ក្រុម​សិទ្ធិ​មនុស្ស ​និង​អាជ្ញាធរ​ភ្នំពេញ​ខ្វែង​គំនិត​គ្នា​លើ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ខណៈ​ផ្ទុះ​ជំងឺ​កូវីដ​១៩

02
ធ្នូ

ក្រុម​សិទ្ធិ​មនុស្ស ​និង​អាជ្ញាធរ​ភ្នំពេញ​ខ្វែង​គំនិត​គ្នា​លើ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ខណៈ​ផ្ទុះ​ជំងឺ​កូវីដ​១៩

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា​ពួកគេ​គ្រោង​នឹង​លើក​ការ​រៀប​ចំ​ទិវា​សិទ្ធិមនុស្ស​អន្តរ​ជាតិ​១០ធ្នូ​ទៅ​ថ្ងៃ​ទី​២០ ​ខែធ្នូ​វិញ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឲ្យ​ពន្យារ​ពេលប្រារព្ធ​ពិធី​នេះ ក្រោម​ហេតុ​ផលបារម្ភ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​កាន់​តែ​ខ្លាំង។

ក្រុម​អង្គការដែល​មាន​ចំនួន​៣៣​ បាន​ស្នើ​សុំ​ប្រារព្ធ​ខួប​លើក​ទី​៧២​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិនេះ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ឬស្សីកែវ​ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ និង​មាន​គម្រោង​ដង្ហែ​ក្បួន​ទៅ​កាន់​រ​ដ្ឋសភា​ជាតិ ​ដើម្បី​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ពាក់​ព័ន្ធ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

បើ​តាម​លិខិត​របស់​សាលា​រាជធានី​ចុះ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ អភិបាល​រង​រាជធានី​ភ្នំពេញ​ លោក​ មាន​ ចាន់​យ៉ាដា​ បាន​ឆ្លើយ​តប​ទៅ​នឹង​លិខិត​ជូន​ដំណឹង​របស់​ក្រុម​សង្គម​ស៊ីវិល ដោយ​ស្នើឲ្យ​តំណាង​ក្រុម​សង្គម​ស៊ីវិល​ទាំង​៣៣​នោះ​ ពន្យារ​ពេល​នៃ​ការ​រៀប​ចំ​ពិធី​ ដោយ​សារ«ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ក្នុង​សហគមន៍​ជា​លើក​ទី​១​ ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​មមាញឹក​ស្រាវជ្រាវ​កំណត់​រក​មុខ​សញ្ញា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ»។​

អភិបាល​រង​រូបនេះ​បាន​លើក​ឡើង​ថា៖ «នៅ​ពេល​ដែល​ស្ថានភាព​នេះមាន​ភាព​ធូរ​ស្រាល​ និង​គ្រប់​គ្រង​បាន ក្រុម​តំណាង​អង្គការ​អាច​ដាក់​លិខិត​ជូន​ដំណឹង​រៀប​ចំ​ពិធី​ជាថ្មី»។

លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ពី​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ​ ប៉ុន្តែ​លោក​ថា ការណ៍​នេះ​មិន​អាច​បង្អាក់​ការប្រារព្ធ​ទិវា​ដ៏​មាន​សារ​សំខាន់​នេះ​បាន​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «រីករាល​ដាល​កូវីដ​ហ្នឹង​ វា​ជា​ក្តី​បារម្ភ​របស់​យើង​ហើយ។ មិន​មែន​ថា​អង្គការ​សង្គម​ស៊ីវិល​ មិន​មែន​ថា​មហា​ជន​ ប្រជា​ពលរដ្ឋ​ទូទៅ​ ទាំង​រាជ​រដ្ឋាភិបាល​ហ្នឹង​ទេ​ វា​ជា​ការ​ពិត​ វា​ជា​ក្តី​បារម្ភ​យើង​ទាំង​អស់​គ្នា​ តែ​រឿង​ដែល​សំខាន់​ ដែល​ជា​ក្តីបារម្ភ​ធំ​ជាង​គេ​ទៀត​នោះ ​គឺ​ថា​អា​ការ​រឹត​តូច​ទៅ​ៗ​នៃ​សិទ្ធិ​សេរីភាព​ ជា​ពិសេស​ហ្នឹង​សិទ្ធិ​មនុស្ស​ ការ​រឹត​ត្បិត​លម្ហ​សិទ្ធិ​សេរីភាព​សេរីភាព​ សិទ្ធិ​មនុស្ស​ សិទ្ធិ​ពល​រដ្ឋ​ សិទ្ធិ​នយោបាយ​ហ្នឹង​វា​កាន់​តែ​រួម​តូច​ទៅ​ៗ»។​

