ពលករ​​កម្ពុជា​​រាប់​​រយ​​នាក់​​ធ្វើ​ការ​​នៅ​​ថៃ​ ទាម​ទារ​​ភាគី​​រោងចក្រ​​ដោះ​ស្រាយ​​លក្ខ​ខណ្ឌ​ការងារ​៣​ចំណុច​

13
វិច្ឆិកា

ពលករ​​កម្ពុជា​​រាប់​​រយ​​នាក់​​ធ្វើ​ការ​​នៅ​​ថៃ​ ទាម​ទារ​​ភាគី​​រោងចក្រ​​ដោះ​ស្រាយ​​លក្ខ​ខណ្ឌ​ការងារ​៣​ចំណុច​

​កម្មករ​កម្ពុជា​ប្រមាណ៥០០នាក់ដែល​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​រោងចក្រ​ផលិត​ចំណីអាហារ​ក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ បាន​នាំគ្នា​តវ៉ាអស់​រយៈពេល៣ថ្ងៃ​មក​ហើយ បន្ទាប់ពី​ពួក​គេ​មិនអាច​ទ្រាំទ្រការ​រង​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​ក្រោម​ការគ្រប់គ្រង​របស់​ភាគី​រោងចក្រ ក្នុងរយៈពេល៣ខែ​ចុងក្រោយ។

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិពល​ករ​ចំណាកស្រុក​ក្នុង​ប្រទេស​ថៃ ឱ្យ​ដឹង​ថា ក្រុម​កម្មករ​រោងចក្រ​ផលិត​និង​កែច្នៃ​សាច់​មាន់ GFN នៅ​យ៉​កណៃ ក្នុង​ខេត្ត​ឈុន​បុរី បាន​រួមគ្នា​តវ៉ា​ក្រោយ​ចប់​ម៉ោង​ការងារ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​លើ​បញ្ហា៣ចំណុច រួមមាន ប្រាក់ឈ្នួល​ប្រចាំខែ​ធ្លាក់ចុះ ថ្លៃ​បន្ទប់​ស្នាក់នៅ​កើនឡើង និង​ការ​ហាម​ពួក​គេ​មិន​ឱ្យ​ចេញក្រៅ។

មន្រ្តី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ នៃ​មជ្ឈ​មណ្ឌល​សម័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស ឬហៅ​កាត់ សង់​ត្រា​ល់ លោក លឹង សុ​ផុន លើកឡើង​ថា ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ពិសេស​នៅក្នុង​រយៈពេល៣ខែ​ចុងក្រោយ កម្មករ​រោងចក្រ GFN បាន​ជួប​បញ្ហា​ប្រឈម​មួយចំនួនដូចជា ការ​ធ្លាក់ចុះ​ប្រាក់ចំណូល​ដោយសារ​គ្មាន​ប្រាក់​ឈ្នួល​ថែម​ម៉ោង ខណៈ​ការងារ​របស់​ពួក​គេ​កើនឡើង។

លោក​បន្ត​ថា កម្មករ​ក៏​ត្រូវ​បាន​តម្រូវ​ឱ្យ​ចេញថ្លៃ​ជួសជុល​អាគារ​ស្នាក់នៅ និង​បង្ខំចិត្ត​ទិញ​ម្ហូប​ក្នុង​រោងចក្រ​ដែល​មានតម្លៃ​ថ្លៃ ដោយសារ​មិន​អាច​ចេញទៅ​ក្រៅ​បាន។ បើ​តាម​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កម្មករ​តវ៉ា​ទាំងនោះ​តំណាង​ឱ្យ​កម្មករ​ខ្មែរ​ជាង៣ពាន់​នាក់ដែល​កំពុងធ្វើការ​នៅ​រោងចក្រ​នេះ។

លោក​ថា ប្រាក់ខែ​ពួក​គេ​តាម​ផ្នែក​ផ្សេង​ៗគ្នា កន្លងមក ទទួល​បាន​ពី១៥ ០០០បាត ទៅ ២ម៉ឺន​បាត (ប្រហែល៥០០ដុល្លារ​ ទៅ៦៥០ដុល្លារ​) តែ​ឥលូវធ្លាក់ចុះ​មក​នៅ​ពី១១ ០០០បាត ដល់ ១៣ ០០០បាត (ប្រហែល៣៥០ដុល្លារ​ ទៅ៤៥០ដុល្លារ​) ដោយសារ​លែង​មាន​ប្រាក់ឈ្នួល​ថែម​ម៉ោង។

