អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ​៦​នាក់​ក្នុង​ពេល​ចល័ត​ទីតាំង​ធ្វើ​ការ​ខុស​បម្រាម​របស់​ថៃ

14
មករា

អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ​៦​នាក់​ក្នុង​ពេល​ចល័ត​ទីតាំង​ធ្វើ​ការ​ខុស​បម្រាម​របស់​ថៃ

អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ ៦​នាក់ ក្នុងពេលដែល​ពួកគេ​ធ្វើដំណើរ​ជាមួយ​ថៅកែ ដើម្បី​ទៅ​ធ្វើ​ការងារ​នៅ​ខេត្ត​ភាគ​ឥសាន​របស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១២ មករា។ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ទាំង​នោះ​ទៅ​ឃុំខ្លួន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាមច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ករណី​នេះ​ប្រសិនបើ​អាជ្ញាធរ​ខ្មែរ​មិន​ជួយ​ពលករ​ទាំង​នោះ​ទេ គឺ​ពួកគេ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​២​ឆ្នាំ។

ពលករ​ខ្មែរ​ទាំង​៦​នាក់​នោះ មាន​មនុស្ស​ពេញវ័យ ៥​នាក់ និង​កុមារ​ម្នាក់​។ ពួកគេ​បាន​ឆ្លងដែន​ចូល​មក​ប្រទេស​ថៃ​តាម​ច្រក​របៀង​ព្រំដែន​ក្នុងស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​៨ មករា។

សារព័ត៌មាន​របស់​ថៃ (Thai Reference) ចុះផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១២ មករា ថា អាជ្ញាធរ​ថៃ​ចាប់​ពលករ​ទាំងនោះ​ក្នុង​ពេល​ពួកគេ​ធ្វើដំណើរ​ជាមួយ​ថៅកែ​ជនជាតិ​ថៃ​ពីរ​នាក់​ប្ដី​ប្រពន្ធ នៅ​ខេត្ត​សាកុន​ណាក់ខន​(Sakunnakorn) នៅ​ភាគ​ឥសាន ដែល​មាន​ចម្ងាយ​ប្រមាណ ៦០០​គីឡូម៉ែត្រ​ពី​ក្រុង​បាងកក​។ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ទាំង​នោះ​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមច្បាប់ បន្ទាប់​ពី​សាកសួរ​ពួកគេ​កាលពី​រសៀល​ថ្ងៃ​ទី​១២ មករា។ អាជ្ញាធរ​ថៃ​បាន​ចោទ​ប្រកាន់​ពួកគាត់​ពី​បទ​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​ល្មើស​បម្រាម​របស់​ថៃ ដែល​ហាមឃាត់​ចល័ត​ទី​តាំងពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ អំឡុង​ការ​រាតត្បាត​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក និង​អ្នកនាំពាក្យ​ក្រសួង​ការបទេស លោក កុយ គួង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៣ មករា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង តែ​ពុំ​មាន​អ្នកទទួល។

អ្នក​បកប្រែ និង​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ លោក ប្រាក់ ភត្រា ថ្លែង​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ពេល​ពួកគេ​ធ្វើដំណើរ​ចល័ត​ខុស​ទីតាំង អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ជា​លើក​ទី​២​នៅ​ប្រទេស​ថៃ​។ លោក​បារម្ភ​ថា ពលករ​ទាំងនោះ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ប្រមាណ ២​ឆ្នាំ ប្រសិនបើ​អាជ្ញាធរ​ខ្មែរ​មិន​បាន​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ទាន់​ពេល​វេលា​នោះ៖ «ហើយ​ភាគច្រើន​នោះ​គឺ តុលាការ​កាត់ក្ដី​ឱ្យ​ជាប់ឃុំ​រយៈពេល​២​ឆ្នាំ​អីចឹង​ទៅ​។​អានេះ​ខ្ញុំ​គិត​វា ហានិភ័យ​ណាស់​សម្រាប់​ពលករ​ដែល​អត់​ដឹង​រឿង ហើយ​ថៅកែ​នាំ​ឆ្លង​ខេត្ត​ឆ្លង​អី​នៅ​ពេល​ដែល​គេ​ចាប់​ទៅ ទោស​គឺ​ធ្ងន់​នឹង​ថៅកែ​ធ្ងន់​ទាំង​ពលករ ហើយ​អត់​មានការ​សម្របសម្រួល​ទេ​។​ព្រោះ​ថា នេះ​ជា​ទោស​មួយ​ដែល​បំពាន​ច្បាប់​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន»

