កម្មករ​ស៊ីនទ្រី​ដាក់​ញត្តិ​ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ​ទូទាត់​ប្រាក់​ការងារ ​ជា​ថ្នូរ​នឹង​ចូល​ធ្វើ​ការ​វិញ

13
តុលា

កម្មករ​ស៊ីនទ្រី​ដាក់​ញត្តិ​ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ​ទូទាត់​ប្រាក់​ការងារ ​ជា​ថ្នូរ​នឹង​ចូល​ធ្វើ​ការ​វិញ

កម្មករ​ប្រមូល​សំរាម​ស៊ីន​ទ្រី​ជាង ១ពាន់​នាក់ រួម​គ្នា​ដាក់​ញត្តិ​នៅ​សាលា​រាជ​ធានី​ភ្នំពេញ ស្នើ​សុំ​ទូទាត់​និង​ផ្ដល់​ប្រាក់​ការងារ​ដល់​ពួក​គាត់ ដើម្បី​ដោះស្រាយ​ជីវភាព​រស់​នៅ​ជា​មុន​សិន ទើប​ពួកគាត់​ត្រឡប់​ចូល​ធ្វើការ​វិញ។ ប្រជា​ពលរដ្ឋ ​និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​ការងារ យល់​ថា​ ក្នុង​កាលៈទេសៈ​នេះ អាជ្ញាធរ​គួរ​គិត​គូរ​ផ្ដល់​កញ្ចប់​ថវិកា​ការងារ​ណាមួយ​ ជូន​ពួកគាត់​ ដើម្បី​លើក​ទឹក​ចិត្ត​កម្មករ​ប្រមូល​សំរាម និង​រៀបចំ​សោភ័ណភាព​ទីក្រុង​ឲ្យ​បាន​ស្អាត​ឡើង​វិញ។

អ្នក​បើកឡាន​ដឹក​សំរាម​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី លោក សឹង សុភ័ក្ត្រ ប្រាប់​អាស៊ី​សេរី ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​តុលា​ ថា​ក្រុម​កម្មករ មាន​អ្នក​បោស​សំរាម ប្រមូល និង​ដឹក​សំរាម​ជាង​១ពាន់​នាក់ ​ផ្ដិត​មេដៃ​រួម​គ្នា ដាក់​ញត្តិ​ជូន​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង​ ស្រេង ស្នើ​សុំ​ប្រាក់​អតីត​ភាព​ការងារ និង​ប្រាក់​បំណាច់​ឆ្នាំ​ឲ្យ​ពួកគាត់ ដោយ​មាន​ចេញ​លិខិត​ផ្លូវ​ការ ​ថា​នឹង​បើក​ឲ្យ​កម្មករ​នៅ​ពេល​ណា ពេល​នោះ​ពួកគាត់​នឹង​ចេញ​ធ្វើ​ការ​ប្រមូល​សំរាម​ឡើង​វិញ។

លោក បញ្ជាក់​ថា​ ការ​ប្រកាន់​ជំហរ​ទាមទារ​ប្រាក់​ការងារ​នេះ ព្រោះ​តែ​កម្មករ​ចង់​ទទួល​បាន​ប្រាក់​យក​ទៅ​ដោះស្រាយ​ជីវភាព​រស់នៅ និង​សងបំណុល​គេ ។ កម្មករ​រូប​នេះ សង្ឃឹម​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ផ្ដល់​ជូន​ដំណោះស្រាយ​ការងារ​នេះ តាម​សំណើ​របស់​កម្មករ៖ «ខ្ញុំ​ចង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ចេញ​ជា​លិខិត​ ព្រម​ព្រៀង​ពួក​ខ្ញុំ​ទទួល​បាន​ប្រាក់​អតីតភាព​ការងារ ប្រាក់​បំណាច់​ឆ្នាំ​ដែល​ទាមទារ​ហ្នឹង ។ ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ថា​ឲ្យ​មក​ចឹង គាត់​វាយ​ត្រា​ឲ្យ​មក ។ ពួក​ខ្ញុំ​ចេញ​ធ្វើ​ការ​វិញ​ហើយ ចង់​បាន​តែ​ចំណុច​តើ​ ។ តែ​បាន​លុយ​ហើយ​ចេញ​ធ្វើ​ការ​វិញ​ហើយ»។

