ការ​បាត់ EBA ២០% ស្តែង​​ច្បាស់​​ថា លោក ហ៊ុន សែន គិត​ពី​អំណាច​ ជាង​ប្រយោជន៍​កម្មករ

17
សីហា

ក្រុម​អ្នក​សង្កេត​ការ​ណ៍វាយ​តម្លៃ​​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ជាមួយ​កម្មករ តាំងពី​ដំបូង ហើយ​ករណីនេះលេច​ចេញ​កាន់​តែ​ច្បាស់​តាមរយៈលោក ហ៊ុន សែន ផ្ទាល់តែម្តង។ លោក​បាន​បោះបង់​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន២០% ដែល​ជា​ឆ្នាំង​បាយ​របស់​កម្មករ។ តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ ដែល​អាច​បញ្ជាក់​រឿង​នេះ​បាន?

គណបក្ស​សង្គ្រោះជាតិ និង​​អ្នក​សង្កេតការណ៍​វាយ​តម្លៃថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហាញ​ភាព​ស្និទ្ធស្នាល និង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​កម្មករ ចន្លោះ​ពី​ខែសីហា ឆ្នាំ២០១៧ ដល់​ខែឧសភា ឆ្នាំ២០១៩ ព្រោះ​លោក​​ត្រូវ​ការ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ពិសេស​កម្មករកាត់​ដេរ ដែល​មាន​ចំនួន​លើស​ពី​៧ សែន​នាក់។

​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង​ មាន​ប្រសាសន៍​ថា កាយវិការ​យក​ចិត្ត​ទុក​ដាក់​ក្លែង​ក្លាយ​​របស់​លោក ហ៊ុន សែន ចំពោះកម្មករ​កាត់​ដេរ ស្តែង​ចេញ​កាន់​តែ​ច្បាស់​នៅក្នុង​​បរិបទ​រឿង​ EBA។ លោក​ថា បើ​លោក ហ៊ុន សែន ពិត​ជាគិត​ពី​ប្រយោជន៍​កម្មករមែន មេដឹកនាំរូបនេះ​នឹង​កែ​លម្អ​ស្ថាន​ភាពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ ស្រប​ទៅតាម​សំណើ​របស់​សហភាពអឺរ៉ុប។ ផ្ទុយ​ទៅវិញ លោក ហ៊ុន សែន សុខចិត្ត​ធ្វើ​ឱ្យ​បាត់​ផ្នែក​​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធនេះ ដើម្បី​តែ​រក្សា​អំណាច​ផ្តាច់​ការ​ តវង្សត្រកូល​របស់ខ្លួន៖ 

«អ្នក​នយោបាយ​នៅ​ប្រទេស​ប្រជាធិបតេយ្យ​សេរី គេ​ខ្វល់​ខ្វាយ​នឹង​ប្រជា​ពលរដ្ឋ​ណាស់។ បើ​កាល​ណា​គេ​ចង់​រក្សា​អំណាច​របស់​គេតទៀត គេ​តែង​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​របស់​ប្រជាពលរដ្ឋ​។ ដោយ​ឡែក​ របបលោក ហ៊ុន​ សែន រាប់​ចាប់​តាំង​ពី​លោក ហ៊ុន សែន រហូត​ដល់​កូន​ចៅ​របស់​គាត់​ គឺ​គាត់​អត់​មាន​ខ្វល់ទេ។ ប្រជាពលរដ្ឋ​ណា​បង្ហាញ​ការ​ខ្វល់​​ខ្វាយ​ បង្ហាញ​អំពី​ការ​លំបាក តវ៉ា​ទាម​ទារ​ គឺ​ពួក​គេ​ច្រើន​​តែ​បង្ក្រាប​ ហើយ​ចាប់​ចងដោយ​ចោទ​ប្រកាន់​ថា បង្ក​ឱ្យ​មាន​ចលា​ចល​សង្គម​ ជាដើម»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តើម​ចុះ​ជួប​កម្មករលើក​ដំបូង​ កាល​ពីថ្ងៃទី២០ សីហា ឆ្នាំ២០១៧ បន្ទាប់​ពីគណបក្ស​របស់​លោក​បាន​ធ្លាក់​សំឡេង​ឆ្នោត​យ៉ាង​គំហុក​ ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់អាណត្តិទី៤។ កាល​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​របូត​តួនាទីមេឃុំ​-ចៅសង្កាត់ ចំនួន​ បួនរយ សាមសិបប្រាំមួយ (៤៣៦) ​រីឯ​គណបក្ស​សង្គ្រោះជាតិ​កើនតួនាទី​មេឃុំ-ចៅសង្កាត់​ចំនួន បួន​រយ សែសិបប្រាំបួន (៤៤៩)។ បើ​គិត​ជា​សំឡេង​គាំទ្រ​ទាំងស្រុង​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នោះវិញ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេងគាំទ្រ ៥០.៧៦% ទល់​នឹង​បក្ស​សង្គ្រោះជាតិ​ ៤៣.៨៣%។

