ថៃ​សម្រេច​បន្ត​សុពលភាព​នៃ​ការស្នាក់នៅ​ និង​ធ្វើការ​សម្រាប់​ពលករ​ខ្មែរ​ដល់​ឆ្នាំ​ ២០២២

02
កញ្ញា

ថៃ​សម្រេច​បន្ត​សុពលភាព​នៃ​ការស្នាក់នៅ​ និង​ធ្វើការ​សម្រាប់​ពលករ​ខ្មែរ​ដល់​ឆ្នាំ​ ២០២២

ភ្នំពេញៈ រាជរដ្ឋាភិបាល​របស់​ប្រទេស​ថៃ​ បាន​សម្រេច​បន្ត​សុពលភាព​នៃ​ការស្នាក់នៅ​ និង​ធ្វើការ​ដល់​ពលករ​ខ្មែរ​រហូត​ដល់​ខែមីនា ឆ្នាំ​ ២០២២ ដោយ​តម្រូវឱ្យ​និយោជក​ ឬ​តំណាង​និយោជក​ត្រូវ​នាំ​ពលករ​ទៅ​ដាក់ពាក្យ​ស្នើសុំ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ និង​បណ្ណ​អនុញ្ញាត​ការងារ​ចាប់ពី​ខែ​សីហា ដល់​ចុង​ខែ​តុលា ឆ្នាំ​ ២០២០​។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ស្តីពី​ការបន្ត​ស្នាក់នៅ​ និង​ធ្វើការ​សម្រាប់​បងប្អូន​ពលករ​ខ្មែរ​ក្នុង​ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​កាសែត​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​ឱ្យ​ដឹងថា ចំពោះ​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ​ក្នុង​ស្ថានភាព​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ នេះ រដ្ឋាភិបាល​ថៃ​បាន​សម្រេច​បន្ត​សុពលភាព​ការស្នាក់នៅ​ និង​ធ្វើការ​ដល់​ពលករ​ខ្មែរ​ចំនួន​ ៤ ​ក្រុម​។

សម្រាប់​ក្រុម​ទី​១ គឺ​ពលករ​ដែល​ចូលមក​ធ្វើការ​ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ​ចប់​កិច្ចសន្យា​ការងារ​ ៤ ​ឆ្នាំ​។ ក្រុម​ទី​២ គឺជា​ក្រុម​ពលករ​ដែល​ចូល​មក​ធ្វើការ​ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) បាន​អស់​សុពលភាព​ស្នាក់នៅ និង​នៅ​ធ្វើការ​ដោយសារ​និយោជក​ចាស់​ឈប់​ជួល ហើយ​មិន​អាច​ធ្វើការ​ប្តូរ​និយោជក​បាន​ទាន់​ពេលវេលា​តាមច្បាប់​កំណត់​។ ឯ​ពលករ​ក្រុម​ទី​៣ គឺ​ពលករ​ព្រមទាំង​អ្នក​នៅក្នុង​បន្ទុក​ធ្លាប់​បាន​បញ្ជាក់​អត្តសញ្ញាណ​ និង​មាន​លិខិតឆ្លងដែន​ ឬ​លិខិត​ធ្វើដំណើរ​ដែល​អស់​សុពលភាព​ស្នាក់នៅ​ និង​ធ្វើការ​ចាប់ពី​ថ្ងៃទី​ ៣០ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ ​ដល់​ថ្ងៃទី​ ៣០ ខែ មិថុនា ឆ្នាំ​ ២០២០ ​ដោយសារ​និយោជក​ពុំបាន​នាំ​ទៅ​ដំណើរ​ការចុះ​បញ្ជី​ឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ​ឱ្យបាន​ទាន់​ពេលវេលា​។ សម្រាប់​ក្រុម​ចុងក្រោយ​គឺ​ក្រុម​ទី​៤ គឺ​ពលករ​ដែល​ចូល​មក​ធ្វើការ​ព្រឹក​វិល​ល្ងាច និង​តាម​រដូវ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។

