មិនមាន​ករណី​ដែល​ពលរដ្ឋ​​អត់មាន​បាយ ឬអ្វីហូប​នៅ​ក្នុង​ផ្ទះនោះ​ទេ ​អំឡុង​ពេល​បិទខ្ទប់​

03
ឧសភា

ភ្នំពេញៈ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ទទួល​ស្គាល់​ និង​អះអាង​ថា មិន​មាន​ករណី​ដែល​ពលរដ្ឋ​អត់​មាន​បាយ​ ឬ​អ្វី​ហូប​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ខណៈ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល កំពុង​បន្ត​ផ្តល់​ស្បៀង​អាហារ​ទៅ​ដល់​ប្រជាពលរដ្ឋ​​ដែល​រស់នៅ​ក្នុង​តំបន់​បិទខ្ទប់​ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

មក​ដល់​ពេល​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​នាំ​យក​អំណោយ​ជា​ស្បៀង និង​គ្រឿង​ឧបភោគ​បរិភោគ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត និង​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម​បាន​ជិត ២០ ម៉ឺន​គ្រួសារ​ហើយ ដែល​ទទួល​បាន​អំណោយ​ជា​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ដល់​ពួក​គាត់។

ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ស្បៀង និង​មិន​ទាន់​ទទួល​បាន​ស្បៀង

លោក ហុន សីហា ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ត្រពាំងថ្លឹង ខណ្ឌ​ពោធិ៍សែនជ័យ បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មេសា ជា​អង្ករ ត្រីខ ទឹកត្រី ទឹក​ស៊ីអ៊ីវ និង​មី សម្រាប់​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​លោក​មួយ​រយៈទៀត​រហូត​ដល់​មាន​ការ​បើក​ផ្លូវ​ឡើង​វិញ​ជា​ធម្មតា។

លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​អាទិត្យ​ថា៖ «ម្ចាស់​ផ្ទះ​ជួល​របស់​ខ្ញុំ គាត់​បាន​ស្វះស្វែង​ជួយ​កត់​ឈ្មោះ​ពួក​ខ្ញុំ ដែល​ជួល​បន្ទ​ប់ស្នា​ក់នៅ ហើយ​បញ្ជូន​ឈ្មោះ​ទៅ​ខាង​មេភូមិ ​ដើម្បី​ខាង​អាជ្ញាធរ​ចុះ​យក​អំណោយ​ចែក​មក​ឱ្យ​ពួក​យើង»។

 

លោក សីហា ថា ស្បៀង​ទាំ​ងនេះ អាច​ជួយ​ដល់​គ្រួសារ​របស់​លោក​ដែល​មាន​ចំនួន ៤ នាក់ ប្រហែល​ជា​បាន​រយៈពេល ១ ខែ ហើយ​លោក​សង្ឃឹម​ថា អាជ្ញាធរ​នឹង​បើក​ផ្លូវ​ឡើង​វិញ ហើយ​ជំងឺ​កូវីដ ១៩ នឹង​មាន​ការ​ធូរស្បើយ​​ក្នុង​ពេល​ឆាប់ៗ។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី សេង រ័ត្ន ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ក្រហម​នៃ​ខណ្ឌ​មានជ័យ បាន​ប្រាប់​ផង​ដែរ​ថា អ្នកស្រី​បាន​ទទួល​អំណោយ​ជា​ស្បៀង​កាល​ពី​ថ្ងៃ​សៅរ៍ ទី ០១ ខែ​ឧសភា បន្ទាប់​ពី​ម្ចាស់​ផ្ទះ​ជួល​របស់​គាត់​ស្រង់​ឈ្មោះ​បញ្ជូន​ទៅ​អាជ្ញាធរ។

អ្នកស្រី សេង រ័ត្ន បាន​ប្រាប់​ថា៖ «ខ្ញុំ​កត់​ឈ្មោះ​ប្រហែល​ជា ១ ខែ​ហើយ ទើប​តែ​ទទួល​បាន​អំណោយ​នៅ​ថ្ងៃ​ម្សិលមិញ។ ខ្ញុំ​មិន​ដឹង​មូលហេតុ​យ៉ាង​ណា​ទេ តែ​ខ្ញុំ​ឮ​គេ​ថា គេ​ចែក​ទៅ​ដល់​អ្នក​ដែល​ជួប​ការ​លំបាក​ខ្លាំង​មុន​សិន ទើប​ចែក​មក​ដល់​ពួក​ខ្ញុំ»។

