កម្មករ​រោងចក្រ ហាណា ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​​លោក ហ៊ុន សែន ទាមទារ​ដំណោះ​ស្រាយ​វិវាទ​ការងារ

07
កក្កដា

កម្មករ​រោងចក្រ ហាណា ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​​លោក ហ៊ុន សែន ទាមទារ​ដំណោះ​ស្រាយ​វិវាទ​ការងារ

ក្រុម​តំណាង​កម្មករ​រោងចក្រ​ហាណា (Hana (Cambodia) 1Inc) នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាង​មួយ​រយ (១៤០)នាក់ តំណាង​ឲ្យ​កម្មករ​ជាង​ប្រាំ​មួយ ៦៦៩នាក់ នាំ​គ្នា​ដាក់​ញត្តិ​ស្វែង​រក​ដំណោះស្រាយ​វិវាទ​ការ​ងារ នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ម្ដុំ​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី៨ កក្កដា។

តំណាង​កម្មករ​ម្នាក់ លោកស្រី​ ឡុង ស្រីម៉ុច ប្រាប់​ថា មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន បាន​ទទួល​យក​ញត្តិ​របស់​ក្រុម​កម្មករ តែ​មិន​បាន​សន្យា​ថា នឹង​ដោះស្រាយ​ឲ្យ​ទេ។ លោកស្រី ប្រាប់​ថា មូលហេតុ​ដែល​ក្រុម​កម្មករ​ យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​ គឺ​ដើម្បី​ទាមទារ​អត្ថប្រយោជន៍​បិទ​រោងចក្រ ២ចំណុច គឺ​ប្រាក់​សោហ៊ុយ​​ជំងឺ​ចិត្ត និង​ប្រាក់​ជូន​ដំណឹង ព្រោះ​ថៅកែ​មិន​ព្រម​ទូទាត់​​សំណង ២ចំណុច​នេះ​ឲ្យ និង​ការ​ចរចា​កាល​ពី​ថ្ងៃ​ទី៧ កក្កដា មិន​សះ​ជា​គ្នា។

លោកស្រី​ប្រាប់​ថា ក្រុម​កម្មករបាន​នាំ​គ្នា​​ងើប​តាំង​ពី​ទៀបភ្លឺ ជិះ​រ៉ឺម៉ក (Pass app) ទៅ​ដាក់​ញត្តិនៅ​ខុទ្ទកាល័យ​ ហើយ​​ក្រោយ​ពេល​មន្ត្រី​ខុទ្ទកាល័យ ព្រម​ទទួល​ញត្តិ​រួច មន្ត្រី​ខណ្ឌ​ដូន​ពេញ បាន​រក​ឡាន​ដឹក​កម្មករ​មក​ដល់​មុខ​រោងចក្រ​វិញ។

ការ​ស្វះស្វែង​រក​ដំណោះ​ស្រាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ទៀត​នេះ បន្ទាប់​ពី​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី៧ កក្កដា បាន​ចុះ​ទៅ​សម្រប​សម្រួល​វិវាទ​ការងារ​នេះ រវាង​កម្មករ ជា​មួយ​ថៅកែ​រោងចក្រ ហាណា តែ​មិន​សះ​ជា​គ្នា។

អ្នកគ្រប់គ្រង​ទូទៅ​ នៅ​រោងចក្រ ហាណា អ្នកស្រី ទី សុធី​តា ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៨ កក្កដា​ថា ការ​មិន​សះ​ជា មក​ពី​កម្មករ និង​ថៅកែ​ សំអាង​ច្បាប់​រៀង​ខ្លួន ដោយ​កម្មករ​សំអាង​លើ​ច្បាប់​ការងារ ឯ​ខាង​ភាគី​ថៅកែ សំអាង​លើ​លិខិត​របស់​មន្ត្រី​ក្រសួង​ការងារ ដែល​​​​បាន​យក​ចេញ​ច្បាប់​ការងារ ហើយ​​ពន្យល់​ថា ការ​បិទ​រោងចក្រ​ភ្លាមៗ ដោយសារ​ជួប​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19) មិន​ចាំបាច់​ទូទាត់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត និង​ប្រាក់​ជូន​ដំណឹង​ទេ។

អ្នកស្រី អះអាង​ថា រោងចក្រ​ពិត​ជា​រង​វិបត្តិ​ជំងឺ​កូវីដ​១៩​ខ្លាំង​មែន​​រហូត​ដល់​ខ្ចី​លុយ​ពី​អ្នក​បញ្ជា​ទិញ មក​បើក​ឲ្យ​កម្មករ​ បាន​៣​ចំណុច​តាម​ច្បាប់​ ហើយ​ឥវ៉ាន់​ចុង​ក្រោយ​កំពុង​ជាប់​ស្ទះ​ ក្នុង​រោងចក្រ ដោយ​សារ​កម្មករ​តវ៉ា​ មុខ​រោងចក្រ មិន​ឲ្យ​បាន​ដឹក​ចេញ។

អ្នក​គ្រប់គ្រង​រោងចក្រ​ដដែល​ និយាយ​ថា ខាង​រោងចក្រ​ បាន​សម្បទាន​ឲ្យ​កម្មករ​ខ្លះ​ហើយ ក្នុង​ការ​ចរចា​កាល​ពី​ថ្ងៃ​ទី៧ កក្កដា តែ​កម្មករ​មិន​ព្រម ដូច្នេះ​រោងចក្រ​ស្វាគមន៍​ការ​ចរចា​បន្ត​ទៀត ឬ​អាច​​បន្ត​ឡើង​តុលាការ​បាន។

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ សង់ត្រាល់ លោក ឃុន ថារ៉ូ សង្កេត​ឃើញ​ថា វិវាទ​ការងារ​នេះ កើត​ឡើង​ដោយសារ​សេចក្ដី​បំភ្លឺ ឬ​លិខិត​របស់​ប្រធាន​នាយកដ្ឋាន​អធិការ​កិច្ច​ការងារ លោក អ៊ុក ចាន់ធូ កាល​ពី​ថ្ងៃ​ទី២៥ មិថុនា ដែល​បាន​បកស្រាយ​ឲ្យ​ថៅកែ​កាត់​លុយ​អត្ថប្រយោជន៍​ស្រប​ច្បាប់​របស់​កម្មករ ២ចំណុច នៅ​ពេល​បិទ​រោងចក្រ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​រូប​នេះ​ថា ការ​បកស្រាយ​នេះ គឺ​ផ្ទុយ​ពី​ច្បាប់​ការងារ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា ក្រុម​សហជីព​កំពុង​ត្រៀម​ឯកសារ​ប្ដឹង​​​ទាមទារ​ឲ្យ​តុលាការ​ មោឃភាព​សេចក្ដី​បំភ្លឺ​របស់​អាជ្ញាធរ​វិស័យ​ការងារ ដ៏​ចម្រូងចម្រាស​នេះ​ចោល។ លោក អាត់ ធន់ ថា សេចក្ដី​បំភ្លឺ​នេះ​ផ្ទុយ​ពី​ច្បាប់ និង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ស្របច្បាប់​របស់​កម្មករ។

តំណាង​កម្មករ​រោងចក្រ ហាណា លោកស្រី ឡុង ស្រីម៉ុច ប្រាប់​ថា នៅ​ព្រឹក​​ថ្ងៃ​ទី៩ កក្កដា ​កម្មករនឹង​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ៤ ដើម្បី​ទាមទារ​លុយ​អត្ថប្រយោជន៍ ២ចំណុច​ទៀត ឲ្យ​ទាល់​តែ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...