12
មិថុនា

ស៊ុយអែត​ប្រកាស​ឈប់​​ផ្ដល់​ជំនួយ​អភិវឌ្ឍ​ទ្វេភាគី​ដល់​របប​លោក ហ៊ុន សែន ដោយសារ​បញ្ហា​រឹតត្បិត​លំហ​ប្រជាធិបតេយ្

រដ្ឋាភិបាល​ស៊ុយអែត សម្រេច​ជា​ផ្លូវ​ការបញ្ឈប់​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ហើយ​ងាក​មក​ផ្តោត​លើ​ការ​លើក​កម្ពស់​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​វិញ។ ការ​សម្រេច​បញ្ឈប់​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ស៊ុយអែត មើល​ឃើញ​ថា មានការ​រឹតត្បិត​យ៉ាង​ខ្លាំង​នូវ​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ពិបាក​ឱ្យ​ខ្លួន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ និង​ជិតដិត​ជាមួយ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការសម្រេច​ដូច្នេះ ប្រហែលជា​រដ្ឋាភិបាល​ស៊ុយអែត ខកចិត្ត​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ។

រដ្ឋាភិបាល​ស៊ុយអែត ប្រកាស​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ទ្វេភាគី​ដល់​រដ្ឋាភិបាល​កម្ពុជា​ជា​ដំណាក់ៗ យ៉ាងយូរ​បំផុត​ត្រឹម​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំក្រោយ។ ផ្ទុយទៅវិញ ស៊ុយអែត នឹង​ងាក​មក​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ អភិវឌ្ឍន៍​លើ​សកម្មភាព​ក្នុង​វិស័យ​សំខាន់ ៣​ជា​ចម្បង គឺ​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

រដ្ឋាភិបាល​ស៊ុយអែត​លើកឡើង​ពី​ហេតុផល​ដែល​នាំ​ឱ្យ​ខ្លួន​សម្រេចចិត្ត​កាត់​ផ្តាច់​ជំនួយ​យ៉ាង​ដូច្នេះ​ថា លំហ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស រួម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​លទ្ធភាព​សម្រាប់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រតិបត្តិ​ដោយ​សេរី កំពុងតែ​ទទួលរង​នូវ​ការ​រឹតត្បិត​ខ្លាំង​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ដូច្នេះ​ហើយ រដ្ឋាភិបាល​ស៊ុយអែត មើល​ឃើញ​ថា ជា​ការ​ចាំបាច់​ក្នុង​ការ​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​បង្កើត​ឱ្យ​បានជា​លក្ខខណ្ឌ​ខុសប្លែក​ពីមុន ដើម្បី​ចូលរួម​​ចំណែក ឱ្យ​មានការ​អភិវឌ្ឍន៍​ផ្នែក​ប្រជាធិបតេយ្យ​បាន​ប្រសើរ​ជាង​មុន​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ស៊ុយអែត​ទទួលបន្ទុក​ផ្នែក​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​លោក ភីធឺរ អេរីកសុន ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍ ផ្សាយ​ថ្ងៃ​ទី​១២ មិថុនា ថា លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រង​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស៊ុយអែត​ពិបាក​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​ទូលំ​ទ​លាយ និង​ជិតដិត ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ដូច្នេះ​ហើយ​លោក​ថា រដ្ឋាភិបាល​ស៊ុយអែត​សម្រេច​បង្វែរ កិច្ចប្រឹងប្រែង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​នេះ ទៅជា​ការ​ផ្តល់​ការ​គាំទ្រ​ប្រសើរ​ជាង​មុន ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ នៅ​កម្ពុជា​វិញ។ លោក​ថា ប្រទេស​ស៊ុយអែត នឹង​នៅតែ​បន្ត​គាំទ្រ​សង្គម​ស៊ីវិល អ្នកការពារ សិទ្ធិមនុស្ស និង​អ្នកតស៊ូ​មតិ​ឱ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​សុំ​ប្រតិបត្តិ​កម្ម​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ ក្រសួងការបរទេស លោក កុយ គួង និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​នៅឡើយ​ទេ ដោយសារ​ពួក​លោក​មិន​លើក​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃ​ទី​១២ មិថុនា។