អ្នកស្រី​បន្ថែម​ថា នៅ​ម្តុំ​កន្លែង​អ្នកស្រី​រស់នៅ​នេះ​ក៏​មាន​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​អំណោយ​ដែរ ដោយសារ​ម្ចាស់​ផ្ទះ​ជួល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្រង់​ឈ្មោះ​អ្នក​ដែល​ជួល​បន្ទប់​ស្នាក់​នៅ ​យក​ទៅ​ឱ្យ​មេភូមិ ឬ​សង្កាត់។

ដោយ​ឡែក​អ្នកស្រី ពេជ្រ សុភឿន អាយុ ៤០ ឆ្នាំ ដែល​កំពុង​តែ​ស្នាក់​នៅ​បន្ទប់​ជួល​មួយ​ក្នុង​ភូមិ​តំណាក់​ធំ ៤ សង្កាត់​ស្ទឹងមានជ័យ ២ ខណ្ឌ​មានជ័យ ដែល​ទើប​តែ​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ ១៩ និង​កំពុង​បន្ត​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា អ្នកស្រី​មិន​ទាន់​បាន​ទទួល​អំណោយ ឬ​ស្បៀង​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ ចាប់​តំាង​ពី​មុន​ពេល​អ្នកស្រី​មាន​ជំងឺ​រហូត​មក​ដល់​ពេល​នេះ។

អ្នកស្រី ពេជ្រ សុភឿន បាន​ប្រាប់​ថា៖ «ម្ចាស់​ផ្ទះ​ខ្ញុំ​បាន​ស្រង់​ឈ្មោះ​ពួក​ខ្ញុំ​ហើយ តែ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អ្នក​ណា​យក​អំណោយ​មក​ឱ្យ​ពួក​ខ្ញុំ​ទេ ហើយ​ម្ចាស់​ផ្ទះ​ខ្ញុំ​ក៏​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ជួយ​ពួក​យើង​សោះ»។

អ្នកស្រី​បាន​បន្ត​ថា៖ «ពេល​ខ្ញុំ​សួរ​គាត់​គាត់​ឱ្យ​ខ្ញុំ​ទាក់ទង​ទៅ​មេភូមិ​ដោយ​ខ្លួន​ឯង​ទៅ តែ​ដោយសារ​ខ្ញុំ​មិនមាន​លុយ​សម្រាប់​ទាក់ទង​ទៅ​មេ​ភូមិ​ទើប​បាន​ជា​ខ្ញុំ​មិន​ទាន់​ទទួល​បាន​អំណោយ​នេះ។ ម្ចាស់​ផ្ទះ​របស់​ខ្ញុំ​ពិបាក​ណាស់​មិន​សូវ​ជា​ជួយ​ដល់​អ្នក​ជួល​បន្ទប់​ក្នុង​ការ​បាន​ទទួល​ស្បៀង​នេះ​ទេ​»។

អ្នកស្រី ពេជ្រ សុភឿន បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ផ្តល់​ស្បៀង​ដល់​គ្រួសារ​គាត់​ផង ដោយសារ​គាត់​ជា​អ្នក​ជំងឺ​កូវីដ ​១៩ មិន​មាន​ការងារ​ធ្វើ​គ្មាន​ប្រាក់​ចំណូល​ទេ​នៅ​ពេល​នេះ។
ទោះបី​ជា​អ្នកស្រី ពេជ្រ សុភឿន មិន​មាន​ប្រាក់​ចំណូល និង​ទទួល​បាន​ស្បៀង​ពី​អាជ្ញាធរ ប៉ុន្តែ​អ្នកស្រី​នៅ​មាន​​ប្រាក់​សន្សំ​បន្តិច​បន្តួច​ផង​ដែរ ហើយ​ក្មួយ​ស្រី​របស់​គាត់​ក៏​តែងតែ​ផ្តល់​អាហារ ម្ហូប​មក​ឱ្យ​គាត់​ស្ទើរ​រាល់​ថ្ងៃ​ផង​ដែរ។

