​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ​ម្នាក់​​រៀបរាប់​ពី​ទុក្ខ​លំបាក​​ពេល​គ្រោះថ្នាក់​លិច​ទូក​នៅ​កណ្ដាល​សមុទ្រ​ថៃ

25
សីហា

​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ​ម្នាក់​​រៀបរាប់​ពី​ទុក្ខ​លំបាក​​ពេល​គ្រោះថ្នាក់​លិច​ទូក​នៅ​កណ្ដាល​សមុទ្រ​ថៃ

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ​​ជាង ១០​ឆ្នាំ​​ម្នាក់​ ដែល​ផ្ទុះ​ធុង​ហ្គ្រាស​​​លិច​ទូក​ស្ទើរ​ស្លាប់​​​​នៅ​កណ្ដាល​សមុទ្រ​​កាល​ពី​ថ្ងៃ​ទី​ចុង​ខែ​កក្កដា​ បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​​ស្រុក​កំណើត​វិញ ​​​​ដោយ​​ឈប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទៀត​ហើយ​​​​។​​ ពលករ​រូប​នេះ​បញ្ជាក់​ថា ​មូលហេតុ​ដែល​លោក​​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ គឺ​ដោយសារ​ស្ថានភាព​​​របួស​ធ្ងន់ធ្ងរ​មិន​ទាន់​ជាសះស្បើយ ​​មិន​អាច​ការងារ​បាន​​ និង​​ការ​ភ័យ​តក់ស្លុត​​​​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​​ពេល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។ តើ​ពលករ​ខ្មែរ​រូប​នេះ​ជួប​គ្រោះ​ថ្នាក់​បែប​ណា​បាន​ជា​លោក​សម្រេច​​បោះបង់​ចោល​​ការងារ​នៅ​ប្រទេស​ថៃ?

បុរស​សម្បុរ​ស្រអែម​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង ​គឺ​លោក ​ វ៉ាន់ ឡុន រៀបរាប់​ថា ​​លោក​បាន​រួច​ផុត​ពី​ការ​ស្លាប់​ គឺ​ជា​សំណាង​មួយ​ដ៏​ធំ​​នៅ​ក្នុង​ជីវិត​ ពីព្រោះ​​លោក​បាន​ឆ្លងកាត់​ស្ថានភាព​ដ៏​អាក្រក់​​នៅ​កណ្ដាល​ទឹក​សមុទ្រ​តែ​ម្នាក់​ឯង​​ចំនួន ៤​ថ្ងៃ ដោយ​ពុំ​មាន​អាហារ​​ហូប​ចុក​ឡើយ។ លោក​ឱ្យ​ដឹង​ថា ​កាល​ពី​ចុង​ខែ​កក្កដា​ លោក​ជួប​គ្រោះថ្នាក់​ដោយ​ផ្ទុះ​ធុង​ហ្គ្រាស​ដាំបាយ​​ បណ្ដាល​ឱ្យ​ឆេះ​ទូក​លិច​​នៅ​កណ្ដាល​សមុទ្រ​​តែ​ម្នាក់​ឯង​ នៅ​ក្នុង​ខេត្ត​រ៉ាក់​យ៉ង ​(Rayong) ប្រទេស​ថៃ​ ដោយ​ពុំ​មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​ឡើយ​ ព្រោះ​ទូក​នេសាទ​នោះ​លោក​ធ្វើ​ដំណើរ​​​ម្នាក់​ឯង​ ដឹក​​ឧបករណ៍​បំភ្លឺ​ភ្លើង​​​សម្រាប់​នេសាទ​​ត្រី​​យក​ទៅ​ឱ្យ​​ក្រុម​ការងារ​​របស់​លោក​​​​ដែល​កំពុង​​នេសាទ​នៅ​កណ្ដាល​សមុទ្រ​​ប្រទេស​ថៃ។ លោក​បន្ថែម​ថា ​​នៅ​​មុន​ពេល​​ទូក​​លិច​ប្រមាណ ​១០​នាទី ​លោក​ប្រមូល​បាន​​ទូរស័ព្ទ​មួយ​គ្រឿង និង​លិខិត​ឆ្លងដែន​​មួយ​ក្បាល​ច្រក​ថង់​ ដោយ​ចង​ជាប់​នឹង​គម្រប​ធុង​ទឹកកក ​ទំហំ​ទទឹង​​ជាង​កន្លះ​ម៉ែត្រ​ និង​​​បណ្ដោយ​ប្រហែល​ ១ម៉ែត្រ សម្រាប់​តោង​ហែល​ ដើម្បី​កុំ​លង់​ទឹក​ស្លាប់​។​ លោក​បន្ត​ថា ​​​នៅ​ពេល​នោះ​លោក​​បាន​ថត​វីដេឃ្លិប​​ប្រមាណ​ ១០​នាទី​ ទុក​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​​ ដើម្បី​​ឱ្យ​សាច់ញាតិ​​​មើល​​​​​​នៅ​ដង្ហើម​ចុង​ក្រោយ​ ដែល​លោក​ជួប​គ្រោះថ្នាក់​​​នៅ​លើ​​ទឹក​សមុទ្រ​។​​ បុរស​វ័យ ​២៥​ឆ្នាំ​រូប​នេះ​ឱ្យ​ដឹង​​ថា​ នៅ​ពេល​នោះ​លោក​មិន​សង្ឃឹម​​ថា​នឹង​មាន​ជីវិត​​បាន​ត្រឡប់​ទៅ​​ជួប​ប្រពន្ធ​កូន​នៅ​ស្រុក​ខ្មែរ​វិញ​​ទេ​ ពីព្រោះ​​​ចំងាយ​ប្រមាណ​ ៥០​គីឡូម៉ែត្រ​​នៅ​ជុំ​វិញ​លោក​ពុំ​មាន​​ទូក​ឬ​អ្នក​នេសាទ​ណា​ម្នាក់​ឡើយ៖