លោក​បន្ថែម​ថា​ក្រុម​សង្គម​ស៊ីវិល​មាន​គម្រោង​ប្រារព្ធ​ទិវា​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ក្រោយ​រដ្ឋាភិបាល​បាន​បញ្ចប់​ការ​ធ្វើ​តេស្ត​រក​អ្នក​ពាក់ព័ន្ធ​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍ ដែល​គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​មាន​មនុស្ស​១៧​នាក់​ហើយ​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ប្រកាស​ថា​បាន​ឆ្លង​ជំងឺ​នេះ។

លោក​បន្ថែម​ថា៖ «យើង​នៅ​តែ​ប្រកាន់​ជំហរ​ដដែល។ នៅ​ថ្ងៃ​២០​[ខែ​ធ្នូ]​ហ្នឹង​ គឺ​បន្ត​នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​១០០០​នាក់​ហ្នឹង​ ហើយ​នៅ​តែ​បន្ត​នៅ​ក្នុង​ការ​ហែ​ក្បួន​ទៅ​មុខ​រដ្ឋសភា​ ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​ហ្នឹង។ អ៊ីចឹង​ជំហរ​របស់​យើង​អត់​មាន​ការ​ផ្លាស់​ប្តូរ​ទេ​ គ្រាន់​ថា​យើង​លើក​ពេល​ពី​ថ្ងៃ​[ទី] ៦ [ខែ​ធ្នូ] ទៅ​ថ្ងៃ​២០»។

លោក​បញ្ជាក់​ទៀត​ថា​ ក្រុម​សង្គម​ស៊ីវិល​នឹង​ដាក់​លិខិត​ម្តង​ទៀត​ទៅ​សាលា​រាជធានី។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ម៉េត​ មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

កាល​ពី​កន្លង​ទៅ រដ្ឋាភិបាល​បាន​សម្រេច​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​ជា​សាកល។ ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ​រដ្ឋាភិបាល​មិន​គួរ​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​នេះ​នោះ​ទេ។ ពួក​គេ​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ធ្លាក់​ចុះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៣​ដែល​ស្នើ​សុំ​ធ្វើ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ រួម​មាន​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ពលករ​សំខាន់​ៗ​ដូចជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អង្គការ​លីកាដូ សង់ត្រាល់​ និង​សហភាព​ការងារ​កម្ពុជា​ជាដើម។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​មាន​ប្រសាសន៍​ថា​ ការ​ប្រារព្ធ​ទិវា​១០​ធ្នូ នៅ​តែ​ចាំបាច់​សម្រាប់កម្ពុជា។ ​លោក​ថា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តែ​មាន​ភាព​ចម្រូងចម្រាស និង​រង​ការ​រិះគន់ពី​ប្រទេសផ្សេងៗ ក្នុង​នោះ​គឺ​សហភាព​អឺរ៉ុប​ ដែល​បាន​សម្រេចកាត់​ផ្តាច់​មួយ​ចំណែក​នៃ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា ឬ​ហៅ​ថា​EBA (Everything But Arms)។