អ្នកស្រី​បាន​ប្រាប់​ថា៖ «អង្ករ​នៅ​សល់​អាច​នៅ​ដាំ​បាយ​បាន​ប្រហែល ២ ថ្ងៃ​ទៀត ហើយ​ក្មួយ​ស្រី​របស់​ខ្ញុំ​ក៏​តែងតែ​ទិញ​ម្អូប និង​សាច់ មក​ឱ្យ​ខ្ញុំ​ដែរ។ ​វា​ជា​ការ​ជួយ​បន្ទុក​សម្រាប់​ខ្ញុំ​ផង​ដែរ ខណៈ​ពេល​ដែល​ប្តី និង​កូន​ប្រុស​ខ្ញុំ កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​នៅ​មន្ទីរពេទ្យ»។

អ្នកស្រីថា អ្នកស្រីប្រហែលជាដកលុយសម្រាប់បង់ថ្លៃបន្ទប់ជួលយកទៅទិញអង្ករសិន ដោយសារ​គាត់​គ្មាន​ជម្រើស ហើយរំពឹងថា ម្ចាស់ផ្ទះ​ជួលរបស់គាត់​នឹងមាន​ការយោគ​យល់​ចំពោះ​គាត់​ក្នុងអំឡុង​ពេលលំបាក​នេះ​។

ពលរដ្ឋមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះមានលំនៅឋានមុខផ្សារត្រពំាងថ្លឹង ដែលជាតំបន់​ក្រហម​មួយ​ក្នុងខណ្ឌដង្កោ បានប្រាប់ឱ្យដឹងដែរថា លោកមិនទាន់បានទទួលអំណោយដែរ លោកឃើញតែ​អ្នក​នៅ​ក្បែរខាងលោកបានទទួល ដែលអ្នកទាំងនោះជាកម្មករោងចក្រនៅតាមបន្ទប់ជួល។

លោក​បាន​ប្រាប់​ថា៖ «អ្នក​ដែល​ទទួល​បាន គឺ​ដោយសារ​មេភូមិ​បាន​ចុះ​ស្រង់​ឈ្មោះ តែ​មេភូមិ​មិន​បាន​ចុះ​គ្រប់​ផ្ទះ​ទេ។ សម្រាប់​ខ្ញុំ​មិន​ចង់​បាន​អំណោយ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ជា​មាន​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ទោះជា​​ខ្ញុំ​នៅ​ក្នុង​តំបន់​ក្រហម ហើយ​មិន​បាន​អំណោយ​ក៏​ដោយ»។

សម្រាប់​គ្រួសារ​របស់​លោក ក្នុង​អំឡុង​ពេល​បិទខ្ទ​ប់នេះ ​អ្វី​ដែល​ពិបាក គឺ​ការ​ចេញ​ទៅ​រក​ទិញ​អាហារ​ឆ្ងាញ់ៗ​នៅ​ខាង​ក្រៅ​ផ្ទះ​ប៉ុណ្ណោះ ដោយ​អាជ្ញាធរ​សមត្ថកិច្ច​មិន​ឱ្យ​ចេញ​ក្រៅ។ លោក​អាច​ធ្វើ​ការ​នៅ​ផ្ទះ​បាន​ និង​ទទួល​បាន​ប្រាក់​ខែ​ធម្មតា ដូចនេះ​មិន​មាន​ការ​ប៉ះពាល់​ខ្លាំង​ក្នុង​ជីវភាព​នោះ​ឡើយ។

ការ​ឆ្លើយតប​ពី​អាជ្ញាធរ និង​ការ​ជួយ​ផ្ដល់​ព័ត៌មាន​ពី​ម្ចាស់​ផ្ទះ​ជួល

មេភូមិ​តំណាក់​ធំ ៤ លោក វ៉ា ផា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក ប្រមាណ​ពី ៧០% ទៅ ៨០% បាន​ទទួល​ស្បៀង​ហើយ ហើយ​ខាង​លោក​ក៏​កំពុង​តែ​ចែក​ស្បៀង​បន្ត​ទៀត​ដែរ​ទៅ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល។

