ការ​បង្ក្រាប​ការ​ជួញ​ដូរមនុស្ស​នៅ​ដើម​ឆ្នាំ​នេះ​មានការ​កើន​ឡើង ខណៈមាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដើម្បី​ទប់ស្កា់ត​ការ​ឆ្លង​កូវីដ​

11
ឧសភា

ភ្នំពេញ៖ មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៣ ខែ ដើម​ឆ្នាំ ២០២១ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​បាន​ចំនួន ៨៥ ករណី គឺ​មាន​ការ​កើន​ឡើង ៦០ ករណី បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​មាន​ការ​​រឹត​បន្តឹង ​ការ​ធ្វើ​ដំណើរ​ ​ដើម្បី​ទប់ស្កាត់​​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩។

រដ្ឋលេខាធិកា​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ លោកស្រី ជូ ប៊ុនអេង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១១ ​ឧសភា​នេះ​ថា ក្នុង​ត្រីមាស​ទី១ នេះ ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ក្នុង​អំឡុង​ពេល​កូវីដ ១៩ ពុំ​មាន​ការ​ថយ​ចុះ​ឡើយ ប្រើប្រៀប​កាល​ពី​ឆ្នាំ ២០២០ ដែល​មាន​ត្រឹមតែ ២៥ ករណី​ប៉ុណ្ណោះ។

លោកស្រី​ថា៖ «ក្នុង​ត្រីមាស​ទី១ ការ​ជួញដូរ​មនុស្ស​អត់​ថយចុះ​ទេ ទិន្នន័យ​នៃ​ការ​បង្ក្រាប និង​ចោទ​ប្រកាន់​រយៈពេល ៣ ខែ យើង​បង្ក្រាប​បាន ៨៥ ករណី ក្នុង​ចំណោម ៨៥ ករណី ភាគ​ច្រើន​នាំចេញ​ឆ្លង​ដែន​ខុស​ច្បាប់​ដែល​ចូល​ទៅ​ក្នុង​បទ​អំពើ​ជួញដូរ​មនុស្ស»។

មូលហេតុ​នៃ​ការ​កើន​ឡើង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ គឺ​ដោយសារ​កត្តា​ការ​យល់ដឹង​របស់​ពលរដ្ឋ ខណៈ​មេ​ខ្យល់​បាន​ឆ្លៀត​ឱកាស​កេង​ចំណេញ។

លោកស្រី​បញ្ជាក់​ថា៖ «នៅ​ពេល​យើង​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ មេ​ខ្យល់​បាន​ឆ្លៀត​ឱកាស​ជាពិសេស​ប្រជាពលរដ្ឋ​គាត់​ខ្វះ​ការ​យល់​ដឹង ​មួយ​វិញ​ទៀត​ដោយសារ​តែ​មាន​មេ​ខ្យល់​ជួញដូរ​នេះ​ឯង ព្រោះ​គាត់​រក​ផល​ចំណេញ​ពី​ការ​ជួញដូរ​នេះ អ៊ីចឹង​នៅ​ពេល​ដែល​ឱកាស​គាត់​មាន គាត់​ធ្វើ​សកម្មភាព»។

 

ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋាភិបាល​ក៏​ដូចជា​ស្ថាប័ន​សាមី​បាន​ដាក់​ចេញ​នូវ​វិធានការ​​ជា​បន្តបន្ទាប់​ក្នុង​ការ​ទប់​ស្កាត់ ករណី​នេះ និង​បាន​ធ្វើ​សកម្មភាព​ជាច្រើន ក្នុង​ការ​រក្សា​ស្ថិរភាព ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

លោកស្រី​ ជូ ប៊ុនអេង ​មាន​ប្រសាសន៍​ទៀត​ថា​៖ «យើង​បាន​ជម្រាប​គាត់ (ពលករ​ចំណាក​ស្រុក) ហើយ​តាំង​ពី​គាត់​ត្រឡប់​មក​វិញ​លើក​ដំបូង​នៅ​ចុង​ឆ្នាំ ២០១៩ ដើម​ឆ្នាំ ២០២០ គឺ​យើង​ណែនាំ​គាត់​ថា ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​នាពេល​នេះ មិនមែន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​ធម្មតា​ទេ ​ពី​ព្រោះ​ពេល​នេះ​មិន​ត្រឹមតែ​ប្រឈម​ឆ្លង​កូវីដ ១៩ ទេ អាច​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​គោលដៅ​ដែល​យើង​ចង់​ទៅ»។