រីឯ​មន្ត្រី​សង្គម​ស៊ីវិល​វិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិ​ការងារ និង​ជា​ប្រធាន​អង្គការ​សង់ត្រាល់ លោក មឿន តុលា មើលឃើញ​ថា រដ្ឋាភិបាល​ស៊ុយអែត សម្រេច​យ៉ាង​ដូច្នេះ ប្រហែលជា​ប្រទេស​នេះ ខកចិត្ត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ៖ «ចុង​ឆ្នាំ​២០១៧ នៅ​ពេល​ដែល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដក​ហូត​យក​អាសនៈ​ទាំង ៥០០៧​នាក់ ដែល​ជា​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ ក៏ដូចជា​អាសនៈ​រដ្ឋសភា ៥៥​រូប​ហ្នឹង ធ្វើ​ឱ្យ​ប្រទេស​ស៊ុយអែត មានការ​ខកចិត្ត​ជា​ខ្លាំង​។ ការ​រម្លាយ និង​ការ​ដក​ហូត​យក​អាសនៈ​បែប​ហ្នឹង ធ្វើ​ឱ្យ​ប្រទេស​ស៊ុយអែត គេ​មើលឃើញ​ថា វា​គឺជា​ការបំផ្លាញ​នៃ​ការ​ប្រឹងប្រែង​កន្លងមក​ទៅលើ​ការ​ស្តារ​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ ហ្នឹង​ឯង​។ ត្រង់​នេះ​​ហើយ​ដែល​ខ្ញុំ​គិត​ថា ប្រហែលជា​ស៊ុយអែត គេ​ពិចារណា​ទៅលើ​ជំនួយ​របស់​គេ​បន្ត​ទៀត។ ថ្មីៗ​នេះ​ទៀតសោត យើង​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ក៏​នៅ​មិន​ទាន់​មាន​សញ្ញាណ​ណាមួយ​ជា​វិជ្ជមាន ដែល​ធ្វើ​ឱ្យ​ប្រទេស​ស៊ុយអែត ធ្វើការ​ពិចារណា​ឡើងវិញ​ដែរ»

ដូច​គ្នា​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​មួយ​រូប​ទៀត ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រជាធិបតេយ្យ និង​កិច្ចការ​បោះឆ្នោត និង​ជា​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល គឺ​លោក កន សាវាង្ស យល់​ឃើញ​ថា នេះ​ជា​ការ​សម្រេចចិត្ត​របស់ ប្រទេស​ម្ចាស់​ជំនួយ ដោយសារតែ​ប្រទេស​នេះ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា មិនបាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​វិស័យ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស៖ «ប្រហែលជា​ដោយសារតែ​គេ​អាច​យល់​ឃើញ​ថា ការប្រតិបត្តិ​ការ ឬ​ការ​ធ្វើ​កន្លងមក​ជាមួយ​រដ្ឋាភិបាល ហាក់​ដូច​ជា មិន​មាន​ភាព​ធូរស្បើយ ពាក់ព័ន្ធ​នឹង​បញ្ហា​រឿង​ប្រជាធិបតេយ្យ ឬ​សិទ្ធិមនុស្ស​ហ្នឹង។ ប្រហែលជា​អាច​ដូច្នេះ ដោយសារ យើង​ដឹង​ហើយ​បន្ទាប់ពី​ការបោះឆ្នោត​ឃុំ​សង្កាត់​២០១៧​មក យើង​ឃើញ​ថា បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ វា​មាន​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​ដែល​មាន​សកម្មជន និង​អ្នកនយោបាយ ត្រូវ​បាន​ឃុំខ្លួន និង​ចាប់ខ្លួន​អី​ជាដើម ហើយ​សេរីភាព​ទាក់ទង​នឹង ការ​បញ្ចេញ​មតិ ឬក៏​សកម្មភាព​ផ្សេងៗ​ត្រូវ​បាន​រឹត​បន្តឹង»

កាល​ពី​ឆ្នាំ​២០១៩ ជំនួយ​អភិវឌ្ឍន៍​ក្រោម​រូបភាព​ជា​ជំនួយ​ឥតសំណង របស់​ប្រទេស​ស៊ុយអែត​ដល់​កម្ពុជា ផ្អែក​តាម​យុទ្ធសាស្ត្រ កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី មាន​ទឹកប្រាក់​ជិត ២៤​លាន​ដុល្លារ​។ ប្រទេស​ស៊ុយអែត បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា តាំងពី​ឆ្នាំ​១៩៧៩​មក ក្រោម​រូបភាព​ជា​ជំនួយ​មនុស្សធម៌​។ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ប្រទេស​នេះ ក៏​បាន​ផ្តល់​ជំនួយ​ឥតសំណង ក្នុង​ទឹកប្រាក់​ប្រមាណ ១២៥​លាន​ដុល្លារ​អាមេរិក ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​បាន​​ផ្តោត​លើ​វិស័យ​អភិបាលកិច្ច យេនឌ័រ សិទ្ធិមនុស្ស អប់រំ ការងារ និង​វិស័យ​បរិស្ថាន៕

ប្រភព៖ RFA

 

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...