃទី១៣ ខែឧសភា ដោយ​អ្នកស្រី​បង្ហាញ​ពី​ការ​លំបាក​មិន​មាន​អាហារ​បរិភោគ ទើប​មាន​សប្បុរសជន​មួយចំនួន​ជួយ​ផ្តល់​ជា​អង្ករ ម្ហូបអាហារ និង​លុយ​ខ្លះ។

អ្នកស្រី ម៉ាត់ តោស​រី បញ្ជាក់​ថា គាត់​បាន​ទាក់ទង​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​ញឹកញាប់ ប៉ុន្តែ​ មិន​ទទួល​បានផល​នោះ​ទេ។

វី​អូ​ឌី​បាន​ទូរសព្ទ និង​ផ្ញើ​សំណួរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ទៅ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ដើម្បី​សាកសួរ​បន្ថែម ប៉ុន្តែ​ គិត​មកដល់ពេលនេះ​ មិន​មានការ​ឆ្លើយតប​នៅឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី៧ ខែមេសា បាន​ថ្លែង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខែ្មរ​ចំនួន ១៥០នាក់ ចូល​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​នេះ ដោយ​លោក​បារម្ភ​ខ្លាច​អ្នក​ទាំងនោះមាន​ផ្ទុក​ជំងឺ​កូ​វីដ១៩។

លោក ហ៊ុន សែន អំពាវនាវ​ទៅ​ពលរដ្ឋខ្មែរ​ទាំង ១៥០នាក់ បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​សិន ដើម្បី​ការពារ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ពី​កូ​វីដ១៩។ ក្នុងចំណោម​ពលរដ្ឋខ្មែរ​ចំនួន ១៥០នាក់ ក៏​មាន​អ្នកស្រី ម៉ាត់ តោស​រី​ ម្នាក់ផងដែរ។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ (Central​) លោក ឃុន ថា​រ៉ូ មានប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​ពន្យា​រពេល​ក្នុង​ការ​ជួយ​អន្តរាគមន៍​ទៀត​ លោក​ថា​ ពលករ​ខ្មែរ​ដែល​រស់នៅ​ទីនោះ ​នឹង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​កាន់តែ​ខ្លាំង។

លោក​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​អន្តរាគមន៍​ និង​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ដើម្បី​ពន្លឿ​នការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​យក​ពួក​គាត់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

លោក​ថា៖ «ជាពិសេស​ស្រ្តី​ដែល​គាត់​មានផ្ទៃពោះ​ហ្នឹង ពីព្រោះ​ថា​ គាត់​អាច​ប្រឈម​នឹង​សេវា​ក្នុង​ការ​ទទួល​បាន​នូវ​ការថែទាំ​សុខភាព​របស់​ពួក​គាត់​ ជាពិសេស​ការសម្រាលកូន។ មកដល់ពេលនេះ បើសិនជា​យើង​នៅ​តែ​ពន្យា​រពេល គាត់​កាន់តែ​ជិតដល់​ថ្ងៃ​សម្រាល អ៊ីចឹង​គាត់​អាច​ប្រឈម​នឹង​ទទួល​បាន​ផ្នែក​សេវា​សុខាភិបាល​នៅ​ទីនោះ។ យើង​កំពុង​សម្របសម្រួល​អង្គការ​នៅ​ម៉ាឡេស៊ី​ដែល​ធ្វើការ​ជាមួយ​ពលករខ្មែរ​ និង​ពលករ​ចំណាកស្រុក​ផ្សេងទៀត ដើម្បី​ធានា​បាន​ថា​ពួក​គាត់​ទទួល​បានការ​គាំពារ​នៅ​ទីនោះ។»

​អ្នកស្រី ម៉ាត់ តោស​រី ថ្លែង​ថា​ ដោយសារតែ​ជីវភាព​ក្រលំបាក រូប​គាត់ និង​ប្តី បាន​ទៅ​ធ្វើការងារ​ជា​កម្មករ​សំណង់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចំនួន ៣ឆ្នាំ​ហើយ ដោយ​ទុក​កូន​ចំនួន ៣នាក់​នៅជា​មួយ​ម្តាយ​នៅក្នុង​ខេត្ត​កំពង់ចាម។ អ្នកស្រី​ថ្លែង​ថា គាត់​តែងតែ​ហូរទឹកភ្នែក​ពេល​ដែល​ក្នុង​ខ្លួន​មិន​មាន​លុយ​កាក់ និង​មិន​អាច​ធ្វើការងារ​អី​កើត តែ​អ្នកផ្ទះ​នៅ​ស្រុកខ្មែរ​សុំ​ឱ្យ​ផ្ញើ​លុយ​ឱ្យ​ពួក​គាត់ទៀត៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...