លោក​បាន​ថ្លែង​ថា៖ «បើ​គិត​ជា​ចំនួន​គ្រួសារ​ដែល​បាន​ទទួល​រួច​ហើយ​គឺ ១ ១៧៤ គ្រួសារ​ហើយ​ដែល​ទទួល​បាន ហើយ​ពួក​គាត់​សុទ្ធ​តែ​ជា​អ្នក​ស្នាក់នៅ​តាម​បន្ទប់​ជួល ហើយ​ថ្ងៃ​នេះ ខ្ញុំ​ក៏​នឹង​ចាប់​ចែក​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​បន្ត​ទៀត»។

លោក វ៉ា ផា បាន​បញ្ជាក់​ថា ម្ចាស់​ផ្ទះ​ជួល ឬ​តំណាង​ម្ចាស់​ផ្ទះ​ជួល មក​ទំនាក់ទំនង​ខាង​ភូមិ ឬ​សង្កាត់ នោះ​ខាង​ភូមិ​នឹង​ចុះទៅ​ចែក​តែ​ម្តង។

លោក​ទទួល​ស្គាល់​ថា អ្នក​ខ្លះ​ក៏​មិន​ទាន់​ទទួល​បាន​អំណោយ​ដែរ ដោយសារ​ពេល​ខ្លះ​លោក​មិន​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់​ផ្ទះជួល ហើយ​រាល់​ការ​ចែក​អំណោយ​ គឺ​ត្រូវ​តែ​មាន​លិខិត​អញ្ជើញ ហើយ​ការ​ផ្តល់​ជូន​នេះ មិន​ទាន់​ទៅ​តាម​តម្រូវ​ការ​របស់​ពួក​គាត់​ទេ។

ប៉ុន្តែ​លោក​មេភូមិ​រូប​នេះ​បញ្ជាក់​ថា លោក​នឹង​ខិតខំ​ក្នុង​ការ​ផ្តល់​ជូន​អំណោយ​ឱ្យ​បាន ១០០% តែ​ម្តង។

ទាក់ទង​នឹង​ការ​ស្រង់​ឈ្មោះ​របស់​អ្នក​ជួល​បន្ទប់​ស្នាក់​នៅ​តាម​ផ្ទះ​ជួល​នេះ អ្នកស្រី រី សត្យានិកា ដែល​មាន​បន្ទប់​ជួល​ចំនួន ៩ បន្ទប់ និង​មាន​អ្នក​ជួល​ចំនួន ១៣ នាក់ កំពុង​ស្នាក់នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ២ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ថ្ងៃទី ០២ ខែ​ឧសភា​ថា អ្នកស្រី​បាន​យក​ចិត្ត​ទុ​កដាក់​ជួយ​ដល់​អ្នក​ជួល​បន្ទប់​របស់​អ្នកស្រី ដោយ​បាន​ស្រង់​ឈ្មោះ​ពួក​គាត់​យក​ទៅ​ឱ្យ​មេភូមិ ដើម្បី​បាន​អំណោយ​នេះ។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖ «អ្នក​ជួល​បន្ទប់​របស់​ខ្ញុំ​ទាំង ៩ បន្ទប់​នេះ បាន​ទទួល​អំណោយ​រួច​ហើយ។ អាជ្ញាធរ​ចុះ​មក​យក​ឈ្មោះ​អ្នក​ដែល​ខ្វះខាត​ស្នាក់នៅ​តាម​បន្ទប់​ជួល ហើយ​ខ្ញុំ​ក៏​បាន​ជួយ​ពួក​គាត់​រួចរាល់​រហូត​បាន​អំណោយ​ពី​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ»។

អ្នកស្រី សត្យានិកា បាន​បញ្ជាក់​ថា ម្ចាស់​ផ្ទះ​ជួល​ត្រូវ​ជួយ​យក​អាសា និង​ស្វះស្វែង​ជួយ​ដល់​ពួក​គាត់​ដែរ ទើប​ទទួល​បាន​អំណោយ​នេះ ដោយសារ​អាជ្ញាធរ​ស្រង់​ឈ្មោះ​តាមរយៈ​ម្ចាស់​ផ្ទះ​ជួល ដើម្បី​ដឹក​យក​អំណោយ​ដល់​អ្នក​ទាំង​នេះ។

