មេ​សហជីព បារម្ភ​ពី​ជនបរទេស​ដណ្ដើម​ការ​ងារ​ក្រៅ​ប្រព័ន្ធ ហើយ​ធ្វើ​ឲ្យ​ពលករ​ខ្មែរ ត្រូវ​ចំណាកស្រុក

08
ធ្នូ

មេ​សហជីព បារម្ភ​ពី​ជនបរទេស​ដណ្ដើម​ការ​ងារ​ក្រៅ​ប្រព័ន្ធ ហើយ​ធ្វើ​ឲ្យ​ពលករ​ខ្មែរ ត្រូវ​ចំណាកស្រុក

ភ្នំពេញ​៖ មេ​សហជីព​ក្រៅ​ប្រព័ន្ធ បង្ហាញ​ក្តីបារម្ភ​ពី​ការកើនឡើង​នៃ​ចំនួន​ជនបរទេស​មក​ប្រកបមុខរបរ​និង​ធ្វើការ​នៅ​កម្ពុជា ពិសេស​ការងារ​ក្រៅ​ប្រព័ន្ធ ដែលជា​កត្តា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ការងារ ហើយ​ងាក​ទៅធ្វើ​ចំណាកស្រុក ដើម្បី​ស្វែងរក​ការងារ​នៅក្រៅ​ប្រទេស​។

តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ច្បាប់​ការងារ​ឡើងវិញ ពី​សិទ្ធិ​ការងារ​របស់​ជនបរទេស​។ លោក កត់សម្គាល់​ឃើញថា ចាប់តាំងពី​ឆ្នាំ​២០១៨  ជនបរទេស ដែល​ប្រក​បរបរ​ក្រៅ​ប្រព័ន្ធ មានការ​កើនឡើង ក្នុងនោះ​មាន​ច្រើន​គឺ​ជនជាតិ​ចិន និង​វៀតណាម​។ លោក បន្តថា កត្តា​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពិបាក​ក្នុង​ការប្រកួត​ប្រ​ជែក​និង​បាត់បង​ឱកាស​ការងារ​។
​មេ​សហជីព​ការពារ​កម្មករ​ក្រៅ​ប្រព័ន្ធ​រូបនេះ ថ្លែងថា​៖«​រដ្ឋ គួរ​មាន​វិធានការ​។ សម្រាប់​កម្មករ​ជំនាញ​ដូចជា​ជំនាញ​វិស្វករ​សំណង់ វិស្វករ​អេ​ឡិច​ត្រូ​និ​ច គួរតែអនុញ្ញាត​សម្រាប់​បរទេស តែ​មុខរបរ​តូចតាច រដ្ឋ​គួរ​ទប់ស្កាត់​។ ហើយ​ច្បាប់​ស្ដីពី​ការងារ​ក៏បាន​ចែង​ដែរ​ថា ជនបរទេស​អាច​ប្រកបមុខរបរ​ក្នុងប្រទេស​កម្ពុជា​បាន លុះត្រាតែ​កម្មករ​ជំនាញ អ៊ីចឹង សម្រាប់​កម្មករ​ក្រៅ​ប្រព័ន្ធ មិនមែនជា​កម្មករ​ជំនាញ​ទេ​។ រដ្ឋ​គួរ​គិតពី​ចំណុច​នេះ​ឡើងវិញ​»​។
​លោក បន្ថែមថា កន្លងមក​លោក​ធ្លាប់​បានស្នើ​ទៅ​រដ្ឋាភិបាល​ជាច្រើន​ដង​ដែរ​លើ​បញ្ហា​នេះ ប៉ុន្តែ​ការស្នើ​របស់លោក​មិនឃើញ​ការឆ្លើយតប​ជា​វិជ្ជមាន​ណាមួយ​សម្រាប់​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​ឡើយ​។


លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ រូបពីទំព័រហ្វេសប៊ុក IDEA ថ្ងៃទី៦តុលា ២០២០)

