កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ នឹង​​ចាប់ផ្តើម​កម្មវិធី​ជួយ​​ដល់​ពលករ​មកពី​ថៃ

16
កក្កដា

កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ នឹង​​ចាប់ផ្តើម​កម្មវិធី​ជួយ​​ដល់​ពលករ​មកពី​ថៃ

ភ្នំពេញៈ កម្ពុជា និង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​នឹង​ចាប់ផ្ដើម​កម្មវិធី​រួមគ្នា​មួយ ដើម្បី​ជួយ​ដល់​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​មាន​ទឹកប្រាក់ ១ លាន​ដុល្លារ​សម្រាប់​រយៈពេល​ ៦ ​ខែ​នៅ​ខេត្ត​ចំនួន​ ៣ តែ​សង្គម​ស៊ីវិល​ចង់​ឲ្យ​ជួយ​ដល់​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​មកពី​ថៃ​វិញ​នៅ​ទូទាំង​ប្រទេស​។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ​កាលពី​ម្សិលមិញ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ​រវាង​ក្រសួង​ពាក់ព័ន្ធ និង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ដើម្បី​គាំទ្រ​ជន​ទេសន្តរប្រវេសន៍​ដែល​វិលត្រឡប់​ក្នុង​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ និង​ផលប៉ះពាល់​នានា​លើ​ពួកគេ​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ​លើ​គម្រោង​ជួយ​ដល់​ពលករ​ចំណាកស្រុក​ពី​ថៃ​ដែល​រស់នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​សៀមរាប​ដែល​មាន​ទឹកប្រាក់ ១ ​លាន​ដុល្លារ​។ ប៉ុន្តែ​មកទល់​ពេល​នេះ​មិនទាន់​មាន​ការកំណត់​យក​ស្រុក​គោលដៅ​នៅឡើយ​។

លោក ស ខេង មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សង្ឃឹមថា បើ​យើង​អនុវត្ត​កម្មវិធី​នេះ​បានល្អ​យើង​ធ្វើ​រយៈពេល​ ៦ ខែ​ប៉ុន្តែ​បើ​ ៦ ​ខែ​យើង​ធ្វើ​បានល្អ ប្រើប្រាស់​ថវិកា​នេះ​មាន​ប្រសិទ្ធភាព យើង​នឹង​ទទួល​បាន​នូវ​ការគាំទ្រ​បន្ថែមទៀត​ពី​អង្គការ​សហប្រជាជាតិ​»​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិ​ការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​ពី​ម្សិលមិញ​ថា ចាប់តាំងពី​ថ្ងៃទី​ ២១ ខែមីនា ជា​ថ្ងៃ​ដែល​អាជ្ញាធរ​ថៃ​ចាប់ផ្ដើម​បិទ​ព្រំដែន​ដល់​ថ្ងៃទី​ ១៣ ខែកក្កដា គឺ​មាន​រយៈពេល​ ៣ ​ខែ ២៣ ​ថ្ងៃ​មាន​ពលរដ្ឋ​កម្ពុជា​ត្រឡប់​ពី​ប្រទេស​ថៃ​ជាង​ ១០ ​ម៉ឺន​នាក់​ដែល​ក្នុងនោះ មាន​ស្ត្រី​ជិត ៥០ ​ភាគរយ កុមារ​ ៣ ​ភាគរយ​។

លោកស្រី​ថ្លែងថា ខេត្ត​ទាំង​ ៣ ​នេះ​មាន​ពលករ​វិលត្រឡប់​ពី​ក្រៅប្រទេស​ប្រមាណ​ជាង ៥៨ ភាគរយ​នៃ​ចំនួន​ពលករ​សរុប​ជាង​ ១០ ​ម៉ឺន​នាក់​។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​របស់​ពួកគេ ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ចំនួន ៤ បាន​លើក​សំណើ​ទៅ​លោក ស ខេង ដើម្បី​អនុវត្ត​កិច្ចការ​នេះ​រួមមាន​អង្គការ​ទេ​សន្តរប្រវេសន៍​អន្តរជាតិ IOM អង្គការ​សុខភាព​ពិភពលោក WHO មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន UNFPA និង​អង្គការ​យូនីសេហ្វ​ដោយ​សហការ​ជាមួយ​យន្តការ​របស់​រាជរដ្ឋាភិបាល​ដែលមាន​ស្រាប់​។

