"ក្រសួង​គួរ​ត្រួត​ពិនិត្យ​តាម​រោងចក្រ​ដែល​មិន​ចូលរួម​អនុវត្ត​វិធានការ​បង្ការ​​ជំងឺ​កូវីដ-១៩"

03
ធ្នូ

“ក្រសួង​គួរ​ត្រួត​ពិនិត្យ​តាម​រោងចក្រ​ដែល​មិន​ចូលរួម​អនុវត្ត​វិធានការ​បង្ការ​​ជំងឺ​កូវីដ-១៩”

ក្រោយពី​រដ្ឋាភិបាល​ប្រកាស​ថា កម្ពុជា បាន​ដើរ​ឆ្លង​ចូល​បន្ទាត់​ក្រហម នៃ​គ្រោះថ្នាក់​ធំ​ព្រោះតែ​ជំងឺ​កូវីដ​១៩ បាន​ឆ្លង​ចូល​ក្នុង​សហគមន៍ និង​ចម្លង​ដល់​មនុស្ស​១៧​នាក់ ត្រឹមតែ​រយៈពេល​ខ្លី បាន​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ​ដល់​ក្រុម​មនុស្ស​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ នោះ​គឺ​ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​។​

មន្ត្រី​សិទ្ធិ​ការងារ​ព្រួយ​បារម្ភ​ថា កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ ដែល​មាន​ស្ថានភាព​រស់នៅ ហូបចុក ការ​ធ្វើ​ដំណើរ និង​លក្ខខណ្ឌ​ការងារ​នៅ​កន្លែង​ធ្វើការ មិនទាន់​ធានា​នូវ​ការ​រក្សា​គំលាត​សង្គម​ឲ្យ​ពួកគាត់​នៅ​ឡើយ។

សង្គម​ស៊ីវិល​ចង់​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​វិធានការ​មួយ​ចំនួន ដើម្បី​តាមដាន​និង​ពង្រឹង​វិធានការ​អនាម័យ​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ។

មន្ត្រី​សិទ្ធិ​ការងារ ក្នុង​វិស័យ​កាត់ដេរ ស្នើ​ឲ្យ​ក្រសួង​ការងារ​ចុះ​ធ្វើ​អធិការកិច្ច ឬ​តាមដាន​ត្រួតពិនិត្យ​នៅ​តាម​បណ្ដា​រោងចក្រ​សហគ្រាស ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​បង្ការ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ចូល​ទៅ​ក្នុង​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ថ្លែង​ថា រោងចក្រ សហគ្រាស​ខ្លះ​បាន​អនុវត្ត​តាម​វិធាន​អនាម័យ និង​បង្ការ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ របស់​ក្រសួង​សុខាភិបាល​និង​ក្រសួង​ការងារ​បាន​ត្រឹមត្រូវ ស្រប​ពេល​ដែល​រោងចក្រ សហគ្រាស​មួយ​ចំនួន​មិន​បាន​អនុវត្តន៍​ត្រឹមត្រូវ​នៅឡើយ​។ អ្នកស្រី​បន្ត​ថា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ចុះ​ធ្វើ​អធិការកិច្ច​លើ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទាំងអស់ ដោយ​ដាក់​ផែនការ​ជាក់លាក់​ក្នុង​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ចូល​ទៅ​ក្នុង​សហគមន៍ ហើយ​ការដែល​ក្រសួង​ចេញ​សេចក្ដីណែនាំ​តែ​នៅ​លើ​ក្រដាស ខ្វះ​ការ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​នោះ អ្នកស្រី​ពុំ​មាន​ជំនឿ​លើ​ប្រសិទ្ធភាព​នៃ​ការ​បង្ការ​មេរោគ​ឆ្លង​នេះ​ទេ​៖ «​វិធានការ​ទី​៧​ថា​មាន​ការ​ជជែក​គ្នា​មាន​វិធានការ​បាញ់​អាកុល​មុន​ពេល​ចេញដំណើរ ប៉ុន្តែ​សួរ​សំណួរ​ថា​តើ​ដែល​មាន​ទេ​បាន​ធ្វើ​អ៊ីចឹង​ទេ​មាន​នរណា​ពិនិត្យ​ស្ថានភាព​ទាំងអស់​នេះ​ទេ​មួយ​វិញ​រឿង​វិធានការ​មនុស្ស​ចូល​ក្នុង​បរិវេណ​ក្រុមហ៊ុន​វិញ មានការ​កត់ត្រា​មនុស្ស​ចេញចូល ប៉ុន្តែ​សួរ​ថា គ្រប់គ្រាន់​ទេ​បើ​ស្ថានភាព​មនុស្ស​កំពុង​ធ្វើ​ការ​មិន​មាន​គម្លាត​ផង​ហ្នឹង កម្មករ​ធ្វើការ​តាម​ចរន្តទឹក​ហូរ​បោះ​អីវ៉ាន់​បន្ត​គ្នា​ហើយ​ម៉ាស៊ីន​ដាក់​បន្ត​បន្ទាប់​គ្នា គ្មាន​ការ​ដាក់​ដាច់ដោយឡែក​តា​ម​វិធានការ​របស់​ក្រសួងសុខាភិបាល​ទេ​។ តើ​អ្នក​ចុះ​អធិការកិច្ច​បាន​ទៅ​រក​ឃើញ​ទេ ហើយ​ចុះ​ណែនាំ​ទេ​សូម​បង្ហាញ​ជា​ផ្លូវការ និង​ប្រាប់​ទៅ​សាធារណជន​ថា​ក្រុមហ៊ុន​នេះ​មិន​បាន​អនុវត្ត ហើយ​គួរតែ​មាន​វិធានការ​នេះ​តឹងរ៉ឹង»

ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ បាន​ចេញ​សេចក្ដីណែនាំ​បន្ថែម​ស្ដីពី វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ នៅ​តាម​រោងចក្រ សហគ្រាស ឲ្យ​ផ្ដល់​សម្ភារៈ​អនាម័យ និង​វ៉ាស់​កម្ដៅ​កម្មករ​នៅ​ពេល​ចូល និង​ចេញពី​ធ្វើ​ការ ចាត់តាំង​មេក្រុម​ឲ្យ​ផ្សព្វផ្សាយ ត្រួតពិនិត្យ​វិធានការ​បង្ការ និង​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ទាន់​ហេតុការណ៍​នៅ​ពេល​មាន​ករណី​សង្ស័យ​។ សេចក្ដីណែនាំ​នេះ ក៏​ជំរុញ​ឲ្យ​កម្មករ​ចូលរួម​សហការ​អនុវត្ត​វិធានការ​បង្ការ ដោយ​ពាក់​ម៉ាស់​ជានិច្ច និង​តាមដាន​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​កម្មករ​ឲ្យ​បាញ់​អាល់កុល​សម្លាប់​មេរោគ​មុន​ពេល​ចេញ​ដំណើរ​ជាដើម​។ លិខិត​ដដែល​ក៏បាន​ព្រមាន​ដល់​មន្ត្រី​អធិការកិច្ច​ការងារ និង​មន្ត្រី​ផ្សះផ្សា​វិវាទ​ការងារ ឲ្យ​អនុវត្ត​វិធានការ​បង្ការ​នៅ​ពេល​ចុះ​បំពេញការងារ​។ ចំពោះ​មន្ត្រី​ដែល​មិន​អនុវត្ត​គោលការណ៍​អនាម័យ នោះ​នឹង​ត្រូវ​រង​ទណ្ឌកម្ម​ក្នុង​ករណី​ដែល​រោងចក្រ​សហគ្រាស ផ្ដល់​ព័ត៌មាន​ច្បាស់លាស់។

យ៉ាង​នេះ​ក្ដី អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ចង់​ឃើញ​ក្រសួង​និង​ស្ថាប័ន​រដ្ឋាភិបាល​ប្រើ​វិធានការ​ពិនិត្យ​តាមដាន​ទៅលើ​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​កម្មករ​វិញ​។​

