22
មិថុនា

រដ្ឋា​ភិបាល​​ប្រកាស​​ឧបត្ថម្ភ​​ប្រាក់​២៥​លាន​​ដុល្លារ​​ក្នុង​​មួយ​​ខែ​​ដល់​​ពលរដ្ឋ​​ក្រីក្រ​​អំឡុង​​វិបត្តិ​​កូ​វីដ​១៩​​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​រដ្ឋ​ចំនួន ២៥លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែៗ ដើម្បី​ជួយ​ដល់​ជីវភាព​ពលរដ្ឋ​ជាង ៦០ម៉ឺន​គ្រួសារ​អំឡុង​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា។

ការប្រកាស​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ពិធី​ពិនិត្យមើល​ដំណើរការ​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ​នៅ​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

លោក ហ៊ុន សែន មានប្រសាសន៍​ថា នៅ​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ១៩ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​ដោយ​រដ្ឋាភិបាល​មិនបាន​ដឹង និង​មិនបាន​ដោះស្រាយ​នោះ​ឡើយ។

លោក​ក៏បាន​ផ្តាំ​ទៅ​មតិ​រិះគន់​ថា មិន​ត្រូវ​មើលស្រាល​សមត្ថភាព​រដ្ឋាភិបាល ពិសេស​មិន​ត្រូវ​មើលស្រាល​សមត្ថភាព​របស់​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​វិបត្តិ​ជាស​កល​នេះ​ឡើយ ត្បិត​រដ្ឋាភិបាល​លោក​គ្រោង​នឹង​ចំណាយ​ថវិការដ្ឋ​ប្រមាណ ២៥លាន​ដុល្លារជា​រៀងរាល់​ខែ ជួយ​ដល់​ពលរដ្ឋ​ជាង ៦០ម៉ឺន​គ្រួសារ ដែល​ថវិកា​នោះ​បាន​មក​ពី​ចំណូល​ចរន្ត​របស់​រដ្ឋ​ប្រចាំខែ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ក្នុង​មួយ​ខែ យើង​ត្រូវ​ចំណាយ​ប្រមាណ​ជា ២៥លាន​ដុល្លារ​សម្រាប់​សង្រ្គោះ​ជួយ​ទំនុកបម្រុង​ទៅដល់ជាង ៦០ម៉ឺន​គ្រួសារ។ ពេលនោះ យើង​មានលទ្ធភាព យើង​ប្រើប្រាស់​នូវ​ថវិកាចរន្តដែល​ជា​ចំណូល​ធម្មតា ដែល​ក្នុង​មួយ​ខែៗ យើង​រកបាន​ក្នុងរង្វង់​អា​ពេល​ក្នុង​កូ​វី​ដនេះ បើ​វា​មិនបាន​លើស​ដល់ ៥០០លាន​ដុល្លារ ក៏​វា​បាន​ត្រឹម ៤០០លាន​ដុល្លារ​ដែរ ហើយ​ចាយ​ចំណូល​បៀវត្សរ៍​ត្រឹមតែ​ជាង ២០០លាន​ដុល្លារ​ទេ»។

កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជួយ​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ១៩។

ក្នុង​អនុក្រឹត្យ​នោះ សម្រេច​ឧបត្ថម្ភ​ជូន​ពលរដ្ឋ​ក្រីក្រ ​និង​ជន​ងាយ​រងគ្រោះ នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ទីប្រជុំជន​មិនមែន​រាជធានី​ភ្នំពេញ សម្រាប់​គ្រួសារ​មាន​ប័ណ្ណ​សមធម៌​ប្រភេទ១ និង២ នូវ​ទឹកប្រាក់ ១២ម៉ឺន​រៀល។ ចំណែក​សមាជិក​គ្រួសារ​ម្នា​ក់ៗ រួម​ទាំង​ជន​ងាយ​រងគ្រោះ ​ដូចជា ​កុមារ ជន​ពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​មនុស្សចាស់​អាយុ​ចាប់ពី ៦០ឆ្នាំ​ឡើង រដ្ឋាភិបាល​ចំណាយ​ថវិកា​ចន្លោះ​ពី ២៨,០០០រៀល ទៅ ៥២,០០០រៀល។