គម្រោង​នេះ​នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​ការទទួល​ព័ត៌មាន​អំពី​ជំងឺ​កូវីដ​ ១៩ វិធានការ​ការពារ ការផ្ដល់​សេវា​សុខភាព​ផ្លូវចិត្ត និង​ជំងឺឆ្លង​នានា សេវា​សុខភាព​មាតា​និង​ទារក ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ក្នុងចំណោម​ពលករ​ចំណាកស្រុក​នៅ​កន្លែង​ចត្តាឡីស័ក និង​នៅក្នុង​សហគមន៍​។ គម្រោង​នេះ​ក៏​នឹង​ផ្ដល់​កញ្ចប់​ថវិកា សមាហរណកម្ម​ដល់​អ្នក​ងាយ​រងគ្រោះ​ខ្លាំង​បំផុត​។ នេះ​បើតាម​លោកស្រី ជូ ប៊ុនអេង​។

លោក​ មឿន តុលា ​ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ សង់ត្រាល់ ថ្លែង​ពី​ម្សិលមិញ​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពី​ពលករ ពួកគេ​បាន​ជួប​ឧបសគ្គ​ជាច្រើន​ក្នុង​ដំណើរ​ត្រឡប់មក​កម្ពុជា​វិញ ដូចជា​ការបង់​ប្រាក់​ដល់​អាជ្ញាធរ​ថៃ និង​កម្ពុជា​ក្រៅ​ផ្លូវការ ការបន្លំ​យក​ទ្រព្យសម្បត្តិ ការចំណាយ​ក្នុង​ការធ្វើដំណើរ​ទាំង​ក្នុងប្រទេស​ថៃ និង​ពេល​មក​ដល់​កម្ពុជា​។ នៅពេល​មកដល់​ផ្ទះសំបែង​វិញ ពួកគេ​ខ្លះ​អស់​ប្រាក់​កាស​ពី​ខ្លួន ព្រមទាំង​ជួប​វិបត្តិ​ដូចជា​អត់​ការងារ​ធ្វើ និង​គ្មាន​ប្រាក់​បង់បំណុល​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពលករ​ខ្លះ​សម្រេច​ឆ្លងដែន​ខុសច្បាប់​ទៅវិញ​ហើយ​អ្នកខ្លះ​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​។ លោក​ តុលា បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ចូល​ពលករ​ដែល​ត្រឡប់​ពី​ថៃ​វិញ​ទៅក្នុង​បញ្ជី​នៃ​បណ្ណ​ក្រីក្រ ឬ​បណ្ណ​សមធម៌ ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ដោយ​ស្វ័យប្រវត្តិ​។ លោក​ថា កញ្ចប់​ថវិកា​ ២៥ ​លាន​ដុល្លារ​ក្នុង​ ១ ​ខែ គួរតែ​ផ្ដល់​អាទិភាព​ដល់​អ្នក​ត្រឡប់​មកពី​ថៃ ដូច​អ្នកក្រីក្រ​ងាយ​រងគ្រោះ​នៅក្នុង​ស្រុក​ផងដែរ​។

លោក​ថ្លែងថា​៖ «​វា​ជា​រឿង​ល្អ​ហើយ ដែល​យក​គោលដៅ​ប្រមាណ​ ៣ ​ខេត្ត​នោះ ប៉ុន្តែ​អ្នក​ដែល​ត្រឡប់មកវិញ​នោះ​នៅ​កំពង់ធំ​ក៏ច្រើន​នៅ​ព្រៃវែង​ក៏​ច្រើន​។ អ៊ីចឹង​មិនមែន​មាននៅ​តែ​ ៣ ​ខេត្ត​ទេ​។ ដូច្នេះ​កម្មវិធី​ជួយ​ដល់​ពួកគេ គួរតែ​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​»​។

