កម្មករ​រោង​ចក្រ​សឺពីយ៉ា (SEPIA) តវ៉ា​ជា​ថ្មី ទាមទារ​ថៅកែ​​បើក​ប្រាក់​ឈ្នួល

14
កញ្ញា

កម្មករ​រោង​ចក្រ​សឺពីយ៉ា (SEPIA) តវ៉ា​ជា​ថ្មី ទាមទារ​ថៅកែ​​បើក​ប្រាក់​ឈ្នួល

កម្មករ​រោង​ចក្រ សឺពីយ៉ា SEPIA (CAMBODIA) GARMENT CO.,LTD. ប្រមាណ ១០០នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ បន្ត​ការ​តវ៉ា​ជាថ្មី ទាមទារ​ឲ្យ​ថៅកែ​រោង​ចក្រ បើក​ប្រាក់​ឈ្នួល​សម្រាប់​ខែសីហា ឲ្យ​ពួកគេ​តាម​ការ​សន្យា បន្ទាប់​ពី​ថៅកែ​រោងចក្រ​បាន​សន្យា​បើក​ប្រាក់​ឈ្នួល​សង​ពួកគេ​វិញ នៅ​ថ្ងៃ​ទី១០ ខែកញ្ញា។ ចំណែក​ក្រុម​បុគ្គលិក​នៃ​សណ្ឋាគារ ឡឺម៉េរីឌាន​អង្គរ (Le Meridian Angkor) នៅ​ឯ​ខេត្ត​សៀមរាប ក៏​បន្ត​តវ៉ា​ទាមទារ​ដំណោះ​ស្រាយ​ដែរ​នៅ​ថ្ងៃ​ទី១៤ ខែកញ្ញា។

តំណាង​កម្មករ​រោងចក្រ សឺពីយ៉ា លោកស្រី ហែម​ សិរីសោភា​ ឲ្យដឹង​ថា លោកស្រី ​និង​កម្មករ​ជាច្រើន​ទៀត តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​រោង​ចក្រ​នេះ បើក​ប្រាក់​ឈ្នួល​សម្រាប់​ខែសីហា តែមួយ​ចំណុច​​ប៉ុណ្ណោះ ដែល​ថៅកែ​បាន​ជំពាក់​ពួកគេ។ លោកស្រី​បន្ត​ថា កម្មករ​បាន​ដេក​យាម​នៅ​មុខ​រោង​ចក្រ​ទាំង​យប់​ទាំង​ថ្ងៃ​ជិត​មួយ​ខែហើយ ដើម្បី​ការពារ​មិន​ឲ្យ​ថៅកែ​រោង​ចក្រ​នេះ​ដឹក​ឥវ៉ាន់​ចេញ។ លោក​ស្រី​បន្ត​ថា​ ថៅកែ​មិន​បាន​គោរព​តាម​កិច្ច​សន្យា​នោះ​ទេ បន្ទាប់​ពី​បាន​ដឹក​ឥវ៉ាន់​ដែល​មាន​នៅ​ក្នុង​រោង​ចក្រ​ចេញ​រួច ហើយ​តែង​តែ​យឺត​យ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ខែ​ជូន​កម្មករ ដោយ​បើក​កន្លះ​ខែ ជំពាក់​កន្លះ​ខែ​ជា​ដើម។

