ពលករខ្មែរ៧នាក់ របួសធ្ងន់ស្រាល ក្នុងហេតុការណ៍បាក់ស្ពានអាកាសកំពុងសាងសង់នៅថៃ

25
មករា

ពលករខ្មែរ៧នាក់ របួសធ្ងន់ស្រាល ក្នុងហេតុការណ៍បាក់ស្ពានអាកាសកំពុងសាងសង់នៅថៃ

មានឧបទ្ទវហេតុបាក់ស្ពានមួយ ដែលស្ថិតក្នុងដំណើរការសាងសង់ នៅប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។

លោក លឹង សុផុន មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅព្រឹកថ្ងៃទី២៥ ខែមករានេះថា មានកម្មករ៩នាក់ ដែលរងរបួសក្នុងឧបទ្ទវហេតុបាក់ស្ពាននេះ ដោយក្នុងនោះ កម្មករខ្មែរ៧នាក់ កម្មករមីយ៉ាន់ម៉ាម្នាក់ និង កម្មករថៃម្នាក់។ លោក អះអាងថា គ្មានកម្មករណាម្នាក់ បាត់បង់ជីវិតឡើយ ហើយក្រោយជួបឧបទ្ទវហេតុនេះ ពួកគេ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

បាងកកប៉ុស្តិ៍ សរសេរថា ស្ពានអាកាស ដែលបាក់នោះ គឺកំពុងដំណើរការសាងសង់នៅលើផ្លូវមួយ ដែលស្ថិតប៉ែកខាងជើងនៃទីរួមខេត្តណាខន រ៉ាត់ចាស៊ីម៉ា។ លោក សុផុន ថ្លែងថា បន្ទាប់ពីស្ពានអាកាសនោះបាក់ មន្រ្តីសាធារណការនិងដឹកជញ្ជូនក្នុងខេត្តណាខន រ៉ាត់ចាស៊ីម៉ា បានចុះទៅពិនិត្យមើល។

មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃរូបនេះ មានប្រសាសន៍ថា៖«[មន្រ្តីសាធារណការ] គេ ជំរុញឲ្យអ្នកម៉ៅការ ទទួលការខុសត្រូវឲ្យបានខ្ពង់ខ្ពស់រឿងពលករហ្នឹង ហើយរឿងសំណងរឿងអីហ្នឹង យើងមិនទាន់ដឹងច្បាស់ទេ»។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ផ្តល់ព័ត៌មានថា ក្នុងចំណោមពលករខ្មែរទាំង៧នាក់ ដែលរងរបួសនោះ មានស្រី៣នាក់។ លោក បន្ថែមថា ក្នុងចំណោមពលករខ្មែរទាំង៧នាក់នោះ មាន២នាក់រងរបួសធ្ងន់នៅត្រង់ជើង។ លោក ទទួលបានព័ត៌មានថា ពលករខ្មែរទាំងនោះ មានធានារ៉ាប់រងសង្គម ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា អាជ្ញាធរថៃនិងអ្នកពាក់ព័ន្ធ កំពុងរុករក ក្រែងមានអ្នកជាប់នៅក្នុងគំនរសំណង់ស្ពានដែលបាក់នោះ។ លោក បានសារផ្ញើសារមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា៖«មន្ត្រីស្ថានទូតកម្ពុជា បានទៅសួរសុខទុក្ខ និងបានយកអំណោយមួយចំនួនទៅជូនជនរងគ្រោះផងដែរ។ …ស្ថានទូតកំពុងសហការជាមួយអជ្ញាធរថៃក្នុងការរកដំណោះស្រាយជូនពួកគាត់ ដូចជាសំណងផ្សេងៗ»៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...