លោក សុ​ផុន បន្ថែម​ថា កម្មករ​ម្នា​ក់ៗ​ក៏​ត្រូវ​ចំណាយ​ថវិកា៦០០បាត (ស្មើ​ប្រហែល២០ដុល្លារ​) លើ​ថ្លៃ​បន្ទប់​ក្នុង​មួយ​ខែ ហើយ​ក្រុមហ៊ុនលែង​រ៉ាប់រង​លើ​ការ​ចំណាយ​លើ​ការ​ជួសជុល​បន្ទប់និង​អាគារ​ស្នាក់នៅ​របស់​ពួក​គេ ដោយ​បន្ទុក​ទាំងអស់​ត្រូវ​ធ្លាក់​លើ​កម្មករ​ម្នា​ក់ៗ។

លោក​បញ្ជាក់​ថា អាហារ​លក់​នៅក្នុង​រោងចក្រ ដូចជា ផ្លែឈើ​ជាដើម ឡើងថ្លៃ​ដល់៥០ភាគរយ ហើយ​ខាង​រោងចក្រ​ហាមឃាត់​ពួក​គេ​ចេញទៅ​ក្រៅ​ទិញ​អាហារ ក្រោម​ហេតុផល​បញ្ចៀស​ការ​នាំ​យក​ជំងឺ​កូ​វីដ១៩ពី​ខាងក្រៅ។

យ៉ាងណា លោក​បន្ត​ថា បម្រាម​នេះមិនបាន​ដាក់​ទៅលើ​ក្រុម​កម្មករ​ថៃ​ក្នុង​រោងចក្រ​ដែល​មាន​ប្រមាណ៥០០នាក់​នោះ​ទេ ដោយ​ពួក​គេ​អាច​ចេញចូល​រោងចក្រ​បាន​ដោយសេរី ដោយ​មិន​ចាំបាច់​ស្នើសុំ​ការអនុញ្ញាត​ពី​អ្នកគ្រប់គ្រង។

លោក លឹង សុ​ផុន ប្រាប់​ថា៖ «កន្លែង​ហ្នឹង​គេដាក់​សម្ពាធ​លើ​ពលករ​ខ្មែរយើង ដែល​កន្លងមក​យើង​មាន​សិទ្ធិ​សេរីភាព​ស្មើគ្នា ព្រោះអី​ប្រសិនជា​កូ​វីដ ក៏​កូ​វី​ដទាំងអស់គ្នា បើសិនជា​អត់​កូ​វីដ ក៏​អត់​ទាំងអស់គ្នា។ ហេតុ​អី​ធ្វើ​ចំពោះតែ​ពលករ​ខ្មែរយើង ហើយ​ចំពោះតែ​រោងចក្រ​ហ្នឹង​តែម្តង រោងចក្រ​ដទៃ​ គេ​មិន​ធ្វើ​អញ្ចឹង»។

កម្មករ​ផ្នែក​អនាម័យ​នៅ​រោងចក្រ​ផលិត​និង​កែច្នៃ​សាច់​មាន់ GFN អ្នកស្រី កៅ គឺ ប្រាប់វី​អូ​ឌីនៅ​ថ្ងៃនេះ​ថា ដំបូង​ឡើយ ក្រុមហ៊ុន​មិន​យក​ប្រាក់ឈ្នួល​បន្ទប់​ស្នាក់នៅ​នោះ​ទេ ប៉ុន្តែ​ចាប់ពី​ឆ្នាំ២០១៩ ក្រុមហ៊ុន​កាត់ថ្លៃ​ឈ្នួល​បន្ទប់​ពី​កម្មករ​ចាប់ពី៣០០បាត រហូត​ឡើង​ដល់៦៥០បាត ខណៈ​ប្រាក់ឈ្នួល​ប្រចាំខែ​បាន​ធ្លាក់ចុះ​ពី១២ ០០០បាត មក​នៅ​ត្រឹម៧ទៅ៨ពាន់​បាត។