លោក​ស្រី ហែម​ សិរីសោភា ត្អូញត្អែរ​ថា កម្មករ​រោងចក្រ​ភាគច្រើន​ពុំបាន​ទៅ​ស្រុក​កំណើត​ជួបជុំ​ឪពុក​ម្ដាយ បងប្អូន ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី ដើម្បី​ធ្វើ​បុណ្យ​ដូច​គេ​នោះ​ទេ ដោយសារ​ពួកគេ​កំពុង​ជួប​ការ​លំបាក​ គ្មាន​ប្រាក់​បង់ថ្លៃ​បន្ទប់​ជួល ប្រាក់​បង់​ធនាគារ និង​គ្មាន​ប្រាក់​សម្រាប់​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ជាដើម៖ «អ្វី​ដែល​ទាមទារ​ច្រើន​ចំណុច ប៉ុន្តែ​ជាក់​ស្ដែង​ឥឡូវ​ហ្នឹង​ គឺ​កម្មករ​ចង់​បាន​លុយ​​ប្រាក់​ខែ​ក្នុង​ខែ៨ ដើម្បី​គ្នា​ទូទាត់​លុយ​ថ្លៃ​ផ្ទះ​ឲ្យ​ខាង​ម្ចាស់ និង​ធ្វើ​ជា​សោហ៊ុយ​ទៅ​ស្រុក​ធ្វើ​បុណ្យ​ជូន​ម៉ែ ជូន​ឪ​ធ្វើ​បុណ្យ​អ៊ីចឹង​ទៅ​ ព្រោះ​អី​ឥឡូវ​ហ្នឹង គឺ​អត់​មាន​លុយ​ទេ គឺ​នាំ​គ្នា​នៅ​មុខ​រោងចក្រ​ហ្នឹង ទន្ទឹង​រង់ចាំ​ខាង​ក្រសួង ខាង​ណា​ដែល​ពាក់ព័ន្ធ​​​អ៊ីចឹង ជួយ​ដោះ​ស្រាយ​ឱ្យ​ខាង​កម្មករ ព្រោះ​អី​អត់​ទាន់​មាន​ខាង​ណា​គេ​មក​អន្តរាគមន៍​ទេ»

កម្មករ​-កម្មការិនី​នៅ​រោង​ចក្រ សឺពីយ៉ា ធ្លាប់​​ដាក់​ញត្តិ​ជា​ច្រើន​លើក​មក​ហើយ​នៅ​ក្រសួង​​ការងារ និង​​ស្ថាប័ន​​ពាក់​ព័ន្ធ តែ​​ពុំ​ឃើញ​មាន​ដំណោះ​ស្រាយ​ជូន​កម្មករ​នោះ​ទេ។ ពួកគេ​ស្នើ​ឲ្យ​ក្រសួង​ការងារ​បិទ​រោង​ចក្រ​នេះ​ចោល​តែ​ម្តង ប្រសិន​បើ​ដំណើរ​ការ​ហើយ​មិន​មាន​ប្រាក់​បើក​ឲ្យ​កម្ម​ករ​ដដែល។

ដោយឡែក នៅថ្ងៃ​ដដែល​នេះ ក្រុម​បុគ្គលិក​សណ្ឋាគារ​ឡឹមេរីឌាន​អង្គរ (Le Meridian Angkor) ស្ថិត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ នៅតែ​បន្ត​ការ​​តវ៉ា​ទាមទារ​ ដោយ​មាន​កាន់​បដា និង​ដើរ​ហែរ​ក្បួន​ចូល​តវ៉ា​នៅ​ខាង​ក្នុង​សណ្ឋាគារ​បន្ត​ទៀត ​ដើម្បី​ទាម​ទារ​ឲ្យ​​ថ្នាក់​ដឹកនាំ​សណ្ឋាគារ​នេះ ​ទទួល​យក​មេដឹកនាំ​ និង​សកម្មជន​សហជីព​ជា​ស្ត្រី​​ ៣​រូប ​បាន​ចូល​ធ្វើ​ការ​វិញ។

គណៈកម្មាធិការ​ស្ត្រី​របស់​សហជីព​ឡឺម៉េរីឌាន​អង្គរ កញ្ញា ឌឿម ឆៃយ៉ា បញ្ជាក់​ថា រយៈ​ពេល ៦ថ្ងៃ​ហើយ​ដែល​បុគ្គលិក​សណ្ឋាគារ​នេះ​ធ្វើការ​តវ៉ា ដើម្បី​រក​យុត្តិធម៌​ជូន​ថ្នាក់​ដឹកនាំ​សហជីព​របស់​ពួកគេ ដែល​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​សណ្ឋាគារ​នេះ បញ្ឈប់​ពី​ការងារ​។ កញ្ញា​បន្តថា ការ​អូស​បន្លាយ​វិវាទ​ការងារ​រហូត​មកដល់​ពេល​នេះ ដោយសារ​​តែ​ខាង​មន្ទីរ​ការងារ​ខេត្ត​សៀមរាប​បាន​ញែក​វិវាទ​របស់​បុគ្គលិក​សណ្ឋាគារ​ជា ៣ចំណុច ដោយ ​២ចំណុច ជា​វិវាទ​រួម និង​ ១ចំណុច​ជា​វិវាទ​បុគ្គល ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​ចង់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​នោះ ដាក់​វិវាទ​ទាំង ៣ចំណុច​នោះ​ជា​វិវាទ​រួម និង​ស្នើ​ឲ្យ​បញ្ជូន​ករណី​នេះ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