​លោក សូ ឆ្លូញ អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់​និង​ព្រៃឈើ យល់ថា រដ្ឋាភិបាល​គួរ​បញ្ឈប់​ការផ្ដល់​សិទ្ធិ​ឲ្យ​ជនបរទេស​មក​ធ្វើការ​ដោយ​សេរី ហើយ​គួរតែ​កំណត់ពេល​ណាមួយ​ជាក់លាក់​។ លោក ក៏​សម្គាល់​ឃើញ​មានការ​កើនឡើង​នូវ​ជនបរទេស​ធ្វើ​ក្រៅ​ប្រព័ន្ធ​ដែរ ពិសេស​កម្មករសំណង់ ភាគច្រើន​ជា​ជនជាតិ​ចិន វៀតណាម បង់​ក្លា​ដែ​ស និង​នេ​ប៉ាល់​ជាដើម​។ លោក​បន្តថា សព្វថ្ងៃ​ពលរដ្ឋ​ខ្មែរ​មិនទាន់មាន​ការងារ​គ្រប់គ្រាន់​នៅឡើយ​ទេ ដូច្នេះ លោក​បារម្ភ​ថា​ពួកគេ នឹង​បាត់បង់​ឱកាស​ការងារ​និង​ងាក​ទៅ​ចំណាកស្រុក​។
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក សូ ឆ្លូញ ដែល​មេ​សហជីព​ការពារ​កម្មករ​ក្រៅ​ប្រព័ន្ធ​ដែរនោះ លើក​ឡើ​ថា​៖«​កម្មករសំណង់​ភាគច្រើន​មិនមែន​មានតែ​ជនជាតិ​ចិន​នោះទេ មាន​វៀតណាម បង់​ក្លា​ដែ​ស នេ​ប៉ាល់ ជាដើម ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​ថា​ពួកគេ​មក​ស្របច្បាប់​ឬ​មក​តាម​មេខ្យល់​នាំមក​ឡើយ​។​…​មិនគួរ​ឲ្យ​បន្ត​មាន​ជនបរទេស​ច្រើនឡើង មក​ធ្វើការ​នៅ​ស្រុក​យើង​ទេ ដោយសារ​ប្រទេស​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍ អ៊ីចឹង តម្រូវការ​ការងារ​រ​បស់​ពលរដ្ឋ​មិនទាន់បាន​គ្រប់គ្រាន់​នៅឡើយ​ទេ​។ យើង​មាន​ក្ដីបារម្ភ​ដែល​ជនបរទេស​មក​ធ្វើការ​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​ជា​ម្ចាស់​ស្រុក​បាត់បង់​ឱកាស​ការងារ​សម្រាប់​ធ្វើការ ហើយ​ឈានទៅ​ធ្វើការ​នៅ​ស្រុក​គេ​វិញ​»​។
​លោក និយាយទៀតថា កម្មករ​ខ្មែរ​និង​ជនបរទេស បើទោះបី​មាន​សមត្ថភាព​ដូចគ្នា ក៏​កម្រិត​ប្រាក់ខែ​ខុសគ្នា​ដែរ ពោលគឺ​ជនបរទេស​តែង​បាន​ប្រាក់ខែ​ខ្ពស់ជាង​កម្មករសំណង់​ខ្មែរ​។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​បញ្ហា​នេះ​ឡើងវិញ ក្នុងករណី​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​វិនិយោគ ហើយ​ថែមទាំង​មាន​កម្លាំង​កម្ម​ករបរ​ទេស​ទៀត​។
​ទន្ទឹមនឹងនេះ លោក ឃុន ថា​រ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) ក៏​យល់ឃើញ​ដូច​មេ​សហជីព​ទាំងពីរ​ខាងលើ​ដែរ​។ ប៉ុន្តែ​អ្វីដែល​លោក បារម្ភ​មួយទៀត​នោះ គឺ​ការ​មក​បំពេញការងារ​នៅ​កម្ពុជា ដោយ​ស្របច្បាប់​ឬ​យ៉ាងណា​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា រដ្ឋ​គួរ​ចុះ​អធិការកិច្ច​តាម​កន្លែង​ដែលមាន​ជនបរទេស​ធ្វើការ ពិសេស​វិស័យ​ការងារ​សំណង់ ដោយ​លោក យល់ថា ការធ្វើ​បែបនេះ ដើម្បី​ឲ្យ​ច្បាស់​ពី​ទិន្នន័យ​និង​ធានាថា​ជនបរទេស​ដែល​កំពុង​បំពេញការងារ គឺ​ចូលមក​កម្ពុជា​ស្របច្បាប់​ឬ​ខុសច្បាប់​។