លោក ឃុន ថារ៉ូ ថ្លែង​ថា បញ្ហា​កម្មករ​ខ្វះខាត​ម៉ាស់​ប្រើ និង​ប្រើប្រាស់​ម៉ាស់​មិន​បាន​ត្រឹមត្រូវ​នោះ ក៏​ជា​បញ្ហា​ប្រឈម​មួយ ស្រប​ពេល​ដែល​ទិន្នន័យ ឬ​ប្រភព​នៃ​ការ​ឆ្លង​ចូល​សហគមន៍​ក៏​នៅ​មិន​ទាន់​មាន​ការ​បង្ហាញ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​នៅឡើយ​។ លោក​បារម្ភ​ថា កម្មករ​ក្នុង​វិស័យ​កាត់ដេរ​គឺជា​ក្រុម​មនុស្ស​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ ដែល​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​និង​ថៅកែ​ក្រុមហ៊ុន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​នូវ​សម្ភារៈ​បង្ការ​អនាម័យ​ដល់​កម្មករ​និយោជិក បូក​រួម​ទាំង​ការអប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ​អំពី​ការ​វិធានការ​អនាម័យ​៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​បើ​គិត​ថា​ហ្នឹង​ជា​បន្ទាត់​ក្រហម ហើយ​វា​ឈាន​ចូល​ក្នុង​សហគមន៍​រដ្ឋាភិបាល​គួរ​បង្កើន​នូវ​ការ​វិនិយោគ​ក្នុង​ការ​ផ្ដល់​សម្ភារៈ​ការពារ​បុគ្គល​។ ទន្ទឹម​នឹង​នេះ ក៏​មាន​សហគ្រាស​មួយ​ចំនួន​វិវឌ្ឍន៍​នូវ​ការផ្លាស់ប្ដូរ​ផលិតកម្ម​ក្នុង​ការ​ផលិត​ម៉ាស់​ជាដើម​ក្នុង​ការ​នាំចេញ ឬក៏​ប្រើប្រាស់​ក្នុងស្រុក​អ៊ីចឹង​រដ្ឋាភិបាល​គួរតែ​គិតគូរ​អំពី​សុខុមាលភាព​កម្មករ​និយោជិក​ជា​ចម្បង ពី​ព្រោះ​ថា​បើសិនជា​មានការ​ប៉ះពាល់ ឬ​ឆ្លង​ដល់​កម្មករ​ណាមួយ​នោះ​វា​នឹង​អាច​ជា​កត្តា​ជះ​ខ្លាំង ដល់​វិស័យ​មួយ​ដែល​មាន​កម្លាំង​ពលកម្ម​ច្រើន ហើយ​ហានិភ័យ​ឆ្លង​ពី​មួយ​ទៅ​មួយ​កាន់តែ​ខ្ពស់»

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បន្ត​ថា ក្នុង​ដំណាក់កាល​នេះ​រដ្ឋាភិបាល​គួរតែ​គិត​ពី​បញ្ហា​អាទិភាព​លើ​ពលរដ្ឋ​ខ្លួនឯង ជាជាង​ធ្វើ​កិច្ចការ​មនុស្សធម៌​ផ្ដល់​ម៉ាស់​ទៅ​ប្រទេស​ដទៃ​៖ «បើ​អាច​រដ្ឋាភិបាល​គួរតែ​គិត​ពី​បញ្ហា​អាទិភាព​សុខុមាលភាព​ប្រជាពលរដ្ឋ​ជា​សំខាន់ កុំ​ទាន់​អាល​គិត​ទៅដល់​សកម្មភាព​មនុស្ស​ធម៌​នៅ​ក្នុង​ការ​ផ្ដល់​ទៅ​បណ្ដា​ប្រទេស​មួយ​ចំនួន អ៊ីចឹង​ត្រូវ​ផ្ដល់​អាទិភាព​នេះ​ចំណាយ​ម៉ាស់​រាប់​លាន​ដើម្បី​ឲ្យ​កម្មករ​និយោជិក​គាត់​អាច​ប្រើប្រាស់ ហើយ​បើ​ខ្វះខាត​និយោជក​ក៏​ត្រូវ​តែ​ចូលរួម​ចំណែក​បន្ថែម​ទៀត»

នៅ​កម្ពុជា​មាន​កម្មករ​និយោជិក​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ សំលៀកបំពាក់​និង​ស្បែកជើង​ប្រមាណ​១​លាន​នាក់​។ ទន្ទឹម​ទៅ​នឹង​ការភ័យខ្លាច​មេរោគ​ឆ្លង​កូវីដ​១៩ នេះ មន្ត្រី​សិទ្ធិ​ការងារ​មើល​ឃើញ​ថា កម្មករ​និយោជិក​ក៏​កំពុង​ព្រួយបារម្ភ​ពី​ជីវភាព​គ្មាន​ប្រាក់​ដោះ​បំណុល​ធនាគារ បារម្ភ​ពី​ការបាត់បង់​ការងារ បាត់បង់​អត្ថប្រយោជន៍ ក្នុង​គ្រា​ដែល​ក្រុមហ៊ុន​រោងចក្រ សហគ្រាស​មួយ​ចំនួន​បន្ត​បិទទ្វារ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ប្រើ​លេស​បិទទ្វារ ឬ​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​ពួកគាត់​មិន​បាន​សមស្រប៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...