ការ​ចុះ​ជួប​កម្មករ​ពី​សំណាក់លោក ហ៊ុន សែន នេះ ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​របប​លោកបាន​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ​ចប់​សព្វគ្រប់ ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំដដែល​នោះ។ លោក ហ៊ុន សែន បាន​ព្យាយាម​បកស្រាយ​ប្រាប់​កម្មករ​ពី​មូលហេតុ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ជំរុញ​ឱ្យ​កម្មករ​នាំគ្នា​ចេញទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​របស់​លោក៖ 

«កម្ពុជា​ចៀស​មិន​ផុត​ពី​សង្គ្រាមទេ ប្រសិន​បើ​អាបក្ស​ចង្រៃមួយ​​នោះ វា​មិន​ត្រូវ​បាន​ផ្តន្ទាទោស​ ដោយ​រំលាយ​បក្ស​វា​នោះ។ ព្រោះអ្វី​អាងអ្វី​ឡើង អាង​តែ​សង​សឹក។ នយោបាយ​ចេញ​មកមាន​អញ​អត់ឯង មាន​ឯង​អត់​អញ​ អ៊ីចឹង​តើ​​អ្នក​ណា​គេ​សុខចិត្តគេ​មិន​សុខ​ចិត្តទេ គេ​ដាក់​រយះក្បាល​ឥលូវ​ហ្នឹង។ កុំ​ទៅ​ឆ្ងល់​ពេក វាគ្មានអា​ណា​ឱ្យ​អ្នក​ឯង​ធ្វើ​ពាសទឹក​ពាសដីអ៊ីចឹងទេ។ គេ​ធ្វើ​នយោបាយ គេ​ស្វះស្វែង​រក​ការ​បង្រួបបង្រួម​ជាតិ អ៊ីចឹង​ទេ ដើម្បី​ធានា​ដល់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជា​បន្ត ជម្រើស​ដ៏​ល្អ គឺ​ការ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ដែល​មាន​លេខ​រៀងទី២០»

ក្នុងយុទ្ធនាការ​រយៈពេល​ជាង១០ ខែ គឺពីចុង​ខែសីហា ឆ្នាំ២០១៧ រហូត​មក​ដល់​ដើម​ខែកក្កដា ឆ្នាំ២០១៨ លោក ហ៊ុន សែន បាន​ចុះជួប​កម្មករ​​៤៩ លើក គិត​ជា​ចំនួន​កម្មករ​មាន​​ជិត ៧ សែន​នាក់។ ពេល​ជួប​កម្មកររាល់​លើក លោក ហ៊ុន សែន តែង​ផ្តល់​ថវិកាចំនួន​២ ម៉ឺន​រៀល ស្មើនឹង៥ ដុល្លា​រអាមេរិក សម្រាប់​កម្មករម្នាក់ៗ។ លោ​កបាន​​ចំណាយ​​ថវិកាជាតិ​អស់​យ៉ាង​ហោចណាស់​ជាង៣ លាន ៤ សែន​​ដុល្លារអាមេរិក ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​កម្មករ ដែល​ករណី​នេះ​ត្រូវ​បានក្រុម​​អ្នក​ជំនាញកិច្ច​ការ​បោះឆ្នោត​​ចាត់​ទុក​ថា ជា​ការ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ និង​បំពាន​គោលការណ៍បោះឆ្នោត​ដោយ​យុត្តិធម៌។

