ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី​ត្អួញត្អែរ​ពី​ទុក្ខ​លំបាក​ខ្លាំង​ក្រោយ​ពេល​បាត់បង់​ការងារ​ជា​ច្រើន​ខែ​ដោយសារ​កូវីដ

19
កក្កដា

ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី​ត្អួញត្អែរ​ពី​ទុក្ខ​លំបាក​ខ្លាំង​ក្រោយ​ពេល​បាត់បង់​ការងារ​ជា​ច្រើន​ខែ​ដោយសារ​កូវីដ

ប្រភព៖ RFA

ពលករ​ខ្មែរ​ជាច្រើន​នាក់ រស់នៅ​ប្រទេស​ម៉ាឡេស៊ី កំពុង​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវភាព ក្រោយ​ពេល​បាត់បង់​ការងារ​ធ្វើ និង​ប្រឈម​ផ្លូវច្បាប់ អំឡុង​ពេល​ប្រទេស​នេះ​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​រដ្ឋាភិបាល​កម្ពុជា​​ឱ្យ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលករ​ ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​ទាំង​នោះ។

ពលករ​ខ្មែរ​ជាច្រើន​នាក់ ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កំពុង​ដាច់​ស្បៀងអាហារ ស្របពេល​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ​រឹត​បន្តឹង​លើ​ពលករ​បរទេស​ធ្វើការ​ខុសច្បាប់ និង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ពលការិនី​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ កញ្ញា សៀង វណ្ណៈ រៀបរាប់​ប្រាប់​ថា កញ្ញា​បាត់បង់​ការងារ​ ៦​ខែ​មក​ហើយ ដោយ​បច្ចុប្បន្ន​កញ្ញា​កំពុង​ស្នាក់នៅ​ផ្ទះ​ជួល​របស់​កម្មករ​ដែល​មាន​កម្មករ​ខ្មែរ​ជាង​ប្រមាណ​ ១​រយ​នាក់​។ កញ្ញា​បន្ត​ថា អាជ្ញាធរ​ម៉ាឡេស៊ី​បន្ត​រឹត​បន្តឹង​និង​ហាមឃាត់​មិន​ឱ្យ​ពលករ​បរទេស​ចល័ត​ទីកន្លែង​ធ្វើការ ក្នុង​អំឡុង​ពេល​រីករាលដាល​នៃ​ជំងឺ​កូវីដ​នេះ​ទេ​។ កម្មការិនី​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា កញ្ញា​កំពុង​ធ្វើ​ការងារ​ខុសច្បាប់ ដោយសារតែ​ថៅកែ​នៅ​កន្លែង​ការងារ​ចាស់​ដកហូត​លិខិតឆ្លងដែន ហើយ​ថៅកែ​នោះ​ថែមទាំង​តម្រូវ​ឱ្យ​កញ្ញា​បង់ប្រាក់​ចំនួន ៥​.០០០​រីងហ្គីត ឬប្រមាណ​​ ១​.៣០០​ដុល្លារ​ ដើម្បី​យក​លិខិតឆ្លងដែន​ត្រឡប់​មក​វិញ ប៉ុន្តែ​នាង​មិន​មាន​ប្រាក់​នោះ​ទេ​។ កញ្ញា​ស្នើ​ឱ្យ​ស្ថានទូត​ខ្មែរ​ជួយ​ផ្តល់​ស្បៀង​ហារ និង​អន្តរាគមន៍​ដើម្បី​វិលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ៖ «ដំបូង​ឡើយ​ខ្ញុំ​មក​ធ្វើ​នេះ​ស្រប​ច្បាប់​ទេ ដល់​ពេល​ការ​អនុញ្ញាត​លើ​លិខិត​ឆ្លងដែន​ខ្ញុំ​ថ្លៃ​ពេក​ ដូច​ថា ចំណូល​ខ្ញុំ​បាន​ប៉ុណ្ណឹង អត់​មានលទ្ធភាព។ លិខិតឆ្លងដែន​ខ្ញុំ​ផុត​ទៅ​ហើយ ​ឥឡូវ​លិខិតឆ្លងដែន​នៅ​ថៅកែ​ខ្ញុំ​ដាច់​ខែ​ហ្នឹង​។ ដល់ពេល​អ៊ីចឹង​យើង​ទាមទារ​ទៅ​យក​របស់​យើង​មកវិញ គេ​ទារ​បង់ថ្លៃ​អ៊ីចឹង​ ខ្ញុំ​សុខចិត្ត​ចោល​លិខិតឆ្លងដែន»

