ម៉ាឡេស៊ី​តម្រូវឱ្យ​ពលរដ្ឋ​ខ្មែរ​បង់​ជាង​ ១ ០០០ ​ដុល្លារ​ សម្រាប់​ធ្វើ​ចត្តាឡីស័ក

28
កញ្ញា

ម៉ាឡេស៊ី​តម្រូវឱ្យ​ពលរដ្ឋ​ខ្មែរ​បង់​ជាង​ ១ ០០០ ​ដុល្លារ​ សម្រាប់​ធ្វើ​ចត្តាឡីស័ក

ភ្នំពេញៈ ប្រជាពលរដ្ឋ សិស្ស-និស្សិត ព្រមទាំង​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​ចូលក្នុង​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​តម្រូវឱ្យ​បង់ថ្លៃ​ធ្វើ​ចត្តាឡីស័ក​ជាង​ ១០០០ ​ដុល្លារ​អាមេរិក សម្រាប់​អ្នកដំណើរ​ម្នាក់ ប៉ុន្តែ​ការបង់​នេះ​មិន​ត្រូវបាន​អនុវត្ត​ចំពោះ​អ្នក​ដែល​បាន​អនុញ្ញាត​ឱ្យធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ​ឡើយ​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ បាន​ជូន​ដំណឹង​កាលពី​សប្តាហ៍​មុន​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជា​សិស្ស-និស្សិត ពលករ-ពលការិនី រួមទាំង​អ្នក​ដែលមាន​ទីលំនៅ​អចិន្រៃ្តយ៍​ ឬ​បណ្តោះអាសន្ន​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​មាន​បំណង​ធ្វើដំណើរ​ចូល​មក​ប្រទេស​ម៉ាឡេស៊ី​វិញ ក្នុង​អំឡុង​ពេល​នៃ​ការអនុវត្ត​បទបញ្ជា​ត្រួតពិនិត្យ​ការធ្វើដំណើរ​ជាមួយ​លក្ខខណ្ឌ​បន្ទូរបន្ថយ (Recovery Movement Control Order-MCO) ​ត្រូវ​បង់ថ្លៃ​ធ្វើ​ចត្តាឡីស័ក (Quarantine)​។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បញ្ជាក់ថា​៖ «​ចាប់ពី​ថ្ងៃទី​ ២៤ ខែ កញ្ញា ឆ្នាំ​ ២០២០ ​តទៅ ជនបរទេស​ទាំងអស់​ត្រូវ​បង់ថ្លៃ​ធ្វើ​ចត្តាឡីស័ក​ចំនួន ៤ ៧០០ ​រីងហ្គីត ឬ​ប្រមាណ​ជា​ ១ ១៥០ ​ដុល្លារ​អាមេរិក​ សម្រាប់​អ្នកដំណើរ​ម្នាក់ ហើយ​ថវិកា​នេះ​ត្រូវ​ជូន​មន្ត្រី​នៃ​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​ដែល​ប្រចាំការ​នៅ​ច្រកចេញចូល​អន្តរជាតិ​នានា​របស់​ប្រទេស​ម៉ាឡេស៊ី​»​។

ការបង់ថ្លៃ​សម្រាប់​ធ្វើ​ចត្តាឡីស័ក​នេះ​មិន​ត្រូវបាន​អនុវត្ត​ចំពោះ​អ្នក​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ ដូចជា​អ្នកមាន​បណ្ណ​អនុញ្ញាត​ធ្វើដំណើរ និង​អ្នកការទូត​។

ស្ថានទូត​កម្ពុជា​បាន​បង្ហាញ​នូវ​តម្លៃ​លម្អិត​នៃ​ការធ្វើ​ចត្តាឡីស័ក​មាន​ថ្លៃ​ប្រតិបត្តិការ​ធ្វើ​ចត្តាឡីស័ក​តម្លៃ​ ២ ៦០០ ​រីងហ្គីត​ ឬ​ប្រមាណ​ជា​ ៦២៣,៦៥ ​ដុល្លារ​អាមេរិក ថ្លៃ​ស្នាក់នៅ​ធ្វើ​ចត្តាឡីស័ក​មាន​តម្លៃ​ ១៥០ ​រីងហ្គីត​ ឬ​ប្រហែល​ ៣៦ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​យប់ និង​ថ្លៃ​ស្នាក់នៅ​សម្រាប់​ស្វាមី​/​ភរិយា ឬ​កូន​មាន​អាយុ​តិចជាង​ ១២ ​ឆ្នាំ​ដែល​នៅ​បន្ទប់​ជាមួយ​គ្នា​ត្រូវ​បង់ថ្លៃ​ ៥០ ​រីងហ្គីត​ ឬ​ប្រមាណ​ជា​ ១២ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​យប់​។

