មន្ត្រី​​រដ្ឋា​ភិបាល​​ថា​ ការ​វាយ​តម្លៃ​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​របស់​​សង្គម​​ស៊ីវិល​​មួយ​ចំនួន​អាច​​បង្ក​​ឱ្យ​​មាន​​អស្ថិរភាព​​សង្គម​

08
តុលា

មន្ត្រី​​រដ្ឋា​ភិបាល​​ថា​ ការ​វាយ​តម្លៃ​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​របស់​​សង្គម​​ស៊ីវិល​​មួយ​ចំនួន​អាច​​បង្ក​​ឱ្យ​​មាន​​អស្ថិរភាព​​សង្គម​

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​ការវាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពីសំណាក់​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​ថា មាន​ភាព​លម្អៀង គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​គោលដៅ​វាយប្រហារ​រដ្ឋាភិបាល ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់និង​អស្ថិរភាព​ក្នុង​សង្គម។

កាលពីដើម​ខែ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត៤០ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាបន្តបន្ទាប់ ទាមទារ​ឱ្យ​ដោះលែង​មនុស្ស​ជាង១០នាក់ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួននា​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​និយាយ​ថា ពួក​គេ​គ្មាន​កំហុស​ទេ។

ក្រុម​អង្គការ​ទាំងនោះបាន​លើកឡើង​ថា អាជ្ញាធរ​បាន​ប្រើ​បទ​ចោទ «ញុះញង់» ដើម្បី​បំបិទ​សិទ្ធិ​បញ្ចេញមតិ ដែល​សិទ្ធិ​នេះ​មាន​ចែង​ក្នុងរ​ដ្ឋ​ធម្មនុញ្ញ​កម្ពុជានិង​ច្បាប់អន្តរជាតិ​ផ្សេងទៀត ស្តី​ពី​សិទ្ធិពល​រដ្ឋ​និង​សិទ្ធិ​នយោបាយ ។

ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃពុធ​ម្សិលមិញ ស្តី​ពី «បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការអនុវត្ត​ច្បាប់ ក្នុង​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចាត់ទុក​ការវាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជារបស់​អង្គការ​ទាំងនោះ ថា​មាន​ភាព​លម្អៀង គ្មាន​មូលដ្ឋាន​ច្បាប់ មាន​និន្នាការ​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង​នៅ​កម្ពុជា ដែល​អាច​នឹង​នាំ​ឱ្យ​គ្រោះថ្នាក់​និង​អស្ថិរភាព​សង្គម។

សេចក្តី​ប្រកាស​ព័ត៌មានបាន​បន្ត​ថា ជា​ទម្លាប់​ទៅ​ហើយដែល​សកម្មជន​អតីត​បក្ស​ប្រឆាំងនិង​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ប្រឆាំង តែងតែ​ធ្វើការ​សន្និដ្ឋាននិង​ចោទប្រកាន់​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ថា ជា​ការរំលោភ​សិទ្ធិមនុស្ស ដោយ​មិន​ពិចារណា​ទៅលើ​ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ អំពើ​ដែល​ជា​ធាតុផ្សំ​នាំ​ឱ្យ​កើតជា​បទល្មើសដែល​នាំ​ឱ្យ​មានការ​ចោទប្រកាន់​តាមផ្លូវ​តុលាការ​នោះ​ទេ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ព្រមាន​ថា៖ «គ្រប់​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ទាំង​ជាតិនិង​អន្តរជាតិ ដែល​ធ្វើសកម្មភាព​នៅ​កម្ពុជា ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អធិបតេយ្យ​ភាពនិង​បញ្ញតិ្ត​ច្បាប់​ជាតិ​របស់​កម្ពុជាដែល​មាន​ជាធរមាន ជាពិសេសច្បាប់​ស្តី​ពី​សមាគមនិង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ក្នុងករណី​ដែល​មាន​មូលដ្ឋាន​ច្បាស់លាស់​បញ្ជាក់​ពី​សកម្មភាព​មិន​ប្រក្រតី​ដែល​ជា​ការបំពាន​ច្បាប់ នោះ​សមត្ថកិច្ច​មាន​សិទ្ធិធ្វើការ​ត្រួតពិនិត្យ​បាន​គ្រប់ពេល ​ដើម្បី​ធានា​បាន​នូវ​ការអនុវត្ត​ច្បាប់​មួយ​ដែល​មានប្រសិទ្ធភាពនៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ»។ 

នាយករង​អង្គការ​លី​កាដ​ូ​ដែល​ឃ្លាំមើល​សិទ្ធិមនុស្ស លោក អំ សំ​អាត និយាយ​ថា ការដែល​ក្រុម​សង្គម​ស៊ីវិល​រួមគ្នា​ទាមទារ​ឱ្យ​កម្ពុជា​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើងវិញ ដោយសារតែ​សង្គម​ស៊ីវិល​មើលឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន កំពុង​ជំរុញ​កម្ពុជា​ឱ្យ​ខាតបង់ ដូចដែល​សហគមន៍​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​ជាដើម។

