18
មិថុនា

កម្ពុជា​គ្រោង​ប្រកាស​ប្រើប្រាស់​រថយន្ត​យោធា ២៩០​គ្រឿង​ដែល​ទើប​ទិញ​ពី​ប្រទេស​ចិន

សង្គម​ស៊ីវិល និង​សាធារណជន​ឆ្ងល់​ថា តើ​រដ្ឋាភិបាល​បាន​លុយ​មក​ពី​ណា ដើម្បី​ទិញ​រថយន្ត​យោធា មកពី​ប្រទេស​ចិន ចំ​ពេល​ដែល​កម្ពុជា កំពុង​ខ្វះខាត​ថវិកា​ដោយសារ​តែ​ជំងឺ​កូវីដ១៩ (Covid-19)។ មេបញ្ជាការ​កងទ័ពជើងគោក​លោក ហ៊ុន ម៉ាណែត ថា លោក​ទុក​ឱ្យ​ពលរដ្ឋ​ឆ្ងល់​ទាក់ទិន​នឹង​ថវិកា​ទាំង​នេះ​សិន ហើយ​ចាំ​ពន្យល់​ពេល​ក្រោយ។

អ្នកឃ្លាំមើល​សង្គម​ស្នើ​ក្រសួង​ការពារ​ជាតិ​បង្ហាញ​ជា​សាធារណៈ​ឱ្យ​ពលរដ្ឋ​ទូទៅ​បាន​ដឹង​ពី​កញ្ចប់​ថវិកា​បាន​មក​ពី​ណា ដើម្បី​ទិញ​សម្ភារៈ​យោធា​ចិន។

សំណើ​នេះ បាន​កើតមានឡើង​ដោយសារតែ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​ការពារជាតិ​បាន​ស្នើ​សុំ​ទិញ​រថយន្ត​យោធា​ពី​ប្រទេស​ចិន ប៉ុន្តែ​មិនបាន​បញ្ជាក់ ពី​ប្រភព​នៃ ថវិកា​ប្រើប្រាស់ សម្រាប់​ទិញ រថយន្ត​ទាំងនោះ។

អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត មិនបាន​ពន្យល់​អំពី​ប្រភព​ថវិកា​ប្រើប្រាស់​ទិញ​រថយន្ត​យោធ​ចិន​ឡើយ។ លោក​គ្រាន់តែ និយាយ លោក​ទុក​ឱ្យ​អ្នកវិភាគ​ឆ្ងល់​ពី​រឿង​នេះ​សិន​ចុះ។

ទោះបីជា​យ៉ាងណា លោក​ប្រាប់​ថា នៅ​ថ្ងៃ​ទី​១៨ មិថុនា នេះ​លោក​នឹង​បញ្ជាក់​ប្រាប់​ជា​សាធារណៈ​នៅ​ពេល​ដែល​ពិធី​ប្រគល់​រថយន្ត​យោធា​ចំនួន​២៩០​គ្រឿង​នេះ នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក។

កា​សែត​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​របប​ក្រុងភ្នំពេញ​បាន​ផ្សាយ​ថា រថយន្ត​យោធា​ចំនួន​២៩០​គ្រឿង​ដែល​រដ្ឋាភិបាល​កម្ពុជា​ទិញ​ពី​ប្រទេស​ចិន គឺ​បាន​បែងចែក​ទៅ​កង​យោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការ​នគរបាល​ជាតិ។

អ្នកឃ្លាំមើល​សង្គម​ចម្ងល់​ថា ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ​១៩ ប្រជាពលរដ្ឋ​កំពុង​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក ហេតុអ្វី​បានជា​របប​ក្រុងភ្នំពេញ​ប្រើប្រាស់​ថវិកា​ទៅ​ចំណាយ​លើ​វិស័យ​កងទ័ព មិន​យក​ថវិកា​ទាំងនេះ​ទៅ​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា មាន​ប្រសាសន៍​ថា ការ​យក​ថវិកាជាតិ​មក​ប្រើប្រាស់​មិន​ចំ​គោលដៅ​នឹង​នាំ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង៖ «ចំណុច​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ការទិញ​ពី​ប្រទេស​ចិន។ អ៊ីចឹង​ក្នុងពេលដែល​កំពុង​ខ្វះខាត យក​លុយ​រដ្ឋ​ទៅ​ទិញ​អ្វីៗ​អស់ទាំង​ហ្នឹង បើ​ទោះ​បី​លុយ​នៅ​យ៉ាងណាក៏ដោយ ក៏​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​កំហឹង​មហាជន​ហ្នឹង​វា​អាច​កាន់​តែ​ខ្លាំង​ឡើង​ៗ»

