កម្មករ​រោងចក្រ​ ២កន្លែង​ផ្សេងៗ គ្នា​ផ្ទុះ​ការ​តវ៉ា និង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ករណី​ថៅកែ​មិន​ទូទាត់​សំណង​ឱ្យ

04
កញ្ញា

កម្មករ​រោងចក្រ​ ២កន្លែង​ផ្សេងៗ គ្នា​ផ្ទុះ​ការ​តវ៉ា និង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ករណី​ថៅកែ​មិន​ទូទាត់​សំណង​ឱ្យ

កម្មករ​-កម្មការិនី​​រោង​ចក្រ រ៉េ សាញ ខ្លូ​ស៊ីង (RAY SHINE​ CLOTHING Co,.​LTD​)​​ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ ជាង​​៣០០នាក់ ស្វែង​រក​កិច្ច​​អន្តរ​គមន៍​​ទៅ​​ស្ថាប័ន​​ពាក់ព័ន្ធ​​ឲ្យ​​ជួយ​​ដោះ​ស្រាយ​​ករណី​​ថៅកែ​​រោងចក្រ​​​រត់ចោល​​ក្រុមហ៊ុន​​​ដោយ​​មិន​បាន​ទូទាត់​​​សំណង និង​​ប្រាក់ខែ​​ជូន​​ពួកគេ​​ចំនួន​​មួយ​ខែ​មកហើយ។ ចំណែក​កម្មករ​រោង​ចក្រ​មួយ​ទៀត​ស្ថិត​នៅ​ខេត្ត​សៀមរាប ក៏​ប្រកាស​បន្ត​តវ៉ាទៀត ខណៈ​ក្រុម​កម្មករ​ចោទ​ថា ថៅកែ​មិន​បាន​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ។ មន្ត្រី​សិទ្ធិ​ការងារ​យល់​ឃើញ​ថា ក្រសួង​ការងារ​គួរ​ធ្វើ​យ៉ាង​​ណា​ជំរុញ ឬមាន​នីតិវិធី​ក្នុង​ការលក់​ឡៃឡុង​នូវ​សម្ភារៈ​នៅក្នុង​រោងចក្រ ដើម្បី​យក​ប្រាក់​មក​ទូទាត់​សង​ជូន​កម្មករ​ដែល​​កំពុង​ជួប​ការ​លំបាក។

តំណាង​កម្មករ​រោងចក្រ រ៉េ សាញ ខ្លូស៊ីង (RAY SHINE​ CLOTHING Co,.​LTD​) លោក​ស្រី ទឹម បុប្ផា ឲ្យ​ដឹង​​ថា កម្មករ​​រោង​ចក្រ​នេះ ធ្លាប់​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពីក្រសួង​ការងារ​រួចមក​ហើយ ប៉ុន្តែ​រហូត​មកដល់​ពេលនេះ ពុំទាន់​មាន​ដំណោះ​ស្រាយ​ណាមួយ​ជូន​ពួកគេ​នោះទេ។ លោកស្រី​​បន្តថា កម្មករ​-កម្មការិនី​​នៅ​រោងចក្រ​នេះ​ កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព ដោយ​ពុំ​មាន​ប្រាក់​បង់​ធនាគារ ខ្វះថ្លៃ​ឈ្នួល​បន្ទប់ ថ្លៃ​ចាយ​វាយ​ប្រចាំ​ថ្ងៃ និង​បញ្ហា​ខ្វះការងារ​ធ្វើ​ជាដើម។

