ពលករ​ខ្មែរ​មក​ពី​ថៃ​ថា​ពួក​គេ​ឆ្លង​ជំងឺ​កូវីដ-១៩​អំឡុង​ពេល​ធ្វើ​ចត្តា​ឡីស័ក​នៅ​បន្ទប់​រួម​គ្នា

28
កក្កដា

ពលករ​ខ្មែរ​មក​ពី​ថៃ​ថា​ពួក​គេ​ឆ្លង​ជំងឺ​កូវីដ-១៩​អំឡុង​ពេល​ធ្វើ​ចត្តា​ឡីស័ក​នៅ​បន្ទប់​រួម​គ្នា

ប្រភព៖ VOD

ពលករខ្មែរមួយចំនួនដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកព្រំដែនខេត្តបាត់ដំបងនិងបន្ទាយមានជ័យ លើកឡើង​​​​ថា ពួ​​កគេបានឆ្លងជំងឺកូវីដ-១៩ អំឡុងពេលធ្វើ​ចត្តាឡីស័កនៅប​ន្ទ​ប់រួមគ្នាតែម្តង ខណៈមន្រ្តីសុខាភិបាលថា ករណីបែបនេះអា​ច​ប​ណ្តាលមកពីកា​​រមិនគោ​រពវិធានអនាម័យនិងគម្លាតសុវត្ថិភាព។

ពលករខ្មែរមួយរូបដែលត្រឡប់ពីធ្វើជាជាងសំណង់ក្នុងប្រទេសថៃ លោក ហៀប កូនង៉ា លើកឡើងថា លោកនិងភរិយាបានត្រឡប់ពីប្រទេសថៃតាមច្រកព្រំដែនប៉ោយប៉ែត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ បុរសវ័យ៣៣ឆ្នាំរូបនេះបន្ថែមថា បន្ទាប់ពីធ្វើតេ​ស្តឃើញអវិជ្ជមានកូវីដ-១៩ ពួកគាត់ត្រូវបានមកធ្វើចត្តាឡីស័កនៅមណ្ឌលអនុវិទ្យាល័យភ្នំស្រុក ក្នុងបន្ទប់ថ្នាក់រៀនរួមជា​មួ​យពលករចំនួន៧នាក់ផ្សេងទៀត។

ប្រភពដដែលបន្ថែមថា លោកនិងភរិយាមានសុខភាពល្អធម្មតា ប៉ុន្តែលុះស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័កនោះបាន១សប្តាហ៍ ពួកគាត់ចាប់លេចចេញអា​ការសង្ស័យ ដូចជា គ្រុន​ ក្អក និងថប់ដង្ហើម ​ហើ​យក៏ធ្វើតេស្តទៅឃើញវិជ្ជ​មានកូវីដ-១៩ រួចត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅ​​​មណ្ឌលថែទាំអ្នកជំងឺនៅវិទ្យាល័យកង​វ៉ា ក្នុងក្រុងសិរីសោ​ភ័ណ កាលពីថ្ងៃទី១៩ ខែកក្កដា។

បុរសដែលមានកូនប្រុសអាយុ១០ឆ្នាំរូបនេះ អះអាងថា ពួកគាត់ឆ្លងជំងឺផ្លូវដង្ហើមថ្មីអំឡុងធ្វើចត្តាឡីស័ក ដោយសារនៅបន្ទ​ប់ដែ​លពួកគាត់ស្នាក់នៅមិនមានការបាញ់សម្លាប់មេរោគជាមុន ខណៈមនុស្សចេញចូលមានខ្ទង់រយនាក់ក្នុងមួយថ្ងៃៗ ហើយបន្ទ​ប់​ក្បែរខាងមានអ្នកផ្ទុកកូវីដ-១៩ឈឺនិងស្លាប់ជាដើម។

លោក ហៀប កូនង៉ា និយាយថា៖ «ខ្ញុំឆ្លងមកពីខាងភ្នំស្រុកហ្នឹងឯង! ខ្ញុំមកពីថៃ គ្មានអីទេ! ធ្វើតេស្តមកពីថៃមក មិនមានអីទេ! តេស្តជាយដែនមក»។