 

លោក​ ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា កម្ពុជា​មិនទាន់​បើក​ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី ឬ​ពី​ប្រទេស​ម៉ាឡេស៊ី​ មក​កម្ពុជា​ទេ ប៉ុន្តែ​អាច​ប្រហែល​ជា​មាន​គោលដៅ​ក្នុង​ការបើក​ជើងហោះហើរ​ត្រង់​ឡើងវិញ​ហើយ​ទើប​បាន​ជា​មាន​ការជូន​ដំណឹង​បែបនេះ​។

បើទោះបី​ជា​មិនទាន់​មាន​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ២ ​នេះ​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​អាច​ទៅ​ប្រទេស​ម៉ាឡេស៊ី​បាន​តាមផ្លូវ​ផ្សេង ដោយ​ឆ្លងកាត់​ប្រទេស​កូរ៉េ ឬ​ប្រទេស​សិង្ហបុរី ដើម្បី​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​។

ទាក់ទង​នឹង​ការតម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង់ថ្លៃ​ធ្វើ​ចត្តាឡីស័ក​នេះ មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​សិទ្ធិមនុស្ស និង​ការងារ​ហៅ​កាត់​ថា សង់ត្រាល់ (CEN-TRAL) លោក ឃុន ថារ៉ូ បាន​ឱ្យ​ដឹងថា ជាទូទៅ​នៅក្នុង​ស្ថានភាព​កូវីដ​ ១៩​ នេះ​ មាន​ពលករ​ខ្មែរ​មិន​ច្រើន​ទេ ដែល​បាន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដែល​ភាគច្រើន​អ្នក​ដែល​វិល​មកវិញ​ជា​សិស្ស-និស្សិត ឬ​ប្រជាពលរដ្ឋ​ទូទៅ ដែល​ពួកគាត់​មាន​ភារកិច្ច​ផ្ទាល់ខ្លួន​ជាដើម ប៉ុន្តែ​សម្រាប់​ពលករ​ខ្មែរ​មួយ​ចំនួន ដែល​ត្រូវ​ត្រឡប់​ទៅវិញ​ដោយសារ​ជាប់កិច្ចសន្យា​ការងារ​នឹង​ជួប​ការលំបាក​លើ​បន្ទុក​នៃ​ការចំណាយ​លើ​ការបង់ថ្លៃ​ធ្វើ​ចត្តាឡីស័ក​នេះ​។

លោក ឃុន ថារ៉ូ ​ថ្លែង​ថា៖ «​វា​ប្រាកដ​ជា​ពិបាក​សម្រាប់​ពលករ​ខ្មែរ​យើង ដែល​ត្រូវ​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​ដែល​ការចំណាយ​បន្ថែម​នេះ ជា​បន្ទុក​មួយ​ទៀត​សម្រាប់​ពួកគាត់ ហើយ​អ្នក​ដែល​មាន​ការខ្វះខាត​គឺអាច​ខ្ចីបុល​មីក្រូហិរញ្ញវត្ថុ ឬ​ពី​អ្នក​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ សម្រាប់​ចំណាយ​​ថ្លៃ​នេះ​»​។

មន្ត្រី​អង្គការ​រូបនេះ​បាន​លើកឡើង​ថា ក្នុង​ស្ថានការណ៍​បែបនេះ ប្រសិន​បើ​រាជរដ្ឋាភិបាល​ចង់​ជំរុញ​ ឬ​ធានា​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​ត្រឡប់​ទៅវិញ លុះត្រាតែ​បង្កើត​ការជជែក​រវាង​ប្រទេស​ទាំង​ ២ ដោយ​បង្ក​នូវ​លក្ខខណ្ឌ​ឱ្យ​ពលករ​ខ្មែរ​ដែល​ត្រូវ​ត្រឡប់​ទៅវិញ​ហើយ​ការចំណាយ​នោះ​ជា​ការចំណាយ​ទៅលើ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ ឬ​ជា​ការអនុគ្រោះ​ផ្សេងទៀត​ដល់​ពួកគាត់​ទើប​ពួកគាត់​អាច​មាន​លទ្ធភាព​វិល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​បាន ប៉ុន្តែ​ប្រសិន​បើ​ឱ្យ​ការចំណាយ​នេះ​ជា​បន្ទុក​របស់​ពលករ​នោះ​វា​ជា​ការពិបាក​សម្រាប់​ពួកគាត់​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...