28
ឧសភា

ស្រ្តី​ខ្មែរ​១១១​នាក់​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩ ​ហើយ​រាយ​ការណ៍​អំពី​ការ​«រៀប​ការ​បង្ខំ​ឬ​ក្លែង​ក្លាយ»​ជាមួយ​ជន​ជាតិ​ចិន

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៩ ​កម្ពុជា​បាន​កត់​ត្រា​ថា​ស្រ្តី​ខ្មែរ​ ១១១​ នាក់ ​បាន​វិល​ត្រឡប់​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ​ ដោយពួកគេ​អះអាង​ថា ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​ជនជាតិ​ចិន។​

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្រ្តី​ និង​ចំណាក​ស្រុក​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​រៀប​ការ​ជាមួយ​ជនជាតិ​ចិន ។

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ លោកស្រី ​ជូ ប៊ុនអេង​ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​អាជ្ញាធរ​បាន​កត់​ត្រា​ស្រ្តី​ចំនួន​ ១១១​ នាក់​នេះ​ ក្រោយ​ពួកគេ​ត្រឡប់​មក​ពី​ប្រទេស​ចិន ​ហើយ​បាន​រាយ​ការណ៍​អំពី​ការ​«រៀប​ការ​បង្ខំ​ឬ​ក្លែង​ក្លាយ»។ ​លោកស្រី​បន្ត​ថា​ ស្រ្តី​ទាំង​នោះ​ចេញ​ទៅ​ប្រទេស​ចិន​មុន​ឆ្នាំ​ ២០១៩ ​ហើយ​ពួកគេ​ទើប​ត្រឡប់​មក​វិញ។​

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ ​«ពួក​គាត់​ហ្នឹង​បាន​ទៅ​មុន​ហ្នឹង​រួច​ហើយ​ ហើយ​នៅ​ពេល​គាត់​មិន​មាន​ភាព​ គេ​ហៅ​ថា​សុខសប្បាយ ​ឬ​មួយ​ក៏​ត្រូវ​តាម​បំណង​ប្រាថ្នា​របស់​គាត់​ គាត់​បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​ឆ្នាំ​២០១៩»។​

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា៖ ​«តាម​ចម្លើយ​របស់​ស្រ្តី​ទាំង​អស់​ហ្នឹង​ គាត់​ថា​ មាន​អាពាហ៍​ពិពាហ៍​ទៅ​ប្រទេស​ក្រៅ​ហ្នឹង​ ដោយ​បង្ខំ​ ឬ​មួយ​ក៏​អី​អ៊ីចឹង។ ​ ប៉ុន្តែ​មាន​ពេល​ខ្លះ​មិន​ទាន់​សន្មត​ ១០០ ​ភាគរយ​ទេ​ដោយ​សារ​យើង​ត្រូវ​ការ​ការ​អង្កេត​នៅ​លើ​ករណី​អស់​ហ្នឹង​ទៀត​ ប៉ុន្តែ​ភាគ​ច្រើន​ស្រ្តី​អស់​ហ្នឹង គាត់​មាន​បញ្ហា​ត្រង់​ថា ​ពេល​ដែល​គាត់​ទៅ​ហើយ​ ពេល​ដែល​គាត់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​បញ្ហា ​អ៊ីចឹង​គាត់​ចង់​ត្រឡប់​មក​វិញ។​ អ៊ីចឹង​គាត់​ចាត់​ទុក​ថា​ អ្វី​ដែល​គាត់​បាន​គូ​ស្រករ​នៅ​ទីនោះ​ គឺ​ជា​រឿង​ក្លែងក្លាយ»។​

លោក​ស្រី​បន្ថែម​ថា ពួក​គេ​ចាញ់​បោក​មេ​ខ្យល់​ ទើប​ធ្លាក់​ខ្លួន​ទៅ​នៅ​ប្រទេស​ចិន​ ហើយ​រៀបការ​ជាមួយ​ជនជាតិ​ចិន​នៅ​ទីនោះ។