កញ្ញា ឌឿម ឆៃយ៉ា អះអាង​ថា ថ្នាក់​ដឹក​នាំ​សណ្ឋាគារ​នេះ មាន​ការ​រើស​អើង​ចំពោះ​សហជីព ដែល​ហ៊ាន​ចេញ​មុខ​ការពារ​អត្ថ​ប្រយោជន៍​របស់​បុគ្គលិក​មិន​ឲ្យ​ម្ចាស់​សណ្ឋាគារ​កាត់​ប្រាក់​ខែ​បុគ្គលិក ដែល​មាន​ប្រាក់​ខែ​ទាប។ កញ្ញា​បន្ថែម​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​ម្ចាស់​សណ្ឋាគារ ធ្វើ​ទុក​ម្នេញ​មក​លើ​សហជីព ដោយ​បណ្ដេញ​ចេញ​ពី​ការងារ​នេះ៖ «ក្នុង​នាម​ខ្ញុំ​ដែល​ជា​បុគ្គលិក​បម្រើ​ការ​នៅ​សណ្ឋាគារ​ឡឺមេរីឌាន ក៏ដូចជា​សមាជិក​ផ្សេងៗ សូម​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ លោក​ជំទាវ សូម​មេត្តា​ជួយ​មើល​កូនចៅ​ផង ពី​ព្រោះ​កូនចៅ​អត់​ចង់​ធ្វើ​ទេ អាការ​ដែល​មក​ចេញ​ឈរ​តវ៉ា ហើយ​ចាក់​ភ្លេង ចាក់​អី​ពេញ​ផ្លូវ​ហ្នឹង ដោយ​សារ​តែ​អានេះ​ជា​ភាព​អយុត្តិធម៌ ដែល​កូន​ចៅ​មិន​អាច​ទទួល​បាន​ពី​ខាង​មន្ទីរ​ការងារ​ខេត្ត​សៀមរាប អ៊ីចឹង​សូម​សំណូមពរ​ឲ្យ​លោក​មេត្តា​ជួយ​មើល​ដល់​កូនចៅ ដល់​កម្មករ​ផង។ ថា​កូវីដ​ទៅ​វា​លំបាក​ហើយ​ដល់​ពេល​ឥឡូវ គេ​មក​បញ្ចប់​ការងារ​ហើយ គេ​មក​អត់មាន​បើក​ប្រាក់​ខែ​បើក​អី​ទៀត គឺ​កូន​ចៅ​រឹតតែ​លំបាក​មែន​ទែន»

អាស៊ី​សេរី​មិន​អាច​​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​ លោក សេង សក្តា ដើម្បី​សាកសួរ​អំពី​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​​នេះ​បាន​ទេ នៅថ្ងៃ​ទី១៤ ខែកញ្ញា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

