មន្ត្រី​​ជាន់​ខ្ពស់​​អាមេរិក​​ទាម​ទារ​​ឱ្យ​​រដ្ឋា​ភិបាល​​កម្ពុជា​​ដោះ​លែង​អ្នក​ជាប់​ឃុំ​​ជាង​១០​នា​ក់​

15
កញ្ញា

មន្ត្រី​​ជាន់​ខ្ពស់​​អាមេរិក​​ទាម​ទារ​​ឱ្យ​​រដ្ឋា​ភិបាល​​កម្ពុជា​​ដោះ​លែង​អ្នក​ជាប់​ឃុំ​​ជាង​១០​នា​ក់​

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជាដោះលែង​មនុស្ស​ជាង១០នាក់ដែល​បាន​ចាប់​ឃុំខ្លួនកាលពី​ពេល​ថ្មី​ៗនេះ ដោយ​និយាយ​ថា ពួក​គេ​ទាំងនោះ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​តប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទទួលបន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ លោក Robert A. Destro និយាយ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោក​នៅ​ថ្ងៃទី១៥ ខែកញ្ញា​នេះ​ថា សិទ្ធិ​សម្តែង​មតិនិង​សិទ្ធិ​ជួបជុំ បានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។

លោក​ថា៖ «សហរដ្ឋអាមេរិកមានការ​ព្រួយបារម្ភ​ជា​ខ្លាំងអំពី​ការ​ចាប់ខ្លួន​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​ទាំងនេះ ហើយ​យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​ [កម្ពុជា​] ដោះលែង​ពួក​គេ​ជាបន្ទាន់និង​អនុញ្ញាត​ឱ្យ​ពួក​គេ​សម្តែង​មតិ»។

ចាប់ពី​ចុងខែ​កក្កដា​មក អ្នក​តវ៉ា​ដោយសន្តិវិធី​សរុប១២នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំខ្លួន ក្នុង​នោះ​មាន​យុវជន​ខ្មែរ​ថាវរៈ យុវជន​មាតា​ធម្មជាតិ និង​យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ រួម​ទាំង​ព្រះសង្ឃ​មួយ​អង្គ ព្រះនាម កើត សារ៉ាយ។

ការ​ចាប់ខ្លួន​យុវជន​ទាំងនោះ​ជាបន្តបន្ទាប់ បាន​ធ្វើឡើង​ខណៈ​ដែល​ពួក​គេ​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពី​គម្រោង​ជួបជុំ​តវ៉ានៅ​ទីលាន​ប្រជាធិបតេយ្យ ទាមទារ​ឱ្យ​ដោះលែង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ដោយសារ​និយាយ​រឿង​ព្រំដែន។

មួយវិញទៀត សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា ក៏បាន​រំឭក​ដែរ​ថា អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​បំផុត​មួយ​របស់​កម្ពុជា។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​ថា កម្ពុជាបាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុងទឹក​ប្រាក់​ចំនួន​ជិត៥,៤ពាន់​លាន​ដុល្លារក្នុង​ឆ្នាំ២០១៩ ក្នុង​នោះ ទំនិញ​ក្នុង​តម្លៃ​ជិត១ពាន់​លាន​ដុល្លារ ជា​ទំនិញ​សម្រាប់​ការ​ធ្វើដំណើរដែល​រួមមាន កា​បូប​ដៃ វ៉ា​លី និង​កាបូបស្ពាយ ដែល​ត្រូវ​បាន​លើកលែង​ការ​បង់ពន្ធ​គយនៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​របស់​សហរដ្ឋអាមេរិក។