លោកស្រី ​ជូ ប៊ុនអេង ឲ្យ​ដឹង​ទៀត​ថា​ ការ​រៀបការ​ក្លែង​ក្លាយ​ក៏​មាន​កើត​ឡើង​លើ​ស្រ្តី​ខ្មែរ​ដែល​ទៅ​សហរដ្ឋអាមេរិក ​និង​ប្រទេស​ផ្សេងៗ​នៅ​អឺរ៉ុប​ផង​ដែរ ​ប៉ុន្តែ​លោកស្រី​ថា​ ស្រ្តី​ខ្មែរ​ទាំង​នោះ​មិន​បាន​រាយ​ការណ៍​មក​អាជ្ញាធរ​នោះ​ទេ។​

លោក​ស្រី​បញ្ជាក់​ថា៖​ «ហើយ​ក៏​មិន​មាន​ន័យ​ថា​ទៅ​ប្រទេស​ដទៃ​មិន​មាន​អាពាហ៍​ពិពាហ៍​ក្លែង​ក្លាយ​ដែរ។​ យើង​ក៏​ធ្លាប់​ដឹង​ដែរ ​សូម្បី​តែ​ទៅ​សហ​រដ្ឋ​អាមេរិក ​ប្រទេស​អូស្រ្តាលី ​ឬ​មួយ​ក៏​ទៅ​ប្រទេស​នៅ​សហភាព​អឺរ៉ុប​មាន​ពេល​ខ្លះ ​គេ​ហៅ​អាពាហ៍​ពិពាហ៍​ក្លែង​ក្លាយ​ដែរ​តើ។ ​ប៉ុន្តែ​ពួក​គាត់​ច្រើន​តែ​ដោះស្រាយ​បញ្ហា​នៅ​ប្រទេស​គោល​ដៅ​ហ្នឹង​ទៅ ​ហើយ​គាត់​មិន​ដែល​បាន​រាយ​ការណ៍​ត្រឡប់​មក​វិញ​ពី​រឿង​ការ​ចង់​ត្រឡប់​មក​ស្រុក​វិញ​ទេ​ ពី​ព្រោះ​គាត់​គ្រាន់​តែ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​បាន​ទៅ​ស្រុក​គេ។ ​ប៉ុន្តែ​ដូច​នៅ​ប្រទេស​ចិន​អ៊ីចឹង ​ដោយសារ​គាត់​រស់​នៅ​ទីនោះ​អត់​បាន​ ដោយសារ​តែ​ទំនៀម​ទម្លាប់​ ឬ​មួយ​ក៏​ប្រពៃណី​នៅ​ក្នុង​ការ​រស់​នៅ​ក្នុង​គ្រួសារ​វា​ខុស​គ្នា ​ហើយ​ទទួល​សម្ពាធ​ផ្លូវ​ចិត្ត ​ផ្លូវ​កាយ​អី​ហ្នឹង ​គាត់​នៅ​អត់​បាន»។​

លោក​ស្រី​ ជូ ប៊ុនអេង ជំរុញ​ឲ្យ​ស្រ្តី​ខ្មែរ​ដែល​ចង់​រៀបការ​ជាមួយ​ជន​បរទេស​ គួរ​ដាក់​ពាក្យ​ទៅ​ក្រសួង​ការ​បរទេស ​និង​ក្រសួង​មហាផ្ទៃ​ ដែល​នឹង​មាន​ការ​ស៊ើប​អង្កេត​ដើម្បី​ធានា​ថា ​ពួក​គេ​មាន​សុវត្ថិភាព ​មិន​ចាញ់​បោក​ការ​ជួញ​ដូរ។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ឆ្នាំ​ ២០១៩​ មាន​ការ​ស្នើ​សុំ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ជន​បរទេស​ចំនួន​ ២.៦៤១​ គូ ​ប៉ុន្តែ​រដ្ឋាភិបាល​អនុញ្ញាត​ចំនួន​ ២.០១៦ ​គូ​តែ​ប៉ុណ្ណោះ។​