អ្នក​គ្រប់​គ្រង​កម្មវិធី​នៃ​មជ្ឈ​មណ្ឌល​សង់​ត្រាល់ (Central) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោក​ស្ដាយ​នូវ​កិច្ច​អន្តរាគមន៍​ក្រសួង​ការងារ ដែល​មិន​បាន​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​សម្រប​សម្រួល​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​ស៊ឺពីយ៉ា ទូទាត់​ប្រាក់​ខែ​ជូន​កម្មករ និង​ជំរុញ​ឲ្យ​ម្ចាស់​សណ្ឋាគារ ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៣រូប​ចូល​ធ្វើការ​វិញ ។ លោក​បន្ត​ថា ក្រសួង​ការងារ​បាន​បរាជ័យ​ជាច្រើន​សារ​ហើយ​ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​មាន​ដំណោះ​ស្រាយ​ជូន​កម្មករ​និយោជិត​ដែល​ប្រឈម​នឹង​ជីវភាព​រស់នៅ និង​ជំពាក់​បំណុល​ធនាគារ ដោយសារ​ថៅកែ​រោង​ចក្រ។ មួយ​វិញ​ទៀត លោក​លើក​ឡើង​ថា ចំពោះ​ករណី​តវ៉ា​នៅ​ខេត្ត​សៀមរាប គឺ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​សហជីព ត្រូវ​បាន​បំពាន និង​រឹតត្បិត ដោយសារ​ការ​លើក​ហេតុផល​ណា​មួយ​ក្នុង​អំឡុង​ពេល​កូវីដ មក​បណ្ដេញ​សហជីព​កម្មករ​ចេញ​ពី​ការងារ។ លោក​ចាត់​ទុក​ថា ការ​បក​ស្រាយ​ច្បាប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​កម្មករ គឺ​ជា​រឿង​អយុត្តិធម៌៖ «ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​ធ្វើ​អធិការ​កិច្ច​ហ្នឹង​ឲ្យ​វា​មាន​ប្រសិទ្ធ​ភាព តម្លាភាព​អ៊ីចឹង​ហ្អា៎ក្នុង​ករណី​រក​ឃើញ​ថា ​វិវាទ​ដែល​កើត​ឡើង​ហ្នឹង គឺជា​ការ​អនុវត្ត​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការងារ ឈាន​ទៅ​ដល់​មាន​ការ​បញ្ឈប់​ថ្នាក់​​ដឹក​នាំ​សហជីព រោង​ចក្រ​ហ្នឹង ត្រូវ​បាន​បិទ​មិន​មាន​ការ​ជូន​ដំណឹង​ត្រឹម​ត្រូវ អ៊ីចឹង​ត្រូវ​ជំរុញ​នូវ​ការ​ធ្វើ​អធិការ​កិច្ច​ហ្នឹង ប្រកប​ដោយ​តម្លា​ភាព ប្រសិទ្ធ​ភាព​ហើយ​រក​ឲ្យ​ឃើញ​ថា មូល​ហេតុ​អី នៅ​ខាង​ក្រោយ​ការ​បិទ​រោង​ចក្រ​ហ្នឹង ជា​ការ​ក្ស័យ​ធន់ វិបត្តិ​សេដ្ឋ​កិច្ច​ អា​ហ្នឹង​វា​ត្រូវ​មាន​ការ​អំណះអំណាង​ភស្តុ​តាង​បញ្ជាក់​ដើម្បីឲ្យ​ភាគី​ទាំង​សង​ខាង​ហ្នឹង គាត់​ទទួល​យក​បាន​។ ថៅកែ​គាត់​បិទ គាត់​រត់ចោល​ហើយ​គាត់​មិន​ទទួល​ខុស​ត្រូវ អា​ហ្នឹង​វិធាន​ការ​នៃ​ការ​អនុវត្ត​ច្បាប់​ហ្នឹង ក្រសួង​សាមី​ហ្នឹង​ហើយ ក្រសួង​ការងារ​ហ្នឹង​ត្រូវ​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹងរ៉ឹង»

កម្មករ និង​បុគ្គលិក​សណ្ឋាគារ ទាំង ២កន្លែង​នេះ ប្ដេជ្ញា​នឹង​ធ្វើការ​តវ៉ា​ជាថ្មី រហូត​ទាល់​តែ​ក្រសួង​ការងារ ថ្នាក់​ដឹក​នាំ​សណ្ឋាគារ ថៅកែ​រោង​ចក្រ រក​ដំណោះ​ស្រាយ​ជូន​ពួក​គេ​វិញ ទើប​ពួក​គេ​បញ្ឈប់​ការ​តវ៉ា​នេះ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...