លោក​ថា៖ «បើសិនជា​យើង​រុញច្រាន បដិសេធ​មិន​ទទួលយក វា​មិន​មានផល​ចំណេញ​អី​ដល់​កម្ពុជា​ទេ»។

នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស លោក មឿន តុលា និយាយ​ថា បញ្ហា​សិទ្ធិមនុស្ស​របស់​កម្ពុជា បាន​ឈាន​ទៅដល់​កម្រិត​អន្តរជាតិ​ហើយ ខណៈ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​លើកយក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​ជជែក​ក្នុង​កិច្ចប្រជុំ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ។ លោក​បន្ត​ថា បញ្ហា​នេះ រដ្ឋាភិបាលគួរតែ​ប្រឹងប្រែង​កែ​ស្ថានការណ៍​ឡើងវិញ ជាជាង​ការ​បដិសេធ​ទទួលស្គាល់និង​លាក់បាំង​ស្ថានការណ៍​ជាក់ស្តែង។

លោក​ថា៖ «អ៊ីចឹង​មានតែ​កម្ពុជា​ប្រឹង​កែតម្រូវ​ស្ថានភាព​សិទ្ធិមនុស្ស ស្ថានភាព​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ ដែល​អាច​ស្តារ​មុខមាត់​កម្ពុជា​បាន បើសិនជា​មិន​អ៊ីចឹង​ទេ កម្ពុជា​មាន​បញ្ហា​ប្រឈម៣ដែល​បច្ចុប្បន្ន​យើង​ជួប​ប្រ​ទះ»។

បញ្ហា​ទាំង៣ដែលលោ​ក មឿន តុលា បាន​លើកឡើងថាកម្ពុជា​កំពុង​ជួបប្រទះ​នោះ រួមមាន វិបត្តិ​ជំងឺ​កូ​វីដ១៩ ការ​កាត់​ផ្តាច់ EBA របស់​សហភាព​អឺរ៉ុប និង​ករណី​ដែល​សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​ដាក់​កម្ពុជា​ក្នុង​ប្រទេស​ឃ្លាំមើល​ការ​លាង​លុយ​ខុសច្បាប់ ឬហៅ​ថា ប្រទេស​ក្នុង​បញ្ជីខ្មៅ​ផ្នែក​ហិរញ្ញវត្ថុ។

អ្នក​ឃ្លាំ​មើលបញ្ហា​សង្គម លោក​បណ្ឌិត សេង សារី និយាយ​ថា ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល ហាក់​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ពី​រឿង​ការគ្រប់គ្រង​អំណាច ដោយសារតែ​ការវាយតម្លៃ​ស្ថានការណ៍​សិទ្ធិមនុស្ស​របស់​សង្គម​ស៊ីវិល ហាក់​មាន​ភាព​ដូចគ្នា​ទៅ​នឹង​ការវាយតម្លៃ​សិទ្ធិមនុស្សរបស់​សហគមន៍​អឺរ៉ុប ដែល​នាំ​ឱ្យ​ឈាន​ដល់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នា​ពេល​កន្លងមក។

លោក​ថា៖ «ខ្ញុំ​មើលទៅ​ គាត់​មិន​បារម្ភ​ពី​រឿង​សិទ្ធិ​អីហ្នឹង​ទេ គាត់​បារម្ភ​រឿង​ការ​រក្សា​អំណាច គាត់​បារម្ភ​រឿង​ដួល​រលំ​រដ្ឋាភិបាល​ឯណោះ​ទេ »។

កាលពីដើម​ខែតុលា​នេះ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rohna Smith​) បាន​ថ្លែង​បង្ហាញ​របាយការណ៍​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា ទៅកាន់​អង្គប្រជុំ​ដាច់ដោយឡែក​មួយ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជានៅតែ​បន្ត​ធ្លាក់ចុះ ខណៈ​ដែល​សិទ្ធិ​នយោបាយ​មានការ​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ។

អ្នកស្រី​បន្ត​ថា សមាជិក​សង្គម​ស៊ីវិល រួមមាន អ្នកការពារ​សិទ្ធិមនុស្ស សហជីព និង​សកម្មជន​បរិស្ថាន បន្ត​រាយការណ៍​ថា ពួក​គេ​ស្ថិត​ក្រោម​ការ​ជ្រៀតជ្រែក គំរាមកំហែង និង​យាយី​ពីសំណាក់​អាជ្ញាធរ។ អ្នកស្រី រ៉ូ​ណា ស្មី​ត បញ្ជាក់​ផង​ដែរ​ថា របាយការណ៍​របស់​អ្នកស្រី​បាន​គ្របដណ្ដប់​ទៅលើ​សិទ្ធិ​ជាច្រើន ដែល​រដ្ឋាភិបាល​កម្ពុជាអាច​ពិនិត្យមើល​របាយការណ៍​នោះ​បាន ហើយ​អ្នកស្រី​នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជានិង​ដៃគូ​អភិវឌ្ឍន៍​បន្ថែម​ទៀត​លើ​បញ្ហា​នេះ​៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...