លោកស្រី​ ជូ ប៊ុនអេង ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​យើង​នៅ​ពិនិត្យ ​ហើយ​បើ​សិន​រក​ឃើញ​ថា​ មិន​ទំនង​ យើង​ចង់​និយាយ​ថា​ដែល​គួរ​ឲ្យ​សង្ស័យ ​គឺ​យើង​មិន​បាន​អនុញ្ញាត​ទេ ​ហើយ​សុំ​ឲ្យ​គាត់​វិល​ត្រឡប់​ទៅ​បំពេញ​បែប​បទ​វិញ​ឲ្យ​បាន​ត្រឹម​ត្រូវ»។​

យោង​តាម​កំណត់​ទូត​របស់​កម្ពុជា​ ចុះ​ខែ​មីនា ​ឆ្នាំ​ ២០១១ ​អាពាហ៍​ពិពាហ៍​រវាង​ជន​បរទេស​និង​ពលរដ្ឋ​ខ្មែរ​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត ​ដែល​ចេញ​ពី​ឆន្ទៈ​ផ្ទាល់​របស់​សាមី​ខ្លួន​ទាំង​សងខាង​ ដោយ​គ្មាន​ការ​បង្ខំ​ ឬ​ការ​បន្លំ​បោកប្រាស់។ ​កាល​ណោះ​ក្រសួង​ការ​បរទេស​បាន​កំណត់​ថា​ ជន​បរទេស​ដែល​រៀប​អាពាហ៍​ពិពាហ៍ ​អាយុ​មិន​ត្រូវ​ឲ្យ​លើស​ពី​ ៥០ ​ឆ្នាំ ​និង​ត្រូវ​មាន​ប្រាក់​ចំណូល​យ៉ាងតិច​ ២.៥០០​ ដុល្លារ​ក្នុង​មួយ​ខែ។ ​ ប៉ុន្តែ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៨ ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ដក​បម្រាម​កំណត់អាយុ​វិញ​ គឺ​ថា​ ជន​បរទេស​ដែល​មាន​អាយុ​លើស ​៥០ ​ឆ្នាំ ​ក៏​អាច​រៀប​ការ​ជាមួយ​នារី​ខ្មែរ​បាន​ដែរ។

លោកស្រី​ មាស សាអ៊ីម ​អនុ​ប្រធាន​ផ្នែក​ស្រ្តី ​និង​កុមារ​នៃ​សមាគម​អាដហុក​ ដែល​ធ្វើ​ការ​លើ​ការ​ជួយ​ពលរដ្ឋ​ខ្មែរ​ដែល​ចាញ់​បោក​គេ​នៅ​បរទេស ​មាន​ប្រសាសន៍​ថា​ ការ​រៀប​អាពាហ៍​ពិពាហ៍​ទៅ​ប្រទេស​ចិន​មិន​មែន​ជា​ការ​ព្រម​ព្រៀង​គ្នាទេ ​គឺ​ដោយសារ​មាន​មេ​ខ្យល់​ទៅ​លួង​លោម និង​ទាក់ទាញ​ប្រជាពលរដ្ឋ​នៅ​តាម​ជន​បទ​ដោយ​សន្យា​ថា​ ពួកគេ​នឹង​មាន​ការងារ​ល្អ និង​ប្រាក់​ខែ​ច្រើន។

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​សម្ភាស​ជាមួយ​ពួកគាត់ ​ភាគច្រើន​គាត់​ថា​ទៅ​អាច​នឹង​មាន​ការងារ​ធ្វើ​បែប​នេះ​បែប​នេះ ​បាន​ប្រាក់​ខែ​ប្រហែល​ប៉ុន​នេះ ​ហើយ​អ្នក​ឯង​អាច​អាច​នឹង​មាន​ប្តី​ចិន ​ដែល​គាត់​ជា​អ្នក​មាន ​មាន​ប្រាក់​ខែ​ធូរធារ ​ហើយ​ស្អាត​អី​អ៊ីចឹង​ទៅ»។​