លោក​បញ្ជាក់ថា​៖ «​មាន​អាទិភាព​ ២ សម្រាប់​ជួយ​ដល់​ពួកគាត់ គឺ​ទី​១ ​បញ្ចូល​គាត់​ទៅក្នុង​ប្រព័ន្ធ​បណ្ណសម​ធម៌ និង​បណ្ណ​ក្រីក្រ​របស់​រដ្ឋ​។ នេះ​គឺ​យើង​មិនបាច់​គិត​វែងឆ្ងាយ​ទេ​។ ទី​២ គឺ​បំណុល​របស់គាត់ គួរតែ​ជួយ​ពន្យារ ឬ​បញ្ចុះ​ការបង់ថ្លៃ​។ ឧទាហរណ៍​បើ​គាត់​ធ្លាប់​បង់ ២០០ ​ដុល្លារ​ ក្នុង​ ១ ​ខែ យើង​គួរ​ជួយ​ឲ្យ​គាត់​បង់​ក្នុង​ចំនួន​ណាមួយ​ដែល​មិន​ធ្វើឲ្យ​គាត់​អស់ប្រាក់​ពី​ខ្លួន​»​។

លោក មឿន តុលា បន្តថា ​លោក​បាន​សាកសួរ​ពលករ​ចំណាកស្រុក​មួយចំនួន​អំពី​បញ្ហា​បំណុល​ដោយ​អ្នកខ្លះ​អះអាង​ថា ពួកគេ​ត្រូវ​លក់​ទ្រព្យសម្បត្តិ ដើម្បី​យកប្រាក់​ទៅ​បង់​ធនាគារ ដើម្បី​បញ្ចៀស​ការរឹបអូស​ទ្រព្យសម្បត្តិ​ផ្សេងៗ​។ លោក​ថា ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​កន្លងទៅ​បាន​លើកទឹកចិត្ត​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អនុគ្រោះ​ដល់​ពលរដ្ឋ​ដែល​ជាប់បំណុល​ក្នុង​វិបត្តិ​កូវីដ ​១៩​ នេះ ប៉ុន្តែ​ជាក់ស្ដែង​គោលការណ៍​នេះ​មិន​ត្រូវ​បាន​គោរព​ពេញលេញ​ឡើយ​។

យ៉ាងណាក្តី​លោកស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពី​ម្សិលមិញ ចង់ឃើញ​ជម្រើស​មួយ​ដែល​កម្ពុជា​ដើរ​ដែល​មាន​តុល្យភាព រវាង​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​។ លោកស្រី​ថា វិធានការ​ការពារ​ជា​រឿង​ចាំបាច់ ជាពិសេស​សម្រាប់​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ពីព្រោះ​ផលប៉ះពាល់​នឹង​មាន​ធំ​បើសិន​ជា​មាន​ការឆ្លង​ក្នុងចំណោម​អ្នក​ងាយ​រងគ្រោះ​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​មិន​ចង់ឃើញ​សេណារីយ៉ូ​នេះ​ទេ យើង​ចង់​ការពារ​សេណារីយ៉ូ​នេះ​មិន​ឲ្យ​កើតឡើង​។ ខ្ញុំ​រីករាយ​ណាស់​ដែល​ឃើញថា ជន​ងាយរងគ្រោះ​បូករួម​ទាំង​ពលករ​ចំណាកស្រុក​ត្រូវ​បានផ្ដល់​អាទិភាព​ខ្ពស់​នៅ​កម្ពុជា​»​។

លោកស្រី​បន្តថា​៖ «​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​រឿង​ជោគជ័យ​ខ្លាំង ដែល​សម្រេច​បាន​រឿង​ជាច្រើន​ក្នុង​រយៈពេល​តែ​ ៦ ​ខែ​ចុងក្រោយ​។ កម្ពុជា​បាន​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​ទៅលើ​ជំងឺ​កូវីដ​ ១៩​ ដូចដែល​ខ្ញុំ​បានលើក​ឡើង​រួចហើយ​គឺថា​កម្ពុជា​បានធ្វើ​កិច្ចការ​នេះ​ដោយ​សាមគ្គីភាព​។ យើង​រួមគ្នា​បង្កើត​នូវ​ស្ថានភាព​ធម្មតា​ថ្មី​មួយ​សម្រាប់​កម្ពុជា និង​ពិភពលោក​ដែល​កាន់តែ​មាន​សុខភាព​ល្អ​កាន់តែ​មាន​សុវត្ថិភាព និង​មាន​ការត្រៀមខ្លួន​កាន់តែ​ល្អ​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...