«និយាយ​ទៅ​ឈឺ​ចុកចាប់​ពេញ​ខ្លួន​ ត្រូវ​ទឹក​ព្រៃ​ក៏​វា​ក្រហាយ​​ដូច​គេ​យក​ម្ទេស​មក​ប្រឡាក់​ខ្លួន​អីចឹង​។គិត​ថា​ ​ខ្លួន​ឯង​ដូច​សាកសព​មួយ​អណ្ដែត​ទឹក​​ហើយ​ ព្រោះ​យើង​ឆេះ​ខ្លួន​លែង​យល់​ មាន​កូន​ត្រី​តូច​វា​មក​ចឹក​ស៊ី ព្រោះ​យើង​ឆេះ​​ពេញ​ខ្លួន​ ពេល​យប់​យើង​មើល​មិន​វា​ឃើញ​​វា​មក​កាន់​តែ​ វា​ស៊ី​ដំបៅ​ក្រហូង​សាច់​អស់​ហើយ​។​ពេល​ខ្លះ​យើង​​ដឹង​ទៅ​ក៏​យើង​បង្អើល​ៗ​វា​ចេញ​ទៅ​ ពេល​ខ្លះ​អត់​ដឹង​វា​មក​ស៊ី​តាម​ចិត្ត​ភាគ​ច្រើន​ជើង​ ព្រោះ​ជើង​យើង​នៅ​ក្នុង​ទឹក​រហូត»

នៅ​ក្នុង​វីដេអូ​ឃ្លិប​ដែល​​​លោក​បាន​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​(Facebook)​ ​បុរស​ម្នាក់​នេះ​​​​​ត្រូវ​ភ្លើង​ឆេះ​​រោល​ពេញ​មុខ ​និង​ដង​ខ្លួន​ ដែល​​​លោក​​​បាន​រៀបរាប់​ទាំង​ទឹក​ភ្នែក​ហៅ​​គេឯង​​ឱ្យ​ទៅ​ជួយ​​​សង្គ្រោះ​ជីវិត​លោក​​នៅ​កណ្ដាល​សមុទ្រ​ថៃ​។