ដោយឡែក​ សម្រាប់​ពលរដ្ឋ​ក្រី​ក្រទាំងពីរ​ប្រភេទ និង​ជន​ងាយ​រងគ្រោះ​នៅ​តាម​ទី​ជនបទ នឹង​ទទួល​បាន ៨ម៉ឺន​រៀល​ក្នុង១ខែ ហើយ​សមាជិក​គ្រួសារ​ម្នាក់ និង​ប្រភេទ​ជន​ងាយ​រងគ្រោះ​ផ្សេងទៀត នឹង​ទទួល​បាន​ថវិកា​ចន្លោះ​ពី ១៦,០០០រៀល ទៅ ២៤,០០០រៀល។

យ៉ាងនេះក្តី​ អនុក្រឹត្យ​នេះបាន​បញ្ជាក់​ថា រាល់​ទិន្នន័យ​គ្រួសារ​ក្រី​ក្រ និង​ជន​ងាយ​រងគ្រោះ ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​ជាស​កល​មួយ​នេះ ជា​កម្មវត្ថុ​រក្សា​ការសម្ងាត់។

អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខ​សេន​សាន្ត បដិសេធ​បកស្រាយ​លម្អិត​អំពី​ការអនុវត្ត​នីតិវិធី​ផ្តល់​ប្រាក់ឧបត្ថម្ភ និង​ពេលវេលា​ជាក់លាក់​នៃ​ការអនុវត្ត​​វិធានការ​នេះ​ ដោយ​ប្រាប់​ឱ្យរង់ចាំ​ដល់​ថ្ងៃ២៤ ខែមិថុនា ជា​ថ្ងៃ​ដែល​ប្រមុខ​រដ្ឋាភិបាល​នឹង​ប្រកាស​ជូន​ជា​ផ្លូវការ។

លោក មាស សុខ​សេន​សាន្ត ប្រាប់​ថា៖ «យើង​សូម​ចាំ​ដល់​ថ្ងៃ២៤​ [ខែមិថុនា​] យើង​នឹង​ជម្រាប​ជូន​ហើយ ​ថាតើ​គេ​នឹង​ធ្វើ​ដោយ​វិធី​ណា​? ហើយ​ធ្វើ​ម៉េច​? ព្រោះ​ថ្ងៃ២៤ជា​ថ្ងៃ​បើកឆាក ជា​ថ្ងៃ Launching ជា​ថ្ងៃ​ចាប់ផ្តើម​អ៊ីចឹង។ អ៊ីចឹង ​រង់ចាំ​ដល់​ថ្ងៃ២៤។ ថ្ងៃ២៤ នឹង​ជម្រាប​ជូន​ទាំងអស់ សម្តេច​លោក​នឹង​ប្រកាស ហើយ​តែសម្តេច​ប្រកាស​ម៉េច គឺ​ធ្វើ​អ៊ីចឹង»។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មានប្រសាសន៍​ថា វិធានការ​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និងជន​ងាយ​រងគ្រោះ​អំឡុង​វិបត្តិ​កូ​វីដ១៩ ជា​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ ប៉ុន្តែ វិធានការ​នេះ​ប្រើ​ពេល​យឺតយ៉ាវ​បន្តិច។

បន្ថែម​ពីនេះ លោក​ថា វិធានការ​នេះ​នៅ​មាន​ភាព​ស្មុគស្មាញ ពិសេស​បញ្ហា​កំណត់​ទៅលើ​អ្នក​រង​ផល​ប៉ះពាល់ និង​ពលរដ្ឋ​ដែល​ចាត់ទុកថាជាអ្នក​ក្រីក្រ​ពីដើម​មក ហើយ​ការគ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​ពលរដ្ឋ​នៅ​មាន​ភាព​ទន់ខ្សោយ ដែល​ទាមទារ​ឱ្យ​មានការ​ពង្រឹង​ប្រព័ន្ធ​នេះ​ឡើងវិញ។