អាមេរិក​ក៏​លើកឡើង​ដែរ​ថា ក្រុមហ៊ុន​អាមេរិកដែល​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា មិន​ត្រឹមតែ​បង្កើត​ឱ្យ​មានការ​ងារ​ធ្វើ ហើយ​នាំមក​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​នាំមក​នូវ​តម្លាភាព បទដ្ឋាន​បរិស្ថាន និង​បទដ្ឋាន​ការងារ​ខ្ពស់ ហើយ​ផ្តល់​ត្រឡប់ទៅ​ឱ្យ​សហគមន៍​វិញនូវ​កម្ម​វិ​ធី​ថ្មី​ៗទាក់ទង​នឹង​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ចំពោះ​សង្គម។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា លោក ជិន ម៉ា​លីន បាន​ច្រានចោល​ដោយ​និយាយ​ថា ការ​ព្រួយបារម្ភ​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាប់​ជា​សម្អាង​រឹងមាំ មិន​អាច​ជួយ​ក្រុម​អ្នក​រង​ការចោទប្រកាន់​បានទេ។

លោក​ថា៖ «ជាជាង​ការ​ព្រួយបារម្ភ បើសិនជា​គាត់​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ បញ្ជាក់​ច្បាស់​ថា ​អាហ្នឹង​ជា​ការអនុវត្ត​សិទ្ធិ ហើយ​មិនមែន​ជា​ការប្រព្រឹត្ត​បទល្មើស​ទេ សូម​ឱ្យ​គាត់​ចូលរួម​ក្នុង​នីតិវិធី​តុលាការ ដើម្បី​ការពារ​សិទ្ធិ​ជន​ដែល​ត្រូវ​ចោទ​ទាំងអស់​ហ្នឹង»។

ចំណែកអ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់ទុក​ការ​ទាមទារ​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​រូប​នេះ​ថា គ្រាន់តែ​ជា​សិទ្ធិ​បញ្ចេញមតិ​របស់​មន្ត្រី​រូប​នោះ​តែប៉ុណ្ណោះ គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាលនិង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ទេ។

លោក​ថា៖ «វា​មាន​ច្រើន​ផ្នែក អ្នក​ដែល​ប្រកាន់​សច្ចធម៌ ​គេ​ស្វាគមន៍​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក៏ប៉ុន្តែ​អ្នក​ដែល​លម្អៀង​ខាងនយោបាយ កាន់ជើង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ គេ​និយាយ​ថា​ មិន​ត្រឹមត្រូវ»។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា និយាយ​ថា ប្រតិកម្ម​ជាបន្តបន្ទាប់របស់​ឧត្ត​មស្នងការ​អង្គការសហប្រជាជាតិ និង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួម​ទាំង​សហរដ្ឋអាមេរិក​ផង ជា​សញ្ញា​ព្រួយបារម្ភ​ថា កម្ពុជា​អាច​នឹង​បាត់​បង់ទីផ្សារ​ធំ​មួយទៀត​នៅ​សហរដ្ឋអាមេរិក បើ​លំហ​ប្រជាធិបតេយ្យ​នៅតែ​បន្ត​រួម​តូច។

លោក​ថា៖ «បើសិនជា​កម្ពុជា​យើង មិន​ធ្វើអ្វី​មួយ​ឱ្យ​ប្រសើរ​ពី​ស្ថានភាព​សិទ្ធិមនុស្សនិង​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ កម្ពុជា​នឹង​បាត់​ទីផ្សារ​ហ្នឹង​[អាមេរិក​]»។

លោក មឿន តុលា បន្ត​ថា ការដែល​សហភាព​អឺរ៉ុបដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ និង​ឧត្តម​ស្នងការ​អង្គការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ដូចគ្នា​ទៅ​នឹង​សហរដ្ឋអាមេរិក​ដែរ ដោយ​អំពាវនាវ​ឱ្យ​ដោះលែង​អ្នក​ទាំងនោះ​ជាបន្ទាន់ដោយ​ឥត​លក្ខខណ្ឌ និង​ស្នើ​ឱ្យ​បញ្ឈប់​ការ​បំភិតបំភ័យ​មក​លើ​តួអង្គ​តស៊ូ​មតិ​រឿង​សិទ្ធិមនុស្សនិង​បរិស្ថាន​៕

ប្រភព៖l VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...