លោក​ វ៉ាន់ ឡុន ​ប្រាប់​ថា ​ទីតាំង​​ដែល​ទូក​របស់​លោក​លិច​នោះ​​ចំងាយ​ពី​ដី​គោក​​ក្នុង​ខេត្ត​រ៉ាក់យ៉ង ​(Rayong) ប្រមាណ ​២០០​គីឡូម៉ែត្រ ដែល​លោក​ផឹក​ទឹកសមុទ្រ​ចំនួន ​៤ថ្ងៃ​ដោយ​ពុំ​បាន​ហូប​​អាហារ​អ្វី​ឡើយ​។ ​លោក​ថា ​​នៅ​ពេល​​មាន​ខ្យល់​បក់​ខ្លាំង​​​ម្ដង​ៗ ​រលក​ទឹក​សមុទ្រ​​បាន​រុញ​ច្រាន​លោក​​​​របូត​ដៃ​ចេញ​​​ពី​គម្រប​ធុង​ទឹកកក​ ដែល​លោក​តោង​ហែល​ទឹក​​ ចំងាយ​ប្រមាណ​ ៥ម៉ែត្រ​ ក៏​ប៉ុន្តែ​លោក​​ថា​ លោក​ខំ​​ប្រឹង​ហែល​​ទឹក​តាម​រក​គម្រប​ធុង​ទឹកកក​មក​​វិញ​ ដើម្បី​តោង​កុំ​ឱ្យ​លង់​ទឹក​ស្លាប់៖

«យើង​មិន​សូវ​មាន​កម្លាំង​ទេ​ យើង​ចេះ​តែ​ប្រឹង​​អោប​ខ្លាច​វា​របូត​ទៅ​យើង​អត់​មាន​អី​តោង​ បើ​យើង​មាន​គម្រប​ទូទឹកកក​យើង​អាច​ជួយ​បណ្ដែត​ខ្លួន​បាន​ខ្លះ ដល់​ពេល​មាន​រលក​ធំៗ​មក​វាយ​ក្រឡាប់​គម្រប​ធុង​ទឹកកក​ហ្នឹង​ ក៏​យើង​ប្រឹង​ហែល​ដេញ​ចាប់​មក​វិញ​ខ្លាច​យើង​អត់​​មាន​អី​តោង​។ជីវិត​ខ្ញុំ​ធ្លាប់​អស់​សង្ឃឹម​ថា​យើង​លែង​មាន​ជីវិត​មក​វិញ​ ដល់​ពេល​គេ​រក​ឃើញ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ថង់​ខ្ញុំ​ច្រក​ទូរស័ព្ទ​ហ្នឹង​ខ្ញុំ​គ្រវី​ទៅ​​គេ​ឃើញ​ក៏​គេ​​បើក​កាណូត​​មក​​។ពេល​ខ្លះ​យើង​អស់​សង្ឃឹម​ខ្លាច​គេ​រក​មិន​ឃើញ​​លែង​បាន​ជួប​មុខ​ប្រពន្ធ​កូន​និង​គ្រួសារ​ តែ​ពេល​ខ្លះ​យើង​ឱ្យ​កម្លាំង​ចិត្ត​ខ្លួន​យើង​នៅ​មាន​សង្ឃឹម​ខ្លះ​អាច​មក​ជួប​គ្រួសារ​វិញ»

​​​​​​​​​​​​​​​​លោក​ឱ្យ​ដឹង​ទៀត​ថា ​​​​នៅ​កន្លែង​លោក​ធ្វើ​ការ​នោះ​ មាន​ពលករ​ខ្មែរ​​ប្រមាណ​ ៤០​នាក់​ ក៏​ប៉ុន្តែ​ពួកគេ​ពុំ​បាន​ដឹង​ថា លោក​លិច​ទឹក​ទូក​នោះ​ទេ ដោយ​​​​​​ពួកគេ​ដឹង​នៅ​ពេល​​ដែល​​លោក​​បាត់​ការ​ទាក់ទង​ចំនួន ​២​ថ្ងៃ​​ ក៏​បាន​នាំ​គ្នា​​បើក​កាណូត​តាម​រក​លោក​។​​ ទោះយ៉ាងណា ពលករ​រូប​នេះ​ត្រូវ​បាន​អ្នក​​នេសាទ​ថៃ​ប្រទះ​ឃើញ​ និង​​​​ស្រង់​​​លោក​ឡើង​ពី​ទឹក​សមុទ្រ​​ ​បញ្ជូន​ទៅ​ព្យាបាល​របួស​​នៅ​មន្ទីរ​ពេទ្យ​​ក្នុង​ខេត្ត​រ៉ាក់យ៉ង​​ចំនួន​ ៣​ថ្ងៃ​ ​ក៏​ចេញ​ពី​មន្ទីរ​ពេទ្យ កាល​ពី​​ដើម​ខែ​សីហា។