អ្នកស្រី​បាន​បន្ថែម​ថា៖ «មេភូមិ ឬ​អាជ្ញាធរ​ចុះ​មក​ជួប​ជាមួយ​នឹង​ម្ចាស់​ផ្ទះផ្ទា​ល់ ដើម្បី​យ​ក​ចំនួន​បន្ទប់ ដើម្បី​បាន​ដឹង​ចំនួន​ច្បាស់​សម្រាប់​ចែក​ជូន ហើយ​អ្នក​ជួល​បន្ទប់​បាន ឬ​មិន​បាន​អំណោយ​ក៏​អាស្រ័យ​លើ​ការ​ជួយ​ជ្រោមជ្រែង ពី​ម្ចាស់​ផ្ទះ​ផង​ដែរ»។

ជាមួយ​នេះដែរ អ្នកស្រី សត្យានិកា មិន​បាន​យក​ថ្លៃ​បន្ទប់​ជួល​ពី​អ្នក​ស្នាក់នៅ​ទេ ក្នុង​រយៈពេល​លំបាក​នេះ។

យន្តការ​នៃ​ការ​ទទួល​អំណោយ ការ​បែងចែក ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ផ្សេងៗ និង​ការ​ចូលរួម​ពី​អង្គការ សង្គមស៊ីវិល

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន លោក​នាយក​រដ្ឋមន្រ្តី​បាន​ប្រកាស​ផ្តល់​អំណោយ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ទាំង​នោះ​ដូចជា អង្ករ មី ​ជា​ដើម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការ​រស់នៅ​ក្នុង​តំណាក់កាល​លំបាក​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «វា​ជា​មោទនភាព​សម្រាប់​រាជធានី​ភ្នំពេញ​ដែរ ដែល​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​អត់​មាន​បាយ​ទេ។ នេះ​ជា​សារៈសំខាន់ ហើយ​អាជ្ញាធរ​របស់​យើង​ក៏​បាន​ធ្វើ​ការ​បែងចែក​នូវ​ជំនួយ​របស់​សម្តេចតេជោ ហ៊ុន សែន សប្បុរសជន​នានា និង​អង្គការ​ណា​ក៏​ដោយ​ឱ្យ​តែ​មាន​ធនធាន ឬ​ថវិកា ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​នេះ យើង​ទទួល​អបអរ​យ៉ាង​ពេញ​ទំហឹង»។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ច្រាន​ចោល​នូវ​ការ​ផ្សព្វផ្សាយ​ដែល​បាន​លើក​ឡើង​ថា យន្តការ​នៃ​ការ​ទទួល​អំណោយ ការ​បែងចែក និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ផ្សេងៗ​មាន​ការ​រើសអើង ខណៈ​ដែល​យន្តការ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តម្លាភាព​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា៖ «យើង​សូម​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​នានា ដោយ​អគតិ​ក្នុង​គោល​បំណង​បង្ក​ចលាចល​បំពុល​សង្គម រារាំង​ដល់​ដំណើរការ​បែង​ចែក​អំណោយ សង្គ្រោះ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​មាន​តម្រូវ​ការ​ស្បៀង​អាហារ​បន្ទាន់»។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ក៏​សុំ​ការ​យោគយល់ និង​អធ្យាស្រ័យ​ខ្ពស់​បំផុត​ដល់​ម្ចាស់​អំណោយ ដែល​មិន​អាច​ចែក​ជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ផ្ទាល់ ដោយ​ឈរ​លើ​មូល​ហេតុ​ខ្លាច​មាន​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ដល់​អ្នក​ចូលរួម។ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​ធ្វើ​ការ​បែង​ចែក​អំណោយ​ឱ្យ​បាន​ចំ​គោលដៅ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវ​ការ​ស្បៀង​អាហារ​បន្ទាន់​ចំពោះ​មុខ​បន្ត​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ លោក ឃួង ស្រេង បាន​បង្ហាញ​ពី​ការ​ខក​ចិត្ត និង​សោកស្តាយ​ចំពោះ​សារព័ត៌មាន​បរទេស​មួយ​ចំនួន ក៏​ដូចជា​កាសែត​ក្នុង​ស្រុក​ខ្លះ ដែល​មាន​និន្នាការ​មិន​ល្អ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា «គេ​ចង់​យក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ តែ​ត្រូវ​បាន​អាជ្ញាធរ​ឃាឃាំង»។