លោកបន្ថែមថា៖ «តាំងពីឃុំមក វាមានអ្នកកើតវិជ្ជមាននៅទីនោះស្រាប់? វាមានមេរោគកូវីដស្រាប់ទៅ! គេមិនបានបាញ់ថ្នាំសម្លាប់មេរោគកូវីដឱ្យយើង ចេះតែយកយើងទៅដាក់ទៅ វាឆ្លងដល់យើងទៅ។ ថ្ងៃដែលជាប់ខ្ញុំហ្នឹង ក្រោយមា​នអ្នកស្លាប់»។

ពលករខ្មែររូបនេះនិយាយថា លោកសោកស្តាយដែលត្រូវឆ្លងជំងឺទាំងប្តីទាំងប្រពន្ធ ដែលធ្វើឱ្យពួកគាត់ប្រឈមបញ្ហាសុខភាព ខកខានបានទៅប្រកបរបរចិញ្ចឹមគ្រួសារ និងដោះបំណុលដែលបានខ្ចីគេ៤ម៉ឺនបា​ត ឬស្មើប្រមាណ១ ៣០០ដុល្លារ ដើម្បីធ្វើឯកសារទៅធ្វើការនៅប្រទេសថៃ។

លោកថា៖ «មានអារម្មណ៍ថា វាកើតកូវីដ អស់ចម្ងល់ វាធ្វើអីលែងចេញតែម្តង។ ឈឺផងអីផង នៅស្រុកគ្មានពីណា​មើលថែនៅផ្ទះ ណាមួ​យម៉ែចាស់ផង ណាមួយកូននៅតូចផង ណាមួយជំពាក់អង្គការផង គ្មានពីណារកសង គ្មានពីណារកដោះ ណាមួយគ្មានរបស់ប្រើប្រាស់គ្រប់គ្រាន់ អត់មានផ្ទះនៅ អត់មានអី ផ្ទះតូច»

អតីតពលការិនីមួយរូបដែលត្រឡប់មកពីធ្វើការនៅខេត្តសារបុរី​ ប្រទេសថៃ តាមច្រកព្រំដែនភ្នំព្រឹក ខេត្តបាត់ដំបង ឈ្មោះ ស៊ិន គឹមសុន ឱ្យដឹងថា គាត់និងស្វាមីត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលអនុវិទ្យាល័យពេជ្រចិន្តា នៅថ្ងៃទី៤ ខែមិថុនា ព្រមគ្នាជា​មួ​យពលករមកពីក្រុងថេប ឬក្រុងបាកក សរុប១១នាក់ផ្សេងទៀត ដោយស្នាក់នៅក្នុងបន្ទប់ដែលមានបន្ទប់ទឹកមួយប៉ុណ្ណោះសម្រាប់ប្រើប្រាស់រួមគ្នា។

ស្រ្តីវ័យ២៣ឆ្នាំរូបនេះ និយាយថា ពួកគាត់ពីរនាក់ប្តីប្រពន្ធ និងពលករ៣នាក់ទៀត បានតេស្តឃើញវិជ្ជមានកូវីដ-១៩ ក្នុងការតេស្តលើកទី៣ បន្ទាប់ពីអ្នករួមបន្ទ​ប់​​៤នាក់ដែលមកពីក្រុងថេបឃើញវិជ្ជមានពេលតេស្តលើកទី២ នៅថ្ងៃទី១៤នៃការធ្វើចត្តាឡីស័ក។ ប្រភពដដែលអះអាងថា ពួកគាត់បានឆ្លងជំងឺពីអ្នកទាំងនោះ អំឡុងស្នាក់នៅធ្វើចត្តាឡីស័កនិងប្រើប្រាស់បន្ទប់ទឹករួមគ្នាតែម្តង​។

