អាជ្ញាធរ​រារាំង​កម្មករ​រោងចក្រ ហាណា ជាង ២០០នាក់ ហែ​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី

06
កក្កដា

អាជ្ញាធរ​រារាំង​កម្មករ​រោងចក្រ ហាណា ជាង ២០០នាក់ ហែ​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​រារាំង​ក្រុម​កម្មករ​រោងចក្រ ហាណា (Hana (Cambodia) 1 Inc.) ជាង ២០០នាក់ មិន​ឲ្យ​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៦ កក្កដា​នេះ។ ទោះ​យ៉ាង​ណា​ក្តី ការ​រារាំង​នេះ មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ។

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ ជំរុញ​ឲ្យ​ក្រសួង​ការងារ ដោះស្រាយ​វិវាទ​រោង​ចក្រ ហាណា ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ ដើម្បី​ជៀសវាង​ការ​បាត់បង់​ផល​ប្រយោជន៍​កម្មករ៖ «

ក្បួន​ថ្មើរ​ជើង​របស់​កម្មករ ត្រូវ​បាន​អាជ្ញាធរ​រារាំង​នៅ​ម្ដុំ​វិទ្យាល័យ​ជម្ពូ​វន្ត ផ្លូវ​ជាតិ​លេខ​៤ នៅ​ម៉ោង​ជាង​១០​ព្រឹក​ ហើយ​មន្ត្រី​ក្រសួង​ការងារ បាន​មក​ចរចា ដើម្បី​ស្នើ​ឲ្យ​កម្មករ​ ត្រលប់​ទៅ​ដោះស្រាយ​នៅ​រោងចក្រ​វិញ។

កម្មការិនី​រោងចក្រ​ ហាណា ​ម្នាក់ គឺ លោក​ស្រី ខុម សុបុប្ផា ប្រាប់​ថា មន្ត្រី​ក្រសួង​ការងារ​ ​នឹង​ចុះ​មក​ដោះស្រាយ​ឲ្យ​កម្មករ នៅ​ថ្ងៃ​ទី៧ កក្កដា ដល់​ក្នុង​បរិវេណ​​រោងចក្រ ដោយ​មាន​តំណាង​កម្មករ​ចំនួន​១០​នាក់​ចូលរួម ទើប​ក្រុម​កម្មករ​យល់​ព្រម​ត្រលប់​មក​តវ៉ា​នៅ​មុខ​រោងចក្រ​វិញ។ ទោះ​ជា​យ៉ាង​ណា កម្មការិនី​រូប​នេះ អះអាង​ថា ពួកគេ​នៅ​តែ​បន្ត​ បណ្ដាក់​វេន​គ្នា​ យាម​ខាង​មុខ​រោង​ចក្រ​ទាំង​ថ្ងៃ​​ទាំង​យប់​ដដែល ដើម្បី​ការពារ​កុំ​ឲ្យ​ថៅកែ​លួច​ដឹក​សម្ភារៈ​ចេញ​ក្រៅ​រោងចក្រ៖ «ឃាត់​នៅ​ត្រឹម​ផ្សារ​ហ្នឹង​មួយ​តង់ ដល់​ពេល​និយាយ​មិន​ឈ្នះ គិត​តែ​និយាយ​ពាក្យ​ដដែលៗ អ៊ីចឹង​ពួក​ខ្ញុំ​ក៏​នាំ​គ្នា​ដើរ​ទៀត​ទៅ។ ដើរ​ទៅ​ដល់​ត្រង់​កន្លែង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហ្នឹង។ នាំ​គ្នា​ទៅ​ព្រឹក​មិញ​ហ្នឹង ប្រហែល​ជិត​៣០០នាក់​ដែរ​បង។ ចាស ចាំ​គេ​(អាជ្ញាធរ)​មក​ដោះ​ស្រាយ​ស្អែក»។

រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ហាណា មាន​ថៅកែ​ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង ស្ថិត​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង។ ក្រុម​កម្មករ​ បាន​នាំ​គ្នា​តវ៉ា កាលពី​ថ្ងៃ​ទី២៣ មិថុនា ដោយ​សារ​ ភាគី​រោងចក្រ​ប្រកាស​ក្ស័យ​ធន​ ភ្លាមៗ ព្រោះ​តែ​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19)។