តំណាង​កម្មករ​រោងចក្រ រ៉េ សាញ ខ្លូស៊ីង រូប​នេះ អះអាង​ថា ថៅកែ​បាន​ជំពាក់​ប្រាក់ខែ​ពួកគេ​ចាប់​តាំង​ពីខែ កក្កដា មក​ហើយ​ក្រុម​កម្មករ​គ្រោង​នឹង​ចេញ​តវ៉ា​នៅថ្ងៃ​ទី២ ខែកញ្ញា ប្រសិន​បើ​នៅតែ​គ្មាន​ដោះ​ស្រាយ។ លោកស្រី​ លើកឡើង​ថា ក្រសួង​ការងារ​បាន​អញ្ជើញ​កម្មករ​ជួប​នៅថ្ងៃ​ស្អែក​ទី០២ ខែកញ្ញា ដើម្បី​ចចារ​នេះ៖ «កម្មករ​ទាំង​អស់​ហ្នឹង គឺ​ប៉ះពាល់​ជាងគេ គឺ​ជីវភាព ហើយ​នឹង​អត់​លុយ​បង់​លុយ​រដ្ឋ បង់​ធនា​គារ​ហ្នឹង វា២ខែ​ហើយ ចូល​ខែហ្នឹង​ទៀត​នោះ ហើយ​សំខាន់​ជាងគេ​ហ្នឹង​វាអត់​មាន​លុយ ចាយ​ទៀត​បង​អើយ។ សព្វ​ថ្ងៃ​ហ្នឹង​មក​កូដ​កម្ម​មុខ​រោង​ចក្រ​តវ៉ា​ហ្នឹង មាន​តែ​អ្នក​ជួយ​បន្តិចៗ​ទេ ដូចជា​ទឹក ដូចជា បាយ​កញ្ចប់​អីចឹង​ម្នាក់​បន្តិចៗ​ចឹង បើ​តាម​សមត្ថភាព​រាល់​ថ្ងៃ​គឺខ្ញុំ​អត់មាន​ទេ ចឹង​គឺខ្ញុំ​សុំ​ស្នើ​ទៅ​ខាង​លើ​ជួយ​ពួកខ្ញុំ​កម្មករ​នៅ​រោងចក្រ​រ៉េ សាញ​​ហ្នឹង​​ផង»

រីឯ​ក្រុម​កម្មករ​នៅ​រោងចក្រ​មួយ​ទៀត ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប គឺ​រោងចក្រ ​ផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics Cambodia Co., Ltd) នៅ​ប្រកាស​បន្ត​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុម​ហ៊ុន ទាមទារ​ឲ្យ​ថៅកែ​ជនជាតិ​ហុឡង់ដ៍​ គោរព​លក្ខ​ខណ្ឌ​ការងារ និង​ទទួល​យក​តំណាង​សហជីព​២នាក់​ចូល​ធ្វើការ​វិញ។

ប្រធាន​សហជីព​ឯករាជ្យ​សាមគ្គី​និយោ​ជិក​នៃ​រោងចក្រ ​ផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics (Cambodia Co., Ltd) លោក ម៉េត រ៉ាត អះអាងថា ក្រុមហ៊ុន​មិន​បាន​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ​នោះទេ។ លោក​ចាត់​ទុក​ថា ដំណោះ​ស្រាយ​ដែល​ភាគី​ក្រុមហ៊ុន​ផ្តល់​ឲ្យ​កម្មករ​កាល​ពីថ្ងៃ​ទី៣១ ខែសីហា គឺ​មាន​លក្ខណៈ​រើង​អើស​ដល់​កម្មករ​-កម្មការិនី និង​សហជីព​រោងចក្រ​នេះ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​​ទាមទារ​អត្ថប្រយោជន៍​របស់​ខ្លួន។ លោក អះអាង​ថា ក្រុម​កម្មករ​នៅតែ​ប្រកាន់​ជំហរ​ថា នឹង​បន្ត​ធ្វើ​កូដកម្ម​មុខ​រោង​ចក្រ រហូត​ដល់​ខាង​ថៅកែ​ទទួល​តំណាង​សហជីព​ចូល​ធ្វើ​ការងារ​វិញ៖ «ខ្ញុំ​គិត​ថា ករណី​ហ្នឹង​វា​មិនមែន​ជា​ការ​ខាតបង់​អី​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​​ចូល​ធ្វើការ​វិញ​នោះ។ កាល​ណា​បើ​យើង​យក​ថ្នាក់​ដឹកនាំ​សហជីព​ ២នាក់​ចូល​ធ្វើការ​វិញ ក្រុម​ហ៊ុន​ក៏​ដំណើរ​ការ​​ចង្វាក់​ផលិតកម្ម ហើយ​ក្រុម​ហ៊ុន​ក៏​ទទួល​បាន​ចំណូល ហើយ​ក៏​មាន​អ្នក​បញ្ជា​ទិញ​វិញ​ដែរ។ យើង​អាច​​និយាយ​បាន​ថា វា​ឈ្នះ​ទាំង​អស់​គ្នា​ ទាំង​កម្មករ​និង​និយោជក»