លោក​កត់​សម្គាល់​ថា​រដ្ឋាភិបាល​ក៏​គួរ​ពិចារណា​ឡើង​វិញលើ​ការ​អនុញ្ញាត​ឲ្យ​ពល​រដ្ឋ​កម្ពុជា​បាន​ឈប់​សម្រាក​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏​វា​ជា​បញ្ហា​ចម្រូងចម្រាស​ដែល​កើត​ឡើង​កន្លង​មក​ដែរ​ដូច​យើង​ឃើញ​ ទាក់​ទង​បញ្ហា…EBA​និង​បញ្ហា​ផ្សេងៗ​ទៀត​ជាដើម​ ដែល​គេ​រិះគន់​ថា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហ្នឹង​កំពុង​តែ​ធ្លាក់​ចុះ។ បើ​សិន​ជា​យើង​រក្សា​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​១០ធ្នូ​ ក្នុង​ប្រតិទិន ​ក៏​ជា​ការ​ចូល​រួម​ចំណែក​នៃ​ឆន្ទៈ​របស់​កម្ពុជា​មួយ​បង្ហាញ​អំពី​គោលការណ៍​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​បាទ»។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​គោរពសិទ្ធិ​មនុស្ស​មិន​អាស្រ័យ​លើ​ការ​រៀប​ចំ​ពិធី​ណាមួយ​នៅ​ថ្ងៃ​១០​ ធ្នូ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រទេស​ច្រើន​ណាស់​ ដែល​គេ​មិន​កំណត់​យក​ថ្ងៃ​ហ្នឹងជា​ថ្ងៃ​ឈប់​សម្រាក​ឬ​ក៏​ថ្ងៃ​បុណ្យ​ជាតិ​អី​នោះ​ទេ។ បើ​តាម​ដឹង​ បើ​មាន​ គឺ​មាន​តិច​បំផុត។ ហើយ​មែន​ទែន​ទៅ​ ការ​ផ្តោត​សារសំខាន់ ឬ​ក៏​ការ​ផ្តល់​តម្លៃ​ទៅ​លើ​ការ​គោរ​សិទ្ធិ​មនុស្ស​ហ្នឹង​ មិនមែន​ទៅ​លើការ​ឈប់​សម្រាក​មួយ​ថ្ងៃ​ហ្នឹង​ទេ​ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​អនុវត្ត​ការ​ប្រតិបត្តិ​ជាក់​ស្តែង​តែ​ប៉ុណ្ណោះ»។

លោក​បន្ត​ថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​គួរ​ស្នើ​សុំ​ធ្វើ​ពិធី​ក្នុង​ពេល​ដែល​កម្ពុជា​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នោះ​ទេ។

ក្នុង​ពេល​មិន​មាន​វត្តមាន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​រដ្ឋសភា រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ក៏​បាន​សម្រេច​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​មួយ​ចំនួន​ ក្នុង​នោះ​គឺ​ថ្ងៃ​១០ធ្នូ​ ក្រោម​ហេតុ​ផល​ថា​ដើម្បី​ឆ្លើយត​ប​ទៅ​នឹង​ការ​បង្កើន​ផលិតភាព​ការងារ​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​បរិយាកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជា។ រដ្ឋាភិបាល​ក៏​បាន​សម្រេច​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ទិវាសន្ធិសញ្ញា​កិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា​ដែរ។

ក្រោយ​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយគឺ​គណបក្សសង្គ្រោះ​ជាតិ​ ក្រុមអ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ បាន​មើល​ឃើញ​ពីការធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ទៅ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ដោយ​សារ​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​មក​ចាប់​ឃុំ​ខ្លួន​ក្រុម​អ្នក​រិះ​គន់​រដ្ឋាភិបាល ​និង​ការ​បង្ក្រាប​មិន​បន្ធូរ​ដៃ​មក​លើ​អតីត​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​តាម​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ជាច្រើន​ ជា​ពិសេស​គឺ​បទ​ញុះញង់​ឲ្យ​បង្កភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​រឹត​ត្បិត​ការ​ប្រមូល​ផ្តុំនិង​ការ​បញ្ចេញ​មតិ​នានា។ ក្រុម​សិទ្ធិ​មនុស្ស​ក៏​បាន​លើក​ឡើង​ថា​រដ្ឋាភិបាលកម្ពុជា​បាន​យក​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ មក​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...