លោក​បណ្ឌិត មាស នី ប្រាប់​ថា៖ «បើ​យើង​សំដៅ​ទៅលើ​អ្នកក្រ​ដោយសារ​កូ​វីដ វា​ពិបាក​នឹង​ធ្វើ​ឱ្យ​មាន​សមភាព ឬសមធម៌​ក្នុង​ការបែងចែក ប៉ុន្តែ បើ​យើង​មើលទៅ​តាម​វិស័យ។ ប៉ុន្តែ ជាអកុសល ដោយខ្លួនឯង​យើង​ការគ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​របស់​រដ្ឋ​ហ្នឹង​ក៏​វា​មាន​ភាព​មិនសូវ​រឹងមាំ ដល់ពេល​មាន​វិបត្តិ​កើតឡើង​អ៊ីចឹង យើង​ប្រវេ​ប្រ​វា មិនដឹង​យក​ទិន្នន័យ​ពីណា​មួយ​ដែល​សមស្រប​ដើម្បី​ធ្វើការ​ពិចារណា​ និង​ធ្វើការ​រៀបចំ​គោលនយោបាយ​សម្រាប់​ជួយ។ អានេះ​ជា​មេរៀន​មួយ​ដែល​ខ្ញុំ​គិតថា រដ្ឋាភិបាល​គួរតែ​ធ្វើ​ម៉េចដើម្បី​ពង្រឹង​នូវ​ប្រព័ន្ធ​ទិន្នន័យ​ហ្នឹង​ឡើងវិញ»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ លោក មឿន តុលា សាទរ​ចំពោះ​ការប្រកាស​នេះ ត្បិត​វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ត្រូវ​ធ្វើ។ ប៉ុន្តែ លោក​ចង់​ឃើញ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​វិបត្តិ​កូ​វីដ១៩ បាន​ទូលំទូលាយ​ជាង​ពេល​កន្លងមក និង​ជួយ​ដល់​គ្រប់​វិស័យ​ដែល​រង​ផល​ប៉ះពាល់ ដោយ​មិន​ត្រូវ​ទុកចោល​នូវ​វិស័យ​ណាមួយ​នោះ​ឡើយ។

លោក មឿន តុលា មានប្រសាសន៍​ថា៖ «ធ្វើ​យ៉ាងម៉េច​ឆ្លើយតប​ទៅ​គ្រប់​វិស័យ យើង​កុំ​ៗចាត់​វិស័យ​ណាមួយ​ដាច់ដោយឡែក។ ចង់និយាយ​ថា ​កុំ​ទាត់ចោល​នូវ​ក្រុម​ណាមួយ។ យើង​ត្រូវ​ជួយ​ដល់​ក្រុម​ទាំងអស់​ហ្នឹង ទទួល​បាន​ប្រយោជន៍​ទាំងអស់គ្នាពី​គោលនយោបាយ​រដ្ឋ ហើយ​ទីពីរ ការអនុវត្ត​នូវ​គោលនយោបាយ​រដ្ឋ​ហ្នឹង យើង​ត្រូវ​ធ្វើ​ដោយ​តម្លាភាព កុំឱ្យ​មាន​ពាក់ព័ន្ធ​នឹង​បក្សនិយម ឬក៏​អំពើពុករលួយ​នៅក្នុង​ហ្នឹង»។

កាលពី​ខែឧសភា​ឆ្នាំមុន ប្រមុខ​រដ្ឋាភិបាលលោក ហ៊ុន សែន ប៉ាន់ប្រមាណ​ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​មក​នៅ​ក្រោម ១០ភាគរយ​នៅ​ឆ្នាំ២០១៩។

យ៉ាងនេះ​ក្តី កាលពី​ចុងខែ​ឧសភា ឆ្នាំ២០២០ ធនាគារពិភពលោក ឬ Word Bank បាន​ចេញ​របាយការណ៍​ដែល​ព្យាករ​ថា វិបត្តិ​ជំងឺ​កូ​វីដ១៩ បាន​ធ្វើ​ឱ្យ​វិស័យ​សំ​ខាន់​ៗដែល​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ជាតិ ដូចជា ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម​នាំចេញ និង​ផ្នែក​សំណង់ ដែល​ធ្វើ​ឱ្យ​វិស័យ​ការងារ​ជិត ២លាន​កន្លែង រង​ផល​ប៉ះពាល់។

ធនាគារពិភពលោក បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២០ នឹង​មាន​ភាពយឺត​យ៉ាវ​បំផុត​មិនធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ១៩៩៤មក ពោល​គឺ​កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ស្ថិតនៅ​ចន្លោះ​ដក ១ភាគរយ ទៅ​ដក​ជិត ៣ភាគរយ។

ធនាគារ​នេះ លើកឡើង​ដែរ​ថា ស្ថិតនៅ​ក្នុង​ស្ថានភាព​នេះ អត្រា​ភាព​ក្រីក្រ​ក្នុង​ឆ្នាំ២០២០ អាច​នឹង​កើនឡើង​ពី ៣ ទៅ ១១ភាគរយ​ថែមទៀត​ផង​៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...