លោកស្រី​បន្ថែម​ថា៖​ «បាន​ន័យ​ថា​គាត់​អត់​បាន​ឃើញ​ភាគី​ខាង​ប្រុស​ហ្នឹង​យ៉ាង​ម៉េច​ទេ ​ប៉ុន្តែ​គាត់​ជឿ​ទៅ​លើ​ការ​លួង​លោម​របស់​មេ​ខ្យល់ ​ហើយ​គាត់​ក៏​មិន​ដឹង​ពី​នីតិវិធី​ច្បាប់​ថា​ ការ​រៀប​អាពាហ៍​ពិពាហ៍ ​ដោយ​ស្រប​ច្បាប់​ត្រឹមត្រូវ​រូបភាព​យ៉ាង​ណា​នោះ​ដែរ។​ ភាគ​ច្រើន​ករណី​ដែល​ខាង​យើង​ទទួល​បាន​ គឺ​គាត់​ចាញ់​បោក​មេ​ខ្យល់​ ដោយ​មាន​ករណី​ខ្លះ​ក្រោម​រូបភាព​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។​ ករណី​ខ្លះ​គាត់​ប្រាប់​ថា​ទៅ​យក​ប្តី​ចិន ​ប្តី​ដែល​គាត់​ពេញ​ចិត្ត ​ហើយ​ដែល​អាច​ផ្តល់​ថវិកា​មួយ​ចំនួន​ដែល​អាច​ជួយ​គាំទ្រ​ជីវភាព​គ្រួសារ​របស់​គាត់​នៅ​ខ្មែរ ​ហើយ​នឹង​ជីវភាព​គាត់​នៅ​ទីនោះ​មាន​ភាព​ប្រសើរ»។​

បើ​តាម​លោកស្រី​ មាស សាអ៊ីម ​សមាគម​អាដហុក​ បាន​សម្ភាស​ស្រ្តី​ម្នាក់​មក​ពី​ប្រទេស​ចិន ​កាល​ពី​ចុង​ខែ​មេសា ​ឆ្នាំ​ ២០២០​ ដោយ​គាត់​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ ​កាល​ពី​ដើម​ខែ​មេសា។​ លោកស្រី​បន្ត​ថា​ ស្រ្តី​ម្នាក់​នោះ​បាន​ទៅ​ប្រទេស​ចិន​ កាល​ពី​ឆ្នាំ​ ២០១៣​ ហើយ​សមាគម​បាន​ទទួល​ពាក្យ​បណ្តឹង​កាល​ពី​ឆ្នាំ​ ២០១៧។​ លោក​ស្រី​ថា​ កាល​ពី​ដើម​ឡើយ​ស្រ្តី​នោះ​រៀបការ​ជាមួយ​ស្វាមី​ជនជាតិ​ចិន​ ហើយ​បន្ទាប់​មក​ត្រូវ​បាន​បោក​យក​ទៅ​លក់​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ទៀត​ រហូត​ដល់​មាន​កូន​ប្រុស​ម្នាក់​អាយុ​ ៤ ​ឆ្នាំ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «ប្តី​ចិន​លក់​គាត់​ទៅ​ឲ្យ​មួយ​ដំណាក់​ទៀត ​ចុង​ក្រោយ​ទៅ​ឲ្យ​ជន​ជាតិ​ចិន​ដែល​គាត់​ក្រ​ពិបាក ​ហើយ​តាម​ពិត​គាត់​បង្ខំ​រស់​នៅ ​បាន​ន័យ​ថា​ គាត់​សប្បាយ​ចិត្ត​នឹង​រស់​នៅ​នឹង​ប្តី​ចុង​ក្រោយ ​ប៉ុន្តែ​ជីវភាព​ពិបាក​ខ្លាំង​ជាមួយ​នឹង​ប្តី​ក្រោយ​នេះ»។​

មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ (សង់ត្រាល់) ​ លោក ​ឌី ថេហូយ៉ា​ មាន​ប្រសាសន៍​ថា ​ប្រទេស​ចិន​មិន​មែន​ជា​កន្លែង​ល្អ​សម្រាប់​ការ​រៀប​ការ​រវាង​ស្រ្តី​ខ្មែរ​និង​ជន​ជាតិ​ចិន​នោះ​ទេ ​ខណៈ​លោក​នៅ​តែ​ព្រួយ​បារម្ភ​អំពី​ការ​ជួញ​ដូរ​ស្រ្តី​ខ្មែរ​នៅ​ទីនោះ​ជា​បន្ត។​