អាជីវករ​លក់​ខោរ​អាវ​នៅ​ផ្សារ​ដើម​គ ក្នុង​រាជ​ធានី​ភ្នំពេញ​ លោកស្រី ម៉ៅ លក្ខិណា ថ្លែង​ថា បញ្ហា​សំរាម​នេះ បង្ក​ជា​ក្លិន​ស្អុយ​លាយឡំ​នឹង​ទឹក​ភ្លៀង​ជន់​លិច​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​ ចាប់​តាំង​ពី​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​មិនព្រម​ចេញ​ប្រមូល​សំរាម ។ លោក​ស្រី យល់​ថា ​អាជ្ញាធរ​និង​ក្រុមហ៊ុន ​គួរ​តែគិត​គូរ​ដោះស្រាយ​តម្រូវ​ការ​របស់​កម្មករ​ប្រមូល​សំរាម ដើម្បី​កែ​ប្រែ​សោភ័ណ​ភាព និង​បរិស្ថាន​ក្នុង​ទីក្រុង​ភ្នំពេញ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ៖ «ខាង​អាជ្ញាធរ​គួរ​តែ​ផ្ដល់​លុយ​ឲ្យ​គាត់​ទៅ។ គាត់​កម្មករ​គ្មាន​រក​អី​ក្រៅ​ធ្វើ​អនាម័យ​ហ្នឹង។ ណាមួយ​ទៀត​គួរ​តែ​លើក​ទឹក​ចិត្ត​គាត់​ ឲ្យ​គាត់​បាន​លុយ​ច្រើន​ៗ​ទៅ។ គាត់​ធ្វើ​ហ្នឹង​ គឺ​ទាក់ទង​នឹង​សុខភាព​ខ្លាំង​ណាស់ ។ យើង​ប្រជា​ពលរដ្ឋ​ គួរ​តែ​ដោះស្រាយ​ថា ភ្នំពេញ​យើង​ត្រូវ​ធ្វើ​ឲ្យ​ស្អាត​ទាំង​អស់​គ្នា​អ៊ីចឹង។ យើង​ត្រូវ​ស្រលាញ់​ប្រទេស​យើង​ទាំង​អស់​គ្នា ព្រោះ​យើង​ជិះ​ទូក​តែមួយ»។

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ ត្រាល់ លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ទាំង​ខាង​ក្រុមហ៊ុន និង​សាលា​រាជធានី​ភ្នំពេញ​ គួរ​មាន​ការ​សម្របសម្រួល​ណាមួយ​ ដើម្បីឲ្យ​កម្មករ​ប្រមូល​សំរាម ជឿ​ទុក​ចិត្ត​បាន​ថា ពួកគាត់​នឹង​ទទួល​បាន​ការ​ទូរ​ទាត់​ប្រាក់​ការងារ​នៅ​ពេល​វេលា​ជាក់​លាក់​ណាមួយ ។ លោក យល់​ថា រដ្ឋ​អាច​បញ្ចេញ​ថវិកា​ ទូរ​ទាត់​ឲ្យ​កម្មករ​ស៊ីនទ្រី​ជាង​២​ពាន់​នាក់​បាន ដើម្បី​ឲ្យ​ពួកគាត់​វិល​ចូល​ធ្វើការ​ប្រមូល​សំរាម​ដែល​នៅ​រាយប៉ាយ​ក្នុង​​ទីក្រុង ចំ​ពេល​មាន​ជំនន់​ទឹក​ភ្លៀង​បន្ថែម​ទៀត​នេះ៖ «វា​អាច​ខ្ទង់​លើស​ពីរ​លាន​ដុល្លារ​សម្រាប់​កម្មករ​ប្រមាណ​ជាង ២ពាន់​នាក់ ​ទៅ​តាម​អតីតភាព​ការងារ​របស់​ពួកគាត់។ បើ​សិន​ជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ដោះស្រាយ​ ទឹក​ប្រាក់​ប៉ុណ្ណឹង​ បើ​ប្រៀបធៀប​នឹង​ការ​កក់​ស្ទះ​សំរាម​រាប់​ម៉ឺន​តោន​ក្នុង​រាជធានី​ភ្នំពេញ។ ខ្ញុំ​គិត​ថា​ វាគួរ​តែ​ជា​បញ្ហា​អាទិភាព ដើម្បី​ធានា​ថា​ កម្មករ​គាត់​ចូល​ធ្វើ​ការងារ​វិញ។ គាត់​ទទួល​បាន​នូវ​ការ​ទូទាត់ មួយ​ចំនួន​ហើយ​មាន​ការធានា ហើយ​យើង​អាច​ដោះស្រាយ​បញ្ហា​សំរាម​ហ្នឹងទៀត​សោត។ ទី​៣​នោះ គឺ​ស្ថេរ​ភាព​ការងារ​របស់​កម្មករ​និយោជិក»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី នៅ​ល្ងាច​ថ្ងៃ​ទី១៣ តុលា បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី១២ តុលា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​តាម​លិខិត​ជូន​ដំណឹង​មួយ​ថា ​កម្មករ​ផ្នែក​បើកបរ និង​ផ្នែក​ប្រមូល​សំរាម នៅ​តែ​បន្ត​ធ្វើការ​ទាមទារ​ខុស​ច្បាប់។ សាលា​រាជ​ធានី​ភ្នំពេញ​នៅ​តែ​អំពាវនាវ​ដល់​កម្មករ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ត​ទៅ​ទៀត និង​វិល​ចូល​ធ្វើការ​តាម​វេន​របស់​ខ្លួន​វិញ ដើម្បី​កុំ​ឲ្យ​បាត់​អត្ថប្រយោជន៍​ការងារ​របស់​ពួកគេ​ដែល​មាន​ចែង​ក្នុង​ច្បាប់។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​កម្មករ​ស៊ីនទ្រី ប្រកាន់​ជំហរ​ថា ​នឹង​មិន​ព្រម​ចូល​ធ្វើ​ការ​វិញ​ទេ ដរាប​ណា​ខាង​ក្រុមហ៊ុន​និង​សាលា​រាជ​ធានី​ភ្នំពេញ មិន​ទូទាត់​ប្រាក់​ការងារ​ជូន​ពួកគាត់​ជា​មុន​សិន៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...