ក្រៅពីការ​ផ្តល់​លុយ​៥ ដុល្លារជាអំណោយដល់​កម្មករនេះ លោក ហ៊ុន សែន ​បានប្រកាស​ផ្តល់​កាដូ​មួយ​ចំនួន​ទៀត​ដល់​កម្មករ ដូចជា ការ​​​បញ្ចុះ​តម្លៃ​ទឹក-ភ្លើង ​ការអនុញ្ញាត​ឱ្យ​កម្មករ​ជិះឡាន​ក្រុ​ង​សាធារណៈ​ដោយ​ឥត​គិត​ថ្លៃ​រយៈពេលពីរ​ឆ្នាំ ការ​​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យរដ្ឋ​តាម​រយៈ​មូលនិធិសមធម៌ និងការ​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​មាន​ផ្ទៃពោះ​ ជាដើម។ ទន្ទឹមនឹង​នេះ លោក​បាន​ស្នើឱ្យ​ម្ចាស់​ផ្ទះ​កុំ​តម្លើង​ថ្លៃ​បន្ទប់ជួល​ ហើយក៏​សន្យា​តម្លើង​ប្រាក់​ខែជូន​កម្មករជាទៀង​ទាត់​ផង​ដែរ។

ទោះជាយ៉ាងណា អ្វីៗបាន​​ប្រែប្រួ​ល​ខ្លាំង​នៅ​ក្រោយ​ពេល​​លោកក្រសោបយក​អំណាច​ទាំងស្រុង​មក​កាន់​កាប់​តែម្នាក់ឯង ចេញ​ពីការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ កាល​ពី​ខែកក្កដា ឆ្នាំ២០១៨។ លោក​ចុះ​ជួប​កម្មករកាន់​តែរង្វើល រហូត​ដល់​ខែឧសភា ឆ្នាំ២០១៩ លោក​លែង​ចុះ​ជួប​កម្មករសោះតែម្តង មក​ដល់​ខែសីហា ឆ្នាំ២០២០ នេះ។ កុំ​ថាឡើយចុះ​ទៅ​ជួប​កម្មករ ពេល​នេះ​សូម្បី​តែ​ក្រុម​កម្មករ​ដែល​អត់​ការងារ​ធ្វើ​ចង់​ដង្ហែរ​ញត្តិ​​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​របស់​លោក ដើម្បីស្នើសុំ​ដំណោះស្រាយ​ ក៏​អាជ្ញាធរ​របស់​លោក​មិន​អនុញ្ញាត​ឱ្យពួ​កគាត់​​ធ្វើសកម្មភាព​នេះបានដែរ។

លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន អស់​ពាក្យ​និយាយ​ប្រាប់​កម្មករទៀតហើយ ព្រោះ​ទង្វើ​របស់​គាត់​ជាច្រើន ​បាន​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កម្មករ៖ «រោងចក្រ​បិទ​ទ្វារ​ជា​បន្តបន្ទាប់ ហើយ​កម្មករ​កាន់​តែ​បាត់​បង់​ការងារ​ធ្វើ​ច្រើនឡើងៗ ដូច្នេះ​គាត់​អត់​មាន​អ្វី​ហ៊ាន​ទៅ​ប្រឈម​ជាមួយ​កម្មករ​ទេ។ យើង​ឃើញ​ជាក់ស្តែង កាល​ណា​គាត់​បាន​អ្វី​ គាត់​ច្រើន​ចូល​ចិត្ត​អួត​ក្អេង​ក្អាង ក្រទីក្រទាណាស់ ប៉ុន្តែ​ឥលូវ​គាត់​អត់​មាន​អ្វីអួត​ទៀត។ មាន​តែ​ទណ្ឌកម្ម​ដាក់សម្រាប់​គាត់ ដូច្នេះ​គាត់អត់​មាន​ហេតុ​ផល​អ្វី​ អត់​មាន​រឿង​អ្វី​ហ៊ាន​ទៅ​ជួប​កម្មករ​ទៀតទេ»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ លោក សុខ ឥសាន អះអាងថា ប្រមុខ​រដ្ឋាភិបាល​មិន​ចុះ​ជួប​កម្មករ​ ដោយសារ​រោងចក្រ​ខ្លះ​បាន​បិទទ្វារ​ទៅហើយ ដូច្នេះ​លោក​បង្វែរ​ទិសដៅ​ចុះ​ជួប​កសិករ​វិញ។ លោកបដិសេធការ​ចោទ​ប្រកាន់​ដែល​ថា ការ​ចុះ​ជួប​កម្មករ​រាប់សិប​ដង និង​ចាយ​លុយ​ជាតិ​រាប់​លាន​ដុល្លាររបស់​នាយក​រដ្ឋ​មន្ត្រីកាល​ពីពេល​កន្លងទៅ ជា​ការ​ធ្វើនយោបាយ​ប្រជាភិថុត៖ 

«វា​អាស្រ័យ​លើ​សំណូម​ពរ​ចាំបាច់​នៃ​ការងារ​ដែល​សម្តេច​ត្រូវ​ចុះ ឬមិន​ត្រូវ​ចុះ អាហ្នឹង​​អ៊ីចឹង។ ​បើ​រោងចក្រ​​បិទទៅហើយ តើ​មាន​ប្រយោជន៍​អ្វី​ដើម្បី​ទៅចុះ​អ៊ីចឹង​ទេ គាត់​ចុះ​ទៅ​ស្រែចម្ការ​ហ្នឹង ដើម្បី​ទៅ​​រក​ការងារ​ជូន​កម្មករ​ដែល​អត់​ការងារ​ធ្វើនោះធ្វើ ពីព្រោះកម្មករ​របស់​កម្ពុជា​មិន​ទាន់​កាត់​ផ្តាច់ចេញ​​ពី​កសិកម្ម​ទេ»

ក្នុង​អំឡុង​វិបត្តិ​ជំងឺកូវីដ-១៩ នេះ របបលោក ហ៊ុន សែន បានប្រកាស​​ផ្តល់ប្រាក់​ឧបត្ថម្ភចំនួន​៤០ ដុល្លារ​ក្នុង​មួយ​ខែដល់​កម្មករ​ដែល​ត្រូវរោងចក្រ​ព្យួរ​ការងារ ប៉ុន្តែ​សហជីពឯករាជ្យ​អះអាង​ថា កម្មករ​ជាច្រើន​​មិន​ទាន់​ទទួល​បាន​ថវិកា​ទៅ​តាម​ចំនួន​ដែលពួក​គេ​ត្រូវ​ទទួល​បាន​នោះទេ។

ក្រៅពីនេះ អំឡុង​វិបត្តិ​កូវីដ-១៩ របបក្រុង​ភ្នំពេញ​បាន​ដាក់​ចេញ​វិធាន​ការ​ជាច្រើន ​ដែល​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កម្មករ។ ក្នុង​នោះ​ មាន​ជាអាទិ៍ ការលុប​ចោល​ថ្ងៃឈប់​សម្រាក​៦ ថ្ងៃចេញពី​ប្រតិទិន​ឈប់​សម្រាក​ប្រចាំឆ្នាំ កា​រអនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ​ពន្យារពេល​បើក​ប្រាក់​បំណាច់​អតីតភាពការងារសម្រាប់​ឆ្នាំ២០១៩ និង២០២០ ទៅបើក​នៅឆ្នាំ២០២១ វិញ និង​ការ​អនុញ្ញាត​ឱ្យ​ថៅកែ​មិន​បាច់​ទូទាត់​ប្រាក់​សំណង​ជំងឺចិត្ត និង​ប្រាក់​ជូន​ដំណឹង​ជាមុននៅពេល​បិទរោងចក្រ ជាដើម។ លើសពីនេះ ក្រសួង​ការងារ​កំពុងស្នើ​​កែ​ប្រែ​ច្បាប់​ការងារ ដើម្បីបន្ថយ​ប្រាក់​ឈ្នួល​ធ្វើ​ការ​វេន​យប់​ឱ្យ​ស្មើនឹង​វេនថ្ងៃ និង​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ចំ​អាទិត្យ​ផង​ដែរ។

