សេចក្តីថ្លែងការណ៍រួមស្តីពី៖ ការប៉ុនប៉ងរំលាយសហជីព និងគម្រោងកាត់បន្ថយកម្មករនិយោជិតចំនួន១.៣២៩ នាក់នៅក្រុមហ៊ុនណាហ្គាវើលដ៏ 

10
មិថុនា

សេចក្តីថ្លែងការណ៍រួម ស្តីពី ការប៉ុនប៉ងរំលាយសហជីព និងគម្រោងកាត់បន្ថយកម្មករនិយោជិតចំនួន១.៣២៩ នាក់នៅក្រុមហ៊ុនណាហ្គាវើលដ៏ 

 យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម សហគមន៍ និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ​នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការសោកស្តាយជាខ្លាំងអំពីចេតនា និងការប៉ុនប៉ងរំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព និងគម្រោងកាត់បន្ថយបុគ្គលិកជាលក្ខណៈប្រព័ន្ធដោយមិនមានហេតុផលសមស្រប និងមិនអាចទទួលយកបាននៅក្នុងពេលមានវិបត្តិ ជំងឺកូវីដ-១៩។ 

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តំណាង ក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត បានប្រកាសគម្រោងកាត់បន្ថយបុគ្គលិកចំនួន១.៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបប្រមាណជាង៨០០០នាក់ ដោយហេតុផលវិបត្តិកូវីដ-១៩។ នៅចុងខែមេសា តំណាងក្រុមហ៊ុនបានធ្វើការបញ្ជាក់ថា ចំនួនបុគ្គលិកដែលត្រូវបានកាត់នោះ ក្រុមហ៊ុននឹងធ្វើការបញ្ជូនសារទៅបុគ្គលិកម្នាក់ៗដោយផ្ទាល់ ព្រមទាំងកោះហៅឲ្យចូលរួមប្រជុំផ្ទាល់នៅអគាររបស់ក្រុមហ៊ុន។

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណ្គាវើលដ៍បានរៀបចំប្រជុំអនឡាញជាទ្រង់ទ្រាយធំ ដោយមានកម្មករនិយោជិតរាប់ពាន់នាក់បានចូលរួម។ កម្មករនិយោជិតភាគច្រើនលើសលប់បានធ្វើការបដិសេធមិនអាចទទួលយកគម្រោងដែលបានលើកឡើងដោយតំណាងក្រុមហ៊ុនទេ។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តំណាងក្រុមហ៊ុនបានប្រជុំជាមួយក្រុមការងារសហជីព និងក្រុមប្រតិភូបុគ្គលិក។  តំណាងក្រុមហ៊ុនលើកឡើងពីចំនួនបុគ្គលិក ដែលត្រូវកាត់នៅតាមផ្នែក ក្នុងពេលជាមួយគ្នាថ្នាក់ដឹកនាំសហជីពបានព្យាយាមលើកទ្បើងពីសំណូមពររបស់បុគ្គលិក និងហេតុផលផ្សេងៗទៀត តែតំណាង ក្រុមហ៊ុនមិនបានទទួលយកសំណូមពរទាំងនេះឡើយ។

ផែនការកោះហៅបុគ្គលិកត្រូវធ្វើឡើងនៅចុងខែមេសា តែដោយមានការបិទខ្ទប់រាជធានីភ្នំពេញក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩  តំណាងក្រុមហ៊ុនណាហ្គាវើលដ៏បានចាប់ផ្តើមកោះហៅបុគ្គលិកនៅថ្ងៃទី១៧ ខែឧសភា ឲ្យទៅជួបខ្លួន នៅក្នុងបរិវេណអគាររបស់ក្រុមហ៊ុន ដើម្បីពន្យល់​ណែនាំស្តីពីការបញ្ចប់កិច្ចសន្យាការងារ។ កម្មករនិយោជិតភាគច្រើនមិនព្រមទៅតាមការកោះហៅទេ ហើយបុគ្គលិកមួយចំនួនតូច ដែលបានចូលប្រជុំជាមួយក្រុមហ៊ុន ត្រូវបង្ខំចិត្តទទួលយកការបញ្ឈប់នេះ ដោយតំណាងក្រុមហ៊ុនបានណែនាំឲ្យកម្មករនិយោជិតទាំងនោះ សរសេរលិខិតសុំលាលែងពីការងារដោយខ្លួនឯង មុននឹងទទួលបានប្រាក់សំណងពីក្រុមហ៊ុន។

