ក្នុងទិវា​សិទ្ធិ​មនុស្ស១០ធ្នូ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បញ្ឈប់​កំណត់​មុខ​សញ្ញា​លើ​សកម្មជន

10
ធ្នូ

ក្នុងទិវា​សិទ្ធិ​មនុស្ស១០ធ្នូ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បញ្ឈប់​កំណត់​មុខ​សញ្ញា​លើ​សកម្មជន

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ប្រមាណ​៧០ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​កំណត់​មុខ​សញ្ញា​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ខណៈ​ពួកគេ​លើក​ឡើង​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​១០​ធ្នូ​នេះ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​ជា​សាកល សមាគម​និង​ក្រុម​បណ្តាញ​ផ្សេង​ទៀត ពួកគេ​លើក​ឡើង​ថា៖

«យើង​ខ្ញុំ​ក៏​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវការ​កំណត់​មុខ​សញ្ញា​ទៅលើ​សកម្មជន​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​សារព័ត៌មាន​ អ្នកគាំទ្រ​គណបក្ស​ជំទាស់​និង​សំឡេងរិះ​គន់​ដទៃ​ទៀត​ផងដែរ​ ​ដែល​ប្រការ​នេះ​បាន​ធ្វើឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្សកាន់​តែ​មាន​ភាព​អាប់អួ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០២០ ព្រម​ទាំងសូម​ឲ្យ​ដោះ​លែង​សកម្មជន អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បានឃុំ​ខ្លួនទាំង​អស់ដោយ​គ្មាន​លក្ខខណ្ឌ»។

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ និង​សហគមន៍​មាន​វិវាទ​ដីធ្លី​ចំនួន​៦៧​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាលគោរព​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស ខណៈ​ពួកគេ​បាន​បង្ហាញ​ក្តី​បារម្ភ​ទៅ​លើ​ច្បាប់​និង​សេចក្តីព្រាង​ច្បាប់​ថ្មីៗ​មួយ​ចំនួន​ដែលពួកគេ​ថា ​មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិពលរដ្ឋ​ ដូច​ជា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ​ សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា។

នៅ​ក្នុង​ព្រឹត្តិការណ៍ប្រារព្ធ​ទិវា​១០​ធ្នូ ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សង់​ត្រាល់​ក្នុង​ខណ្ឌ​មានជ័យ លោក​ស្រី ​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើកឡើង​ពី​ការបង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​តួអង្គ​សំខាន់ៗ​ចំនួន​៣ ​ដែល​ជា«សសរ​ស្តម្ភ»​នៃ​ការ​កសាង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ គឺ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ការ​រឹត​ត្បិត​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​យាយី​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល។ លោក​ស្រី​បន្ថែម​ថា​ការ​បង្ក្រាប​នេះ​ មិន​បាន​ថមថយ​ទេ​ ពោល​គឺ​វា​បាន​រាលដាល​ដល់​សកម្មជន​វ័យ​ក្មេង​មួយ​ចំនួន​ដែល​ទើប​ចូល​ប្រឡូក​ក្នុង​វិស័យ​ការពារ​សិទ្ធិមនុស្ស​ និង​សកម្មជន​បរិស្ថាន។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ហើយ​នៅ​ពេល​ដែល​មាន​កា​រចេញមុខ​តវ៉ា​ ឬ​ក៏​មាន​ការ​ទាមទារ​នូវ​លក្ខខណ្ឌ​ការ​ពារ​មួយ​ចំនួន​នោះ​ មាន​ការ​ចោទ​ប្រកាន់​ មាន​ការ​យាយី​ដល់​តំណាង​សហជីព​ផងដែរ។ តួយ៉ាង​ ខ្ញុំ​ឃើញ​ថា​ក្នុង​រយៈ​នៅពេល​ដែល​មាន​ការ​ តវ៉ា​រឿង​សហជីព ​រឿង​លក្ខខណ្ឌ​ការងារ​ ជាពិសេស​ករណី​ស៊ីនទ្រី​ យើង​ឃើញ​ហើយ​ថា​មានការ​ចោទ​ប្រកាន់​លើ​អង្គការមួយ​ចំនួន​ ហើយ​ជា​ពិសេស​ខាង​សហជីព​មួយ​ចំនួន​ថា​នៅ​ពី​ក្រោយ​នៃ​ការ​រុញ​ឲ្យ​មាន​ការ​តវ៉ា​នេះ​ទៅ​ទៀត»។

ព្រឹត្តិការណ៍ប្រារព្ធ​ទិវា​១០​ធ្នូ ក៏​ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​សមត្ថកិច្ច​ផង​ដែរ។ ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង​ថា​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ឃ្លាំ​មើល​ព្រឹត្តិការណ៍​នេះ​ទេ ដោយ​អ្នក​ចូលរួម​ដែល​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល​បារម្ភការ​ឆ្លង​ជំងឺ​កូវីដ១៩។

