អ្នកនយោបាយ និងពលរដ្ឋ ផ្តើមប្រៀបធៀបទិដ្ឋភាពនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក និង កម្ពុជា

07
វិច្ឆិកា

អ្នកនយោបាយ និងពលរដ្ឋ ផ្តើមប្រៀបធៀបទិដ្ឋភាពនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក និង កម្ពុជា

បើទោះជា លទ្ធផលឆ្នោតនៅប្រទេសមហាអំណាចលោកសេរីមិនទាន់ប្រកាសជាផ្លូវការក្តី ប៉ុន្តែក្រុមអ្នកនយោបាយបក្សប្រឆាំង និងពលរដ្ឋខ្មែរមួយចំនួនបានផ្តើមប្រៀបធៀប បែបឌឺដងរវាងទិដ្ឋភាពនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងនៅកម្ពុជា។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសលោក អ៊ុំ សំអាន បានសរសេរនៅទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី៥ខែវិច្ឆិកាថា ភាពខុសគ្នារវាងការបោះឆ្នោតនៅអាមេរិក និងនៅកម្ពុជា រួមមានការ រាប់សន្លឹកឆ្នោតនៅសហរដ្ឋអាមេរិក មិនឃើញមានដាច់ភ្លើងអគ្គីសនី ដូចការរាប់សន្លឹកឆ្នោតនៅកម្ពុជាកាលពីការបោះឆ្នោតជាតិឆ្នាំ២០១៣ នោះឡើយ។

លោកថា កាលពី២០១៣ នៅពេលរាប់សន្លឹកឆ្នោតនៅកម្ពុជាសុខៗ ក៏ស្រាប់តែដាច់ភ្លើង ទូរទស្សន៍ជាតិ ទទក ក៏ដាច់ប៉ុស្តិ៍ ទោះបីប្រពន្ធ័ភ្លើងនៅទូរទស្សន៍មានភ្លើងច្រើនប្រពន្ធ័ក៏ដោយ។

លោកនៅចាំបានថា មុនដំបូងទូរទស្សន៍ជាតិ ទទក ចាក់ផ្សាយការរាប់សន្លឹកឆ្នោតតាមការិយាល័យ ហើយបន្ទាប់ពីដាច់ភ្លើងរួច ទូរទស្សន៍ជាតិដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជានេះ បានផ្សាយបូកសរុបសន្លឹកឆ្នោតតាមខេត្តតែម្តង។ លោកបន្តថា បន្ទាប់មកទៀត រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធិ បានប្រកាសលើគណនីហ្វេសប៊ុករបស់លោក ពីការឈ្នះឆ្នោតរបស់បក្សប្រជាជនកម្ពុជា តែម្តង។

លោកបន្តថា នៅសហរដ្ឋអាមេរិកប្រធានាធិបតីចាំផ្ទះ លោក ដូណាល់ ត្រាំ ដែលកំពុងកាន់អំណាច ចោទបក្សប្រឆាំងរបស់លោក ចូបាយដិន (Joe Biden) ពីការលួចបន្លំសន្លឹកឆ្នោត ខណៈនៅកម្ពុជាការចោទប្រកាន់បែបនេះ កើតចេញពីគណបក្សប្រឆាំងតែប៉ុណ្ណោះ។

បន្ថែមពីនេះ លោកត្រាំ បើទោះបីដឹងថាខ្លួនចាញ់ឆ្នោតហើយក៏ដោយ មិនព្រមរំលាយគណបក្សប្រជាធិបតេយ្យ និងចាប់លោកបាយដិន ដាក់គុក ហើយចោទពីបទក្បត់ជាតិ ដូចលោក ហ៊ុន សែន បានធ្វើនៅកម្ពុជានោះឡើយ។

អតីតអ្នកទោសមនសិការរូបនេះនេះ កត់សម្គាល់ទៀតថា លោកត្រាំ បើទោះបីជាដឹងថាចាញ់ឆ្នោតទៅហើយ តែមិនព្រមចល័តទ័ពនិងគម្រាមថា បើលោកចាញ់ឆ្នោត នឹងមានសង្រ្គាម ដូចលោក ហ៊ុន សែន បានធ្វើនៅកម្ពុជាកន្លងមកនោះទេ។

មិនតែប៉ុណ្ណោះ លោកត្រាំមិនព្រមនិយាយគម្រាមជាសាធារណៈថា ក្រៅពីគាត់ គ្មាននរណាអាចដឹកនាំប្រទេសបានទេ ហើយប្រទេសនឹងចរលាចលជាដើម ដូចអ្វីដែលលោក ហ៊ុន សែន បាននិយាយនៅកម្ពុជាជារឿយៗ។