លោក ប្រាក់ ភក្ត្រា បន្ថែម​ថា មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​កំពុង​អត់​ការងារ​ធ្វើ ហើយ​ប្រឈម​នឹង​ដាច់​ស្បៀងអាហារ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩​ផ្ទុះ​ឡើងជា​លើក​ទី៏​២​នៅ​ប្រទេស​ថៃ។

ចំណែក​មន្ត្រី​អង្គការ​សង់ត្រាល់ (Central) ទទួលបន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា វិញ លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ថៃ​បាន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដោយ​បាន​ហាមឃាត់​ពលករ​បរទេស​មិន​ឱ្យ​ចល័ត​ចេញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នោះ​ឡើយ​។ លោក​ថា ពលករ​ចល័ត​ទីលំនៅ​អំឡុង​ពេលនេះ​ប្រឈម​នឹង​ទោស​ធ្ងន់ធ្ងរ បើ​អាជ្ញាធរ​ថៃ​ចាប់​ពួកគេ​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ៖ «អ៊ីចឹង​កុំ​ចាត់​ទុក​គាត់​ជា​ជនល្មើស គាត់​ជា​ជនរងគ្រោះ​ពី​អំពើ​ជួញដូរ​អំពើ​កេងប្រវ័ញ្ច​អ៊ីចឹង។ ជា​ការ​ស្នើសុំ​របស់ខ្ញុំ​មួយទៀត រដ្ឋាភិបាល​ប្រទេស​ទទួល​ក៏​គួរតែ​យោគយល់​ក្នុង​កាលៈទេសៈ​ហ្នឹង​ដែរ។ ពិសេស​ទៀត​ស្ថានទូត​ខ្មែរ គួរតែ​ចាត់វិធានការ​យ៉ាងណា​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ទាំងអស់​នេះ​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទ្វេដង។ រងគ្រោះ​ទី​១​ចាញ់បោក​មេខ្យល់ រងគ្រោះ​ទី​២​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ»

លោក​បន្ថែម​ថា ពលករ​ខ្មែរ​មិន​គួរ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​នេះ​ឡើយ ព្រោះ​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ពួកគេ​ដាក់​ពន្ធនាគារ​ផង និង​អាច​ឆ្លង​ជំងឺ​កូវីដ​១៩​ផង។

រដ្ឋាភិបាល​ថៃ​បាន​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រហូតដល់​ថ្ងៃ​ទី​២៨ កុម្ភៈ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ច្បាប់​នេះ​ហាមឃាត់​ប្រជាពលរដ្ឋ​ប្រមូល​ផ្ដុំគ្នា​ជាច្រើន​នាក់ និង​រៀបចំ​ពិធី​ដែល​មាន​មនុស្ស​ច្រើន​ជាដើម​។ អំឡុង​ពេល​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ រដ្ឋាភិបាល​ថៃ​បាន​បង្កើន​ការ​ត្រួតពិនិត្យ​តឹងតែង​នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា និង​ជាប់​ទីក្រុង​បាងកក ដោយ​ហាមឃាត់​មិន​ឱ្យ​មានការ​ចល័ត​ពលករ​បរទេស​ឡើយ​។ អ្នក​ល្មើសច្បាប់​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់គុក ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​ម៉ឺន​បាត ឬ​ប្រមាណ ១​ពាន់ ៣០០​ដុល្លារ​អាមេរិក។

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ស្របច្បាប់​និង​មិន​ស្របច្បាប់ ប្រមាណ​ពី ១​លាន ៨​សែន​នាក់ ទៅ​២​លាន​នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ។

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...