អ្នក​ចូលរួម​លាងសម្អាតដៃ​ដោយ​ទឹក​អាល់​កុល​ ក្នុងពិធីប្រារព្ធ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ​នៅ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស នា​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​
អ្នក​ចូលរួម​លាងសម្អាតដៃ​ដោយ​ទឹក​អាល់​កុល​ ក្នុងពិធីប្រារព្ធ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ​នៅ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស នា​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​

អ្នក​ចូល​រួម​មួយ​ចំនួន​បាន​ពាក់​ក្រមា​ពណ៌​ខៀវ​នៅ​លើ​ក​និង​ត្រង់​ចង្កេះ​ តំណាង​ឲ្យ​ការ​ការពារ​សិទ្ធិ​មនុស្ស​ និង​ខ្លះ​ទៀត​ពាក់អាវយឺត​ ដែល​មាន​រំលេច​ពាក្យ​ថា«ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ»។ ​

ក្រុម​ការពារ​សិទ្ធិ​មនុស្សនិង​សិទ្ធិការងារ​ មាន​លោក​ អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​លោក ​អាត់​ ធន់​ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​ បាន​វាយ​តម្លៃ​ស្រដៀង​គ្នា​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ ដែល​ជា​ក្តី​បារម្ភ​នៃ​ការ​ប្រឈម​ការ​បាត់​បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​របស់​សហរដ្ឋអាមេរិក​ និង​សហ​ភាព​អឺរ៉ុប។

លោក​បណ្ឌិត ​សេង សារី​ អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ឯករាជ្យ​ ដែល​ជា​វាគ្មិន​ក្នុង​ព្រឹត្តិការណ៍​នោះ មាន​ប្រសាសន៍​ថា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១៧ បានធ្វើ​ឲ្យ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ងាក​ទៅ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​លើ​ប្រទេស​ចិន។

លោក​កត់​សម្គាល់​ថា​ នៅ​ពេល​ដែល​លែង​មាន​វត្ត​មាន​គណបក្ស​ជំទាស់ដ៏​ធំ​នៅ​កម្ពុជា ចរន្ត​នៃ​ការ​ត្រូវ​រ៉ូវគ្នា​របស់​រដ្ឋ​និង​ក្រុម​មូលធន​និយម​ បាន​កើន​ឡើង​ខ្លាំង​ និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តូច​តាច​បាត់​បង់​ប្រយោជន៍។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​ដែល​រដ្ឋ​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​យុត្តិធម៌។ អ៊ីចឹង​កា​រចាប់​ចង​ខុស​ច្បាប់​ ការ​រត់​ភៀស​ខ្លួន​ផ្នែក​ខាង​នយោបាយ​កើនឡើង។ រហូត​ដល់​បច្ចុប្បន្ន យើង​ឃើញ​ថា​ស្ថានភាព​បែប​នេះ​ឡើង​peak ​[កម្រិត​ខ្ពស់​បំផុត]​ដូច peak ហ្នឹង​មាន​ន័យ​ថា​ដូច​ high season ដែល​គេ​មើល​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ គឺ​ភ្ញៀវ​ឡើង​ច្រើន។ ប៉ុន្តែ​ឥឡូវ​នេះ​ ការ​ចាប់​ចង​និង​ការ​រត់​ភៀស​ខ្លួន​ផ្នែក​ខាង​នយោបាយ​ហ្នឹង ក៏​កើន​ឡើង​ខ្ពស់​ដែរ»។

មុន​ការ​មក​ដល់​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ ធ្នូ ឆ្នាំ​២០២០​នេះ មាន​ការ​ចាប់​ខ្លួន​លោក ​រ៉ុង​ ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ បន្ទាប់​ពី​បាន​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀត​ណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ​របស់​កម្ពុជា​ថា​មាន​ភាព​មិនប្រក្រតី។ ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​សហជីព​រូប​នេះ​បាន​ធ្វើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង​១២​នាក់ ​ដែល​ចេញ​មុខ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឲ្យលោក រ៉ុង ឈុន ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ផង​ដែរ។​

លោក​មឿន តុលា​ នាយកប្រតិបត្តិនៃអង្គការ​សង់ត្រាល់ ថ្លែង​ជាមួយ​វីអូអេ នៅទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែធ្នូ ឆ្នាំ​ ២០២០។ (ហ៊ុល រស្មី/វីអូអេ)
លោក​មឿន តុលា​ នាយកប្រតិបត្តិនៃអង្គការ​សង់ត្រាល់ ថ្លែង​ជាមួយ​វីអូអេ នៅទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០​ ខែធ្នូ ឆ្នាំ​ ២០២០។ (ហ៊ុល រស្មី/វីអូអេ)