ស្រដៀង​គ្នា​នេះ​ដែរ ពលការិនី​ធ្វើការ​នៅ​ម៉ាឡេស៊ី​ម្នាក់ទៀត លោកស្រី ទឹម សោភ័ណ្ឌ រៀបរាប់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ កក្កដា​ថា រោងចក្រ​ផលិត​ស្រោមដៃ​ដែល​លោកស្រី​ធ្វើការ​បាន​ព្យួរការងារ​ជាង​ពីរ​ខែ​មក​ហើយ ដូច្នេះ​លោកស្រី​និង​ការ​កម្មករ​ខ្មែរ​ជាច្រើន​នាក់​ទៀត​កំពុង​ជួប​ទុក្ខ​លំបាក​ផ្នែក​ជីវភាព​ដោយ​ខ្វះ​ហារ​ហូបចុក និង​បង់ថ្លៃ​បន្ទប់​ជួល​ជាដើម​។ ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូប​នេះ​លើកឡើង​ទៀត​ថា​លោកស្រី និង​កម្មករ​ផ្សេងទៀត​មិនអាច​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​បាន​នោះទេ ដោយសារ​ពួកគាត់​បារម្ភ​ពី​វិធានការ​របស់​អាជ្ញាធរ​ម៉ាឡេស៊ី៖ «ពិបាក​ព្រោះ​អី​ខ្ញុំ​អត់​ហ៊ាន​ចេញ​ទៅ​ណា​ផង ទៅ​រក​អី​ក៏​ខ្លាច​ទៅ​រក​អី​ក៏​ខ្លាច​នៅ​ស្រុក​គេ​តាមច្បាប់​គេ​ខ្លាច​គេ​ចាប់​អី​ទៅ​ពិបាក យើង​អត់​មាន​លុយ​អី​ផង ណាមួយ​មិនមែន​ស្រុក​យើង​ហ្នឹង​ទៀត ខ្ញុំ​សុំ​ឱ្យ​ជួយ​ខាង​ខ្ញុំ​ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​មាន​កម្លាំង​ទៅមុខ​ទៅ​ដើម្បី​រកលុយ​ចិញ្ចឹម​បងប្អូន​កូនចៅ​ពុក​ម៉ែ​នៅ​ស្រុក​ខ្មែរ​ទៀត​មិនដឹង​ធ្វើ​មិច ខ្ញុំ​ឱ្យ​គាត់​ជួយ​ពួក​ខ្ញុំ​នៅ​ខាង​ម៉ាឡេស៊ី​នេះ បើ​ពួក​ខ្ញុំ​ដួល​ពួកគាត់​នៅ​ខ្មែរ​បាន​អី​ហូប»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង និង​មន្ត្រី​ទទួលបន្ទុក​ការងារ​ស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី លោក លី ហា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ បានទេ នៅ​ថ្ងៃទី​១៩ កក្កដា។

ប៉ុន្តែ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៤ កក្កដា បាន​ជូនដំណឹង​ទៅ​ពលរដ្ឋ ពលករ​-​ពល​ការិនី​ខ្មែរ ដែល​កំពុង​ស្នាក់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​នេះ​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បន្ត​កម្មវិធី​ធ្វើ​មាតុភូមិនិវត្តន៍​ឡើយ​វិញ​ដោយ​ស្ម័គ្រចិត្ត (Repatriation Recalibration Programme) រហូត​ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ រហូត​ដល់​បញ្ចប់​កម្មវិធី​ចាក់​វ៉ាក់សាំង​។ ស្ថានទូត​ខ្មែរ​ឱ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​អន្តរ​ប្រវេសន៍​ម៉ាឡេស៊ី​បាន​រៀបចំ​បញ្ជរ​ពិសេស​នៅ​អាកាសយាន្តដ្ឋាន​អន្តរជាតិ​កូឡាឡាំពួរ (KLIA) ដើម្បី​ជួយ​សម្រួល​ដល់​ជនបរទេស​ខុសច្បាប់​ទាំងអស់​ដែល​មាន​បំណង​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​។ សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា ជនបរទេស​ខុសច្បាប់​ទាំងអស់​ត្រូវ​បំពេញ​ឯកសារ​និង​លក្ខខណ្ឌ​ដូចជា​ថតចម្លង​លិខិតឆ្លងដែន ​ឬ​លិខិត​ធ្វើដំណើរ​ ដោយ​ភ្ជាប់​សំបុត្រ​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត ​រួម​ជាមួយ​ការ​បង់ថ្លៃ​ផាកពិន័យ​ចំនួន ​៥០០រីងហ្គីត ឬ​ប្រមាណ​ជិត​ ១៣០​ដុល្លារ ហើយ​ត្រូវ​​ធ្វើ​តេស្ដ​អវិជ្ជមាន​កូវីដ១៩ (RT-PCR Test)

ទោះជា​យ៉ាងណា ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី អះអាង​ថា ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​នេះ​ហាក់​មិន​អើពើ​ពី​ទុក្ខ​លំបាក​ពលរដ្ឋ​ខ្មែរ​នេះ​ទេ​។ ពួកគាត់​ចង់​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ដែរ ព្រោះ​ខ្លាច​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន​ផង និង​ដោយសារ​អត់​ការងារ​ធ្វើ​ផង ប៉ុន្តែ​ពេលនេះ​ពួកគាត់​មិនមាន​ប្រាក់​សម្រាប់​ធ្វើដំណើរ ជាពិសេស​ ពួកគេ​ពិបាក​ទាក់ទង​មន្ត្រី​ស្ថានទូត​ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍។

