15
មិថុនា

បុគ្គលិក​ណាហ្គាវើលដ៍​ទាមទារ​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន និង​រដ្ឋាភិបាល ក្នុង​ពេល​ព្យួរ​ការងារ

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ (Naga World) ស្នើសុំ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ជួយ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​ពួកគេ ក្នុង​អំឡុងពេល​បិទ​កាស៊ីណូ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ។ មន្ត្រី​សង្គម ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ លើកឡើង​ថា ក្រុមហ៊ុន និង​រដ្ឋាភិបាល គួរតែ​ពិចារណា​ដោះស្រាយ​ជូន​កម្មករ​តាម​ការ​ស្នើសុំ ព្រោះ​ពួក​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព​អំឡុង​ពេល​គ្មាន​ការងារ​ធ្វើ។

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ ប្រកាស​ថា ពួកគេ​មាន​គ្នា​ប្រមាណ ៣​រយ​​នាក់ នឹង ជួបជុំគ្នា​ដាក់​ញត្តិ​ជូន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ស្នើសុំ​ឱ្យ ពិចារណា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០​ដុល្លារ ជូន​បុគ្គលិក​កាស៊ីណូ​ដែល​ព្យួរ​ការងារ​ដូច​កម្មករ​ក្នុង​វិស័យ​សេវាកម្ម​ទេសចរណ៍ និង​វិស័យ​កាត់ដេរ​ដែរ។ ការ​ដាក់​ញត្តិ​នោះ ពួកគេ ក៏​មាន​បំណង​ស្នើសុំ​ក្រសួង​ការងារ ណែ​នាំទៅ​ក្រុមហ៊ុន បន្ត​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគេ​បន្ត​ទៀត​ផង​ដែរ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែង​ថា បុគ្គលិក​ផ្នែក​ល្បែង​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ២.២៦០នាក់ បាន​នាំគ្នា​ផ្តិត​មេដៃ​ទាមទារ​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ដោយសារតែ​ពួកគេ​ជួប​ការ​លំបាក​ខ្លាំង​ផ្នែក​ជីវភាព​។ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​ថា បុគ្គលិក​ផ្នែក​ល្បែង​ប្រមាណ ៣​ពាន់ ៥​រយ​នាក់ ត្រូវ​បាន​ព្យួរ​ការងារ​ទាំងស្រុង ចំណែក​បុគ្គលិក​ផ្នែក​សណ្ឋាគារ​ជិត ៥​ពាន់​នាក់ គឺ​មាន​ត្រឹម​២០​ភាគរយ​ដែល នៅ​អាច​ធ្វើ​ការងារ​បាន​ខ្លះ​៖ «ការដែល​ប្រកាស​ថា មិន​ឱ្យ​ប្រាក់ខែ​សោះ ហើយ​អត់​មាន​ឧបត្ថម្ភ​អី​ពី​ខាង​រដ្ឋាភិបាល នេះ ប៉ះពាល់​ខ្លាំង​ទៅលើ​បុគ្គលិក​ភាគច្រើន។ បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន នេះ​ខ្លះ​មាន​ទាំង​ប្តី​ទាំង​ប្រពន្ធ ហើយ​អ្នកខ្លះ​មាន​ទាំង​កូន​ទៀត ដូច្នេះ​គាត់​បាត់បង់​ចំណូល​ទាំង​គ្រូ​សារ​តែម្ដង​។ ហើយ​សមាជិក​របស់ខ្ញុំ​ជាង ២​ពាន់​នាក់ ថា ពួកគាត់​ខ្លះ​នៅតែ​បង់​ធនាគារ​ដដែល ដោយ​ខ្លះ​ទាំង​ដើម​ទាំង​ការ និង​ខ្លះ​ទៀត​បង់​ការប្រាក់ ហើយ​ខ្លះ​ទៀត បង់​ដើម​។ បើ​អត់​មាន​ប្រាក់ខែ​សោះ ហើយ​អត់​មាន​ប្រាក់​ពី​រដ្ឋាភិបាល គឺ​ពួកយើង​មិន​អាច​រស់​បាន​ទេ។

រដ្ឋាភិបាល បាន​ប្រកាស​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ទូទាំង​ប្រទេស​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មេសា មក ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​រដ្ឋាភិបាល មិនបាន​ផ្តល់​ប្រាក់ ឧបត្ថម្ភ​ដល់​បុគ្គលិក​កាស៊ីណូ​នោះ​ទេ​។