ពលករ​ចំណាកស្រុក​ដែល​ទុក​កូន​អាយុ៤ឆ្នាំ​នៅ​ស្រុកកំណើត​ក្នុង​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ បន្ថែម​ថា ចាប់ពី​មាន​ផ្ទុះ​ជំងឺឆ្លង​មក អ្នក​គ្រប់គ្រងបាន​ហាម​មិន​ឱ្យ​កម្មករ​ខ្មែរ​ចេញទៅ​ទិញ​ម្ហូបអាហារ​នៅ​ហាង​ក្បែរ​រោងចក្រ​នោះ​ទេ ប៉ុន្តែ​កម្មករ​ថៃអាច​ទៅ​ទិញ​បាន។ ករណីនេះ អ្នកស្រី​ថា បាន​ធ្វើ​ឱ្យ​កម្មករ​ត្រូវ​បង្ខំចិត្ត​ចំណាយ​លុយ​ទិញ​អាហារ​ក្នុង​រោងចក្រ​ដែល​មានតម្លៃ​ខ្ពស់។

អ្នកស្រី កៅ គឺ និយាយ​ថា៖ «គេ​អត់ឱ្យ​ចេញ​តែម្តង តែបើ​ឥលូវចេញ​ក្រដាស​ឱ្យ​យើង​ស្នើសុំ។ មុន​ចេញទៅ​ណា យ​កក្រដាសសរសេរ​លេខទូរសព្ទហើយ​ឈ្មោះ​យើង យក​ឱ្យ​ថ្នាក់លើ​យើង​មើល​សិន ​បាន​ចេញ​បាន។ ប៉ុន្តែ​បើ​កូន​ថៃ​ គេ​ចេ​ញប្រុយៗ​តែម្តង ​មិន​ចាំបាច់​ស្នើសុំ​អី​ទេ»។ 

ស្រ្តី​វ័យ២៨ឆ្នាំរូប​នេះ បន្ត​ថា វិធានការ​របស់​រោងចក្រ​បាន​រឹត​ត្បិត​សេរីភាព​ដើរហើរ​របស់​អ្នកស្រី បន្ថែម​ពីលើ​សម្ពាធ​សេដ្ឋកិច្ច ខណៈ​គាត់​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​ផ្ញើ​ទៅ​ផ្គត់ផ្គង់​គ្រួសារ​នៅ​ស្រុកកំណើត។

អ្នកស្រី​បន្ថែម​ថា៖ «ដល់ពេល​យើង​អត់​បាន​ចេញទៅ​ណា ដូច​ជាប់​គុក​អញ្ចឹង​ណា»។

អ្នកគ្រប់គ្រង​កម្មករ​កម្ពុជា​នៅ​រោងចក្រ GFN លោក ស៊ី​ម ចាន់​ថន បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​ថា រោងចក្រ​ហាម​កម្មករ​ខ្មែរ​មិន​ឱ្យ​ចេញពី​រោងចក្រ​ទៅ​ទិញ​ម្ហូបអាហារ។ លោក​ថា ខាង​រោងចក្រ​ស្នើសុំ​ឱ្យ​ពួក​គាត់​គ្រាន់តែ​បំពេញ​ពាក្យ​ស្នើសុំ​ចេញក្រៅ​ប៉ុណ្ណោះ ដើម្បី​ងាយស្រួល​ក្នុង​ការ​តាមដាន​ក្នុងករណី​មានការ​ឆ្លង​ជំងឺ​កូ​វីដ១៩កើតឡើង។

ដោយឡែក សម្រាប់​ការអនុញ្ញាត​ឱ្យ​កម្មករ​ថៃ​ចេញចូល​ដោយសេរី​នោះ លោក​ថា ពួក​គេ​ទាំងនោះ​មាន​យានយន្ត​ផ្ទាល់ខ្លួន អាច​ឱ្យ​ពួក​គេ​ធ្វើដំណើរ​ទៅមក​បាន។ បើ​តាមលោក ចាន់​ថន លើកឡើង​ថា មានកម្ម​ករ​ខ្មែរ​ប្រហែល១០០នាក់​ប៉ុណ្ណោះ​ដែល​ចេញ​មក​តវ៉ា​ក្រោយ​ម៉ោង​ធ្វើការ។

