សង្គម​ស៊ីវិល​ស្នើ​ឱ្យ​​រក​មេខ្លោង​​ដែល​​នាំ​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​​ ដើម្បី​លុប​បំបាត់​​​ការ​ជួញ​ដូរ​មនុស្ស

29
កក្កដា

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​​រក​មេខ្លោង​​ដែល​​នាំ​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​​ ដើម្បី​លុប​បំបាត់​​​ការ​ជួញ​ដូរ​មនុស្ស

ប្រភព៖ VOD

មន្ត្រីសង្គមស៊ីវិលបានជំរុញទៅរដ្ឋាភិបាលជាថ្មីទៀតឱ្យធ្វើការស្រាវជ្រាវនិងជីក​ឫសគល់​អ្នកពាក់​ព័ន្ធ​ករណី​នាំពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ជាពិសេស​មេខ្លោងធំៗនិង​មន្ត្រីនៅតាម​ច្រកព្រំដែន​ដែលគប់គិតគ្នាលើបញ្ហានេះ ដើម្បីឈានទៅលុបបំបាត់ការជួញដូរមនុស្សនិង​ការកេងប្រវ័ញ្ច​កម្លាំង​ពលករខ្មែរបន្តទៀត។

ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនមេខ្យល់ចំនួន១០នាក់ទៅសាលាដំបូងខេត្ត​ កាលពីថ្ងៃទី២៨ ខែមិថុនា ដើម្បីចាត់វិធានការបន្តតាមច្បាប់ ខណៈ​ពលករ​ចំនួន៥នាក់ត្រូវតម្រូ​​វ​​ឱ្យ​​​ធ្វើកិច្ចសន្យាអប់រំ​ រួចអនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះវិញ។ ចំណែកឯជនជាតិថៃម្នាក់ត្រូវ​បានបញ្ជូន​ទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យនិមិត្ត មុននឹងមានចំណាត់ការបន្ត។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត​បន្ទាយមានជ័យ លោក សំរិទ្ធ សុខុន ប្រាប់ វីអូឌី​ នៅថ្ងៃ​អង្គារនេះ​ថា មេខ្យល់​ចំនួន​១០​នាក់ដែល​បញ្ជូន​មក​តុលាការ​កាលពីម្សិលមិញនេះ ត្រូវបានអាជ្ញាធរ​ឃាត់ខ្លួន​កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

លោកបន្តទៀតថា ក្រោយពីបញ្ជូនមកតុលាការ នៅថ្ងៃទី២៩ ខែមិថុនានេះ ចៅក្រុមស៊ើបសួរបាន​សម្រេចចោទប្រកាន់​មេខ្យល់ចំនួន១០នាក់ដែលស៊ីឈ្នួលនាំពលករចំណាកស្រុកទៅប្រទេសថៃ ពីបទ «នាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» និង​ឃុំខ្លួនពួកគេជាបណ្តោះ​អាសន្ន​នៅ​ពន្ធនាគារខេត្ត។

លោកមានប្រសាសន៍ថា៖ «ចៅក្រមស៊ើបគេសម្រេចចោទប្រកាន់រួចហើយ គេកំពុងរៀបចំបញ្ជូន​ទៅពន្ធនាគារ បញ្ជូនទៅឥលូវហ្នឹង គេសម្រេចឃុំខ្លួនហើយ»។

មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ ​លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា កាល​ពី​ពេល​ថ្មីៗ​នេះ ជា​ពិសេស​ក្រោយ​ពីរដ្ឋាភិបាលបញ្ជាឱ្យ​មន្ត្រីក្រោមឱវាទធ្វើការស្រាវជ្រាវនិង​ចាប់​មេខ្យល់ដែល​នាំ​ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅប្រទេស​ ជាពិសេសប្រទេស​ថៃ នាអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ គឺមានមេខ្យល់ជាច្រើនត្រូវបានចាប់ខ្លួន។

តែយ៉ាងណា លោក ថេហូយ៉ា សង្កេតឃើញថា កន្លងមក អាជ្ញាធរចាប់បានតែមេខ្យល់តូចតាចតែប៉ុណ្ណោះ ខណៈអ្នកនៅពីក្រោយខ្នងមេខ្យល់តូចតាចទាំងនោះមិនត្រូវបានចាប់ខ្លួននៅឡើយ។ ករណីនេះ លោក​ជំរុញទៅស្ថាប័នពាក់ព័ន្ធត្រូវស្រាវជ្រាវរកមន្ត្រីខិលខូចដែលគប់គិតជាមួយ​មេខ្យល់នាំ​ពលរដ្ឋ​ឆ្លងដែនខុសច្បាប់ទៅក្រៅប្រទេស យកមកផ្តន្ទាទោស ទើបអាចទប់​ស្កាត់​បញ្ហានេះ​មាន​ប្រសិទ្ធភាព​។