នាយ​ក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ធ័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែងថា វិធានការ​ទាំងនេះ បូក​រួ​ម​ទាំង​ការ​មិ​ន​ប្រឹង​ប្រែង​រក្សា EBA ផងនោះ បង្ហា​ញ​ថា ការគិត​គូរ​ពី​ប្រយោជន៍​កម្មករ​ពីសំណាក់​រដ្ឋាភិបាល​នៅមាន​កម្រិត​ទាប​នៅឡើយ៖ 

«ពេល​ដែល​រដ្ឋ​ព្យាយាម​បង្ហាញ ឬ​ក៏​បញ្ចេ​ញ​នូវ​គោលនយោបាយ​មួយ​ចំនួន​ដែល​កាត់​បន្ថយ​ប្រយោជន៍​កម្មករ កាត់​បន្ថយ​ប្រយោជន៍​មហាជន​ហ្នឹង ហើយ​ថ្លឹង​ទៅ​ខាង​អ្នក​វិនិយោគ​ទុន​ធ្ងន់ជាង​ នោះ​ជា​ភស្តុតាង​មួយ​ទៀត​ដែរ ដែល​បង្ហាញ​ថា ការ​យក​ចិត្ត​ទុក​ដាក់របស់​រដ្ឋ​​ហ្នឹង​វា​មាន​កម្រិត​ប៉ុន្មាន​ទៅដល់ប្រជាពលរដ្ឋ ឬ​ក៏​ទៅដល់​ម្ចាស់​ឆ្នោត​ហ្នឹងឯង»

សហភាពអឺរ៉ុប​បាន​ប្រកាស​ពីការ​ចូល​ជាធរមាន​នៃ​ការ​ដក​ប្រព័ន្ធ EBA ចំនួន​២០% ពីកម្ពុជា នៅថ្ងៃទី១២ សីហា។ ​នេះ​មានន័យ​ថា​ សហភាពអឺរ៉ុប​នឹង​ចាប់​ផ្តើម​គិត​ពន្ធ​លើ​មុខ​ទំនិញ​មួយ​ចំនួន​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប។ ក្រុម​អ្នកសង្កេតការណ៍​យល់​ឃើញស្របគ្នាថា លើសពីការ​​ជាប់​កាតព្វកិច្ចពន្ធ​ សេចក្តីសម្រេច​នេះអាច​នឹង​​បំផ្លាញ​ទំនុក​ចិត្ត​របស់​ក្រុម​អ្នក​វិនិយោគ ព្រោះកម្ពុជា​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​ការរំលោភ​​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​។

តាម​ពិត​សហភាពអឺរ៉ុប​បាន​ទុក​ពេល​ជាងមួយ​ឆ្នាំឱ្យ​របបលោក ហ៊ុន សែន កែ​ប្រែខ្លួន​ ប៉ុន្តែ​របបនេះ​មិន​បាន​ធ្វើ​ឱ្យស្ថាន​ការ​ណ៍​សិទ្ធិមនុស្ស​ល្អ​ប្រសើរ​ឡើងវិញឡើយ ផ្ទុយ​ទៅវិញ ស្ថាន​ការណ៍​​ហាក់​កាន់​តែ​ដុន​ដាប​។ អាជ្ញាធរ​បាន​បង្កើន​ការ​ចាប់​ខ្លួនអ្នក​បញ្ចេញ​មតិ​រិះគន់ និង​​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ​ក្នុង​នោះ​ក៏​រួម​ទាំង​អ្នក​សារព័ត៌មាន​ផងដែរ។ ជាពិសេស ក្រោយ​ពេល​បញ្ចប់​ការ​ចរចារឿងពាណិជ្ជកម្ម​សេរីទ្វេភាគី​ជាមួ​យ​ប្រទេស​ចិន​ របបលោក ហ៊ុន សែន ហាក់​ផ្គើន​នឹង​សហភាពអឺរ៉ុប​កាន់​តែ​ខ្លាំង ដោយបាន​ចាប់​ខ្លួន​មេសហជីព​ដ៏លេច​ធ្លោ គឺ​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ។