លោក​បាន​បញ្ជាក់​ថា៖ «ចំណុច​នេះ ខ្ញុំ​សុំ​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង ក្នុង​នាម​ខ្ញុំ​ជា​អភិបាល​រាជធានី​ភ្នំពេញ ខ្ញុំ​តែងតែ​អំពាវនាវ​ស្វែងរក​ធនធាន និង​គ្រឿង​ឧបភោគ​បរិភោគ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្ញុំ ដែល​កំពុង​តែ​ជួប​នូវ​ការ​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ ១៩។ ប៉ុន្តែ​ផ្ទុយ​មក​វិញ​អ្នក​ទាំង​នោះ​មិន​បាន​មើល​ឃើញ​នូវ​អំពើ​ល្អ​របស់​អាជ្ញាធរ​របស់​រាជរដ្ឋាភិបាល ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ទាំង​អស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ទំនុក​បម្រុង​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​រងគ្រោះ បែរ​ជា​ឆ្លៀត​ឱកាស​កេង​ចំណេញ ហើយ​មិន​សម​ហេតុ​សម​ផល ដែល​មិន​មាន​តថភាព​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​វិញ»។

បើ​តាម​លោក​អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​តាម​មូលដ្ឋាន​ខ្លះ ចែក​អំណោយ​ទាំង​នេះ មិន​ទាន់​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន ហើយ​សម្រាប់​រាជធានី​ភ្នំពេញ​នឹង​ចែក​រហូត​ទៅ​ដល់ ៤០ ម៉ឺន​គ្រួសារ​ ក្នុង​ក្រុង​ភ្នំពេញ ប៉ុន្តែ​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ទើប​តែ​ជិត ២០ ម៉ឺន​គ្រួសារ​ទើប​តែ​ទទួល​បាន។

លោក​បាន​បញ្ជាក់​ថា៖ «ទិសដៅ​ដែល​យើង​ចែក​ដំបូង​គេ គឺ​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម ដែល​មិន​អាច​ចេញ​ចូល​បាន​ទាល់​តែ​សោះ ហើយ​ក្នុង​នោះ​មាន​កម្មករ​កម្មការិនី​ច្រើន​ដែល​ត្រូវ​ការ​ស្បៀង។ នៅ​ពេល​ដែល​មាន​ការ​ដង្ហោយ​ហៅ​ភ្លាម អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នឹង​ចុះ​ទៅ​ដល់​ទីតាំង​នោះ​ភ្លាម និង​ផ្តល់​ជំនួយ​នោះ​ភ្លាម»។

ទាក់ទង​នឹង​សកម្មភាព​នៃ​ការ​ចែក​អំណោយ​របស់​អង្គការ សង្គម​ស៊ីវិល​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​រាជរដ្ឋាភិបាល មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់​ ដែល​បាន​ធ្វើ​ការ​ផ្តល់​ស្បៀង​មួយ​ចំនួន​ទៅ​ដល់​កម្មករកម្មការិនី​ដែល​ជាប់​នៅ​ក្នុង​តំបន់​ក្រហម​នោះ មក​ដល់​ពេល​នេះ អង្គការ​សង់ត្រាល់​បាន​ផ្តល់​ស្បៀង​បាន​ចំនួន​សរុប ៦០៥ បន្ទប់ ដែល​ស្មើ​នឹង១ ៥១១ នាក់ ដែល​បាន​ទទួល។ នេះ​បើ​តាម​ លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់។

ការ​មើល​ឃើញ​ពី​សមាគម និង​សហជីព

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោក​មិន​ជឿ​ថា​ នៅ​តំបន់​ក្រហម ឬ​តំបន់​ដែល​មាន​ការ​បិទ​ខ្ទប់​ផ្សេង​ទៀត មាន​ប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​អត់​អាហារ​នោះ​ទេ ដោយសារ​គ្មាន​អ្នក​ណា​ម្នាក់​សុខ​ចិត្ត​ឈរ​មើល ឬ​បើក​ភ្នែក​មើល​ពលរដ្ឋ​ដូច​គ្នា​ស្លាប់​ដោយ​គ្មាន​អាហារ​ដែរ។

