សេចក្តី​ថ្លែងការណ៍រួម​៖ ក្រុមសង្គមស៊ីវិល​ស្នើ​សុំឱ្យរាជរដ្ឋាភិបាលនិរាករណ៍​អនុក្រឹត្យ​ស្តីពី​ការបង្កើតច្រកទ្វារអ៊ីន​ធឺណិត​ជាតិ 

19
កុម្ភៈ

សេចក្តី​ថ្លែងការណ៍រួម​៖ ក្រុមសង្គមស៊ីវិល​ស្នើ​សុំឱ្យរាជរដ្ឋាភិបាលនិរាករណ៍​អនុក្រឹត្យ​ស្តីពី​ការបង្កើតច្រកទ្វារអ៊ីន​ធឺណិត​ជាតិ 

រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី​១៩ ខែកុម្ភៈ ឆ្នាំ២០២១​

យើងខ្ញុំ​ជាក្រុមសង្គមស៊ីវិល​ដូចមាន​រាយ​ឈ្មោះ​នៅ​ខាងក្រោម​ មានការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះអនុក្រឹត្យ​ស្តីពីការបង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ ដែល​ប្រកាស​ឱ្យ​ប្រើ កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈនេះ និងស្នើសុំឱ្យរាជរដ្ឋាភិបាលនិរាកណ៍អនុក្រឹត្យនេះឱ្យបានឆាប់រហ័ស ។ នៅពេលដែលត្រូវបានអាជ្ញាធរដ្ឋអនុវត្ត អនុក្រឹត្យនេះ នឹង​​រឹត​ត្បិតទៅលើ​សិទិ្ធសេរីភាព​ជាមូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាពិសេសសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ សិទិ្ធក្នុងការទទួលបានព័ត៌មាន សិទិ្ធលើឯកជនភាព ភាពប្រកួតប្រជែងនៃក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា ដែលនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ ។​

មាត្រាមួយចំនួននៃអនុក្រឹត្យខាងលើ ជាពិសេសមាត្រា៦ មាត្រា១២ មាត្រា១៣ និងមាត្រា១៤ មានខ្លឹមសារទូលំទូលាយ និងមិនសូវច្បាស់លាស់ និងមានលក្ខណៈរឹតត្បិតយ៉ាងខ្លាំងដល់សិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែលប្រើប្រាស់អ៊ីនធឺណិត និងភាពប្រកួតប្រជែងនៃប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ។​

ជាក់ស្តែងមាត្រា​៦ និងមាត្រា ១២ ​នៃអនុក្រឹត្យ​នេះ​បាន​ដាក់​កំហិត​តួនាទីដល់​ប្រតិបត្តិករ​នៃ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ឱ្យ​សហការជាមួយក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍  និង​និយ័តករទូរគមនាគមន៍កម្ពុជា និង​ក្រសួង​ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ​ដទៃទៀត ក្នុងការ​ចាត់វិធានការ​ទប់ស្កាត់ និងកាត់​ផ្តាច់ចោលរាល់ការ​តភ្ជាប់បណ្តាញ​ទាំងឡាយ​ដែល​ប៉ះពាល់ដល់​ចំណូលជាតិ សុវត្ថិភាព​ របៀបរៀបរយ​សណ្តាប់​ធ្នាប់​សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់សង្គម។ អត្ថន័យនៃមាត្រានេះ មានលក្ខណៈទូលាយ និងស្រពិចស្រពិល ដែលអាចត្រូវបានអាជ្ញាធររដ្ឋបកស្រាយ និងអនុវត្តទៅលើ​ សកម្មជនសិទិ្ធមនុស្ស ពលរដ្ឋសហគមន៍មូលដ្ឋាន ឬ ពលរដ្ឋ ឬក្រុមមនុស្សទាំងឡាយណាដែលបញ្ចេញមតិរិះគន់រាជរដ្ឋាភិបាល​តាមបណ្តាញអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គម ដោយចាត់ទុកថាសកម្មភាពរិះគន់ទាំងនោះ​ “ប៉ះពាល់ដល់របៀបរៀបរយសណ្តាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់សង្គម” ។

