កម្មករកាត់ដេរជាង៥០នាក់តវ៉ានៅមុខក្រសួងការងារទាមទារឲ្យរោងចក្របើកប្រាក់ខែ
កម្មកររោងចក្រ ញូបេស គ្លូបល ថេកស្តាយ ក្នុងខេត្តកំពង់ស្ពឺជាង៥០នាក់ នៅថ្ងៃចន្ទនេះ បានតវ៉ានៅមុខក្រសួងការងារ ទាមទារឲ្យមានការដោះស្រាយ ក្រោយថៅកែមិនបើកប្រាក់ខែឲ្យកម្មករអស់ជាងបួនខែ។
អ្នកស្រី ង៉ែត ស្រីណាក់ តំណាងកម្មករលើកឡើងថា ក្រុមកម្មករមកក្រសួងការងារដើម្បីដាក់ញត្តិទៅក្រសួង សុំអន្តរាគមន៍ឲ្យថៅកែរោងចក្រ ញូបេស គ្លូបល ថេកស្តាយ បើកប្រាក់ខែ និងប្រាក់លើកទឹកចិត្តផ្សេងៗ ដល់កម្មករសរុបចំនួន៦៦៣នាក់ ឲ្យបានឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុននេះបានផ្អាកការងារកម្មករ និងមិនបើកប្រាក់ខែឲ្យ តាំងថ្ងៃទី១០ ខែកុម្ភៈ មក។ អ្នកស្រីបន្តថា ក្នុងរយៈពេលជាង៤ខែមកនេះ កម្មករទាំងអស់បានដាក់ពាក្យប្តឹងទៅកាន់មន្ទីរការងារខេត្តកំពង់ស្ពឺ និងធ្លាប់បានដាក់ពាក្យបណ្តឹងមកក្រសួងការងារ២ដងរួចមកហើយ ប៉ុន្តែមិនមានការឆ្លើយតប។
តំណាងកម្មកររូបនេះបន្ថែមថា បើទោះបីរដ្ឋាភិបាល និងក្រសួងសុខាភិបាលប្រកាសមិនឲ្យជួបជុំគ្នាច្រើនដើម្បីចូលរួមការពារជំងឺកូវីដ១៩ ប៉ុន្តែអ្នកស្រីថា ដោយសារជីវភាព កម្មករជាង៥០នាក់នេះបានបង្ខំចិត្តមកជុំគ្នាដើម្បីតវ៉ារកដំណោះស្រាយ។
អ្នកស្រីបញ្ជាក់ថា៖ «ពួកខ្ញុំអត់ចង់ជុំគ្នាទេ ប៉ុន្តែដោយសារតែពួកខ្ញុំទាល់ អស់ជម្រើស ហើយពួកខ្ញុំមកនេះពួកខ្ញុំជិះឡានឈ្នួលមកទម្រាំមកដល់ទីនេះ ពួកខ្ញុំត្រូវចំណាយលុយជិះឡានឈ្នួល ទោះបីជាពួកខ្ញុំអត់មានលុយ ក្នុងការទិញម្ហូបហូប ប៉ុន្តែខ្ញុំរកដំណោះស្រាយដើម្បីខ្ចីលុយគេ ដើម្បីឲ្យបានជិះឡានឈ្នួលមកដល់ក្រសួងការងារនេះ»។
ចំណែកអ្នកស្រី រ៉ុម ចាន់ណា កម្មការិនីកាត់ដេរនៅរោងចក្រ ញូបេស គ្លូបល ថេកស្តាយ លើកឡើងដែរថា ក្នុងរយៈពេលជាងបួនខែដែលរោងចក្រនេះផ្អាកដំណើរការ អ្នកស្រីមិនបានបំពេញការងារកន្លែងផ្សេងទេ ដោយសាររោងចក្រផ្សេងទៀតក៏ផ្អាកការងារបណ្តោះអាសន្នដូចគ្នា។ កម្មការិនីកាត់ដេររូបនេះបន្តថា ក្នុងអំឡុងពេលដែលរោងចក្រផ្អាកការងារ ព្រមទាំងមិនបើកប្រាក់ខែឲ្យ កម្មករមានការប្រឈមយ៉ាងខ្លាំងទាក់ទងនឹងជីវភាព និងការបង់សងធនាគារ។