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​និទ្ទេស​ខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់ លោក គឹម សុខ បញ្ជាក់​ថា ការទិញ​រថយន្ត​យោធា​ពី​ប្រទេស​ចិន​នៅ​ពេល​នេះ​មិនមែន​នៅ​ក្នុង​គោលដៅ​ការពារ​ជាតិ​ទេ គឺ​ការពារ​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន ដោយ​អនុវត្ត​តាម​គម្រោង​ត្រៀម​ទុក​ដឹក​កម្លាំង​បង្ក្រាប​ចលនា​មហាជន​នៅ​ពេល​ខាងមុខ៖ «ពីព្រោះ​លោក ហ៊ុន សែន លោក​បារម្ភ ក្រែង​ប្រជាពលរដ្ឋ​ទូទៅ ដែល​សព្វថ្ងៃ​មាន​បាតុកម្ម​នៅ​ក្នុង​ចិត្ត​ស្ទើរតែ​គ្រប់គ្នា​ទៅ​ហើយ​នោះ ហើយ​បើ​ដល់ពេល​ណាមួយ​ពួកគាត់​ទ្រាំ​នឹង​ការឈឺចាប់​លែង​បាន។ ក៏​ស្រាប់តែ​ងើបឡើង​ប្រើ​សិទ្ធិ និង​កាតព្វកិច្ច​ស្របច្បាប់​របស់​ពលរដ្ឋ​។​នាំគ្នា​តវ៉ា​ពី​គ្រប់ទិសទី​នៅ​ទូទាំង​ប្រទេស បុក​ចូល​ភ្នំពេញ។ ម្ល៉ោះហើយ​ឡាន​ទាហាន​ក្នុង​បរិមាណ​បច្ចុប្បន្ន​នេះ អាច​ដឹក​កម្លាំង​ពង្រាយ​ទប់​ប្រតិកម្ម​ទប់​សកម្មភាព​មហាជន ក្នុង​សកម្មភាព​បន្ទាន់​មិនទាន់​សភាពការណ៍​ទេ។ ហើយ​ទៅជា​ក្ស័យ​អំណាច​លោក​ហ៊ុន សែន​ដោយសារ​ចលនា​មហាជន​។​តាមពិត​រឿង​ហ្នឹង​ទេ»

ប្រទេស​ចិន​កាលពី​ចុង​ឆ្នាំ​២០១៩ បានសម្រេច​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ជាង ៦០០​លាន​យ័ន ឬ​ស្មើនឹង​ប្រមាណ ៩០​លាន​ដុល្លារ​អាមេរិក បន្ថែម​ទៀត​ដល់​របប​ក្រុងភ្នំពេញ សម្រាប់​វិស័យ​ការពារ​ជាតិ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សរសើរ និង​បង្ហាញ​ជំហរ​គាំទ្រ​ខ្លាំង​ចំពោះ “​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​” របស់​ចិន។

ក្នុង​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​ផង របប​ក្រុង​ប៉េកាំង​បាន​សន្យា​ផ្ដល់​ជំនួយ​ជិត ៨​រយ​លាន​ដុល្លារ រួច​ទៅ​ហើយ​ដល់​របប​លោក ហ៊ុន សែន​។ កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០១៨ កន្លងទៅ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹកប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក ដល់​វិស័យ​យោធា​កម្ពុជា​។ បន្ទាប់​មក នៅ​ចុងខែ​មករា ឆ្នាំ​២០១៩ មហាអំណាច​ចិន​ក៏បាន​សន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត ៦០០​លាន​ដុល្លារ​អាមេរិក បន្ថែម​ទៀត ដល់​របប​ក្រុងភ្នំពេញ សម្រាប់​គម្រោង​អភិវឌ្ឍ​រយៈពេល ៣​ឆ្នាំ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...