មន្ត្រី៖ លទ្ធភាព​នៃ​ការចម្លង​វីរុស​កូវីដ​ ១៩​ នៅក្នុង​សហគមន៍​គឺ​មិនអាច​មើល​រំលង​បានឡើយ ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន​ក្រោយ​អ្នក​ឆ្លង​កើន​ដល់​ ២២៥ ​នាក់

27
កក្កដា

មន្ត្រី៖ លទ្ធភាព​នៃ​ការចម្លង​វីរុស​កូវីដ​ ១៩​ នៅក្នុង​សហគមន៍​គឺ​មិនអាច​មើល​រំលង​បានឡើយ ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន​ក្រោយ​អ្នក​ឆ្លង​កើន​ដល់​ ២២៥ ​នាក់

ភ្នំពេញៈ មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ព្រមាន​ពី​លទ្ធភាព​ឆ្លង​ចូល​ទៅក្នុង​សហគមន៍ បន្ទាប់ពី​ករណី​ឆ្លង​សរុប​កើនឡើង​ ២២៥ ​នាក់ ​ដែល​ភាគច្រើន​ជា​ជំងឺ​នាំចូល​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​។ រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ជើង​ហោះហើរ​មកពី​ប្រទេស​ទាំង​ ២ ​នេះ ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ការចម្លង​នៅ​ថ្ងៃ​ឈប់​សម្រាក​សង​ចូលឆ្នាំ​នាពេល​ខាង​មុខ​នេះ​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម​កាលពី​ថ្ងៃ​សៅរ៍​ថា លទ្ធភាព​នៃ​ការចម្លង​វីរុស​កូវីដ​១៩​នៅក្នុង​សហគមន៍​គឺ​មិនអាច​មើលរំលង​បាន​ឡើយ និង​តម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​បន្ត​ការពារ​ខ្លួន​ឱ្យ​បាន​ជាប់​ជានិច្ច​។

លោកស្រី​បន្តថា ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​ ២៣ ​នាក់​ចុង​ក្រោយនេះ ​គឺជា​ចំនួន​ដ៏ច្រើន​មួយ និង​ពុំ​អាច​ឱ្យគេ​ដឹង​ច្បាស់​ថា តើ​វា​នឹង​បន្ត​កើតឡើង​ទៀត​យ៉ាងណា​នោះ​ទេ​។

លោកស្រី​ថ្លែង​ថា​៖ «​សូម​អ្នកដើរ​កម្សាន្ត​ទាំងអស់​ត្រូវតែ​ចេះ​ប្រុងប្រយ័ត្ន​មែនទែន ដោយសារ​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូវីដ​១៩​អាច​កើត​មាន​គ្រប់​ពេលវេលា គ្រប់​កាល:ទេស: និង​គ្រប់​ទីកន្លែង​ទាំងអស់​។ សុំ​កុំ​ភ្លេចខ្លួន និង​សុំ​កុំ​សន្តិភាព​និយម​ជាមួយ​វីរុស​កូវីដ​ ១៩ នេះ​ឲ្យ​សោះ​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​ដែរ​ថា ករណី​ឆ្លង​រកឃើញ​នៅ​កម្ពុជា​គឺ​ភាគច្រើន​ជា​អ្នកដំណើរ​តាម​ជើងយន្តហោះ​មកពី​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​ដែល​ត្រូវ​ឱ្យ​កម្ពុជា​សម្រេច​ផ្អាក​ជើងហោះហើរ​មកពី​ប្រទេស​ទាំង​ ២ ​នេះ​បណ្ដោះអាសន្ន​។

លោក ហ៊ុន សែន បន្ត​ស្នើឱ្យ​ពលរដ្ឋ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ដូចជា ការពាក់​ម៉ាស់​ឱ្យ​បាន​ជាប្រចាំ​ដើម្បី​ចៀសផុត​ពី​ការឆ្លង​ជំងឺ​នេះ​។

