សហជីព​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ

22
កក្កដា

សហជីព​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ

សហជីព​ឯករាជ្យ លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម ឬការ​កែប្រែ​ច្បាប់​ស្ដីពី​ការងារ នឹង​មិន​ធ្វើឲ្យ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​កើន​ឡើង​នោះ​ទេ ប៉ុន្តែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្មករ​ជាច្រើន។ សហជីព បន្ត​ស្នើសុំ​ឲ្យ​ក្រសួង​ការងារ នឹង​ទម្លាក់​ចោល ការ​កែប្រែ​ច្បាប់​នេះ ដើម្បី​តម្កល់​ប្រយោជន៍​កម្មករ​ជាធំ។ ការ​លើកឡើង​នេះ បន្ទាប់ពី​កក្រសួង​ការងារ​បាន​បើក​កិច្ចប្រជុំ​ត្រីភាគី​បូក​មាន​តំណាង​សហជីព តំណាង​ភាគី​និយោជក និង​ដៃគូ​របស់ក្រ​សួង​ការងារ នៅ​ថ្ងៃ​ទី២១ ខែកក្កដា នៅ​ទីស្ដីការ​ក្រសួង។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែងប្រាប់​អាស៊ី​សេរី​ក្រោយ​កិច្ចប្រជុំ​នោះ​ថា សហជីព នៅតែ​ជំទាស់ និង​នៅតែ​បន្ត​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ក្នុង​ការបញ្ឈប់​កែប្រែ​ច្បាប់​ស្ដីពី​ការងារ ដែល​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ប្រាក់ឈ្នួល​វេន​យប់​របស់​កម្មករ​និយោជិត ពី ១៣០ភាគ​រយ​មក​នៅ​ត្រឹម ១០០ភាគ​រយ ដូច​កម្មករ​ធ្វើការ​វេន​ថ្ងៃ។ លោក​បន្ត​ថា ការលុបចោល​ថ្ងៃឈប់​សម្រាក​ជំនួស​មួយថ្ងៃ​បន្ទាប់ នៅ​ពេល​ថ្ងៃឈប់​សម្រាក ​ឬ​ថ្ងៃ​បុណ្យ​ចំ​ថ្ងៃអាទិត្យ ក៏​មិន​ត្រឹមត្រូវ​ដែរ ព្រោះ​រដ្ឋាភិបាល​បាន​លុបចោល​ថ្ងៃសម្រាក​ថ្ងៃបុណ្យ​របស់​កម្មករ​និយោជិត​អស់ ៦ថ្ងៃ​រួច​ទៅ​ហើយ។ លោក​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ពិចារណា​ការ​ស្នើ​របស់​សហជីព ទម្លាក់​ចោលការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​តែ​ម្ដង ដើម្បី​រក្សា​ផលប្រយោជន៍​កម្មករ​និយោជិត៖

«ខ្ញុំ​គិត​ថា​ដូចជា​មិនទាន់​ត្រឹមត្រូវ​ទេ យើង​មិនទាន់​ជឿ​ទេ ព្រោះ​កន្លងមក​ធ្លាប់​ធ្វើ​វិសោធនកម្ម​ហ្នឹងហើយ​តែ​ដូចជា​មិន​មានការ​ងារ​ទាក់ទាញ​បាន​ច្រើន​ប៉ុន្មាន​ទេ ការងារ​វិនិយោគ​សឹងតែ​គ្មានសោះ​ហើយ មាន​តិចតួច​មែនទែន អីចឹង​ការ​ធ្វើ​វិសោធនកម្ម​ហ្នឹង គ្រាន់តែ​ជា​ការ​ខាត​ប្រយោជន៍​កម្មករ​ទេ»

ក្រសួង​ការងារ បាន​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ទី២១ កក្ដ​ដា​នេះ ដើម្បី​បន្ត​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ចំនួន៣ នៅ​ក្នុង​ច្បាប់​ស្ដីពី​ការងារ។ មាត្រា​ទាំង ៣នេះ ​មាន​ដូចជា មាត្រា ១៤៤ថ្មី ដែល​និយាយ​អំពី​ការកាត់បន្ថយ​ប្រាក់ឈ្នួល​ការងារ​កម្មករ​និយោជិត​ធ្វើការ​វេន​យប់​ពី ១៣០ភាគ​រយ​មក​នៅ​ត្រឹម ១០០ភាគ​រយ​ដូច​ការងារ​វេន​ថ្ងៃ និង​មាត្រា ១៦២ លុបចោល​ថ្ងៃឈប់​សម្រាក​មួយថ្ងៃ​មក​ធ្វើការ​ដូចធម្មតា​វិញ ក្រោយ​ឈប់​សម្រាក​ថ្ងៃបុណ្យ​ចំ​ថ្ងៃអាទិត្យ និង​មាត្រា៣០០ ដែល​និយាយ​អំពី​ការ​ដោះស្រាយ​វិវាទ​ការងារ​បុគ្គល​មិន​សះ​ជា​នៅ​ក្រសួង​ការងារ ត្រូវ​យក​វិវាទ​នេះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​វិញ។

ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំ​ហេង អះអាង​ថា ការ​កែប្រែ​ច្បាប់​ស្ដីពី​ការងារ សំដៅ​ជំរុញ​កំណើន​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ជាតិ និង​បង្កើន​ឱកាស​ការងារ​របស់​កម្មករ​និយោជិត ស្របតាម​សេចក្ដី​ត្រូវការ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា។ រី​ឯ​អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព សិទ្ធិមនុស្ស​និង​ការងារ ហៅ​កាត់​ថា សង់​ត្រា​ល់ (CENTRAL​) លោក ឃុន ថា​រ៉ូ និយាយ​ថា រដ្ឋាភិបាល​គួរតែ​ជំរុញ​ឲ្យ​ការអនុវត្ត​ច្បាប់​ការងារ​នេះ​ឲ្យ​មានប្រសិទ្ធភាព​ជាជាង​ការ​កែប្រែ​ច្បាប់​នៅ​ពេល​នេះ។ លោក​ថា ការងារ​អាទិភាព​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់ គឺ​សុខុមាលភាព​នៅ​កន្លែង​ការងារ​របស់​កម្មករ ការ​ការពារ​ដល់​កម្មករ​ក្នុង​ករណី​ត្រូវ​រោងចក្រ​បិទ ឬ​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ជាដើម។ក្រសួង​ការងារ នឹង​បន្ត​ការពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​នេះ​ចំនួន ២លើក​ទៀត និង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​ក្រោយនេះ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...