ទោះ​ជា​យ៉ាង​ណា ប្រធាន​រដ្ឋបាល​រោងចក្រ​ គឺ​អ្នកស្រី ទិ សុ​ធីតា បាន​អះអាង​ប្រាប់​ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក​ថា ជម្លោះ​នេះ បាន​បញ្ចប់​ តាំង​ពី​ថ្ងៃ​ទី២៥ មិថុនា គឺ​ក្រុម​កម្មករ​ទាំង​អស់ បាន​យល់​ព្រម​ផ្ដិត​មេដៃ​បញ្ចប់​កិច្ច​សន្យា ​ទទួល​យក​លុយ​អត្ថប្រយោជន៍ ចំនួន​៣​ចំណុច​រួច​រាល់​ហើយ និង​បាន​ប្រគល់​កាត​ឲ្យ​ខាង​រោងចក្រ​វិញ​ទៀត​ផង។

អាជ្ញាធរ​ក្រសួង​ការងារ​ ក៏​ធ្លាប់​បាន​ចុះ​ទៅ​ដោះស្រាយ​វិវាទ​នេះ ម្ដង​រួច​ហើយ​ដែរ កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា តែ​ពេល​នោះ​ ភាគី​ថៅកែ​រោងចក្រ រក្សា​ជំហរ​ផ្ដល់​ឲ្យ​តែ ៣ចំណុច​ដដែល គឺ​ប្រាក់​ឈ្នួល​នៅ​សល់​ ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ និង​ប្រាក់​​រំលឹក​អតីតភាព។ ចំណែក​កម្មករ​ទាមទារ​២​ចំណុច​ថែម​ទៀត គឺ​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​ និង​ប្រាក់​ជូន​ដំណឹង។

ក្រុម​កម្មករ​​ ធ្លាប់​បាន​លើក​គ្នា​ដើរ​ថ្មើរ​ជើង​ទៅ​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ម្ដង​ហើយ កាល​ពី​ថ្ងៃ​ទី​០១ កក្កដា តែ​បរាជ័យ នៅ​ត្រឹម​សង្កាត់​ចោមចៅ​ទី​៣ ដោយ​សារ​អាជ្ញាធរ​រារាំង និង​សន្យា​រក​ដំណោះស្រាយ​ឲ្យ។ នៅ​ថ្ងៃ​ទី៣ កក្កដា ក្រុមហ៊ុន ហាណា បាន​ព្រមាន​តាម​លិខិត​ជូនដំណឹង​ថា នឹង​ប្ដឹង​ក្រុម​កម្មករ​ តវ៉ា​នៅ​មុខ​រោងចក្រ ចំពោះ​ការ​បន្ត​សកម្មភាព​រារាំង​ឡាន​រោងចក្រ មិន​ឲ្យ​ដឹក​ទំនិញ​ចេញ​ពី​រោងចក្រ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ទទួល​បន្ទុក​ដោះស្រាយ​បាតុកម្ម កូដកម្ម លោក ទេស រុក្ខា​ផល បាន​ទេ នៅ​ថ្ងៃ​ទី​០៦ កក្កដា ដោយសារ​ មិន​ទទួល​ទូរស័ព្ទ។

អ្នក​​​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​ថា ក្រុម​កម្មករ​បាន​ដាក់​សំណើ​​មក​​អង្គការ ស្នើសុំ​មេធាវី​ ដើម្បី​​ធ្វើ​ជា​តំណាង ក្នុង​ការ​ដោះស្រាយ​វិវាទ​ នៅ​ថ្ងៃ​ទី​០៧ កក្កដា។ លោក​ បន្ត​ថា ខាង​អង្គការ​បាន​យល់​ព្រម​ និង​ត្រៀម​មេធាវី តាម​ការ​ពឹង​ពាក់​របស់​ក្រុម​​កម្មករ និង​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​ ក្នុង​ការ​ចរចា​លើក​នេះ។​