តាមរយៈការជូនដំណឹងស្តីពីគម្រោងបញ្ចប់ការងារជាក្រុមនេះ យើងឃើញថាបុគ្គលិកដែលកំពុងសម្រាកលំហែមាតុភាព បុគ្គលិកកំពុងស្នើសុំសម្រាកលំហែមាតុភាព និងបុគ្គលិកកំពុងមានផ្ទៃពោះ ក៏ត្រូវក្រុមហ៊ុនជូនដំណឹងបញ្ចប់កិច្ចសន្យាការងារផងដែរ។ លើសពីនេះទៀត អ្នកតំណាងក្បាលម៉ាស៊ីនសហជីពទាំងអស់ មានប្រធាន អនុប្រធាន និងលេខាធិការ របស់សហជីព ព្រមទាំងសកម្មជនសហជីពភាគច្រើនបំផុត នៅគ្រប់ផ្នែកនៃក្រុមហ៊ុន ក៏ត្រូវបានជូនដំណឹងបញ្ឈប់ពីការងារដូចគ្នាដែរ។

ទាំងនេះបញ្ជាក់ឲ្យឃើញថា នៅពីក្រោយហេតុផលគម្រោងកាត់បន្ថយបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាចេតនាគាស់រំលើងសហជីពមិនឲ្យមានវត្តមាននៅក្នុងក្រុមហ៊ុន ដែលក្រុមហ៊ុននេះធ្លាប់បានធ្វើលើក្រុមអតីតថ្នាក់ដឹកនាំសហជីពកាលពីឆ្នាំ២០០៩។ ទង្វើទាំងនេះបង្ហាញពីចេតនានៃការរើសអើងសហជីព និងរំលោភបំពានទៅលើការអនុវត្តសិទ្ធិជាមូលដ្ឋានផ្នែកសមាគម ដែលធានាដោយរដ្ឋធម្មនុញ អនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិផ្នែកការងារ (អាយទ្បូ)  និងច្បាប់ស្តីពីការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចរបស់ក្រុមហ៊ុនណាហ្គាវើលដ៍មិនបានប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិកូវីដ-១៩ នោះទេ ហើយក៏អាចនៅមានលទ្ធភាពគ្រប់គ្រាន់ដើម្បីរក្សាទុកកម្មករនិយោជិតទាំងអស់ឱ្យនៅបន្តការងារដដែល។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន ណាហ្គាវើលដ៏បានទទួលប្រាក់ចំណេញសុទ្ធជាង០១ពាន់លានដុល្លារ ដោយក្នុងឆ្នាំ ២០១៩ ប្រាក់ចំណេញសុទ្ធក្នុង ១ឆ្នាំរបស់ក្រុមហ៊ុនបានកើនឡើងជាង ៥២១ លានដុល្លារ។ បើទោះបីជាមានការប៉ះពាល់ពីវិបត្តិកូវីដ-១៩ក៏ដោយ ក៏ក្រុមហ៊ុន ណាហ្គាវើលដ៏ នៅតែបានទទួលប្រាក់ចំណេញសុទ្ធជាង ១០២ លានដុល្លារក្នុងឆ្នាំ២០២០។ លើសពីនេះទៀត គម្រោងអភិវឌ្ឍន៍អគារថ្មី នៃណាហ្គា៣ កំពុងមានដំណើរការជាធម្មតារៀងរាល់ថ្ងៃ ដែលអគារថ្មីនេះ​នឹងត្រូវការកម្លាំងការងារបន្ថែមយ៉ាងតិច ៤០០០នាក់។ 

កាលពីខែមករា ឆ្នាំ២០២០ កម្មករនយោជិតនៃសហជីព រាប់ពាន់នាក់បានធ្វើកូដកម្មទាមទារឱ្យកញ្ញា ឈឹម ស៊ីថរ បានចូលធ្វើការវិញ បន្ទាប់ពីត្រូវបានក្រុមហ៊ុនណាហ្គាវើលដ៍ផ្អាកការងារ។ ក្រោយមក កញ្ញា ត្រូវបានអនុញ្ញាតឱ្យចូលធ្វើការវិញដោយជោគជ័យ។ ប៉ុន្មានខែក្រោយមក កម្មករនយោជិតនៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណ្គាវើលដ៍ រាប់រយនាក់ បានធ្វើការតវ៉ា បន្ទាប់ពីក្រុមហ៊ុនដែលមាន​ម្ចាស់ជាជនជាតិ​ម៉ាឡេស៊ីនេះ បានបញ្ឈប់ការផ្ដល់ប្រាក់ឈ្នួលក្នុងពេលព្យួរការងារ អំឡុងពេលដែលរាជរដ្ឋាភិបាលបានសម្រេចបិទកាស៊ីណូជាបណ្ដោះអាសន្ន។ ដូច្នេះ គម្រោងបញ្ឈប់កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីព និងកម្មករនយោជិតសរុបចំនួន១.៣២៩លើកនេះ គឺជាការដាក់គោលដៅវាយប្រហារមកលើសហជីព ដែលគ្រាន់តែតស៊ូមតិដោយសន្ដិវិធី ដើម្បីសិទ្ធិការងារនៃសមាជិករបស់ខ្លួន។ 