លោក​ មឿន តុលា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់​ត្រាល់ អះអាង​ថា​ទិវា​១០​ធ្នូ​នេះ​គួរតែ​ត្រូវ​បាន​បញ្ចូល​ជា​ថ្ងៃ​ឈប់​សម្រាក​ឡើងវិញ ដើម្បី​បង្ហាញ​ការ​ប្តេជ្ញា​របស់​កម្ពុជា​ចំពោះ​ការ​ពង្រឹង​សិទ្ធិមនុស្ស​ ដោយសារ​ប្រទេស​នេះ​នៅ​មិន​ទាន់​ងើប​រួច​វប្បធម៌​និទណ្ឌភាព​និង​ការ​ផ្ចាញ់ផ្ចាល​ខាង​នយោបាយ។

លោក​មាន​ប្រសាសន៍​ថា៖ «រឿង​ថ្ងៃ​១០​ធ្នូ រឿង​២៣​តុលា​នេះ វា​ជា​រឿង​មួយ គេ​ហៅ​ថា ជា​ថ្ងៃ​នៃ​[ការ] ផ្សះផ្សា ជាតិ ឲ្យ​មនុស្ស​ចេះ​គោរព​គ្នា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញរដ្ឋាភិបាល…លុប​ថ្ងៃ​អស់ហ្នឹង ទៅជាលុប រក្សា​ថ្ងៃមួយ​ចំនួន​ដែល​មាន​ការ​ចម្រូងចម្រាស​គ្នា​ដូចជា​៧ មករា ថ្ងៃ​ចង​កំហឹង។ល។ និង។ល។ អាហ្នឹង​ខ្ញុំ​គិត​ថាបើ​សិន​ជាយើង​ចង់​ផ្សះផ្សា​ជាតិ​យើង ព្រោះ​យើង​មាន គេ​ហៅ​វិបត្តិ​នៃ​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​យូរ​ហើយ។ អ៊ីចឹង​យើង​ចង់​ឲ្យ​ប្រទេស​ជាតិ​យើង​នេះ​យើង​ឈប់​ឈ្លោះ​គ្នា ហើយ​យើង​ចាប់ដៃ​កសាង​ប្រទេស​ហ្នឹង គឺ​ការ​គោរព​សិទ្ធិមនុស្ស​ហ្នឹង គឺជា​មូលដ្ឋាន​គ្រឹះ​សំខាន់​ណាស់»។

លោក ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ច្រាន​ចោល​សេចក្តី​ថ្លែង​ការណ៍​ ដោយ​ថា​មាន​ចរិត​នយោបាយ។

លោក​បញ្ជាក់​ថា៖ «ហើយ​ខ្លឹម​សារ​ គឺ​វា​ផ្ទុយ​ពី​ទៅ​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ច្បាប់​កម្ពុជា​ទៀត​ ដូច​ជា​ការ​ដាក់​សម្ពាធ​ឲ្យ​តុលាការ​ដោះ​លែង​ ឬ​ក៏​ទម្លាក់​ចោល​បទ​ចោទ​អីនេះ​ សុទ្ធតែ​ផ្ទុយ​ទៅ​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​ទាំងអស់។ អ៊ីចឹង​ទេ​ សារ​បែប​នេះ​ គឺហាក់​ដូច​ជា​កំពុង​តែ​ការ​ពារ​ និង​លើក​ទឹក​ចិត្តដល់​អ្នកប្រព្រឹត្ត​ល្មើស​ច្បាប់​ ឲ្យកាន់​តែ​ប្រព្រឹត្ត​ល្មើស​ ដោយ​មិន​មានការ​ខ្លាច​រអាល​ និង​ញញើត​ទៅនឹង​ផ្លូវ​ច្បាប់។ ក៏​ប៉ុន្តែ​ផ្ទុយទៅវិញ​ ពួក​គាត់​គួរ​ចេញ​សារ​ដើម្បី​ធ្វើ​ការ​អប់រំ​ ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ច្បាប់​ និង​សិទ្ធិ ហើយ​ជា​ពិសេស​ប្រើ​ប្រាស់​សិទ្ធិរបស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់»។ ​

ដោយ​ឡែក​ក្រុម​អង្គការ​សង្គមស៊ីវិល​និង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ ​មួយ​ចំនួន​បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ផង​ដែរ។ អ្នក​ខ្លះ​ធ្វើ​តាម​បណ្តាញ​ហ្វេស​ប៊ុក​ និងខ្លះ​ទៀត​នៅ​សហគមន៍​ផ្ទាល់។ នៅ​ឯ​ឃុំ​ជី​ខ​លើ​ក្រោម​ ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង កម្លាំង​ចម្រុះបាន​ចុះ​ឃ្លាំ​មើល​ការ​អបអរ​ទិវា​សិទ្ធិ​មនុស្ស​របស់ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ផង​ដែរ។

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...