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​រូប​នេះ យល់​ថា ក្រសួង​ការងារ​មិន​គួរ​យល់​ព្រម​ឲ្យ​ថៅកែ​រោងចក្រ​បិទ​រោង​ចក្រ​ភ្លាមៗ​ទេ ព្រោះ​​មិន​ទាន់​បាន​ទូទាត់​លុយ​ឲ្យ​កម្មករ​ដាច់ស្រេច​ រួម​ទាំង​លុយ​អត្ថ​ប្រយោជន៍​ លំហែ​មាតុភាព លុយ​​​ឈប់​សម្រាក​ រយៈ​ពេល​៥​ថ្ងៃ នៃ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ ជាដើម។ លោក ឃុន ថារ៉ូ បន្ត​ថា ​ក្រសួង​ការងារ ត្រូវ​តែ​ស៊ើប​អង្កេត​ករណី​រោងចក្រ​ហាណា ប្រកាស​បិទ​ភ្លាមៗ​នេះ ឡើងវិញ ថា ជាប់​ពាក់​ព័ន្ធ​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩ (Covid-19) មែន​ឬ​អត់ ហើយ​បើ​ទោះ​ជា​មែន ក៏​ត្រូវ​តែ​​ទូទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​ការងារ​ដែរ៖ «ក្រសួង ​(ការងារ) រាជរដ្ឋាភិបាល​គួរ​ពិចារណា​ឡើងវិញ នៅ​ក្នុង​ករណី​ដែល​រោងចក្រ​បិទ​បើ​មិន​​មាន​ការ​ធ្វើ​អធិការកិច្ច​បើ​មិន​មាន​​តម្លាភាព​ច្បាស់​លាស់ ថា​ ​ក្រុមហ៊ុន​ហ្នឹង​វា​ក្ស័យធន មូលហេតុ​អ្វី​? មិន​មាន​​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ មិន​មាន​ការ​ធ្វើ​សវនកម្ម ថា​វា​ក្ស័យធន​ពី​ហេតុផល​ហ្នឹង មាន​ការ​ធ្លាក់​ចុះ​របៀប​ម្ដេច? តើ​មាន​ការ​ធ្លាក់​ចុះ​ការ​បញ្ជា​ទិញ មាន​ការ​ធ្លាក់​ចុះ​នូវ​ការ​​ផលិត​ឥវ៉ាន់​ទំនិញ​។ មូលហេតុ​អ្វី នៅ​ខាងក្រោយ​ហ្នឹង វា​ច្បាស់លាស់? ការ​ខាត​បង់​របស់​និយោជក​ហ្នឹង វា​មាន​ការ​ខាតបង់ វា​ក្ស័យធន​​របៀប​ម្ដេច? អា​ហ្នឹង គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ហើយ​ឲ្យ​វា​មាន​តម្លាភាព​មិន​មែន​ នឹក​ឃើញ​ថា និយោជក​ចង់​បិទ​ហើយ​អនុវត្ត​គោលការណ៍​ដែល​គណៈកម្មការ​អនុវត្ត​ពី​កន្លង​មក​ហ្នឹង ខ្ញុំ​គិត​ថា វា​ជា​ការ​អនុវត្ត​រំលោភ​បំពាន​សិទ្ធិ​កម្មករ​និយោជិត​ហ្នឹង​ខ្លាំង​ណាស់»។

ក្រុម​កម្មករ​រោងចក្រ អះអាង​​ថា ប្រសិន​បើ​ការ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​០៧ កក្កដា មិន​បានលិទ្ធផលទេ​ ពួក​គាត់​នឹង​បន្ត​ការ​ទាមទារ និង​លើក​គ្នា​ទៅ​តវ៉ា​​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ម្ដង​ទៀត។ ក្រុម​កម្មករ ​រក្សា​ជំហរ​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍​៥​ចំណុច​ ឲ្យ​ស្រប​តាម​ច្បាប់​ការងារ ទើប​ព្រម​ទទួល​យក​ដំណោះ​ស្រាយ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...