អ្នកស្រីនិយាយថា៖ «ខ្ញុំសំណូមពរដល់សម្តេច ជួយពួកខ្ញុំផង ព្រោះពួកខ្ញុំទាល់ខ្លាំងណាស់ អត់មានលុយបង់ធនាគារ បង់ថ្លៃផ្ទះ ថ្លៃភ្លើង ទឹកដោះគោកូន។ អ្នកខ្លះគ្នាសម្រាលកូនក៏អត់មានបានលុយ […] ពិបាកជាងគេគឺធនាគារ រោងចក្របិទ ម៉េចគេដឹងតែមកយក ដល់ខែដឹងតែគាត់មកយកពួកខ្ញុំហើយ»។
ក្រោយការតវ៉ាប៉ុន្មានម៉ោង តំណាងខាងក្រសួងការងារបានចេញមកយកញត្តិពីក្រុមកម្មករ។
លោក និន វណ្ណៈ អគ្គលេខាធិការងក្រសួងការងារមានប្រសាសន៍ថា ក្រសួងនឹងរៀបចំផែនការដោះស្រាយជូនកម្មករនៅថ្ងៃពុធ ទី០១ ខែកក្កដា ខាងមុខនេះ ហើយលោកសំណូមពរឲ្យកម្មករទាំងអស់រងចាំការដោះស្រាយពីក្រសួង។
លោកថា៖ «សូមឲ្យបងប្អូនរក្សាភាពស្ងៀមស្ងាត់ រង់ចាំការដោះស្រាយ»។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លើកឡើងថា ក្រុមហ៊ុនរោងចក្រ ញូបេស គ្លូបល ថេកស្តាយ បិទដោយមិនបានផ្តល់ដំណឹងទៅតាមផ្លូវច្បាប់ ហើយមកទល់ពេលនេះក្រសួងមិនទាន់បានបញ្ជូនសំណុំរឿងរបស់កម្មករទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅឡើយទេ។
លោកបញ្ជាក់ថា៖ «មកដល់ពេលនេះសំណុំរឿងរក្សា និងការពារទ្រព្យសម្បត្តិបានចេញពីតុលាការហើយ ខណៈការអនុវត្តច្បាប់នៃការរក្សា និងការពារទ្រព្យសម្បត្តិមិនមានប្រសិទ្ធភាព ដែលធ្វើឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់អគារយកសម្ភារៈចេញក្រៅបាន ហើយប្រសិនបើក្រសួងនៅតែអូសបន្លាយពេលទៀត សម្ភារៈនឹងត្រូវយកចេញអស់ជាមិនខាន»។
លោក ឃុន ថារ៉ូ បន្ថែមថា ប្រសិនបើប្រធានក្រុមហ៊ុនមិនចូលរួមដោះស្រាយទៅតាមផ្លូវច្បាប់ទេ នោះគួរតែមានការយកសម្ភារៈក្នុងរោងចក្រដើម្បីលក់ទូទាត់ជូនកម្មករ ប៉ុន្តែផ្ទុយទៅវិញម្ចាស់រោងចក្របានជញ្ជូនសម្ភារៈចេញជាបន្តបន្ទាប់។
លោកថា៖ «មានតែឲ្យអាជ្ញាធរ ឲ្យក្រសួងហ្នឹងទេដែលចាត់វិធានការឲ្យបានលឿន ដោះស្រាយដល់ពួកគាត់ […] ហើយបើមិនមានដំណោះស្រាយ គាត់មានជម្រើសអីក្រៅពីបន្តការតវ៉ា»។
បើតាមលោក ឃុន ថារ៉ូ ការតវ៉ារបស់កម្មករទាមទារប្រាក់ខែ និងប្រាក់រង្វាន់ផ្សេងៗនេះ ធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ តាំងពីខែមិនាមក ហើយមកទល់ពេលនេះពុំទាន់មានដំណោះស្រាយណាមួយសមស្របសម្រាប់ពួកគាត់នៅឡើយ៕
ប្រភព៖ Newsroomcambodia