លោក ហ៊ុន សែន សម្រេច​ឱ្យ​ពន្យារ​លិខិត​ធ្វើដំណើរ​ ​ឬ​ប៉ាស្ព័រ​ខ្មៅ​ដែល​ផុត​សុពលភាព​ដល់​ពលករ​ខ្មែរ​នៅ​ថៃ

05
វិច្ឆិកា

លោក ហ៊ុន សែន សម្រេច​ឱ្យ​ពន្យារ​លិខិត​ធ្វើដំណើរ​ ​ឬ​ប៉ាស្ព័រ​ខ្មៅ​ដែល​ផុត​សុពលភាព​ដល់​ពលករ​ខ្មែរ​នៅ​ថៃ

ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ឱ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​ធ្វើ​ការងារ​រយៈពេល​ ១ ​ខែ ដើម្បី​ពន្យារ​សុពលភាព​លិខិត​ធ្វើដំណើរ​ ឬ​ប៉ាស្ព័រ​ខ្មៅ​ដែល​អស់​សុពលភាព​ដល់​ពលករ​ខ្មែរ​កំពុង​ធ្វើការ​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​ថៃ​ប្រកាស​បិទ​ប្រទេស​ ១ ​ខែ​បន្តទៀត ដើម្បី​បន្ត​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ចំនួន ២ ​ច្បាប់​ ដែល​បាន​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​ ២៩ និង​ថ្ងៃទី​ ៣១ តុលា បាន​ឱ្យ​ដឹងថា ការពន្យារ​សុពលភាព​ឯកសារ​ធ្វើ​ដំណើរ​នេះ​ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​របស់​ពលករ​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ ដែល​មិនអាច​ត្រឡប់​ទៅ​កម្ពុជា​បាន​ក្នុង​អំឡុងពេល​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ​សែន បាន​អនុញ្ញាត​ឱ្យធ្វើ​កិច្ចការ​នេះ​ជូន​ពលករ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​។

ជាមួយ​គ្នា​នោះ​ស្ថានទូត​កម្ពុជា​បាន​ណែនាំ​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ថៃ​មក​ដាក់ពាក្យ​ស្នើសុំ​ពន្យារ​សុពលភាព​លិខិត​ធ្វើ​ដំណើរ​នៅ​ស្ថានទូត​ដោយ​ខ្លួនឯង​ ដើម្បី​ចៀស​ផុតពី​ការយក​កម្រៃ​សេវា​នានា​ពី​ភ្នាក់ងារ​កណ្តាល​ណាមួយ​ដែល​អាច​យក​ឱកាស​នេះ​ដើម្បី​រក​កម្រៃ​ពី​ពលករ​។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​ថៃ បានប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល ១ ​ខែ​ទៀត ដោយ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ដោយ​អះអាង​ថា ដើម្បី​បន្ត​ទប់ស្កាត់ និង​ការពារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ក្នុង​ប្រទេស​ថៃ​»​។

ស្ថានទូត​កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំងអស់ បន្ត​ចូលរួម​សហការ​យ៉ាងសកម្ម​ថែមទៀត ដើម្បី​អនុវត្ត​នូវ​វិធានការ​នានា​របស់​រដ្ឋាភិបាល​ថៃ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដូច​រយៈពេល​កន្លងមក​។ ព្រមទាំង​រក្សា​សុខភាព​អនាម័យ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បន្តទៀត​។

 

មន្ត្រី​ទទួលបន្ទុក​ផ្នែក​ពលករ​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​មិន​អាច​ទាក់ទង ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ករណី​នេះ​បានទេ ព្រោះ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នកទទួល​។

លោក មឿន តុលា នាយកប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ឱ្យដឹងថា ក្នុង​កាលៈទេសៈ​នេះ រដ្ឋាភិបាល​ត្រូវតែ​ស្វែងរក​វិធីសាស្ត្រ​សម្រួល​ដល់​ពលរដ្ឋ​ខ្លួន ដែល​កំពុង​បន្ត​ធ្វើការ​នៅ​បរទេស ព្រោះថា ពួកគាត់​ក៏​កំពុងតែ​ប្រឈម​នឹង​វិបត្តិ​កូវីដ​១៩ ដោយ​អត់​ការងារ​ធ្វើ ហើយ​ក៏​មិនអាច​ត្រឡប់​ចូល​ប្រទេស​វិញ​បាន​។

លោក​បន្ថែមថា ការសម្រួល​នេះ​គឺ​ត្រូវឱ្យ​ប្រាកដ​ថា វិធានការ​ដែល​បាន​ដាក់​ចេញ​ត្រូវតែ​ផ្តល់​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ​ដល់​ពលករ ហើយ​ត្រូវ​ធានា​ថា ការពន្យារ​ពេល​នេះ​គឺ​មិន​ត្រូវ​យក​ថវិកា​ពី​ពលករ ឬ​ឱ្យ​ពលករ​ខ្មែរ ចំណាយ​ថវិកា​តាមរយៈ​អំពើពុករលួយ​ណា​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គ្មាន​ជម្រើស​អី​ទេ ក្រៅ​តែ​ធ្វើ​វិធីសាស្ត្រ​នេះ ព្រោះ​អី​ថៃ គេ​មិនទាន់​បើក​ប្រទេស​គេ គឺ​មាន​ន័យ​ថា ពលករ​ដែល​គាត់​កំពុង​នៅ​ប្រទេស​ថៃ ​ហ្នឹង​មិន​អាច​ឆ្លងដែន​បានទេ ព្រោះ​បើ​មាន​ការឆ្លងដែន​ក៏ដោយ គឺជា​ការឆ្លងដែន​ខុសច្បាប់​។ ដូច្នេះ​ការជូន​ដំណឹង​ពី​ការពន្យារ​សុពលភាព​លិខិត​ធ្វើដំណើរ​នេះ គឺ​គួរតែ​ធ្វើ​ហើយ​»​។

លោក មឿន តុលា ថ្លែងថា​ក្នុងពេល​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​យ៉ាងហោចណាស់​ជាង ២ ​លាន​នាក់ (​ស្របច្បាប់ និង​ខុសច្បាប់​) កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ខណៈ​អំឡុងពេល​នៃ​វិបត្តិ​កូវីដ​ ១៩ មាន​ពលរដ្ឋ​ខ្មែរ​ជាង ១០ ​ម៉ឺន​នាក់​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ ​វិញ ប៉ុន្តែ​ក្នុងនោះ​មាន​ពលករ​ជិត​ពាក់កណ្តាល​បាន​លួច​​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​​ប្រទេស​ថៃ ​វិញ​៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...