ប្រធាន​សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន គឺ​ជាអ្នក​ដែល​តែង​ទាម​ទារ​ឱ្យ​របបលោក ហ៊ុន សែន ស្តារសិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​រក្សា​ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំង​ស្រុង សម្រាប់​ផល​ប្រយោជន៍​កម្មករ។ លោក​គ្រោង​ដឹកនាំ​កម្មករ គ្រូបង្រៀន និង​ពលរដ្ឋ ​ធ្វើ​បាតុកម្ម​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​សំណើ​របស់​សហភាពអឺរ៉ុប កាល​ពី​ខែសីហា ឆ្នាំ២០១៩ តែ​អាជ្ញាធរ​ក្រុង​ភ្នំពេ​ញ​បាន​ចេ​ញ​មុខ​ព្រមានចាត់​វិធានការ​តា​ម​ផ្លូវ​ច្បាប់ បើ​លោកហ៊ាន​ធ្វើ​បាតុកម្ម​នេះ។ ​

មន្ត្រី​សិទ្ធិមនុស្ស​ លោក មឿន តុលា មាន​ប្រសាសន៍​បែប​ប្រៀបធៀប​ថា អ្នក​នយោបាយ​ខ្មែរ​ច្រើន​ទៅសំពះ​ពលរដ្ឋ​ពេល​ជិតបោះឆ្នោត តែទៅសំពង​ពលរដ្ឋ​វិញ នៅពេល​ពួក​គេ​ឈ្នះឆ្នោត កាន់​អំណាច​ពេញដៃ៖​ 

«ជាទូទៅ គឺអ្នក​នយោបាយ​ព្យាយាម​យក​ខ្លួន​ឱ្យ​នៅ​ជិត​ប្រជាពលរដ្ឋ​ហ្នឹង តែមុន​ពេល​​បោះឆ្នោត​ទេ។ ក្រោយ​ពេល​បោះឆ្នោត​ហ្នឹង គឺ​មិន​សូវ​ជា​ខ្វាយ​ខ្វល់​ប៉ុន្មាន​នោះទេ អាហ្នឹង​គឺ​តាម​ការមើល​ឃើញ​ទូទៅ ហើយ​ខ្ញុំ​ក៏​មើល​ឃើ​ញ​អ៊ីចឹង​ដែរ។ ​អ៊ីចឹង​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​និយាយ​លេង​ថា មុន​បោះឆ្នោត​ទៅ​សំពះ​ ដល់​ពេល​ក្រោយ​បោះឆ្នោត​ទៅ​សំពង»។

របបក្រុង​ភ្នំពេញធ្លាប់​​បាន​បង្ក្រាប​ដោយ​ហិង្សា លើ​ក្រុម​កម្មករ​ម្តង​រួច​ទៅហើយ កាល​ពី​ដើម​ឆ្នាំ២០១៤ គឺការ​បង្រ្កាប​លើ​កំណាត់​ផ្លូវ​វេងស្រេង និង​ក្បែររោងចក្រ​យ៉ាក់ជីន។ កង​ទាហាន​ដែល​ស្ថិត​ក្រោម​បញ្ជាផ្ទាល់​របស់​មនុស្សជំនិត​លោក ហ៊ុន សែន បាន​​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាញ់​កម្មករ​ឱ្យ​ស្លាប់៥ នាក់ និង​របួស​ជិត​៤០ នាក់ ដោយមិន​មាន​ការ​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះទេ មក​ដល់ពេល​បច្ចុប្បន្ន​នេះ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...