អ្នកស្រីនិយាយថា៖ «ខ្ញុំថា ខ្ញុំឆ្លងពីពេជ្រចិន្តា ព្រោះអីពីថៃមក ខ្ញុំអត់មានអាការអីផង។ បើឆ្លងពីថៃមក ពិនិត្យទីមួ​យ ​​​ទីពីរ ខ្ញុំដឹងបាត់ហើយ! តែខ្ញុំមកទី១ ទី២ អត់! ដល់ទៅទី៣ ជិតដល់ចេញមកផ្ទះហើយ ១៨ថ្ងៃហើយហ្នឹង! ថា១៨ថ្ងៃ បានចេញ ដ​ល់ពេលអ៊ីចឹង​ទៅ​​​​​​​ ១៨ថ្ងៃ អត់បានចេញ»។

ស្វាមីរបស់អ្នកស្រី ស៊ិន គឹមសុន គឺលោក វិញ វេត បន្ថែមថា អំឡុងស្នាក់នៅមណ្ឌល ពួកគេត្រូវទិញសាប៊ូ អាល់កុល និងត្រូវរៀបចំកន្លែងសម្រាកដោយខ្លួនឯង ហើយត្រូវធ្វើយ៉ា​ងម៉េ​ចចៀសវាងប៉ះពាល់ និងរក្សាគម្លាតពីអ្នកដទៃ ដោយអាជ្ញាធរមានតែអាហារ៣ពេលសម្រាប់ផ្គត់ផ្គង់ប៉ុណ្ណោះ។

លោកថា លោកនិងភរិយាមានការប្រុងប្រយ័ត្នខ្លាំង ដោយសារនៅទីនោះមានអ្នកជាប់ច្រើនរយនាក់ ហើយមានអ្នករកឃើ​​​​​ញវិជ្ជមានជាបន្តបន្ទាប់។ លោកថា ពួកគាត់ពាក់ម៉ាស់និងបាញ់អាកុលការពារជាប់ជានិច្ចសូម្បីតែពេលគេង លើកលែងតែ​នៅ​ពេលញ៉ាំអាហារនិងងូតទឹក ប៉ុន្តែនៅតែឆ្លង។

លោកបន្ថែមថា៖ «អ្នកមកពីថៃ បើថា បើថាចេញមកពីសាលារៀនពេជ្រចិន្តា ជាប់រហូតហ្នឹង[តេស្តឃើញវិជ្ជមាន] គ្មានអ្នកណាគេចរួចផងហ្នឹង»។

​​ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត សុំមិនធ្វើអត្ថាធិប្បាយ​ទេ​ ដោយលោកថា លោកកំពុងជាប់រវល់ចាត់ចែងពលករវិជ្ជមានកូវីដ-១៩។

លោកថា៖ «ឥលូវខ្ញុំកំពុងតែចាត់ចែងពលករចេញពីព្រំដែន[ដែល]វិជ្ជមាន សុំទោសបន្តិច! ខ្ញុំនៅសល់ពលករស្ទះនៅកន្លែងព្រំដែន សុំបន្តិច»។

ដោយឡែក អភិបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លោក សុង សុភ័ក្រ្ត លើកឡើងថា តាមធម្មតា ការដាក់ពលករក្នុងបន្ទប់រួមគ្នាតែ៤-៥នាក់ប៉ុណ្ណោះ ប៉ុន្តែការបន្ថែមដល់ជាង១០នាក់ គឺធ្វើឡើងពេលមានពលករសម្រុកមកច្រើនដូចកាលពីសប្តាហ៍មុន។ លោកថា ក្នុងចំណោមពួកគេ គឺមានរកឃើញវិជ្ជមានច្រើន ប៉ុន្តែលោកបដិសេធថាពួកគេឆ្លងនៅអំឡុងធ្វើចត្តាឡីស័ក ដោយថា ពលករខ្លះអាចផ្ទុកវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ«ដែលតា» ដែលអាចនៅសម្ងំក្នុងខ្លួនមនុស្ស​មិនចេញរោគសញ្ញា និងធ្វើតេស្តរកមិនឃើញក្នុងរយៈពេលមុន១៤ថ្ងៃ។