​ពាក់ព័ន្ធ​នឹង​ការប្រកប​របរ​ខ្នាតតូច​របស់​ជនបរទេស​នេះ ក្រសួង​ការងារ កាលពី​អំឡុង​សីហា ឆ្នាំ​២០១៩ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកបមុខរបរ​ខ្នាតតូច​នេះ​ឡើង​។ មុខរបរ​ទាំងនោះ​រួមមាន អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ អាជីវកម្ម​ម៉ាស្សា អ៊ុន​សក់ កាត់ដេរ ប៉ះ​កង់ ជួសជុល​យានយន្ត និង លក់​វត្ថុ​អនុស្សាវរីយ៍ ជាដើម​។ ប៉ុន្តែ​នៅ​អំឡុង​ដើមខែ​តុលា ឆ្នាំ​២០១៩ ក្រសួង​ការងារ​ក៏​ប្រកាស​អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកប​របរ​ទាំងនោះ​ឡើងវិញ​។
​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២​នេះ ក្រសួង​ការងារ​អះអាងថា នៅ​កម្ពុជា អត្រា​នៃ​ចំនួន​អ្នក​អត់​ការងារ​គឺ​ស្ថិតក្រោម​១​ភាគរយ​ប៉ុ​ណ្ដោះ  ពោលគឺ​អត្រា​ពលរដ្ឋ​មានការ​ងារ​ធ្វើ មាន​៩៩.៣​ភាគរយ ដែល​ក្នុងនោះ​មាន​កម្លាំង​ពលកម្ម​ប្រមាណ​១០​លាន​នាក់​។ ក្រសួង​បញ្ជាក់ថា ពលរដ្ឋ​មានការ​ងារ​ធ្វើ​១០​លាន​នាក់​នោះ មាន​១​លាន​៥​សែន​នាក់ ជា​អ្នកធ្វើការ​ក្នុង​ប្រព័ន្ធ និង​២​លាន​២​សែន​នាក់ ធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។
​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ជនបរទេស​ចូលមក​កម្ពុ​ជាជាង​១​លាន​៦​សែន​នាក់ មាន​២១៦​សញ្ជាតិ ដែល​ភាគច្រើន​ជនជាតិ​ចិន​។ ពួកគេ​ភាគច្រើន​ជា​អ្នក​ទេសចរណ៍ ពាណិជ្ជករ និង​អ្នកការទូត​។ ជនបរទេស​ចូលមក​ទាំងអស់នេះ សុទ្ធ​តែមាន​ឯកសារ​គ្រប់គ្រាន់​និង​ចូលមក​ស្របច្បាប់​។ នេះ​បើតាម​ការអះអាង​របស់​លោក កែវ វណ្ណ​ថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ Telegram ដោយ​លោក​បញ្ជាក់​បន្ថែមថា ជនបរទេស​មួយចំនួន​ដែល​ប្រព្រឹត្ត​ខុសច្បាប់​និង​រស់នៅ​ខុសច្បាប់ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​នេះ ត្រូវបាន​បណ្តេញ​ជាង​៥០០​នាក់ មាន​៤០​សញ្ជាតិ ភាគច្រើន លួច​ស្នាក់នៅ​ខុសច្បាប់ លើស​ទិដ្ឋាការ និង​គ្មាន​លិខិតឆ្លងដែន​៕
ប្រភព៖ Thmey Themy

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...