​​ពលករ​មាន​ស្រុក​កំណើត​ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ​ ថ្លែង​ថា ​​ក្រោយ​ពេល​​លោក​ចេញ​ពី​មន្ទីរ​ពេទ្យ​​បាន ​២ថ្ងៃ​ មាន​មន្ត្រី​ស្ថានទូត​ខ្មែរ​​ប្រមាណ​ ៦​នាក់​បាន​ចុះ​​ទៅ​សួរ​សុខទុក្ខ​លោក​ និង​​ជួយ​ប្រាក់​ចំនួន​ ១ម៉ឺន​បាត ​(១០.០០០) ​ឬ​ប្រមាណ​ ៣០០​ដុល្លារ​អាមេរិក។ ចំណែក​ថៅកែ​​នៅ​កន្លែង​ធ្វើ​ការ​ធ្វើ​របស់​លោក​​ជួយ​ចេញ​ថ្លៃ​​ព្យាបាល​របួស​ និង​ឱ្យ​​ប្រាក់​លោក​ចំនួន​ ៥ពាន់​បាត (៥.០០០)​​ ឬ​ប្រមាណ​ ១៦៥​ដុល្លារ​ ដើម្បី​ឱ្យ​លោក​ធ្វើ​​សោហ៊ុយ​​​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​

​ប្រពន្ធ​ជនរងគ្រោះ​ លោក​ស្រី​ហឹម គឹមហៀង ប្រាប់​អាស៊ី​សេរី​ថា លោក​ស្រី​​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង​នៅ​​ពេល​ឃើញ​វីដេអូឃ្លិប​ ដែល​បាន​​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​ ដែល​ប្ដី​របស់​លោក​ស្រី​​ត្រូវ​ភ្លើង​ឆេះ​ដោយ​លិច​ទូក​នៅ​​កណ្ដាល​សមុទ្រ​​ថៃ​នោះ​។​លោក​ស្រី​បញ្ជាក់​ថា ​ចាប់​ពី​ពេល​នេះ​ត​ទៅ​​ លោក​ស្រី​ឈប់​ឱ្យ​ប្ដី​​របស់​គាត់​ទៅ​ធ្វើ​ការ​លើទូកនេសាទ​នៅ​ប្រទេស​ថៃ​ទៀត​ហើយ​ ព្រោះ​​ការងារ​ដែល​ប្ដី​ធ្វើ​នេះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​​៖

«ខ្ញុំ​ឃើញ​រូប​ភាព​ប្ដី​ខ្ញុំ​តក់ស្លុត ហើយ​ស្រែក​យំ​ នឹក​ឃើញ​អាណិត​ប្ដី​ ជីវិត​ប្ដី​ខ្ញុំ​ដូច​កើត​ម្ដង​ទៀត​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ មិន​មែន​អ្វី​មក​ផ្ទឹម​បាន​ទេ​ រឿង​លុយ​មិន​សំខាន់​ដល់​ប្ដី​ទេ​។នៅ​ស្រុក​ខ្មែរ​មាន​ការងារ​​មាន​ប្រាក់​ខែ​តិច​តួច​យើង​ចេះ​តែ​ធ្វើ​ទៅ​ ដើម្បី​ដោះស្រាយ​ជីវភាព​បាន​មួយ​ពេល​ៗ​។​ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​បងៗ​ ទាំង​ឡាយ​ដែល​គាត់​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​​​នៅ​ប្រទេស​ថៃ ​​​សូម​ឱ្យ​ប្រយ័ត្នប្រយែង​​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដូច​ប្ដី​ខ្ញុំ»