ស្ថានទូត​កម្ពុជា​បាន​បញ្ជាក់ថា៖ «​សម្រាប់​ក្រុម​ទី​១ ទី​២ និង​ទី​៣ ត្រូវបាន​អនុញ្ញាត​ឱ្យ​ស្នាក់នៅ និង​ធ្វើការ​បណ្តោះអាសន្ន​ចាប់​តាំងពី​ដើម​ខែ​សីហា ឆ្នាំ​ ២០២០ រហូតដល់​ថ្ងៃទី​ ៣១ ខែ មករា ឆ្នាំ​ ២០២១ ប៉ុន្តែ​ក្នុង​អំឡុង​ពេលនេះ ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ស្នាក់នៅ និង​ធ្វើការ​រហូតដល់​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២២ និយោជក​ ឬ​តំណាង​និយោជក​ត្រូវ​នាំ​ពលករ​ខ្មែរ​ទៅ​ដំណើរការ​ដាក់​ពាក្យស្នើសុំ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ និង​បណ្ណ​អនុញ្ញាត​ការងារ​ឱ្យបាន​រួចរាល់​ចាប់ពី​ថ្ងៃទី​ ១៧ ខែ​សីហា ដល់​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​ ២០២០»​។

សេចក្តី​ជូនដំណឹង​នេះ​បាន​ឲ្យ​ដឹងថា សម្រាប់​ពលករ​ក្នុង​ក្រុមទី​៤ គឺ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​ និង​ធ្វើការ​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​ ១ ខែ​ សីហា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ៣១ ខែ​ តុលា ឆ្នាំ​ ២០២០ ប៉ុន្តែ​ក្នុងអំឡុង​ពេលនេះ ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ស្នាក់នៅ​ និង​ធ្វើការ​រហូតដល់​ថ្ងៃទី​ ៣១ ខែ​ មីនា ឆ្នាំ​ ២០២២ និង​និយោជក​ ឬ​តំណាង​និយោជក​ត្រូវ​នាំ​ពលករ​ទៅធ្វើ​ដំណើរការ​ដាក់ពាក្យ​ស្នើសុំ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ និង​បណ្ណ​អនុញ្ញាត​ការងារ​ឱ្យបាន​រួចរាល់​ចាប់ពី​ថ្ងៃទី​ ១៧ ខែ​សីហា ដល់​ខែ​តុលា ឆ្នាំ​ ២០២០​។

លោក ហេង សួរ អ្នក​នាំពាក្យ​នៃ​ក្រសួង​ការងារ​មិន​អាច​សុំ​ការអធិប្បាយ​បានទេ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។ ចំណែក​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបន្ត​សុពលភាព​នៃ​ការស្នាក់នៅ​ និង​ធ្វើការ​គឺជា​រឿង​មួយ​ល្អ​សម្រាប់​ពលករ​ដែល​កំពុង​នៅ​ប្រទេស​ថៃ ប៉ុន្តែ​មាន​ចំណុច​មួយចំនួន​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​គិត​ចំពោះ​ពលករ​ខ្មែរ​នៅពេល​ដែល​ថៃ​បន្ត​បិទ​ប្រទេស​របស់គេ​ដែល​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​គេ​ក៏​មិនទាន់​បាន​ល្អ​ប្រសើរ​ដែរ ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ទទួល​រង​នូវ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​ ដោយ​បន្ត​ព្យួរ បិទ និង​កាត់បន្ថយ​កម្លាំង​ពលកម្ម​កម្មករ​ជាដើម​។

លោក មឿន តុលា បាន​ថ្លែងថា​៖ «​ខ្ញុំ​គិត​ថា អ្វីដែល​រដ្ឋាភិបាល​របស់​យើង​ត្រូវធ្វើ​គឺ​គួរ​ពិចារណា​ជួយ​ពលករ​ខ្មែរ​យើង​ដែល​បាត់បង់​ការងារ បាត់បង់​ចំណូល​នៅ​ថៃ​ដោយ​ការ​ផ្តល់នូវ​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ ស្បៀងអាហារ​ ឬ​ថវិកា​ជាដើម​។ មួយវិញ​ទៀត​គឺ​ការជួយ​ដោះ​បន្ទុក​របស់​ក្រុមគ្រួសារ​ពួកគាត់​នៅ​ស្រុកកំណើត​ដែល​ជំពាក់​បំណុល​ធនាគារ​ ឬ​អ្នកណាម្នាក់ គួរតែ​រដ្ឋាភិបាល​ជួយ​សម្រួល​ដោយ​ការបន្ថយ​ការប្រាក់​ ឬ​ពន្យារ​ការបង់​មួយរយៈ​ដើម្បី​ដោះស្រាយ​ជីវភាព​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...