លោក​បាន​ថ្លែង​ថា៖ «ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​អាច​ទុក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដូចគ្នា​ហ្នឹង អត់​អាហារ​ស្លាប់​នោះ​ទេ គឺ​យើង​ច្បាស់​ជា​ជួយ​គ្នា​បន្តិចបន្តួច​ហើយ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​ជា​ខ្មែរ​ម្នាក់​ដែរ មិនមែន​ឃើញ​ពលរដ្ឋ​ណា​ម្នាក់​អត់​ហើយ មិន​ជួយ​នោះ​ទេ។ យ៉ាង​ហោច​ណាស់ អ្នក​ជិត​ខាង​គ្នា​ក៏​ជួយ​គ្នា​ដែរ មិន​ចាំបាច់​តែ​រង់ចាំ​តែ​រដ្ឋាភិបាល​មក​ជួយ​នោះ​ទេ»។

លោក ហ្វា សាលីថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​មាន​ទទួល​ព័ត៌មាន​ណា​មួយ​ពី​កម្មករកម្មការិនី ក៏​ដូចជា​ប្រជាពលរដ្ឋ​ខ្វះ​ស្បៀង​អាហារ​នោះ​ទេ គឺ​នៅ​តាម​ភូមិ សង្កាត់​នីមួយៗ គឺ​បាន​ចាត់​តំណាង​ជាក់​លាក់​ក្នុង​ការ​ចែក​អំណោយ​ដល់​ពួក​គាត់។

លោក​ថា៖ «នៅ​ពេល​ដំបូង​មាន​ការ​ពិបាក និង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​មែន តែ​មក​ដល់​ពេល​នេះ​ ស្ថានភាព​មាន​ការ​ប្រសើរ​ឡើង​វិញ ដោយ​ការ​ចូល​ជួយ​ផ្តល់​ស្បៀង​ពី​សម្បុរសជន និង​អាជ្ញាធរ​ក៏​មាន​សកម្មភាព​មមាញឹក​ច្រើន​ដែរ»។

លោក ហ្វា សាលី ធ្លាប់​បាន​រៀបចំ​ស្បៀង​អាហារ​ផ្តល់​ជូន​ដល់​កម្មករ និង​ពលរដ្ឋ​ដែល​ខ្វះខាត ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ស្នើសុំ​មក​លោក​ទៀត​ទេ ដោយសារ​តែ​រាជរដ្ឋាភិបាល អាជ្ញាធរ​បាន​ផ្តល់​ជូន​ពួក​គាត់​ច្រើន និង​ជា​បន្តបន្ទាប់​ផង​ដែរ។

លោក​បាន​បន្ថែម​ថា៖ «មិន​មាន​ករណី​ដែល​ពលរដ្ឋ​អត់​មាន​បាយ ឬ​អ្វី​ហូប​នៅ​ក្នុង​ផ្ទះ​នោះ​ទេ គ្រាន់តែ​មាន​ច្រើន និង​តិច​ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​គាត់​អស់​ស្បៀង គ្មាន​អ្វី​សោះ​ក្នុង​ផ្ទះ គឺ​ពួក​គាត់​ពិត​ណាស់​នឹង​ចេញ​មក​ក្រៅ​ផ្ទះ​ ដើម្បី​ស្នើសុំ​អាហារ ឬ​អ្វី​មួយ ដើម្បី​បាន​ចម្អែត​ក្រពះ​មួយ​ពេល​នោះ​ហើយ»។

លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគម​ធាងត្នោត​បាន​ប្រាប់​ផង​ដែរ​ថា​ មាន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ក្រហម និង​កន្លែង​ផ្សេង បាន​ស្នើសុំ​ជំនួយ​ពី​ខាង​អង្គការ​របស់​លោក ប៉ុន្តែ​ខាង​លោក​មិន​មាន​លទ្ធភាព ហើយក​រណី​ដែល​ពួក​គាត់​ទទួល​បាន​ ឬ​មិន​បាន​ពី​អាជ្ញាធរ​មូលដ្ឋាន ខាង​លោក​មិន​បាន​ដឹង​ពី​ព័ត៌មាន​នេះទេ។

លោក​បាន​ថ្លែង​ថា៖ «ប្រជាពលរដ្ឋ​ដែល​បាន​ស្នើ​មក​សុំ​ជំនួយ​ពី​ខាង​យើង គឺ​ទាំង​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម និង​ក្រៅ​តំបន់​ក្រហម​ដោយសារ​យើង​ធ្វើ​ការ​ជាមួយ​នឹង​សហគមន៍​ក្រីក្រ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...