កម្ពុជា​ស្នើ​រដ្ឋាភិបាល​ថៃ​ អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​វិល​ទៅ​ធ្វើការ​នៅ​ថៃ​វិញ

05
តុលា

កម្ពុជា​ស្នើ​រដ្ឋាភិបាល​ថៃ​ អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​វិល​ទៅ​ធ្វើការ​នៅ​ថៃ​វិញ

ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ស្នើ​រដ្ឋាភិបាល​ថៃ​អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​វិលត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ និង​ជួយ​បញ្ចុះ​ថ្លៃ​ការធ្វើ​​ចត្តាឡីស័ក និង​បាន​លើក​ទឹកចិត្ត​ឱ្យ​វិនិយោគិន​ថៃ​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​។

លោក​ ប្រាក់ សុខុន បានស្នើ​បែបនេះ​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូរ​ជាមួយ​លោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ការបរទេស​ថៃ​កាលពី​ថ្ងៃទី​ ២ ខែតុលា ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​អំពី​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាពិសេស​ការរំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៧០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-ថៃ ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​កិច្ចការ​តំបន់​ និង​សកលលោក​ដែល​ជា​ប្រយោជន៍ និង​ជា​ក្ដីកង្វល់​រួម​។

លោក សុខុន ថ្លែងថា​៖ «​កម្ពុជា​ស្នើ​ភាគី​ថៃ​ឱ្យ​អនុញ្ញាត​ដល់​ពលករ​កម្ពុជា ដែល​កាន់​បណ្ណ​ព្រំដែន (Border passes) និង​ពលករ​ដែល​ចុះឈ្មោះ​ធ្វើការ​តាម​អនុស្សរណៈ​ស្តីពី​ការយោគយល់​គ្នា (MoU) អាច​វិលត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ និង​ជួយ​បញ្ចុះ​ថ្លៃ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ​ផងដែរ​»​។

លោក សុខុន បាន​ថ្លែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ​សម្រាប់​ការផ្ដល់​ជំនួយ​ថវិកា និង​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ រួមទាំង​ការជួយ​សម្រួល​ឱ្យ​និស្សិត និង​អ្នកជំងឺ​សង្គ្រោះបន្ទាន់​កម្ពុជា​ចេញ-ចូល​ ប្រទេស​ថៃ​។

លោក​ ដន ប្រាម៉ាត់វិណៃ ក៏បាន​ថ្លែង​តាមរយៈ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​នេះដែរ ដោយ​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការទប់ស្កាត់ និង​គ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ទូទាំង​ប្រទេស​។ លោក​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង​​ការបរទេស​កម្ពុជា ចំពោះ​ការជួយ​សម្រួល​ដល់​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ថៃ​ក្នុង​អំឡុងពេល​កូវីដ​ ១៩​។

លោក​ ប្រាក់ សុខុន ​បាន​អរគុណ​អាជ្ញាធរ​ថៃ​ចំពោះ​ការជួយ​សម្រួល​ក្នុង​ការពន្យារ​សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ និង​បណ្ណ​អនុញ្ញាត​ឱ្យ​ធ្វើ​ការងារ​ដល់​ពលករ​កម្ពុជា​ព្រមទាំង​បង្កើន​អត្ថប្រយោជន៍​សម្រាប់​អ្នកបាត់បង់​ការងារ និង​អត្ថប្រយោជន៍​ផ្នែក​សង្គម​នានា​ដល់​ពលករ​ដែល​ត្រូវបាន​ព្យួរការងារ​។

ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​កត់សម្គាល់​ដោយ​ក្តីរីករាយ​ចំពោះ​តួលេខ​វិនិយោគ​ថៃ​នៅ​កម្ពុជា​ដែល​បាន​កើនឡើង​ជិត ៣ ​ដង​ក្នុង​រយៈពេល​ ៨ ​ខែ ដើម​ឆ្នាំ​ ២០២០ ​បើ​ធៀប​នឹង​តួលេខ​ឆ្នាំមុន​។ កម្ពុជា​លើក​ទឹកចិត្ត​ឱ្យ​វិនិយោគិន​ថៃ​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​។ ភាគី​ទាំង ២ ក៏បាន​សម្តែង​នូវ​ក្តីរីករាយ​ដោយ​កត់សម្គាល់​ចំពោះ​វឌ្ឍនភាព​ដ៏ល្អ​ប្រសើរ​លើ​វិស័យ​សំខាន់ៗ​ដទៃទៀត រួមមាន សន្តិសុខ អប់រំ ទេសចរណ៍ ថាមពល​ជាដើម​។

បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ជំនួប​នេះ​បញ្ជាក់ថា ភាគី​ទាំង​ ២ ​រីករាយ​ចំពោះ​ពាណិជ្ជកម្ម​ទ្វេភាគី​ដ៏រឹងមាំ​បើទោះបី​ជា​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដោយ​កម្ពុជា​បាន​ស្នើ​ភាគី​ថៃ​ជួយ​សម្រួលការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​បង្កើន​ការនាំចូល​កសិផល​របស់​កម្ពុជា ព្រមទាំង​ពន្លឿន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការដឹកជញ្ជូន​ឆ្លងដែន និង​ការងារ​សំខាន់ៗ​ដទៃទៀត​។

ភាគី​ទាំង ២ ​ក៏បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការបើក​ច្រកព្រំដែន​តំបន់​ និង​អន្តរជាតិ​ថ្មីៗ​បន្ថែមទៀត​ និង​ការដំឡើង​កម្រិត​ច្រកព្រំដែន​តំបន់​ដែល​មាន​ស្រាប់​ទៅជា​ច្រកព្រំដែន​អន្តរជាតិ​។

លោក មឿន តុលា នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស ហៅ​កាត់​សង់ត្រាល់ មើលឃើញ​ថា ប្រទេស​ថៃ​ នៅ​បន្ត​បិទ​ប្រទេស​នៅឡើយ​ហើយ​ស្ថានភាព​ការងារ​នៅក្នុង​ប្រទេស​នេះ​ក៏​នៅ​មិនទាន់​មាន​ស្ថិរភាព​នៅឡើយ​ដែរ​។ ដូច្នេះ​ទើប​ពលករ​ខ្មែរ​មួយចំនួន​នៅ​បន្ត​ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​។ ចំណែក​ពលករ​មួយចំនួន​ដែល​នៅ​បន្ត​ធ្វើ​ការងារ​ក្នុងប្រទេស​ថៃ គឺ​មិន​ទទួល​បាន​ការងារ​ជាប់លាប់​ទេ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​អ្វី​ដែល​ជា​ការស្នើសុំ​របស់​ក្រសួង​ការបរទេស​យើង​ទៅដល់​ភាគី​ថៃ​នេះ បើសិន​ជា​បាន​ជោគជ័យ​វា​ជា​រឿង​មួយ​ល្អ​។ ប៉ុន្ដែ​យើង​មិន​សូវ​សង្ឃឹមថា ទទួល​បាន​លទ្ធផល​នោះទេ​ព្រោះ​ភាគី​ថៃ​ស្ថានភាព​នៅ​មិនទាន់​មាន​តម្រូវការ​ពលករ​នៅឡើយ ហើយ​បើ​មាន​តម្រូវ​ការកើតឡើង​ក៏មាន​ពលករ​ខ្មែរ​នៅ​ទីនោះ​ខ្លះ​ស្រាប់​ហើយ​ដែរ កំពុង​ត្រូវការ​ការងារ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា លើកឡើង​ថា​ប្រទេស​កម្ពុជា​ និង​ថៃ​តាមរយៈ​​បទពិសោធ​ទំនាក់ទំនង​ចាស់ទុំ​ជាមួយ​គ្នា​ជាង​ ៧០ ​ឆ្នាំ​កន្លងមកនេះ ប្រទេស​ទាំង​ ២ មាន​តម្រូវការ​គ្នា​ទៅវិញទៅមក ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​មាន​រហូតដល់​រាប់ពាន់​លាន​ដុល្លារ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ប្រទេស​ថៃ​ មាន​ទីផ្សារ​ការងារ​សម្រាប់​ពលករ​កម្ពុជា​។ ប៉ុន្ដែ​ប្រទេស​ថៃ​មាន​កង្វះខាត​កម្លាំង​ពលកម្ម ដូច្នេះ​ត្រូវការ​កម្លាំង​ពលកម្ម​ពី​កម្ពុជា​។ ដូច្នេះ​មិនមែន​ថៃ​មាន​ភាពខ្លាំង​មកលើ​កម្ពុជា​តែ​ម្ខាង​នោះទេ​។ យើង​មើល​ស្ថានភាព​បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង ២ ត្រូវការ​គ្នា ហើយ​មាន​លក្ខណៈ​នៃ​ការដឹកនាំ​ក៏​ប្រហាក់ប្រហែល​គ្នា​ដែរ​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...