លោកអំពាវនាវដូច្នេះថា៖ «ការជួញដូរមិនមែនមានតែមេខ្យល់តូចតាចទេ វាអាចមានពាក់ព័ន្ធនឹងអ្នកមានអំណាច ជាពិសេសមន្ត្រីខាងព្រំដែន ជាពិសេសអ្នកពាក់ព័ន្ធផ្សេងៗ។ ហើយដើម្បី​ឱ្យវាមានប្រសិទ្ធភាព វាទាល់តែចាប់ត្រីធំ កុំចាប់ត្រីតូច ហើយចាត់វិធានការឱ្យមានប្រសិទ្ធ​ភាព»។

មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់​ថា ដើមចមដែលនាំឱ្យពលករនាំគ្នាចំណាកស្រុកទៅតាមមេខ្យល់​ទាំងប្រថុយប្រថាននឹងគ្រោះថ្នាក់ ដោយសារពួកគេជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ និងបញ្ហា​លំបាករកការងារធ្វើនៅក្នុងស្រុក​និងប្រាក់ខែមិនបានច្រើន ជាដើម។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស លោកស្រី ជូរ ប៊ុន​អេង មាន​ប្រសាសន៍​ថា ក្រសួង​មិន​លើកទឹក​ចិត្ត​ដល់អាជ្ញាធរពាក់ព័ន្ធដែលគប់គិតជាមួយមេខ្យល់នាំពលករខ្មែរលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃនោះទេ ព្រោះនាំឱ្យពលរដ្ឋខ្មែរជួបបញ្ហាប្រឈមនានា​។

យ៉ាងនេះក្តី លោកស្រី ជូរ ប៊ុនអេង អះអាងថា អាជ្ញាធរជំនាញកំពុងសហការគ្នាស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយមេខ្យល់ទាំងនោះ ដើម្បីចាត់វិធានការច្បាប់ផងដែរ ដោយមិនបណ្តែតបណ្តោយឱ្យរឿង​នេះ​កើ​តឡើង​បន្តទៀតនោះទេ។

លោកស្រីមានប្រសាសន៍ថា៖ «បើនិយាយពីមន្ត្រីគប់គិត បើសិនជាសង្គមស៊ីវិលបានដឹងថាជានរណា សូមរាយការណ៍មក! យើងនឹងធ្វើការងារហ្នឹងជាមួយគ្នា ព្រោះយើងមិនបានគប់គិត ដើម្បីឱ្យរឿងហ្នឹងកើតឡើងដោយមិនបានដោះស្រាយទេ។ យើងអត់មានទុកឱ្យអ្នកដែលធ្វើការងារហ្នឹងចេះតែនៅបន្តទេ»។

មាត្រា១១ នៃច្បាប់ស្តីពី «ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» ចែងថា ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ក្នុងគោលដៅប្រគល់ឬនាំយកទៅក្រៅប្រទេស​កម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ដល់១៥ឆ្នាំ។ បើការនាំយកជនរងគ្រោះជាអនីតិជន ដោយមានក្រុមចាត់តាំង ឬប្រព្រឹត្តដោយមន្ត្រីសាធារណៈដែលបំពានអំណាចរបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ២០ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៩ ខែមិថុនា បានណែនាំជាថ្មីទៀតទៅអាជ្ញាធរ​ជាប់ព្រំដែនឱ្យពង្រឹងវិធានការអនុវត្តច្បាប់បង្ក្រាបការនាំមនុស្សឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ប្រភេទថ្មីចូលកម្ពុជា។ ក្រោយ​មានការណែនាំ​នេះ អាជ្ញាធរតាមខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ​បានបង្ក្រាបមេខ្យល់និងកសាងសំណុំរឿងបញ្ជូនទៅ​តុលាការជាបន្តបន្ទាប់។ ​

បើតាមមន្ត្រីជាន់ខ្ពស់នៃអង្គការសង់ត្រាល់ លោក ថេហូយ៉ា បានឱ្យ​​ដឹងថា អំឡុង​ពេល​វិបត្តិ​កូវីដ-១៩​ផ្ទុះឡើង មានពលករខ្មែរជាង២ ០០០នាក់ហើយ​ត្រូវបានចាប់ខ្លួន ខណៈពួកគេកំពុងធ្វើដំណើរដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ លោកថា ក្នុងការឆ្លងដែនទៅរកការ​ងារ​ធ្វើនៅប្រទេសថៃដោយខុសច្បាប់ ពលករខ្មែរម្នាក់ៗត្រូវបង់ប្រាក់ចំនួន៣ ០០០បាត ឬ​ស្មើជាង១០០ដុល្លារទៅឱ្យ​​មេខ្យល់។

តាមរបាយការណ៍​អង្គការ​សង់ត្រាល់ ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​​ ពលករ​ខ្មែរដែល​ធ្វើ​ការងារ​ទាំងស្របច្បាប់​និង​មិន​ស្របច្បាប់​នៅប្រទេសថៃ មានចំនួនជាង១​លាន៨​សែន​នាក់​៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...