រដ្ឋាភិបាលដាក់ចេញវិធានការបន្ថែមដើម្បីស្ដារសេដ្ឋកិច្ច ក្រោយរងផលប៉ះពីវិបត្តិជំងឺកូវីដ១៩
រដ្ឋាភិបាលនៅថ្ងៃទី២៤ ធ្នូនេះ បានប្រកាសដាក់ចេញវិធានការបន្ថែមមួយចំនួនទៀត ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយរងផលប៉ះពីវិបត្តិជំងឺកូវីដ១៩ និងបន្តជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រដែលងាយរងគ្រោះ។ នៅក្នុងនោះ វិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធត្រូវបានលើកយកមកជាអាទិភាពសម្រាប់ជួយដល់កម្មករនិយោជិក និងរោងចក្រ សហគ្រាស អាជីវកម្មជាដើម។ សហជីពមួយចំនួន យល់ថា វិធានការខ្លះ ហាក់ផ្ដល់ផលប្រយោជន៍ឱ្យនិយោជក និងប៉ះពាល់ដល់អត្ថប្រយោជន៍កម្មករជាខ្លាំង ហើយរដ្ឋាភិបាលគួរពិនិត្យមើលចំណុចទាំងនោះឡើងវិញ។
រដ្ឋាភិបាលលោក ហ៊ុន សែន ដាក់ចេញនូវវិធានការចំនួន ៦ចំណុច ដើម្បីរក្សាលំនឹងអាជីវកម្ម និងស្តារឡើងវិញនូវធុរកិច្ច អាជីវកម្ម និងទ្រទ្រង់សេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមនូវវិបត្តិជំងឺកូវីដ១៩។ វិធានការទាំងនោះរួមមាន ការបន្តជួយដល់វិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ ការបន្តជួយដល់វិស័យអាកាសចរណ៍ វិធានការជួយរោងចក្រ សហគ្រាស និងអាជីវកម្ម វិធានការទ្រទ្រង់កំណើនការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។
ក្នុងវិស័យកាត់ដេរ រដ្ឋាភិបាលបានអនុញ្ញាតឱ្យថៅកែរោងចក្រ សហគ្រាស និងអាជីវកម្ម ព្យួរកិច្ចសន្យាការងារពីក្រសួងការងារ និងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិត ក្នុងម្នាក់ ៤០ដុល្លារ ដោយម្ចាស់រោងចក្រ សហគ្រាស ត្រូវបន្ថែម ៣០ដុល្លារពីលើនេះផងដែរ។ រដ្ឋាភិបាល បានអនុញ្ញាតឱ្យរោងចក្រសហគ្រាស និងអាជីវកម្មគ្រប់វិស័យ ពន្យារពេលទូទាត់ប្រាក់រំលឹកអតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារ របស់កម្មករ និងយោជិត ក្នុងឆ្នាំ២០១៩ ២០២០ និង២០២១ ទៅឆ្នាំ២០២២វិញ ដោយកំណត់នីតិវិធី និងធ្វើការទូទាត់ជាដំណាក់កាលៗ ប្រសិនបើស្ថានភាពសង្គម-សេដ្ឋកិច្ចត្រឡប់មកដូចដើមវិញ។
ចំណុចនេះ មានការប្រតិកម្មពីសហជីពមួយចំនួន ដោយពួកគេអះអាងថា វិធានការនេះ ហាក់ផ្ដល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម ថៅកែរោងចក្រជាដើម ប៉ុន្តែកម្មករជាច្រើននឹងបាត់បង់អត្ថប្រយោជន៍របស់ខ្លួន ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឱ្យសហគ្រាស រោចក្រ និងម្ចាស់អាជីវកម្មមួយចំនួន ពន្យារពេលនៃការទូទាត់ ប្រាក់អត្ថប្រយោជន៍ទាំងនោះ។
ប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យដឹងថា គោលការណ៍ដែលរដ្ឋាភិបាលបានដាក់ចេញបន្តនេះ រដ្ឋាភិបាលមិនបានសិក្សាលើផលប៉ះពាល់របស់កម្មករ ថាតើអ្នកណាជាអ្នករងគ្រោះពិតប្រាកដនោះទេ? អ្នកស្រីលើកឡើងថា ការពន្យារពេលមិនបើកប្រាក់អត្ថប្រយោជន៍ឱ្យកម្មករក្នុងឆ្នាំ២០២១នេះ គឺធ្វើឱ្យពួកគេប្រឈមកាន់តែខ្លាំងរឿងជីវភាពគ្រួសារប្រចាំថ្ងៃ និងបញ្ហាបំណុលជាដើម។ អ្នកស្រីថា រដ្ឋាភិបាលហាក់គិតគូរពីភាគីនិយោជកជាជាងកម្មករនិយោជិកដែលរងគ្រោះពិតប្រាកដ ហើយធ្វើឱ្យកម្មករពិបាកទទួលយកនូវវិធានការទាំងនេះ។ អ្នកស្រីអះអាងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ជាអ្នករងគ្រោះធ្ងន់ធ្ងរផងដែរ ហើយពួកគេមិនត្រូវបានយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលនោះទេ។ អ្នកស្រីស្នើឱ្យរដ្ឋាភិបាលគិតគូរឡើងវិញនូវចំណុចទាំងនេះ៖ «ខ្ញុំទទួលស្គាល់ថា សេដ្ឋកិច្ចវាប្រឈមទាំងអស់គ្នា ប៉ុន្តែខ្ញុំស្នើសុំថា ឱ្យមានការគិតគូរទាំងវិស័យឯកជនក្រុមហ៊ុនហ្នឹង ហើយយើងចង់រក្សាស្ថិរភាពរបស់ពួកគាត់ យើងក៏ចង់រក្សាស្ថិរភាពកម្លាំងពលកម្មរបស់យើង ហើយយើងក៏មិនចង់ឱ្យបងប្អូនកម្មករយើងស្លាប់ដែរ។ អ៊ីចឹងសូមឱ្យគិតគូរដល់គាត់ មិនព្យាយាមនៅក្នុងការគិតគូរដល់វិស័យឯកជន ថៅកែ និយោជកអស់ហ្នឹងទេ បន្ទាប់មកៗសម្លាប់បងប្អូនកម្មករដោយការកាត់នូវផលប្រយោជន៍របស់គាត់ ឬក៏ពន្យារនៅក្នុងផលប្រយោជន៍របស់គាត់។ ចំណុចហ្នឹង ខ្ញុំឃើញថា ហាក់ដូចជាអត់ទាន់មានភាពយុត្តិធម៌ដល់បងប្អូនកម្មករ»។
ស្រដៀងគ្នានេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា កម្មករនិយោជិកក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យសេវាកម្ម វិស័យសំណង់ និងវិស័យសណ្ឋាគារ ដែលមានកម្មកររាប់សែននាក់ បាត់បង់ការងារ ហើយមិនស្ថិតនៅក្រោមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភនោះទេ។ លោកបន្តថា នេះជារឿងអយុត្តិធម៌មួយសម្រាប់ពួកគេដែលមិនទទួលបានកិច្ចអន្តរាគមន៍ ឬការគាំពារពីរដ្ឋាភិបាល។ លោកលើកឡើងទៀតថា និយោជកមួយចំនួនបានកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករនិយោជិក និងជិះជាន់លើសិទ្ធិមូលដ្ឋានរបស់កម្មករ មេដឹកនាំសហជីពជាដើម ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ៖ «យើងត្រូវថ្លឹងថ្លែងឱ្យស្មើភាពទៅនឹងគោលនយោបាយ ធ្វើឱ្យមានតម្លាភាព។ យើងគាំពារតែវិស័យឯកជនតែមួយមុខដោយផាត់ចោលកម្មករឱ្យនៅប្រឈមទៅនឹងបញ្ហាលំបាកហ្នឹង គឺវាមិនមែនជាគោលនយោបាយមួយដែលត្រឹមត្រូវទេ។ យើងគិតថា ប្រជាពលរដ្ឋទាំងអស់ កម្មករហ្នឹង គួរតែទទួលបាននូវសិទ្ធិរស់រានមានជីវិត ប្រកបដោយសេចក្ដីថ្លៃថ្នូរ តាមរយៈនៃការគាំពារដោយរាជរដ្ឋាភិបាល ហើយអាហ្នឹងជាកាតព្វកិច្ចរបស់រដ្ឋ អ៊ីចឹងគោលនយោបាយណាដែលធ្វើ ដើម្បីបម្រើផលប្រយោជន៍តែពួកឈ្មួញ ពួកឯកជន នាយទុន ឬក៏អ្នកដែលមានលុយមានអំណាចហ្នឹងខ្ញុំគិតថា វាជាគោលនយោបាយមួយដែលមិនសន្តិភាពនៅក្នុងសង្គមមួយដែលរាជរដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចនៅក្នុងការផ្តល់សេវា និងក្នុងការគាំពារឱ្យប្រជាពលរដ្ឋនោះ»។
លោក ឃុន ថារ៉ូ បញ្ជាក់ថា ចំពោះការស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលត្រូវធានាឱ្យប្រទេសកម្ពុជាទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងឡើងវិញ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចឱ្យងើបឡើងវិញ។ លោកថា ការបន្តព្យួរការងាររបស់កម្មករនិយោជិកក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារពួកគេជាខ្លាំង ដោយសារប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល និងម្ខាងសហគ្រាស ចំនួន ៧០ដុល្លារក្នុងម្នាក់ មិនគ្រប់គ្រាន់សម្រាប់ពួកគេនោះទេ។ មន្ត្រីសិទ្ធិការងាររូបនេះ លោកស្នើឱ្យរដ្ឋាភិបាលធ្វើយ៉ាងណាត្រូវកាត់បន្ថយទំហំនៃការព្យួរការងាររបស់កម្មករ និងត្រូវធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព៕
ប្រភព៖ RFA