បុគ្គលិក​ស៊ីនទ្រី​ជិត ៥០០​នាក់ តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ទាមទារ​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​របស់​ពួកគេ

04
តុលា

បុគ្គលិក​ស៊ីនទ្រី​ជិត ៥០០​នាក់ តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ទាមទារ​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​របស់​ពួកគេ

បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ខេមបូឌា (Cintri Cambodia) ប្រមាណ​ជិត ៥០០​នាក់ តវ៉ា​នៅមុខ​ក្រុមហ៊ុន​ស្ថិតនៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​ទាមទារ​ឲ្យ​ថៅកែ​ទូទាត់​ប្រាក់​បញ្ចប់​កិច្ចសន្យា មុន​ការ​ដេញ​ថ្លៃ​ក្រុមហ៊ុន​ថ្មី ដោយសារ​ពួកគេ​ព្រួយបារម្ភ​ពី​ហានិភ័យ​នៃ​ការ​បាត់​បង់​ប្រាក់​អត្ថប្រយោជន៍ និង​អស្ថិរភាព​ការងារ​។ មន្ត្រី​សិទ្ធិ​ការងារ​ថា រដ្ឋាភិបាល និង​ម្ចាស់​ក្រុមហ៊ុន​គួរ​ធ្វើ​យ៉ាងណា ធានា​ឲ្យ​ក្រុម​កម្មករ​មាន​សុវត្ថិភាព​ការងារ​ក្នុងអំឡុងពេល​បច្ចុប្បន្ន ដើម្បី​ឲ្យ​ពួកគេ​អាច​ជឿ​ទុកចិត្ត​បាន។

ប្រធាន​សហជីព​វិស័យ​ទេសចរ នៃ​ក្រុមហ៊ុន​ស៊ីនទ្រី និង​ជា​តំណាង​កម្មករ​ស៊ីនទ្រី លោក កៅ សាវ៉ាត ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​តវ៉ា​របស់​ក្រុម​កម្មករ​ប្រមូល​សំរាម​នេះ គឺ​ដោយសារតែ​ពួកគេ​បារម្ភ​ខ្លាច​បាត់បង់​ប្រាក់​អត្ថប្រយោជន៍​របស់​ពួកគេ ដែល​ធ្វើជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​ម្នាក់ៗ ពី​៥​ឆ្នាំ ទៅដល់​ជាង​២០​ឆ្នាំ​។ លោក​បន្ត​ថា ពួកគេ​បារម្ភ​ពី​ស្ថិរភាព​ការងារ បន្ទាប់ពី​គម្រោង​ដេញថ្លៃ​ក្រុមហ៊ុន​ស៊ីនទ្រី​ថ្មី​ចំនួន ៣​ក្រុមហ៊ុន​បន្ថែម​ទៀត​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​កន្លងមក​នេះ ខិត​ជិត​មកដល់ ដែល​ធ្វើ​ឲ្យ​ពួកគេ​ភ័យខ្លាច និង​ពិបាក​ក្នុង​ការ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​របស់​ពួកគេ មិន​ដឹង​ទាមទារ​ពី​ក្រុមហ៊ុន​ណា។

ក្រុម​កម្មករ​ស្នើសុំ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ស៊ីនទ្រី បើកប្រាក់​អត្ថប្រយោជន៍​ឲ្យ​ពួកគេ​ចំនួន ៥​ចំណុច​ដូចជា ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​សងជំងឺចិត្ត ប្រាក់​ជួស​ឲ្យ​ការ​ជូន​ដំណឹង ប្រាក់ខែ​ចុងក្រោយ និង​ប្រាក់​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់។