ពលករ​ខ្មែរ​​រូប​នេះ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ​​​ជាង ​១០​ឆ្នាំ​តាំង​ពី​នៅ​វ័យ​កុមារ​ ដោយ​​ ៦ឆ្នាំមុន​លោក​ធ្វើ​ការ​នៅ​ប៉ាតានី (Pattani) នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុង​បាងកក ចំងាយ​ប្រមាណ​ ១ពាន់ ​(១.០០០)​គីឡូម៉ែត្រ ​និង​​ធ្វើ​ការ​នៅ​ខេត្ត​រ៉ាក់យ៉ង​ ចំនួន ​៥ឆ្នាំ ដោយ​បាន​​​ប្រាក់​ឈ្នួល​ ​ប្រមាណ​ ១៣.០០០ពាន់​បាត​ ឬ​ប្រហែល ​៤៣០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ​ប្ដី​​ប្រពន្ធ​មួយ​គួរ​នេះ​​និយាយ​​ដូច​គ្នា​ថា ​ប្រាក់​ខែ​ទាំង​នេះ​មិន​បាន​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់​គាត់​ធូរធារ​ឡើយ។​​​​

​ពលករ​រូប​នេះ​ បាន​ត្រឡប់​ទៅ​​​ស្រុក​កំណើត​​វិញ​​ កាល​ពី​ថ្ងៃ​ទី​២០ ​សីហា​ ដោយសារ​​របួស​​ដែល​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​រាងកាយ​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ​ ​ហើយ​​លោក​​មិន​អាច​ធ្វើ​ការងារ​បាន​នោះ​ទេ។

​​មន្ត្រី​អង្គការ​សង់ត្រាស់(Central)​ទទួល​បន្ទុក​ផ្នែក​ពលករ​ លោក ឌី ថេហូយ៉ា​ ​កត់​សំគាល់​ថា ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​​ថៃ​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​ជាង​គេ​ ហើយ​​ត្រូវ​ថៅកែ​​បោក​ប្រាស់​កម្លាំង​ពលកម្ម​ ដោយ​បង្ខំ​ឱ្យធ្វើ​ការ​​​ច្រើន​ម៉ោង​បាន​ប្រាក់​​កម្រៃ​តិច​តួច​ជា​ដើម​។ ​​លោក​បន្ថែម​ថា ​មាន​ពលករ​រាប់​រយ​​នាក់​ ដែល​អង្គការ​របស់​លោក​ និង​​រដ្ឋាភិបាល​​បាន​ជួយ​សង្គ្រោះ​​ក្នុង​អំឡុង​ឆ្នាំ២០១៦​ និង​​ឆ្នាំ២០១៧​ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ​សីហា​នេះ​ ពួកគេ​នៅ​តែ​មិន​ទាន់​​ទទួល​បាន​​សំណង​នៅ​ឡើយ​។​​​​៖

«ការងារ​ចុះ​ទូក​នេះ​ជា​ប្រភេទ​ការងារ​គ្រោះ​ថ្នាក់​ បើ​ថា​គេច​ពី​ផ្ទះ​ទៅ​ធ្វើ​ការ​ស្រុក​គេ​សូម​ជ្រើសរើស​ការងារ​ តាម​រោងចក្រ​ ការងារ​ណា​ដែល​មិន​ប្រឈម​គ្រោះ​ថ្នាក់​។​ចំពោះ​ការងារ​ដែល​គួរ​ប្រយ័ត្នប្រយែង​ហ្នឹង​ការងារ​ចុះ​ទូក​ការងារ​សំណង់​ ដែល​ជា​ប្រភេទ​ការងារ​ខ្វះ​ការ​ការពារ​។អីចឹង​​រដ្ឋាភិបាល​ប្រទេស​បញ្ជូន​ក៏ដោយ​ប្រទេស​ទទួល​ក៏​ដោយ​ធ្វើ​យ៉ាង​ម៉េច​ធានា​នូវ​ ដំណើរ​ភាព​មាន​ប្រព័ន្ធ​ការ​ធានា​សុវត្ថិភាព»

​​កាល​ពី​​ខែ​មិថុនា​ឆ្នាំ​២០១៩​ មាន​ពលករ​ខ្មែរ​ចំនួន ​២នាក់​​បាន​លិច​ទូក​ស្លាប់​​​ម្ដង​រួច​មក​ហើយ​ ក្នុង​ពេល​ដែល​ពួកគេ​​ធ្វើ​​ការ​នៅ​លើ​ទូក​នេសាទ​ថៃ​​​ នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ។

​របាយការណ៍​របស់​អង្គការ​សង់​ត្រាល់​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ប្រមាណ​ ២លាន​នាក់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្នុង​នោះ​ពលករ​​​ប្រមាណ ​១ម៉ឺន​នាក់ ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...