ជុំវិញ​រឿង​នេះ​មន្ត្រី​អង្គការ​សង់ត្រាល់ (CENTRAL) ទទួល​បន្ទុក​សិទ្ធិ​ការងារ​លោក ឌី ថេហូយ៉ា សង្កេត​ឃើញ​ថា អំឡុងពេល​រីក​រាល​ជំងឺ​កូវីដ​១៩ ពលករ​ខ្មែរ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ពុំ​សូវ​ទទួល​បាន​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​នោះ​ទេ​។ លោក​យល់ថា​ ពលករ​ដែល​ជួប​ទុក្ខ​លំបាក​គួរ​ហ៊ាន​រាយការណ៍​ពី​ស្ថានភាព​របស់​ខ្លួន​ទៅ​រដ្ឋាភិបាល ឬ​មន្ត្រី​ស្ថានទូត ឬ​អង្គការ​សង្គម​ស៊ីវិល និង​បង្ហាញ​ទុក្ខ​កង្វល់​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​បន្ទាន់​អំពី​បញ្ហា​ទាំងអស់​នេះ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ស្ថានទូត​គួរ​សហការ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​សម្របសម្រួល​ផ្លូវច្បាប់ និង​ឆ្លើយតប​បន្ទាន់​ជុំវិញ​ទុក្ខ​កង្វល់​របស់​ពលករ​ខ្មែរ​រស់នៅ​សមរម្យ៖ «អ៊ីចឹង​ភាគី​សំខាន់​បួន ទីមួយ​ខ្លួន​គាត់​ផ្ទាល់​មានន័យថា​ពលករ​ផ្ទាល់​ក៏​ត្រូវតែ​បង្ហាញ​ទុក្ខ​កង្វល់​របស់​ខ្លួនឯង ទី​ពីរ​គឺ​ស្ថានទូត​ស្ថាន​កុងស៊ុល​ដែល​តំណាង​ឱ្យ​រដ្ឋ​ហ្នឹង​គួរ​ដឹង​រៀបចំ​យ៉ាង​មិច​ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​ពួកគាត់ ទី​បី​ពាក់ព័ន្ធ​នឹង​ប្រទេស​ដែល​ទទួល​ត្រូវ​ដឹង​ពី​ស្ថានភាព​បែប​ហ្នឹង​ដែល​ត្រូវ​ពិភាក្សា​យោបល់​យ៉ាង​មិច​រវាង​រដ្ឋ​កម្ពុជា​ជាមួយនឹង​ប្រទេស​ដែល​ទទួល​ហ្នឹង​ត្រូវ​រក​ដំណោះស្រាយ​ឱ្យ​ពួកគាត់ ទី៤ អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​ហ្នឹង​នៅ​ប្រទេស​ម៉ាឡេស៊ី​សហការ​គ្នា​តើ​យើង​អាច​ធ្វើ​បាន​កន្លែង​ណា»

លោក ឌី ថេហូយ៉ា គូស​បញ្ជាក់​ថា ចាប់តាំងពី​ដើមឆ្នាំ​២០២០ កម្មករ​ខ្មែរ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ប្រឈម​បញ្ហា​អស់​សុពលភាព​ឯកសារ​ស្របច្បាប់ ដែល​ពួកគេ​រងគ្រោះ​ដោយសារ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បាត់បង់​ការងារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ប្រឈម​ការ​គំរាមកំហែង​ផ្លូវច្បាប់ និង​មិន​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ត្រឹមត្រូវ​ផ្នែក​សុខភាព​អំឡុង​ពេល​អាជ្ញាធរ​ប្រទេស​ដែល​ពួកគេ​ធ្វើការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​បង្ហាញថា គិត​ត្រឹម​ឆ្នាំ​២០២០ ពលករ​ខ្មែរ​ស្របច្បាប់ និង​ពលករ​ខុសច្បាប់ មាន​ចំនួន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់ ​(១០០.០០០កំពុងធ្វើការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។

អាជ្ញាធរ​ម៉ាឡេស៊ី​បន្ត​បិទ​ខ្ទប់​ប្រទេស​នេះ​រយៈពេល​ជិត​២​ខែ​មក​ហើយ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ហើយ​វិធានការ​របស់​អាជ្ញាធរ​ម៉ាឡេស៊ី​នេះ ហាមឃាត់​អ្នក​ធ្វើ​ដំណើរ​ចាប់ពី​ម៉ោង ​៨​យប់​ ដល់​ម៉ោង ​៨​ព្រឹក និង​ហាម​ការ​ប្រមូល​ផ្តុំគ្នា​ជាដើម​។ ប្រសិនបើ​ជន​ណា​ល្មើ​ស​នឹង​បម្រាម​នេះ​អាច​នឹង​ត្រូវ​មានទោស​ដាក់​ពន្ធនាគារ​ ៦​ខែ ទៅ ​១​ឆ្នាំ និង​ពិន័យ​ប្រាក់​ ១​ម៉ឺន​រីងហ្គី​ត ឬ​ស្មើ​ប្រមាណ ២. ៥០០​ដុល្លារ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...