អតីតបុគ្គលិកសណ្ឋាគារសូហ្វីតែភ្នំពេញភូគីត្រា តវ៉ានៅមុខក្រសួងការងារអោយជួយដោះស្រាយវិវាទរបស់ពួកគេ

17
វិច្ឆិកា

អតីតបុគ្គលិកសណ្ឋាគារសូហ្វីតែភ្នំពេញភូគីត្រា តវ៉ានៅមុខក្រសួងការងារអោយជួយដោះស្រាយវិវាទរបស់ពួកគេ

អតីត​កម្មករ​និយោជិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​ចំនួន​៥៣​នាក់​ ដែល​ត្រូវ​បាន​សណ្ឋាគារ​បញ្ឈប់​ពី​ការងារ​នោះ​ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាងមុខ​ក្រសួង​ការងារ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ វិច្ឆិកា​ នេះ ​ដើម្បី​ស្នើ​សុំ​អោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដោះស្រាយ​វិវាទ​របស់​ពួកគេ​ តាម​រយៈ​ការ​បញ្ជូន​វិវាទ​នេះ​ទៅកាន់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ បន្ទាប់​ពី​សំណុំ​រឿង​នេះ​ មិន​អាច​ផ្សះផ្សារ​គ្នា​បាន​។ គួរ​ជំរាប​ជូន​ថា​ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​ ចាប់​តាំង​ពី​ខែ​មីនា​មក​ មាន​បុគ្គលិក​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ប្រមាណ​ជា​២០០០​នាក់​មក​ហើយ​ ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ ដោយ​គ្មាន​ការ​ទូទាត់​សំណង​សមរម្យ​។

ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុនៃការតវ៉ារបស់អតីតកម្មករនិយោជិតដែលធ្លាប់បម្រើការងារនៅសណ្ឋាគារផ្កាយ៥ សូហ្វីតែលភ្នំពេញ ភូគីត្រា ចំនួន៥៣នាក់នៅពេលនេះ គឺស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈអោយបញ្ជូនវិវាទការងាររួមនៃសណ្ឋាគារមួយនេះ ទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ បើផ្អែកតាមលិខិតសុំអន្តរាគមន៍របស់លោក ផាន់ សារួន ក្នុងនាមប្រធានសហជីពសាមគ្គីឯករាជ្យនៃសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រានេះ បានលើកឡើងថា ចាប់តាំងពីមានការផ្សះផ្សារមិនសះជានៃវិវាទការងាររួមដែលធ្វើឡើងនៅឯក្រសួងការងារកាលពីថ្ងៃទី ៣១ សីហា មក គឺសំណុំរឿងនេះ មិនត្រូវបានបញ្ជូនទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះទេ។ ម្លោះហើយ ផ្អែកតាមមាត្រា ៣០៨ ៣០៩ និង៣១០ នៃច្បាប់ស្តីពីការងារ លោកស្នើសុំអោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរបស់ពួកគេ តាមរយៈការបញ្ជូនវិវាទនេះទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

គួរជំរាបជូនថា អស់រយៈពេល៣ខែមកហើយ ដែលបុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រាចំនួន ៥៣នាក់ ត្រូវបានបញ្ឈប់ពីការងារ។ ប៉ុន្តែភាគីសហជីព និងអតីតបុគ្គលិកបានចាត់ទុកថា ការបញ្ឈប់ពួកគេពីការងារនេះ គឺមិនបានអនុវត្តតាមច្បាប់ការងាររបស់កម្ពុជានៅត្រង់មាត្រា១៥នោះទេ។

លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅកាត់ថា សង់ត្រាល់ បានថ្លែង​ថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ចាប់តាំងពីខែមីនាមក មានបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥ប្រមាណជា២០០០នាក់មកហើយនៃសណ្ឋាគារប្រមាណជា២០ ដែលត្រូវបានគេបញ្ឈប់ពីការងារ ដោយគ្មានការទូទាត់សំណងសមរម្យ ហើយសណ្ឋាគារខ្លះតួយ៉ាងដូចជា សណ្ឋាគារ Le Meridien Angkor Hotel នៅខេត្តសៀមរាប នៅមិនទាន់ដោះស្រាយចប់នៅឡើយទេ។ លោកបន្តថា សណ្ឋាគារខ្លះបានបញ្ឈប់បុគ្គលិកពី៣០ទៅ៥០% និងខ្លះទៀត បានកាត់បន្ថយប្រាក់ឈ្នួលបុគ្គលិក ពី១០ទៅ៣០% ជាដើម។ អ្នកឃ្លាំមើលសិទ្ធិការងារនៅកម្ពុជារូបនេះ បានកត់សំគាល់ថា អ្វីដែលជាបញ្ហាប្រឈមនៅពេលនេះ គឺបញ្ហាការទូទាត់ប្រាក់សំណងនៃការផ្តាច់កិច្ចសន្យាការងារ និងការរើសអើងចំពោះសហជីពនៅក្នុងសណ្ឋាគារជាដើម៕

ប្រភព៖ RFI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...