លោក​សរសេរ​ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច កុំ​មើលស្រាល​ជំងឺ​កូវីដ​ ១៩​ ឱ្យសោះ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ​គឺជា​ជំងឺឆ្លង​រាតត្បាត​ដ៏កាចសាហាវ​បំផុត ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។ អ្វីដែល​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បាន​ងាយៗ​គឺ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល ហើយ​ប្រើប្រាស់​ម៉ាស់​ឲ្យ​បាន​ជា​ប្រចាំ​។ គ្រប់​ទីកន្លែង​​ទាំងអស់​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ដាច់ខាត​»​។

នៅក្នុង​លិខិត​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៥ កក្កដា របស់​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា កម្ពុជា​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ឥណ្ឌូនេស៊ី​ចាប់ពី​ថ្ងៃទី​ ១ ខែ​សីហា ខាងមុខនេះ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ការផ្អាក​នេះ​ក្រោយ​ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ ១០៨ ​នាក់​ ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ពី​ប្រទេស​​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​នៅក្នុង​ចំណោម​អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​សរុប​ជាង​ ២ ​ម៉ឺន​ ៣ ​ពាន់​ (២៣ ៥៦៧) ​នាក់​ដែល​ចូលមក​កម្ពុជា​ចាប់ពី​ថ្ងៃទី​ ២០ ​មិថុនា​ដល់​ថ្ងៃទី​ ២៥ ខែ​កក្កដា​។

សេចក្ដី​ប្រកាស​នេះ​សរសេរ​​ថា​៖ «​ម្យ៉ាងទៀត​ចាប់ពី​ខែ​សីហា និង​ខែកញ្ញា ប្រទេស​យើង​នឹង​មាន​ការឈប់​សម្រាក​ក្នុង​ពិធី​បុណ្យជាតិ​ជាច្រើន​ថ្ងៃ ដែល​តម្រូវ​ឱ្យ​យើង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​កិច្ចការពារ​ការចម្លង​វីរុស​កូវីដ​១៩»​។

ប្រទេស​កម្ពុជា ​បាន​ប្រកាស​ការរកឃើញ​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​កាលពី​ថ្ងៃទី​ ២០ កក្កដា ដែល​មាន​អ្នក​ឆ្លង​សរុប​ ២៦ ​នាក់​ក្នុង​នោះ​ ២៥ ​នាក់​គឺ​អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​អេហ្ស៊ីប និង​រុស្ស៊ី​ដែល​ត​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី ហើយ​ការប្រកាស​រកឃើញ​អ្នក​ឆ្លង​មាន​ចំនួន​ខ្ពស់​លើក​ទី​ ២ គឺ​នៅ​ថ្ងៃទី​ ២៥ កក្កដា​ មាន​ចំនួន​ ២៣ ​នាក់​ ដែល​សុទ្ធតែ​ជា​ករណី​នាំចូល​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​។

រដ្ឋាភិបាល​បានចាប់ផ្ដើម​ធ្វើតេស្ដ​ និង​ធ្វើ​ចត្តាឡីស័ក​អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស​ទាំងអស់​ចាប់ពី​ថ្ងៃ​ទី​ ២០ ​ខែ​ឧសភា និង​បាន​បើក​ឱ្យ​ពលរដ្ឋ​ជាប់គាំង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ កាល​អំឡុង​ខែ​មេសា​អាច​វិល​ចូល​ស្រុក​វិញ​។ កាលពី​ដើម​សប្ដាហ៍​មុន​លោក ហ៊ុន សែន ធ្លាប់​បញ្ជាក់​ថា ​រដ្ឋាភិបាល​នឹង​មិន​ហាមឃាត់​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មិន​ឱ្យ​ធ្វើ​ដំណើរ​ចូល​ប្រទេស​វិញ​ម្ដង​ទៀត​ឡើយ ថ្វីដ្បិត​ករណី​ឆ្លង​រកឃើញ​រយៈពេល​ចុងក្រោយ​នេះ​គឺជា​និស្សិត​ និង​ពលករ​ខ្មែរ​មកពី​ក្រៅ​ប្រទេស​ក្ដី​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​មិន​បាន​បញ្ជាក់​បន្ថែម​ទេ ដោយ​សន្យាថា​នឹង​បញ្ជាក់​នៅពេល​ក្រោយ​វិញ​។