កាល​ពី​ថ្ងៃ​ទី៣១​ ខែ​សីហា ​រោងចក្រ ​ផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics Cambodia Co., Ltd) បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​កម្មករ​និយោជិត​ទាំង​អស់​ថា ក្រុមហ៊ុន​នឹង​អនុវត្ត​ការ​ផ្តល់​ប្រាក់​ឈ្នួល​តាមការ​ប្រកាស​របស់​ក្រសួង​ការងារ​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​ដល់​និយោជិត​ទាំងអស់​មាន​ដូច​ជា ប្រាក់​ឈ្នួល​ ១៩០​ដុល្លារ​ក្នុង ១ខែ ប្រាក់​រង្វាន់​ធ្វើ​ការងារ​ទៀងទាត់ ១០​ដុល្លារ​ក្នុង ១ខែ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ ៧ដុល្លារ​​ក្នុង​ ១ខែ ប្រាក់​រំលឹក​អតីត​ភាព​មុន​ឆ្នាំ២០១៩ និង​ប្រាក់​បំណាច់​ឆ្នាំ២០២០។ ក្រុម​ហ៊ុន​នេះ នឹង​មិន​ផ្តល់​ប្រាក់​ឈ្នួល​ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​​ជូន​ដល់​កម្មករ​និយោជិក​ដែល​កំពុង​ធ្វើ​កូដ​កម្ម​នោះ​ទេ។ ចំណែក​ករណី​ក្រុម​ហ៊ុន​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព ចំនួន​ពីរ​នាក់​នោះ ក្រុមហ៊ុន​នៅ​តែ​រក្សា​ជំហរ​បន្ត​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់។

រោងចក្រ​ផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics (Cambodia Co., Ltd) គឺ​ជា​រោងចក្រ ​ផលិត​កាបូប​បុរស-​ស្ត្រី ​ស្ពាយ​ពី​ក្រោយ​ខ្នង និង​យួរ​ដៃ​ ដែល​នាំ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប។ រោងចក្រ​នេះ មាន​កម្មករ​ កម្មការិនី ​បម្រើ​ការ​សរុប ​៣៣០​នាក់ និង​មាន​ទី​តាំង​នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។​