លោក សុង សុភ័ក្រ្ត មានប្រសាសន៍ថា៖ «យើងហ៊ានអះអាងដោយសារការងារបច្ចេកទេសពេទ្យក៏គាត់លើកឡើងអ៊ីចឹងដែរ គឺជំងឺនេះគាត់មានរួចស្រេចហើយមកពីប្រទេសថៃ ប៉ុន្តែដោយសាររយៈកាលលើកទី១ រយៈកាល១៤ថ្ងៃ ទើបគាត់រកឃើញ គឺដោយសារជំងឺហ្នឹងមានលទ្ធភាពអាចនៅដល់២១ថ្ងៃ បានមានវិជ្ជមាន»។

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក វឿង ប៊ុនរ៉េត លើកឡើងថា ករណីឆ្លងក្នុងមណ្ឌលចត្តាឡីស័ក បើជាការពិតមែននោះ គឺមកពីពួកគេមិនបានអនុវត្តវិធានការអនាម័យនិងការរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកថា ការស្នាក់នៅមណ្ឌល ពលរដ្ឋត្រូវចូលរួមក្នុងកិច្ចការទាំងនេះដោយខ្លួនរបស់ពួកគេ ដោយមិនមានបុគ្គលិកណាធ្វើជំនួសនោះទេ។

លោកមានប្រសាសន៍ថា៖ «គាត់លើកឡើងថាឆ្លង អ៊ីចឹងទាល់តែគាត់ទៅដល់មិនរក្សាអនាម័យ មិនរក្សាគម្លាតសុវត្ថិភាពអី គាត់ដើររញ៉េរញ៉ៃ បានជាឆ្លង! គាត់ដើរទៅណាឆ្លង? តើទៅណា? ពួកគេអ្នកនៅទីហ្នឹង គេអវិជ្ជមាន គាត់ឆ្លងពីណាមក? បើនៅមណ្ឌលរបស់គាត់ គេយកគាត់ទៅដាក់នៅកន្លែងព្យាបាល ឆ្លង! អាហ្នឹងចាំគាត់បន្ទោស»។

មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា អាជ្ញាធរគួរតែរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីចៀសវាងការដាក់ពលករឬអ្នកធ្វើចត្តាឡីស័កឱ្យស្នាក់នៅបន្ទប់រួមគ្នាដែលមានបន្ទប់ទឹកតែមួយ​។

លោកថា បញ្ហានេះអាចពិបាកដល់ពួកគេក្នុងការរក្សាអនាម័យនិងរក្សាគម្លាតសុវត្ថិភាពដែលជាចំណុចហានិភ័យនៃការចម្លងនៃជំងឺកូវីដ-១៩។

លោក ហូយ៉ា មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ទោះបីជាគ្នាការពារយ៉ាងម៉េច បើនៅជាមួយគ្នា ប្រើប្រាស់បន្ទប់ទឹកជាមួយគ្នាច្រើនគ្នា ដល់អ៊ីចឹងទៅ វាលើសពីការរក្សាគម្លាត លើសពីការការពារ។ ខ្ញុំគិតថា វាជាហានិភ័យ ប្រសិនបើមាននរណាម្នាក់នៅក្នុងបន្ទប់ហ្នឹងកើត គឺអ្នកផ្សេងថ្វីត្បិតតែការពារយ៉ាងម៉េច ក៏គិតថាវាពិបាកក្នុងការការពារបានក្នុងបរិយាកាសជុំគ្នាអ៊ីចឹង»។

តាមរបាយការណ៍ក្រសួងសុខាភិបាល ករណីនាំចូលជំងឺកូវីដ-១៩ពីក្រៅប្រទេសដែលភាគច្រើនលើពលករចំណាកស្រុកបានកើនឡើងដល់រាប់រយករណីក្នុងមួយថ្ងៃ។

តាមប្រភពដដែល គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ករណីនាំចូលមាន៩ ៤១៤ករណី ខណៈករណីឆ្លងសហគមន៍មាន៧៤ ៣៨៦ករណី ក្នុងនោះ ស្លាប់កើនដល់១ ៣២៤ករណី និងជាសះស្បើយមាន៦៦ ៧២៥ករណី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...