លោក​ថា៖ «អត់មាន​បញ្ហា​អី​ធំដុំ​ទេ វា​គ្រាន់តែ​ជា​រឿង​តូចតាច​ប៉ុណ្ណោះ»។ 

ដោយឡែក សម្រាប់​ទំនិញ​ក្នុង​រោងចក្រ​មានតម្លៃ​ខ្ពស់ ថ្លៃ​បន្ទប់​ស្នាក់នៅ និង​បញ្ហា​ប្រាក់ឈ្នួល​ទាប លោក​ថា ខាង​រោងចក្រ​កំពុង​ចរចា​ស្វែងរក​ដំណោះស្រាយ​រួមជាមួយ​តំណាង​របស់​កម្មករ។

មន្ត្រី​គ្រប់គ្រង់​កម្មវិធី​ការងារ​នៃ​អង្គការ​សង់​ត្រា​ល់ លោក ឃុន ថា​រ៉ូ ចាត់ទុក​ការ​គិតថ្លៃ​បន្ទប់​ស្នាក់នៅ និង​ហាមប្រាម​មិន​ឱ្យ​កម្មករ​ខ្មែរ​ចេញក្រៅ គឺជា​ការ​បន្ថែម​សម្ពាធ​សេដ្ឋកិច្ច​និង​ផ្លូវចិត្ត​ទៅលើ​ពួក​គេ ខណៈ​ចំណូល​កម្មករ​ជាទូទៅ​មានការ​ធ្លាក់ចុះ អំឡុង​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង។

លោក ថា​រ៉ូ មានប្រសាសន៍​ថា៖ «ប្រទេស​ថៃ មិនទាន់​បាន​ដាក់​​ប្រទេស​ឋិត​ក្នុង​កម្រិត​មួយ​ប្រកាស​អាសន្ន​ធ្ងន់ធ្ងរ​ ដែល​កម្មករ​និយោជិត គាត់​មិន​អាច​ចេញពី​រោងចក្រ​បាន​ដែរ​ទេ អញ្ចឹង​ចំណុច​មួយ​ហ្នឹង ខ្ញុំ​គិតថា ជា​ការ​ដាក់បន្ទុកសម្ពាធ​ទៅ​ឱ្យ​កម្មករ​និយោជិត​ដែល​គាត់​ធ្វើការងារ​នៅ​ទីនោះ»។

កាលពីដើម​សប្តាហ៍​នេះ អង្គការ​បណ្តាញ​អន្តោប្រវេសន៍​មេគង្គ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ថា ពលករ​ចំណាកស្រុក​នៅក្នុង​តំបន់ កំពុង​ត្រូវ​បាន​ធ្វើ​ឱ្យ​ក្លាយជា​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​បំផុត​ពី​ជំងឺឆ្លង ដែល​រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់ ត្រូវតែ​ជួយ​សម្រាល​បញ្ហា​កំពុង​ប្រឈម​ធ្ងន់ធ្ងរ​នានា​របស់​ពួក​គេ។

របាយការណ៍​នោះ​សរសេរ​ថា៖ «ជន​ចំណាកស្រុក​ជាច្រើន​ដែល​ធ្វើការ​ក្នុង​វិ​ស័យ​ផ្សេង​ៗ បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំងឺឆ្លង ហើយ​ត្រូវ​បាន​បាត់បង់​ការងារឬបង្ខំ​ឱ្យធ្វើ​ការ​ដោយ​ការ​កាត់​ប្រាក់ឈ្នួល​ច្រើន ក្នុង​នោះ​ជន​អន្តោប្រវេសន៍​មួយភាគធំនិង​ក្រុម​គ្រួសារ​របស់​ពួក​គេ មានលទ្ធភាព​តិចតួច​ឬគ្មាន​ទាំងស្រុង ក្នុង​ការ​ទទួល​បាន​កញ្ចប់​សេវា​ធានារ៉ាប់រង​សុវត្ថិភាព​សង្គម»៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...