កញ្ញា ឈឹម ស៊ីថរ ឱ្យ​ដឹង​ដែរ​ថា អំឡុង​ពេល​ព្យួរ​ការងារ​នេះ ក្រុមហ៊ុន​ណាហ្គា វើលដ៍ បាន​ផ្តល់ប្រាក់ ឧបត្ថម្ភ ៥០​ភាគ​នៃ​ប្រាក់ខែ​គោល​ចំនួន ២​ខែ​ពី​ខែ​មេសា និង​ខែ​ឧសភា ប៉ុន្តែ​ក្រុមហ៊ុន បាន​ប្រកាស​ឈប់​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ទៀត ចាប់ពី​ខែ​មិថុនា​នេះ ដោយ​អះអាង​ថា គ្មាន​លទ្ធភាព​។ កញ្ញា​បន្ត​ថា ក្រុម​បុគ្គលិក​ជាង ៣​ពាន់​នាក់ ក៏បាន​ដាក់​លិខិត​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន ជួយ​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដែរ តែ​ក្រុមហ៊ុន មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅឡើយ៖ «ខាង​សមាជិក​សហជីព​របស់​ជាង ៣​ពាន់​នាក់ ទើបតែ​ធ្វើ​ញត្តិ​ជូន​ក្រុមហ៊ុន ស្នើសុំ​ឱ្យ​ជួយ​បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ទៀត​។ យើង​ក៏បាន​បង្កើត​ជម្រើស​ចំនួន​៣ សម្រាប់​ក្រុមហ៊ុន​ដែរ ដោយ​ទី​១ ស្នើសុំ​ដល់​ក្រុមហ៊ុន​ឧបត្ថម្ភ​ចំនួន ៣០ហើយ​បុគ្គលិក​សុំ​ខ្ចី​ចំនួន ២០%​បន្ថែម​ទៀត​ឱ្យ​គ្រប់​៥០%​នៃ​ប្រាក់ខែ។ ទី​២ ស្នើសុំ​ដល់​ក្រុមហ៊ុន​ឱ្យ​គ្រប់​បុគ្គលិក​ខ្ចី​ចំនួន​៣០០ដុល្លារ​ស្មើៗ​គ្នា​ទាំងអស់​រហូតដល់​ថ្ងៃ​ចូល​ធ្វើ​ការ​វិញ។ ទី​៣.​ស្នើសុំ​ដល់​ក្រុម​ឱ្យ​គ្រប់​បុគ្គលិក​សុំ​ខ្ចី​ថ្ងៃ​បុណ្យជាតិ​ទាំងអស់​នៅ​ឆ្នាំ​២០២០​សិន ហើយ​ពេល​បុគ្គលិក​ចូល​ធ្វើការ​វិញ និង​ធ្វើការ សង​វិញ​រហូត​ដល់​ចប់​នៃ​ថ្ងៃបុណ្យ​ដែល​បាន​ខ្ចី»។

អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ មិន​ទាន់​ឆ្លើយតប​សំណួរ​អាស៊ីសេរី តាម​បណ្ដាញ សង្គម​តេឡេក្រាម​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ពាក់ព័ន្ធ​នឹង​សំណើ​របស់​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍។ ចំណែក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​របស់​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើ​លដ៍ (Naga World) អ្នកស្រី ឌី សីហា មិន​ទទួល​ទូរស័ព្ទ​របស់​អាស៊ីសេរី​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល គួរតែ​ពង្រីក​វិសាលភាព​ផ្តល់​ប្រាក់ ឧបត្ថម្ភ​ដល់​កម្មករ​ក្នុង​វិស័យ​ផ្សេង​ទៀត ដូចជា​កម្មករ​ផ្នែក​កាស៊ីណូ និង​វិស័យ​សំណង​ជាដើម ព្រោះ​ពួកគេ ត្រូវ​បាន​ព្យួរ​ការងារ​និង​គ្មាន​ចំណូល​ដូចគ្នា​។ ចំណែក​ក្រុមហ៊ុន​ណាហ្គា វើលដ៍ វិញ លោក យល់​ថា គួរតែ​បន្ត​ទទួលខុសត្រូវ​ចំពោះ​កម្មករ​និយោជិក​របស់​ខ្លួន ព្រោះ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ នៅតែ​មាន​លទ្ធភាព៖ «ខ្ញុំ​គិត​ថា ក្រុមហ៊ុន​នេះ​គាត់​រីកចម្រើន​រហូតដល់​ពង្រីក​អាជីវកម្ម​រហូតដល់​តាំងពី​ណាហ្គា មួយ​រហូតដល់​ណាហ្គា​២ ហើយ​នៅ​ពេល​ខាងមុខនេះ នឹង​គ្រោង​សង នូវ​ណាហ្គា​៣ ។​ការ​រីកចម្រើន​នេះ វា​អាស្រ័យ​ដោយមាន​ការ​ចូល​របស់​កម្មករ​និយោជិក ដូច្នេះ​មកដល់ពេលនេះ ខ្ញុំ​គិត​ថា ក្រុមហ៊ុន​មិនទាន់​ធ្លាក់​ក្នុង​ស្ថានភាព​លំបាក​ផ្នែក​សេដ្ឋកិច្ច​ដូច​បងប្អូន កម្មករ​និយោជិក​នោះ​ទេ»។

រដ្ឋាភិបាល នៅ​មិនទាន់​ប្រកាស​ថា ក្រុមហ៊ុន​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស នឹង​អាច​ចាប់ផ្ដើម​បើក​ដំណើរ​ឡើងវិញ​នៅ​ពេល​ណា​នោះ​ទេ។

ក្រុមហ៊ុន ណាហ្គា មាន​បុគ្គលិក​សរុប​ទាំងអស់ ទាំង​ផ្នែក​កាស៊ីណូ និង​សណ្ឋាគារ ជិត ៩​ពាន់​នាក់ រួម​ទាំង​បុគ្គលិក​បរទេស​ផង ដែល​មាន ម្ចាស់​ជា​ជនជាតិ​ម៉ាឡេស៊ី​។ ម្ចាស់​ក្រុមហ៊ុន​នេះ ធ្លាប់​បាន​បង្ហាញ​របាយការណ៍​ប្រាក់ចំណេញ​សុទ្ធ បន្ទាប់ពី​គិត​ពន្ធ​រួច​ជាង ២៤៥​លាន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​២០១៩ និង​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ដំណើរការ​កាស៊ីណូ​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​ទោះបីជា​ក្រុមហ៊ុន​ណាហ្គា វើលដ៍ នេះ ទទួល​បាន​ប្រាក់ចំណូល​ច្រើន​បែបនេះ​ក្តី ប៉ុន្តែ​បុគ្គលិក នៅ​តាម​ផ្នែក​ផ្សេងៗ ត្អូញត្អែរ​ថា ពួកគេ​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប ខណៈ​ធ្វើ​ការងារ​ធ្ងន់ និង​ច្រើន​ម៉ោង៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...