ហេតុផលដូចបានរៀបរាប់ខាងលើ បញ្ជាក់ឲ្យឃើញថា គម្រោងកាត់បន្ថយចំនួនបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបញ្ហាវិបត្តិកូវីដ១៩ មិនមែនជាមូលហេតុពិតប្រាកដរបស់ថ្នាក់គ្រប់គ្រងក្រុមហ៊ុនទេ។ ក្រុមហ៊ុននេះមានចេតនា​មិនចង់ឲ្យមានវត្តមានសហជីពនៅក្នុងក្រុមហ៊ុន ដើម្បីជាឱកាសរបស់ខ្លួនបន្តកេងប្រវ័ញ្ចអត្ថប្រយោជន៍របស់បុគ្គលិក ហើយនិងបង្កើត​លក្ខខណ្ឌការងារមិនល្អនៅកន្លែងការងារដែលផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ។

យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់​សិទ្ធិមនុស្ស និងសិទ្ធិការងារ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានលើករណីនេះដោយយកចិត្តទុកដាក់។ យើងស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យ និងតាមដានករណីនេះដោយយកចិត្តទុកដាក់។ យើងក៏ស្នើសុំឲ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុន ធ្វើការចរចាជាមួយតំណាងសហជីព ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយដែលអាចទទួលយកបានដោយភាគីទាំងសង ខាងប្រកបដោយសេចក្តីស្មោះត្រង់ និងបង្កើតទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយសហជីពនៅកន្លែងការងារ៕ 

ថ្ងៃ ១​ កើត ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥

រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖

១. សហគមន៍ដីធ្លី ១៩៧ (កោះកុង(

២. ​អង្គការ អាក់សិនអេដកម្ពុជា (AAC)

៣. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)

៤. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)

៥. ៣៧. សហគមន៍អមលាំង (កំពង់ស្ពឺ(

៦. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)

៧. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)

៨. សហគមន៍បឹងប្រាំ (បាត់ដំបង(

៩. សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC)

១០. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

១១. សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)

១២. បណ្តាញយុវជនកម្ពុជា (CYN)

១៣. សហព័ន្ធសហជីពកម្ពុជា (CATU)

១៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

១៥. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CSFWF)

១៦. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) 

១៧. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

១៨. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (CIWA)

១៩. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

២០. សមាគមមន្រ្តីរាជការឯករាជ្យ (CICA)

២១. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)

២២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

២៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)

២៤. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ(

២៥. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)

២៦. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)

២៧. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)

២៨. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​

២៩. សម្ព័ន្ធសហជីពចលនាកម្មករ (សសចក)

៣០. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

៣១. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)

៣២. សហភាពចលនាកម្មករកម្ពុជា (សចកក)

៣៣. សហគមន៍ដក់ពរ (កំពង់ស្ពឺ)

៣៤. អង្គការសមធម៌កម្ពុជា (EC)

៣៥. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

៣៦. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

៣៧. សហគមន៍ហោងសំណំ (កំពង់ស្ពឺ(

៣៨. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៣៩. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៤០. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុ (ព្រះវិហារ)

៤១. អង្គការ ក្លាហាន (Klahaan)

៤២. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)

៤៣. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)

៤៤. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)

៤៥. សហគមន៍ដីធ្លីខេត្តប៉ៃលិន

៤៦. សហគមន៍ឡពាង (កំពង់ឆ្នាំង(

៤៧. សហគមន៍មានជ័យ (ស្វាយរៀង)

៤៨. សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ័កាត់ (NIFTUC) 

៤៩. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)

៥០. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)

៥១. សហគមន៍អូរដំដែក (កំពង់ធំ)

៥២. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)

៥៣. សហគមន៍ភ្នំក្រោម (សៀមរាប)

៥៤. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)

៥៥. សហគមន៍ដីធ្លីព្រែកខ្សាច់

៥៦. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)

៥៧. សហគមន៍ព្រៃឡង់ (កំពង់ធំ(

៥៨. សហគមន៍ដីធ្លីព្រៃពាយ (កំពត)

៥៩. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)

៦០. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)

៦១. សមាគមធាងត្នោត (STT)​

៦២. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)

៦៣. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)

៦៤. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)

៦៥. សហភាពផ្ទះសាមគ្កី (SH)

៦៦. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)

៦៧. សហគមន៍ដីធ្លីតានី (សៀមរាប)

៦៨. សហគមន៍ដីធ្លីតានូន (កោះកុង)

៦៩. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៧០. អង្គការតម្លាភាពកម្ពុជា (TI)

៧១. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ(

៧២. សម្ព័ន្ធសហជីពកម្មករដើម្បីការងារ (UCL)

៧៣. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

 

ទាញយកសេចក្តីថ្លែងការណ៍រួម(ភាសាខ្មែរ)

ទាញយកសេចក្តីថ្លែងការណ៍រួម(ភាសាអង់គ្លេស)

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...