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស ​ហៅកាត់​ថា សង់ត្រាល់ ​(CENTRAL) ​លោក ​ឃុន​ ថារ៉ូ មាន​ប្រសាសន៍​ថា លោកសាទរ​ចំពោះ​សេចក្តី​ជូន​ដំណឹង​របស់​រោង​ចក្រ​ផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics (Cambodia Co., Ltd) ដែល​អនុវត្ត​ការ​ផ្តល់​ប្រាក់​អប្បរ​មា​ជូន​កម្មករ​និយោជិត​​តាម​ក្រសួង​ការងារ។ ទោះជា​យ៉ាង​ណា លោក​ជំរុញ​ឲ្យ​ក្រសួង​ការងារ​ពិចារណា​ធ្វើ​មោឃភាព​នូវ​លិខិត​ដែល​ចេញ​ដោយ​​អធិការ​កិច្ច​ការងារ​នៃ​មន្ទីរ​ការងារ​ខេត្ត​សៀមរាប ដើម្បី​ឲ្យ​មន្ត្រី​សហជីព​ទាំងពីរ​នាក់ ​បាន​ចូល​ធ្វើការ​វិញ។ មួយ​វិញ​ទៀត​ លោក​សង្ឃឹម​ថា ក្រសួង​ការងារ​នឹង​ស្វែង​រក​នីតិវិធី​ ដើម្បី​ជំរុញឲ្យ​មាន​ដំណោះ​ស្រាយ​សម្រាប់​​ក្រុម​កម្មករ​នៅ​រោងចក្រ​រ៉េ សាញ ខ្លូស៊ីង (RAY SHINE​ CLOTHING Co,.​​LTD​​) ដែល​ត្រូវ​បាន​ថៅកែ​រត់​ចោល ដោយ​មិន​ទូទាត់​សំណង​ជូន​កម្មករ។ លោក​ចាត់ទុក​ថា ករណី​រត់ចោល​នេះ គឺជា​កំហុស​ធ្ងន់ធ្ងរ​មួយ​របស់​និយោជក៖ «ន័យ​ដែល​យើង​ប្រើ​ប្រាស់​ថា ថៅកែ​រត់ចោល​ហ្នឹង​វា​មិនមែន​ជា​ពាក្យ​ច្បាប់​ទេ ព្រោះ​កាតព្វកិច្ច​​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​មួយ​គឺ​មាន​នូវ​នីតិវិធី​ការ​ចុះបញ្ជី​ក្រុមហ៊ុន​​ត្រឹមត្រូវ អភិបាល​កិច្ច​របស់​ក្រុម​ហ៊ុន​​មុន​ការ​ប្រកាស​បិទ​នីតិវិធី​នៅ​ក្នុង​ការ​បិទ​សហគ្រាស​អី​ជាដើម​អញ្ចឹង។ អញ្ចឹង​អា​ចំណុច​មួយ​ហ្នឹង​ហើយ​ដែល​ក្រសួង​ហ្នឹង​ត្រូវតែ​អនុវត្ត​នូវ​វិធាន​ការ​តឹងរ៉ឹង​សម្រាប់​និយោជក​ហ្នឹង។ យើង​មិន​អាច​យក​ហេតុផល​នៃ​ការ​រត់ចោល​ហ្នឹង មិន​គិត​ពី​កាតព្វកិច្ច​នៅ​ក្នុង​ការ​ទូទាត់​ប្រាក់ឈ្នួល​ឲ្យ​កម្មករ​និយោជិត​ទេ ហើយ​ការ​មិន​ទូទាត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​​និយោជិត​នេះ គឺ​ជា​​កំហុស​ធ្ងន់​របស់​និយោជក អា​ហ្នឹង​បើ​សិន​ជា​យើង​ផ្អែក​នៅ​ក្នុង​មាត្រា​៨៣ នៃ​ច្បាប់​ស្ដីពី​ការងារ អា​ហ្នឹង​គឺជា​កំហុស​​​ធ្ងន់។ បើសិន​​អា​ហ្នឹង​គឺជា​កំហុស​ធ្ងន់ ក្រសួង​ហ្នឹង​​ហើយ​ ដែល​ជាអ្នក​មាន​សមត្ថកិច្ច​នៅ​ក្នុង​ការ​ចាត់​វិធាន​ការ​អនុវត្ត​ឲ្យ​បាន»

ក្រុម​កម្មករ-កម្មការិនី​ទាំង ២​រោងចក្រ ប្ដេជ្ញា​ថា ពួកគេ​នឹង​ធ្វើការ​តវ៉ា​ជាថ្មី​ម្តង​ទៀត​នៅមុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​នៅ​ខេត្ត​សៀម​រាប​បន្ត​ទៀត​ ប្រសិន​បើ​ក្រសួង​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​ជូន​កម្មករ​ទេ ​និង​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​នេះ​ចូល​ទៅ​ធ្វើការ​វិញ និង​ចរចា​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ជា​បន្ត​ទៀត៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...