ក្រៅពីនេះ ខ្លឹមសារ​​ដ៏ទូលំទូលាយ​​នៅក្នុង​មាត្រា​នេះ ក៏​នឹង​​ផ្តល់អំណាចឱ្យ​​អាជ្ញាធរមានសមត្ថកិច្ចងាយស្រួលក្នុងការ​ចាត់វិធានការរឹតត្បិត​លើការទទួលបានព័ត៌មាននៅលើបណ្តាញអ៊ីនធឺណិត ឬបិទគេហទំព័រ ឬបណ្តាញសង្គមណា ដែលអាជ្ញាធររដ្ឋយល់ថាមានគំនិតផ្ទុយ ឬរិះគន់រាជរដ្ឋាភិបាល ទោះជាគេហទំព័រ ឬបណ្តាញសង្គមទាំងនោះ បានផ្តល់ព័ត៌មានដែល​សាធារណៈមតិយល់ថាជាព័ត៌មានឯករាជ្យក៏ដោយ ។ វិធានការតាមរយៈអនុក្រឹត្យនេះ អាចនឹងរំលោភទៅលើសិទិ្ធក្នុងការទទួលបានព័ត៌មាន ដែលរាជរដ្ឋាភិបាលធ្លាប់បានបង្ហាញឆន្ទៈថានឹងគោរពតាមរយៈសេចក្តីព្រោងច្បាប់ស្តីពីការទទួលបានព័ត៌មាន និងវេទិកាពិគ្រោះយោបល់ជាច្រើនលើកច្រើនសារទៅលើសេចក្តីព្រាងច្បាប់នោះកន្លងមកហើយ ។​

លើសពីនេះ មាត្រា១៤​ បានតម្រូវ​ឱ្យ​ប្រតិបត្តិករ​នៃ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​រក្សាទុក​កំណត់ត្រា​បច្ចេកទេស ​និង​តារាង​បែងចែក​ការផ្ដល់​អាសយដ្ឋាន​អាយភី​និង​ការកំណត់​ផ្លូ​វ​នៃត្រាហ្វ៊ិក​ឆ្លងកាត់​នៅ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​សម្រាប់រយៈពេល​១២ខែ ។  នេះមានន័យថា ប្រតិបត្តិករ​នៃ​ច្រកទ្វារ​អ៊ីនធឺណិតជាតិ​អាចដឹង​អំពី​សកម្មភាព​របស់​មនុស្សគ្រប់គ្នា ​ដែលប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា  រួមទាំង​ប្រវត្តិព័ត៌មាន​ដែល​ពួកគេ​ស្វែងរក ហើយ​និង​គេហទំព័រដែលមិនមានកូដនីយកម្ម (unencrypted search history) ​ដែល​ពួក​គេ​ចូលមើល រហូតដល់មួយឆ្នាំពេញ ។ ការរក្សាទុក​រយៈពេលយូរហួសហេតុនេះ នឹងរំលោភទៅលើសិទិ្ធលើឯកជនភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គមនៅកម្ពុជា ។ 

ជាមួយគ្នានេះ​ដែរ យើង​បាន​ពិនិត្យ​ឃើញ​ថាការបង្កើត​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិនឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច ជាពិសេសលើភាពប្រកួតប្រជែងតាមប្រព័ន្ធអេឡិចត្រូនិកដែលកំពុងរីកចម្រើននៅកម្ពុជា ។ ការឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិតែមួយពីគ្រប់ប្រតិបត្តិការរបស់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតទាំងអស់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនពីគ្រប់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ដល់ប្រជាពលរដ្ឋកម្ពុជា ។ 

លើសពីនេះទៅទៀត ការបង្កើតច្រកទ្វារតែមួយបែបនេះ ក៏អាចបង្កើតឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់រវាងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតផងដែរ ។ ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ ត្រូវបានគេជឿជាក់ថា អាចផ្តល់សិទិ្ធអំណាចដល់អាជ្ញាធររដ្ឋក្នុងការអន្តរាគមន៍​ទៅលើប្រតិបត្តិការនៃការផ្តល់សេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុនអ៊ីនធឺណិតឯកជន ដោយអាចបង្កភាពងាយស្រួល ឬអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតណាមួយដែលមានទំនាក់ទំនងល្អជាមួយអាជ្ញាធររដ្ឋ និងអ្នកមានអំណាច ផ្តល់នូវសេវាអ៊ីនធឺណិតល្បឿនលឿនជាងក្រុមហ៊ុនសេវាអ៊ីនធឺណិតដទៃទៀត ។ 