ពី​ព្រោះ​រឿង​នេះ​វា​ពាក់ព័ន្ធនឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដូច្នេះ​ហើយ​នៅ​ប្រទេស​គោលដៅ​ក៏​គេ​កំពុង​រឹត​បន្តឹង ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ចល័ត​សូម្បី​តែ​នៅ​ក្នុង​ប្រទេស រហូត​បិទ​ព្រំដែន បិទ​ខេត្ត ដូចជា​នៅ​ប្រទេស​ថៃ គេ​មាន​វិធានការ​ច្រើន។

លោកស្រី ប៊ុនអ៊េង ឱ្យ​ដឹង​ថា មេ​ខ្យល់​ដែល​លួច​នាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទស​ថៃ និង​មាន​ការ​ឆ្លងដែន​ខុស​ច្បាប់​មួយៗ​ទៅ​​ប្រទេស​ចិន ដោយ​ឆ្លង​តាម​ព្រំដែន​ប្រទេស​វៀតណាម។

អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស និង​ការងារ​នៃ​អង្គ​ការ​សង់ត្រាល់​ (CENTRAL) លោក ឃុន ថារ៉ូ មើល​ឃើញ​ថា ខណៈ​ពេល​ដែល​កម្ពុជា​រង​វិបត្តិ​កូវីដ ១៩ គួប​ផ្សុំ​អត្រា​អត់​ការងារ​ធ្វើ​ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ចង់​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង តាមរយៈ​ការ​បញ្ចុះបញ្ចូល​ពី​មេ​ខ្យល់​ដែល​មាន​ជំនាញ​នេះ។

លោក​បញ្ជាក់​ថា៖ «ក្រុម​មេ​ខ្យល់​ដែល​មាន​ឯកទេស​ជំនាញ​ក្នុង​ការ​ធ្វើ​រឿង​នេះ យក​ឱកាស​កូវីដ ឈាន​ដល់​ការ​ជួញដូរ​មនុស្ស ហើយ​ទម្រង់​នៃ​ការ​ជួញដូរ គឺ​ការ​ជួញដូរ​នៃ​កម្លាំង​ពលកម្ម​ដែល​មេ​ខ្លោង​សន្យា​ជួយ​រក​ការងារ​ឱ្យ​ធ្វើ​ទើប​នាំ​ឱ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក»។

យ៉ាង​នេះ​ក្តី លោក​ជំរុញ​ឱ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​មេ​ខ្យល់​ដែល​នាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស។

លោក​បន្ថែម​ថា​៖ «ករណី​ជួញដូរ​មនុស្ស​នេះ សមត្ថកិច្ច​ត្រូវ​មាន​វិធានការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ត្រូវ​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​ដល់​ជន​ប្រព្រឹត្ត វា​អាច​ជា​សារ​មួយ​បង្ហាញ​ទៅ​ជនល្មើស​ផ្សេងៗ​ទៀត ដែល​មាន​ចេតនា​ប្រព្រឹត្ត ឬ​បាន​និង​កំពុង​ប្រព្រឹត្ត​អាច​មាន​ការ​កាត់​បន្ថយ​សកម្មភាព​ពួក​គេ»។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាល​ពី​ចុង​ខែ​មេសា​ឆ្នាំ​ ២០២១ ​បាន​ណែនាំ​ឱ្យ​អគ្គស្នងការ​នគរបាល​​ជាតិ​ត្រូវ​សហការ​ជាមួយ​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្រាវជ្រាវ​បង្ក្រាប បណ្តាញ​មេ​ខ្លោង និង​មេ​ខ្យល់​ក្នុង​ប្រទេស ដែល​ធ្វើ​សកម្មភាព​នាំ​ពលរដ្ឋ​កម្ពុជា និង​ជន​បរទេស​ឆ្លង​កាត់​ព្រំដែន​ខុស​ច្បាប់។

ការ​ណែនាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​មហាផ្ទៃ​នៅ​តែ​កត់​សម្គាល់​ឃើញ​មាន​ករណី​នៃ​ការ​នាំ​ពលរដ្ឋ​កម្ពុជា និង​ជន​បរទេស ឆ្លង​កាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់ ក្នុង​នោះ ក៏​មាន​ករណី​មួយ​ចំនួន​មាន​ក្រុម​មេខ្លោង និង​មេ​ខ្យល់​ក្នុង​ស្រុក ឃុបឃិត​ជាមួយ​ក្រុម​មេខ្លោង និង​មេ​ខ្យល់​ពី​ខាង​ក្រៅ ដើម្បី​រត់​ពន្ធ​មនុស្ស​ឆ្លង​កាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​ផង​ដែរ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...