លោក កៅ សាវ៉ាត អះអាង​ថា ប្រាក់​អត្ថប្រយោជន៍​របស់​កម្ម​ករ​ក្នុង​ម្នាក់ៗ មិន​តិច​ជាង មួយ​ពាន់​ដុល្លារ (១ ០០០$) នោះ​ទេ ទើប​ពួកគេ​ព្រួយបារម្ភ​ពី​ភាព​មិន​ច្បាស់លាស់​ចំពោះ​ក្រុមហ៊ុន​មួយ​នេះ​ក្នុង​ការ​ទូទាត់​សង​ជូន​ពួកគេ​វិញ៖ «កម្មករ​គាត់​បារម្ភ​ខ្លាច​ក្រុម​ហ៊ុន​មាន​ការ​ផ្លាស់​ប្តូរ ប្រែ​ប្រួល​យ៉ាង​ម៉េច អញ្ចឹង​សំ​ណូមពរ​របស់​គាត់ គាត់​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ទូទាត់​បំណាច់​ឆ្នាំ Clear ចោល​ឲ្យ​អស់​មួយ​សារ ហើយ​បើសិន​ជា​ក្រុម​ហ៊ុន​ទទួល​យក​ធ្វើការ​វិញ គាត់​នឹង​ធ្វើការ​វិញ​ជាធម្មតា តែ​បើសិន​ជា​ក្រុម​ហ៊ុន គាត់​បញ្ចប់​កិច្ច​សន្យា​របស់​គាត់ អាហ្នឹង​ក៏​គាត់​មិន​មាន​សិទ្ធិ​តវ៉ា​អី​ដែរ ព្រោះ​យើង​ទទួល​អត្ថប្រយោជន៍​ពី​ក្រុម​ហ៊ុន​រួច​រាល់​អស់​ហើយ»។

ការ​តវ៉ា​របស់​កម្មករ​ប្រមូល​សំរាម​នេះ មាន​រយៈពេល​២​ថ្ងៃ​មក​ហើយ ហើយ​នៅ​ថ្ងៃ​ទី​០៣ តុលា នេះ ក្រសួង​ការងារ​ផ្នែក​ដោះស្រាយ​វិវាទ អភិបាលខណ្ឌ សាលាក្រុង និង​ម្ចាស់​ក្រុមហ៊ុន​ស៊ីនទ្រី បាន​មក​ជួប​តំណាង​កម្មករ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​នោះ​ទេ ទើប​ពួកគេ​បន្ត​ធ្វើ​កូដកម្ម​នៅមុខ​ក្រុមហ៊ុន​បន្ត​ទៀត និង​ផ្អាក​ធ្វើការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​មួយ​រយៈ រហូត​មាន​ដំណោះស្រាយ​ជូន​ពួកគេ ទើប​ពួកគេ​ព្រម​ចូល​ធ្វើ​ការ​វិញ។

កាល​ពី​ចុង​ឆ្នាំ​២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​រិះគន់​ម្ដង​រួចមក​ហើយពី​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី ថា ជា​ក្រុមហ៊ុន​គ្មាន​សមត្ថភាព​ប្រមូល​និង​គ្រប់គ្រង​សំរាម ហើយ​រដ្ឋាភិបាល​នឹង​ដក​យក​ក្រុមហ៊ុន​នេះ​មក​គ្រប់គ្រង​រួម​ទាំង​បុគ្គលិក ហើយ​នឹង​ទូទាត់​សង​ទៅ​ក្រុមហ៊ុន​នូវ​អ្វី​ទាំងឡាយ​ណា​ដែល​ក្រុមហ៊ុន​បាន​ចំណាយ​លុយ​ទិញ​ដូចជា​ឡាន​ដឹក​សំរាម​ជាដើម គឺ​មិន​ឱ្យ​ក្រុមហ៊ុន​ខាត​ទេ និង​បើកឱកាស​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ដែល​មាន​លទ្ធភាព និង​សមត្ថភាព​យ៉ាងហោចណាស់​៤ ដើម្បី​ចូលរួម​ដេញថ្លៃ​វិនិយោគ​លើ​ការងារ​ប្រមូល និង​គ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ល្អ។

ក្រោយ​មក មាន​ក្រុមហ៊ុន​ជប៉ុន ចំនួន ៣ ចាប់អារម្មណ៍​មក​វិនិយោគ​លើ​ប្រព័ន្ធ​គ្រប់គ្រង​សំរាម និង​ចូលរួម​ដេញថ្លៃ​ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ជំនួប​រវាង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០២០។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ អភិបាលក្រុង​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នកនាំពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​អំពី​រឿង​នេះ តែ​ពុំ​មាន​អ្នកទទួល​ទូរស័ព្ទ។