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​អត់​ដឹង​ចេតនា​នៃ​ជនជាតិ​ចិន​ហ្នឹង​យ៉ាង​ម៉េច​ទេ។​ វា​ស្ថិត​ក្នុង​ភាព​ហេង​ស៊យ។ ​បើ​អ្នក​ណា​ហេង ​ក៏​ជួប​មនុស្ស​ប្រុស ​គេ​យក​ស្រឡាញ់​ពិត​ប្រាកដ។​ ខ្លះ​វា​ស៊យ​ប្រឈម​នឹង​ការ​លក់​បន្ត»។​

លោក​បន្ត​ថា៖ ​«ការណ៍​ពិត​ប្រាកដ ​ទៅ​រស់​នៅ​ពិត​ប្រាកដ​ ប៉ុន្តែ​លក្ខខណ្ឌ​ពិបាក​បំផុត។​ អា​លក្ខខណ្ឌ​មួយ​ទៀត​ គឺ​ពួក​ហ្នឹង​ម៉ាហ្វៀ​ដើរ​រក​ស៊ី​អ៊ីចឹង​តែ​ម្តង។​ ត្រូវ​ចំណាយ​បួន​ប្រាំ​ពាន់​ដុល្លារ​ក្នុង​ការ​រៀប​ការ​យក​ទៅ​លក់​បាន​ ៣ ​ម៉ឺន​ដុល្លារ។​ ជាទូទៅ ​លក់​មិន​ក្រោម​ ២៥.០០០​ ទៅ ​៣០.០០០​ ដុល្លារ​ទេ»។​

លោក ​ឌី ថេហូយ៉ា ​ពន្យល់​ថា​ ក្នុង​ប្រទេស​ចិន​ គេ​និយម​កូន​ប្រុស ​ដែល​នាំ​ឲ្យ​ខ្វះ​ស្រ្តី។ ​មនុស្ស​ប្រុស​ពិបាក​រក​ភរិយា ​ដោយ​សារ​ខ្វះ​មនុស្ស​ស្រី។ ​លោក​បន្ត​ថា​ បុរស​ជនជាតិ​ចិន​អាច​រក​ភរិយា​បាន​ ទាល់​តែ​ពួក​គេ​ជា​អ្នក​មាន។​ ដូច្នេះ​លោក​ថា​ ពួក​គេ​បាន​ស្វែង​រក​នារី​ខ្មែរ។

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​តាម​រយៈ​សារ​អេឡិចត្រនិក​ ឬ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ​លោក​ កុយ គួង​ មាន​ប្រសាសន៍​ថា​ ការ​រៀបការ​រវាង​ស្រ្តី​ខ្មែរ​និង​ជនជាតិ​ចិន ​ស្ថានកុង​ស៊ុល​មិន​បាន​ដឹង​នោះ​ទេ​ ដោយ​សារ​វា​ជា​ការ​រៀបចំ​តាម​រយៈ​មេ​ខ្យល់។ ​លោក​បន្ត​ថា​កន្លង​ទៅ ​អាជ្ញាធរ​កម្ពុជា​នៅ​ប្រទេស​ចិន ​តែង​តែ​ជួយ​ស្រ្តី​ខ្មែរ​ដែល​រង​គ្រោះ​ជា​បន្ត​បន្ទាប់។​

លោក​មាន​ប្រសាសន៍​ថា៖​ «កន្លង​មក​សាមី​ខ្លួន​តែង​តែ​រត់​មក​ស្ថានទូត​ ឬ​ក៏​ស្ថាន​អគ្គ​កុងស៊ុល​ ហើយ​រត់​រក​ឲ្យ​អាជ្ញាធរ​ចិន​ជួយ​ ឬ​ក៏​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្សេងៗ​ជួយ។ ​យើង​តែងតែ​ធ្វើ​អន្តរាគមន៍​ជួយ​ ហើយ​នាំ​គាត់ ​បញ្ជូន​គាត់​ត្រឡប់​មក​ប្រទេស​យើង​វិញ​បាទ»៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...