អឺរ៉ុប​អនុម័ត​សេចក្ដី​សម្រេច​ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​លើ​ពិភពលោក

08
ធ្នូ

អឺរ៉ុប​អនុម័ត​សេចក្ដី​សម្រេច​ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​លើ​ពិភពលោក

ក្រុម​ប្រឹក្សា​អឺរ៉ុប​អនុម័ត​ជា​ផ្លូវ​ការ​នូវ​សេចក្ដី​សម្រេច និង​បញ្ញត្តិ ដែល​បើក​ផ្លូវ​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ទង្វើ​​រំលោភ​សិទ្ធិមនុស្ស​នៅ​លើ​ពិភពលោក។ ក្របខ័ណ្ឌ​ថ្មី​របស់​សហភាព​អឺរ៉ុប​នេះ ស្រដៀងគ្នា​ទៅ​នឹង​ច្បាប់ Global Magnitsky Act របស់​សហរដ្ឋ​អាមេរិក​ដែរ គឺ​ប្រើប្រាស់​ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​មេ​ដឹក​នាំ ឬ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ដទៃ។​ សង្គម​ស៊ីវិល​ជឿ​ថា រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហភាព​អឺរ៉ុប ប្រសិន​បើ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​តែ​យ៉ាប់យ៉ឺន​ដូច​ពេល​បច្ចុប្បន្ន។

សហភាព​អឺរ៉ុប​អះអាង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី៧ ធ្នូ​ថា នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​សហភាព​អឺរ៉ុប​ដែល​មាន​ក្របខ័ណ្ឌ​ផ្ទាល់ខ្លួន អនុញ្ញាត​ឱ្យ​កំណត់​គោលដៅ​បុគ្គល អង្គភាព និង​ស្ថាប័ន ទាំង​រដ្ឋ និង​មិន​មែន​រដ្ឋ ដែល​ទទួល​ខុសត្រូវ ជាប់ពាក់ព័ន្ធ ឬ​ក៏​មាន​ការ​ទាក់ទង​​នឹង​ទង្វើ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក។

វិធានការ​​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នេះ នឹង​ត្រូវ​អនុវត្ត​ប្រឆាំង​នឹង​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​ច្រើនយ៉ាង មាន​ជាអាទិ៍ អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដទៃ​ទៀត ក្នុង​នោះ​រួម​មាន ទារុណកម្ម ទាសភាព ការ​សម្លាប់​ក្រៅ​ច្បាប់ ការ​ចាប់​ខ្លួន ឬ​ឃុំឃាំង​តាម​ទំនើងចិត្ត ជាដើម។ ការ​បំពារបំពាន ឬ​រំលោភ​សិទ្ធិមនុស្ស​ ដែល​រីក​រាល​ដាល មាន​លក្ខណៈ​ជា​ប្រព័ន្ធ ឬ​បង្ក​ជា​ក្តី​បារម្ភ​ខ្លាំង ដូច​ដែល​មាន​ចែង​ក្នុង​គោលនយោបាយ​សន្តិសុខ និង​ការបរទេស​របស់​អឺរ៉ុប ក៏​ត្រូវ​រង​ទណ្ឌកម្ម​ក្រោម​ក្របខ័ណ្ឌ​ថ្មី​របស់​សហភាព​អឺរ៉ុប​នេះ​ដែរ។

តាម​រយៈ​សេចក្ដី​សម្រេច​ថ្មី​នេះ សហភាព​អឺរ៉ុប​អាច​ដាក់​ចេញ​នូវ​វិធានការ​ទណ្ឌកម្ម​មួយ​ចំនួន រួមមាន បម្រាម​លើ​ការ​ធ្វើដំណើរ​ចំពោះ​បុគ្គល ​និង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ទាំង ចំពោះ​បុគ្គល និង​អង្គភាព។ ជាង​នេះ​ទៅ​ទៀត ពលរដ្ឋ និង​អង្គភាព​នានា នៅ​ទូទាំង​សហភាព​អឺរ៉ុប នឹង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ពាក់ព័ន្ធ​រឿង​លុយ​កាក់​ជាមួយ​នឹង​ជន ឬ​អង្គភាព​ទាំងឡាយ​ណា ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​នោះ​ឡើយ មិន​ថា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​នោះ​ទេ។

ក្រុម​ប្រឹក្សា​អឺរ៉ុប​ គឺ​ជា​អ្នក​រៀបចំ ត្រួតពិនិត្យ និង​កែប្រែ​បញ្ជី​ដាក់​ទណ្ឌកម្ម​ ស្រប​តាម​សំណើ​ពី​រដ្ឋ​សមាជិក​អឺរ៉ុប ឬ​ពី​តំណាង​ជាន់ខ្ពស់​ផ្នែក​គោល​នយោបាយ​សន្តិសុខ និង​កិច្ច​ការ​បរទេស​របស់​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប​សង្កត់​ធ្ងន់​ថា សេចក្ដី​សម្រេច​ថ្មី​នេះ​បញ្ជាក់​ច្បាស់​ថា ការ​លើក​ស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​នៅ​តែ​ជា​គ្រឹះ និង​អាទិភាព​នៃ​សកម្មភាព​ការបរទេស​របស់​សហភាព​អឺរ៉ុប ហើយនិង​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា សាទរ​​ចំពោះ​សេចក្ដី​សម្រេច​របស់​សហភាព​អឺរ៉ុប ព្រោះ​នេះ​បង្ហាញ​ថា សហភាព​អឺរ៉ុប​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ការ​គោរព​សិទ្ធិមនុស្ស​ ហើយ​ចង់​ឱ្យ​ប្រទេស​ទាំង​ឡាយ ដែល​និយម​ការ​រំលោភ​សិទ្ធិមនុស្ស ឱ្យ​បញ្ឈប់​ទង្វើ​ទាំងនេះ។

ទោះ​ជា​យ៉ាង​ណា លោក មឿន តុលា ថ្លែង​ថា បញ្ញត្តិ​ថ្មី​នេះ​ក៏​បង្ក​ជា​ក្ដី​បារម្ភ​សម្រាប់​កម្ពុជា​ដែរ ពីព្រោះ​កម្ពុជា​កំពុង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ហើយ​ចំណុច​ទាំង​នេះ​មាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​របាយការណ៍​របស់​សហភាព​អឺរ៉ុប និង​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ៖ «មែន​ទែន​ បើ​កម្ពុជា​ត្រូវ​បាន​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ណាមួយ​ផ្អែក​លើ​បទ​បញ្ញត្តិ​ថ្មី​នេះ វា​មិន​មែន​តែ​រឿង​កម្ពុជា​មាន​បញ្ហា​ជាមួយ​ទីផ្សារ​អឺរ៉ុប​នោះ​ទេ កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​ហ្នឹង វា​អាច​ត្រូវ​បាន​បំផ្លាញ​ទូទាំង​សាកល​តែ​ម្ដង​លើ​ទីផ្សារ​ផ្សេងៗ ទៀត ជា​ពិសេស គឺ​សម្ពន្ធមិត្ត​របស់​ប៉ូល​សេរី​ហ្នឹង​ឯង។ នេះ​ដែល​ខ្ញុំ​គិត​ថា កម្ពុជា​គួរ​តែ​ប្រញាប់​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ប្រជាធិបតេយ្យ​ហ្នឹង ដោយ​ប្រុងប្រយ័ត្ន​បំផុត​ ហើយ​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​ឱ្យ​គេ​អាច​ជឿជាក់​បាន​ថា យើង​ពិត​ជា​ដើរ​លើ​គន្លង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស និង​គន្លង​រដ្ឋធម្មនុញ្ញ ដែល​យើង​បាន​​ចែង​យ៉ាង​រឹងមាំ​អំពី​ការ​គោរព​សិទ្ធិមនុស្ស គោរព​ប្រជាធិបតេយ្យ​នោះ»

ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​ថា មិន​ទាន់​បាន​ឃើញ​សេចក្ដី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប។ លោក​បង្វែរ​សំណួរ​ទាក់ទង​នឹង​រឿង​នេះ​ទៅ​ក្រសួង​ការបរទេស ឬ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វិញ។

អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស លោក កុយ គួង និង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប៉ុន្តែ​ពួក​លោក​មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី៨ ធ្នូ។

ទោះ​ជា​យ៉ាង​ណា របប​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ បាន​ទទួល​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ជា​បន្តបន្ទាប់​រួច​មក​ហើយ ដោយសារ​តែ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ។ ជាឧទាហរណ៍ សហភាព​អឺរ៉ុប​បាន​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០និង​ត្រៀម​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ប្រទេស​លាង​លុយ​កខ្វក់​ជា​ផ្លូវការ។

ចំណែក​សហរដ្ឋ​អាមេរិក​វិញ បាន​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់ និង​មនុស្ស​ជំនិត​មួយ​ចំនួន​របស់​លោក ហ៊ុន សែន រួមមាន លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម និង​សមាជិក​គ្រួសារ ព្រម​ទាំង​លោក ទ្រី ភាព និង​ក្រុម​ហ៊ុន​របស់​គាត់។ រីឯ ក្រុមហ៊ុន​ចិន​យូឌីជី (UDG) ដែល​ពាក់ព័ន្ធ​នឹង​វិវាទ​ដី​ធ្លី​នៅ​ខេត្ត​កោះកុង​នោះ ក៏​ត្រូវ​រង​ទណ្ឌកម្ម​ក្រោម​ច្បាប់ គ្លូបល មែគនីតស្គីអ៊ែក (Global Magnitsky Act) របស់​សហរដ្ឋ​អាមេរិក​ដែរ។ ទណ្ឌកម្ម​ទាំង​នេះ ធ្វើ​ឡើង​ដោយសារ​តែ​សហរដ្ឋ​អាមេរិក​រក​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់ និង​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ព្រម​ទាំង​ក្រុមហ៊ុន​ចិន​នោះ មាន​ជាប់ពាក់ព័ន្ធ​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស ការ​រំលោភ​អំណាច និង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ទទូច​ដល់​របប​លោក ហ៊ុន សែន កែ​ប្រែ​ស្ថានភាព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហភាព​អឺរ៉ុប។ សង្គម​ស៊ីវិល​អះអាង​ថា ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នេះ​មិន​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ តែ​ជា​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...