រីឯ​អនុប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី លោក សុខ ហួត បញ្ជាក់​ថា លោក​មិនទាន់​ត្រៀមខ្លួន​រួច​ក្នុង​ការ​ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​នោះ​ទេ រួច​ចុច​ផ្ដាច់​ទូរស័ព្ទ៖ «ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​សម្រប​សម្រួល អត់​ទាន​មាន​ពេល។ អាច​ខល​ទៅ​អាជ្ញាធរ ខល​ទៅ​ក្រសួង​ទៅ ខ្ញុំ​អត់​ទាន់​ត្រៀម​រួច​សម្រាប់​ឆ្លើយ »

អ្នកគ្រប់គ្រង​កម្មវិធី​នៃអង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ការ​​តវ៉ា​នេះ​ដោយសារ​ពួកគេ​បារម្ភ​ថា ប្រសិនបើ​មានការ​ដេញថ្លៃ​ក្រុមហ៊ុន​ថ្មី​បន្ថែម​ទៀត​នោះ ពួកគេ​អាច​នឹង​ប្រឈម​នឹង​ការបាត់បង់​ការងារ និង​លក្ខខណ្ឌ​ដែល​គាត់​ទទួល​បាន​ពី​ក្រុមហ៊ុន​ស៊ីនទ្រី ខណៈ​ពេលដែល​សាលាក្រុង​ភ្នំពេញ មិន​បាន​បង្ហាញ​ពី​ការ​ជឿ​ទុក្ខ​ចិត្ត​ទៅលើ​លក្ខខណ្ឌ​ការងារ​ទាំងនោះ ហើយ​ការបាត់បង់​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ដែល​អាច​ធ្វើ​ឲ្យ​កម្មករ​ទាំងអស់​ប្រឈម​បញ្ហា​នៅ​ពេល​ខាងមុខ​ទៀត​។ លោក​បន្ត​ថា រាជរដ្ឋាភិបាល និង​សាលាក្រុង ត្រូវ​កំណត់​ឲ្យ​មាន​ពេលវេលា​ជាក់លាក់ និង​លក្ខខណ្ឌ​ជាក់លាក់​ក្នុង​ការ​កំណត់​ដាក់​ឲ្យ​មានការ​ដេញថ្លៃ​ពី​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​ឈរ​ឈ្មោះ​ក្នុង​ការ​ប្រកួតប្រជែង ត្រូវ​មាន​តម្លាភាព ហើយ​ត្រូវ​មាន​ការចូលរួម​ពី​កម្មករ​ស៊ីនទ្រី​ទាំងនេះ៖ «រាជ​រដ្ឋាភិបាល​ត្រូវតែ​ធានា​ថា កម្មករ​និយោជិត​ដែល​ក្រុម​ហ៊ុន​ទទួល​បាន​នៃ​សិទ្ធិ​ផ្តល់​សេវា​ហ្នឹង គាត់​ត្រូវ​តែ​ធានា​អំពី​ប្រាក់​ឈ្នួល លក្ខ​ខណ្ឌ​ការងារ​ហ្នឹង​សមរម្យ អញ្ចឹង​អ្វី​ដែល​គាត់​បារម្ភ​ហ្នឹង​គឺរឿង​ត្រង់​ហ្នឹង បារម្ភ​ខ្លាច​ក្រុម​ហ៊ុន​ថ្មី​មក​ហ្នឹង លក្ខ​ខណ្ឌ​ការងារ​របស់​គាត់ វា​អាច​ថា ពិបាក​ជាង​មុន ឬ​ក៏ប្រាក់​ឈ្នួល​របស់​គាត់​ហ្នឹង​អាច​ទាប​ជាង​មុន អត្ថប្រយោជន៍​ដែល​គាត់​ធ្លាប់​ទទួល​បាន​ហ្នឹង វា​អាច​ទាប​ជាង​មុន អាហ្នឹង​ដែល​ជាក្តី​បារម្ភ​សម្រាប់​ពួក​គាត់»។

ក្រុម​អ្នក​តវ៉ា ស្នើ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ទៅ​ម្ចាស់​ក្រុមហ៊ុន ឲ្យ​ជួយ​ទូទាត់​ប្រាក់​បញ្ចប់​កិច្ចសន្យា​ជូន​ពួកគេ​មុន​កាល​កំណត់ ហើយ​ពួកគេ​នឹង​បន្ត​ធ្វើការ និង​ពង្រឹង​ការ​អនុវត្ត​ការងារ​បន្ត​ទៀត ឲ្យ​កាន់តែ​ប្រសើរ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...