លោក មឿន តុលា នាយកប្រតិបត្តិ​អង្គការ​សង់ត្រាល់​បាន​លើកឡើង​ថា ប្រសិន​បើ​ការបិទ​ជើងហោះហើរ​នៅពេល​ខាងមុខ​បាន​ធ្វើឱ្យ​ពលករ​ខ្មែរ​ដែល​បាត់បង់​ការងារ​ដែល​ចង់​ត្រឡប់​មក​ស្រុក​វិញ ប៉ុន្តែ​មិន​អាច​មក​បាន​គឺ​រដ្ឋាភិបាល​ត្រូវ​ជួយ​ពួកគេ​ឱ្យ​មាន​ចំណូល​អាច​រស់​បាន​មួយរយៈ​អំឡុងពេល​ជាប់គាំង ឬ​អាច​ជួយ​ឱ្យ​ពួកគេ​ត្រឡប់​មក​ស្រុក ហើយ​ត្រូវ​ធ្វើតេស្ដ​ និង​ដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​។

លោក​បាន​ថ្លែងថា​៖ «​ឥឡូវ​នេះ​កំពុង​មាន​ពលករ​ខ្លះ​កំពុង​ធ្វើ​ដំណើរ​ជា​បន្ត​បន្ទាប់មក​ស្រុក​វិញ ប៉ុន្តែ​គឺ​ធ្វើដំណើរ​តាមផ្លូវ​គោក ដោយសារ​គាត់​អត់​មាន​លទ្ធភាព​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស និង​អ្នកខ្លះ​ដោយសារ​អត់​មាន​ឯកសារ​គ្រប់គ្រាន់​។ នៅពេល​មាន​ពលករ​ខ្មែរ​រាប់ពាន់នាក់​ទៀត​ដែល​ចង់​ត្រឡប់​មក​ស្រុក​វិញ ដោយសារ​ពួកគាត់​ជួប​ឧបសគ្គ​មួយ​ចំនួន ដោយសារ​ពួកគាត់​នៅ​ទីនោះ​ក៏​អត់​មាន​ការងារ​ធ្វើ​ដែរ អត់​ប្រាក់​ចំណូល​»​។

លោក មឿន តុលា បន្ត​ថា ​ប្រសិន​បើ​ការបើក​ឱ្យ​ជនបរទេស​ដែល​ត្រូវ​តជើង​ហោះ​ចេញ​ពី​ម៉ាឡេស៊ី​អាច​បន្ត​ធ្វើ​ដំណើរ​មក​កម្ពុជា​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ដោយសារ​លោក​យល់​ថា​នឹង​អាចជួយ​​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​។

ទោះជា​យ៉ាងណា​លោក ជា អូន អ្នក​នាំពាក្យ​អាកាសចរ​ស៊ីវិល​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ឲ្យ​ដឹងថា ការបិទ​ជើង​ហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​នៅពេល​ខាងមុខ​នេះ​នឹង​មិន​ធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ឡើយ ដោយសារ​លោក​អះអាង​ថា នៅក្នុង​អំឡុងពេល​ផ្ទុះឡើង​ជំងឺ​កូវីដ​ ១៩​ នេះ​គ្មាន​អ្នក​ដំណើរ​ជា​អ្នកទេសចរ​នោះ​ទេ ហើយ​ភាគច្រើន​បំផុត​គឺជា​ពលករ​ និង​និស្សិត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​គឺ​មាន​ជើងហោះហើរ​មកពី​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី ប្រហែល​ ១ ​ទៅ​ ២ ​ជើងហោះហើរ​ប៉ុណ្ណោះ ហើយ​ជើងហោះហើរ​មកពី​ក្រៅ​ប្រទេស​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភាគច្រើន​គឺ​មកពី​ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូង​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​យើង​មាន​ជនជាតិខ្មែរ​យើង​នៅ​ហ្នឹង​ (​ម៉ាឡេស៊ី​) គាត់​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​មិន​មាន​ច្រើន​ទេ គឺ​ទាល់តែ​គាត់​មាន​ការចាំបាច់​ប៉ុណ្ណោះ​។ អ៊ីចឹង​វា​មិន​មាន​អី​ប៉ះពាល់​ខ្លាំង​ទេ​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...