ជាងនេះទៀត បើទោះបីជា លោកត្រាំ ត្រូវចាញ់ឆ្នោត ប៉ុន្តែមិនព្រមបង្កើតតំបន់អបគមន៍ ដូចលោក ហ៊ុន សែន បានធ្វើកាលពីចាញ់ឆ្នោតឆ្នាំ១៩៩៣ នៅពេលគណបក្សប្រជាជានកម្ពុជាចាញ់ការបោះឆ្នោត ពោលគឺចាញ់គណបក្សហ្វុនស៊ិនប៉ិចរបស់ សម្តេចក្រុមព្រះនរោត្តមរណឫទិ្ធ ហើយក្រុមលោកហ៊ុន សែន នាំគ្នាឡាំប៉ា រហូតដល់មានការសម្របសម្រួលនយោបាយបង្កើតឱ្យមាននាយករដ្ឋមន្ត្រីទី១ និងទី២ នៅពេលនោះ។

ដោយឡែកពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកវិញ ក៏បានប្រៀបធៀបដោយការឌឺដងថា នៅសហរដ្ឋអាមេរិក ពេលរាប់សន្លឹកឆ្នោតអត់មានការចល័តរថគ្រោះ ចល័តទ័ពចូលក្រុងឬ ចូលរាជធានី ដូចនៅកម្ពុជាទេ។ លើសពីនេះ ទិដ្ឋភាពនៃការរាប់សន្លឹកឆ្នោតនៅ អាមេរិក គេមិនដែលឃើញមានពលរដ្ឋនាំគ្នាទិញមី ឬទិញស្បៀងបម្រុងទុក ឬនាំគ្នាទៅដកលុយពីធនាគារ ដូចនៅកម្ពុជាកាលពីបោះឆ្នោតជាតិឆ្នាំ២០១៣ និង២០១៧ នោះទេ។

ជាងនេះទៀត ទិដ្ឋភាពឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សធំៗទាំងពីរនៅអាមេរិក រួមមានបក្សប្រជាធិបតេយ្យ និងបក្សសាធារណៈរដ្ឋ អត់មានការចុះចែកអំណោយ ដល់ពលរដ្ឋ ឬបបួលពលរដ្ឋឱ្យស្បថស្បែដាក់ជីវិតបើមិនបោះឆ្នោតឱ្យគណបក្សរបស់ខ្លួន ដូចនៅកម្ពុជា ព្រមទាំងបញ្ហាជាច្រើនទៀត។

លទ្ធផលបឋម និងមិនទាន់ជាផ្លូវការ ឱ្យដឹងថាសំឡេងគាំទ្រដែលជ្រើសរើសតួអង្គបោះឆ្នោតតាមបណ្តារដ្ឋនីមួយនៅសហរដ្ឋអាមេរិក បង្ហាញថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូបាយដិន (Joel Biden) នាំមុខ លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីបច្ចុប្បន្ន គិតត្រឹមល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា កត់សម្គាល់ថា ពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសមានការចាប់អារម្មណ៍ខ្លាំងពីដំណើរការបោះឆ្នោត នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល២អាណត្តិចុងក្រោយនេះ។

លោក មឿន តុលា អះអាងថា នៅថ្ងៃនេះមានរឿងជាច្រើនដែលយើងអាចរៀនសូត្រពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក តែរឿងមួយដែលលោកកត់សម្គាល់នោះ គឺមន្ត្រីទូតរបស់អាមេរិកមិនបានបោះបង់កិច្ចការងាររបស់ពួកគេដើម្បីឃោសនាអោយបក្ស ឬបេក្ខជនណាមួយនៅក្នុងប្រទេសដែលខ្លួនកំពុងធ្វើការនោះទេ។

លោកថា នេះមិនមែនមានន័យថាពួកគេម្នាក់ៗមិនមាននិន្នាការនយោបាយខុសគ្នានោះទេ ប៉ុន្តែពួកគេបានយកការងាររបស់ប្រទេសគេជាកិច្ចការសំខាន់ មិនយកម៉ោងការងារ ឬតួនាទីរបស់ខ្លួនទៅឃោសនាអោយបក្ស ឬបេក្ខជនដែលខ្លួនគាំទ្រនោះឡើយ ៕

ប្រភព៖ ឌឹខេមបូឌាដេលី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...