​យើង​បារម្ភថា​អនុក្រឹត្យនេះនឹង​ក្លាយជាឧបសគ្គដល់ក្រុមហ៊ុនបច្ចេកវិទ្យានិងបង្កើតភាពមិនប្រាកដប្រជាដែលអាចបណ្តាលឱ្យអ្នកវិនិយោគទុនចាកចេញពីទីផ្សារបច្ចេកវិទ្យានៅកម្ពុជា ។ បន្ថែមលើនេះ ប្រសិន​បើក្រុមហ៊ុនឯកជនត្រូវបានបង្ខំឱ្យចាកចេញមែន នោះ​បន្ទុក​នៃការ​បង់​ថ្លៃលើសេវានៃការ​ប្រើ​ប្រាស់​អ៊ីនធឺណិតនឹងកើនឡើង នឹង​ធ្លាក់មក​លើ​ប្រជាពលរដ្ឋដែលជាអ្នក​ប្រើ​ប្រាស់ ហើយគុណភាពនៃសេវាអ៊ីនធឺណិតនឹងធ្លាក់ចុះ ។ យើង​ខ្ញុំទទូច​ឱ្យ​រាជរដ្ឋា​ភិបាល​និរាកណ៍អនុក្រឹត្យ​នេះឱ្យបានឆាប់រហ័ស ​ដើម្បី​ធានាថា ​សេរីភាពមូលដ្ឋាន​ និង​ធានា​ប្រសិទ្ធភាព​នៃការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​បានជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ នឹងត្រូវបានគោរពដោយស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ​​៕​

ស្ថាប័ន​ដែល​បាន​ចូលរួម​មាន៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង(
  2. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
  3. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  4. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  5. សហគមន៍បឹងប្រាំ  (បាត់ដំបង)​
  6. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
  7. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព  (BPO)
  8. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  9. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
  10. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  11. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  12. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
  13. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  14. វិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា (CID)
  15. បណ្តាញយុវជនកម្ពុជា (CYN)
  16. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
  17. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស  (CENTRAL)
  18. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  19. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  20. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  21. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគីរី)
  22. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
  23. អង្គការសមធម៌កម្ពុជា (EC)
  24. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
  25. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  26. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
  27. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  28. សហគមន៍ជនជាតិភាគតិចគួយ  (ព្រះ​វិហារ)
  29. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  30. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  31. សហគមន៍មានជ័យ (ស្វាយរៀង)
  32. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  33. អង្គការស្ពានសន្តិភាព (PBO)
  34. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល  (បន្ទាយ​មានជ័យ)
  35. សហគមន៍ដីធ្លីភូមិសិលាខ្មែរ  (បន្ទាយ​មានជ័យ)
  36. អង្គការពន្លកខ្មែរ​  (PKH)
  37. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)​
  38. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO) 
  39. សមាគមធាងត្នោត (STT)
  40. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  41. សហគមន៍ដីធ្លីតានូន (កោះកុង)
  42. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
  43. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
  44. អង្គការ​តម្លាភាព​កម្ពុជា(TIC)
  45. អង្គការអាក់សិនអេតកម្ពុជា (ActionAid Cambodia) 
  46. សមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC)
  47. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា (COMFREL)
  48.  សម្ព័ន្ធសហជីពកម្ពុជា (CATU)
  49. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  50. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  51. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)
  52. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
  53. សហពន្ធ័សហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
  54. សហជីពឯករាជ្យកំលាំងសាមគ្គីកម្មករ (WSSIU)
  55. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដែរកម្ពុជា (C.CAWDU)
  56. គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បីកម្ពុជា (CCC)
  57. ក្លាហាន (Klahaan)
  58. វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API)
  59. មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព (PDP Center)
  60. សហព័ន្ធអ្នកសារព័ត៌អន្តរជាតិ (IFJ)
  61. ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC)
  62. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)

ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារខ្មែរ ទាញយកសេចក្តីថ្លែងការណ៍រួមជាភាសារអង់គ្លេស

 

 

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...