លោក​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​បញ្ចេញ​រថយន្ត​យោធា​២០០​គ្រឿង​ដឹក​ពលករ​ខ្មែរ​មក​ពី​ថៃ

06
សីហា

លោក​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​បញ្ចេញ​រថយន្ត​យោធា​២០០​គ្រឿង​ដឹក​ពលករ​ខ្មែរ​មក​ពី​ថៃ

ប្រភព៖ VOD

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាជាបន្ទាន់ឱ្យអាជ្ញាធរដឹកពលករមកពីថៃ​ដែលកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលជាប់ព្រំដែនទាំងអស់ យកមក​ធ្វើចត្តាឡីស័កនៅតាមខេត្ត​រៀងៗ​ខ្លួន ដោយថា ដើម្បីទុកកន្លែងនោះទទួលយកពលករផ្សេងទៀតដែលទើបវិលត្រឡប់មកពីប្រទេសថៃ​។

តាមរយៈសារពិសេសពាក់ព័ន្ធការធ្វើចត្តាឡីស័ករបស់ពលករខ្មែរត្រឡប់មកពីប្រទេសថៃ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អភិបាលរាជធានី-ខេត្ត​ទាំងអស់ដែលមានពលករ​ត្រឡប់មកពីប្រទេសថៃវិញ ត្រូវរៀបចំឱ្យបានច្បាស់លាស់ ដោយបញ្ជូនអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល​ដែល​មានស្ថានភាពធូរស្រាល ​ឱ្យទៅធ្វើចត្តាឡីស័កបន្តនៅតាម​ផ្ទះរៀងៗខ្លួនវិញ។

លោកបន្តថា ការរៀបចំបែបនេះ ដើម្បីត្រៀមកន្លែងសម្រាប់ទទួលពលករខ្មែរដែលទើបត្រឡប់មក​ពីប្រទេសថៃ​ឱ្យធ្វើចត្តាឡីស័កបន្ត ហើយអាជ្ញាធរ​ត្រូវរៀបចំមណ្ឌលសម្រាប់ចត្តាឡីស័កបន្ថែមទៀត។

លោកថា៖ «អ៊ីចឹងម្ខាងត្រូវរៀបចំកន្លែងថ្មី ហើយម្ខាងទៀតត្រូវរៀបចំផ្ទេរអ្នកដែលកំពុងធ្វើចត្តាឡីស័កទៅធ្វើចត្តាឡីស័កតាមផ្ទះរបស់ខ្លួនវិញ ដើម្បីត្រៀមបម្រុងទុកសម្រាប់ទទួលបងប្អូន​មកពីប្រទេសថៃ»។

លើសពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យកងកម្លាំងខេមរភូមិន្ទបញ្ចេញរថយន្តចំនួន២០០​គ្រឿងដែលបានត្រៀមបន្ថែម ទៅដឹកពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលព្រំដែនកម្ពុជា-ថៃ បានចំនួន៧​ថ្ងៃហើយ​នោះ ត្រូវដឹកមកធ្វើចត្តាឡីស័កបន្តនៅតាមខេត្តរៀងៗខ្លួន។

លោកបន្ត​ថា៖ «ក្នុងករណីដែលបងប្អូនមកលើសហួសការកំណត់ គឺត្រូវតែអនុវត្តមកដល់ធ្វើតេស្តភ្លាម ហើយដឹកជញ្ជូនបងប្អូនទាំងនោះចូលមកកាន់ខេត្តខាងក្នុងតែម្ដង ដើម្បីយកមកធ្វើចត្តាឡីស័កខាងក្នុង។ ដូច្នេះ បញ្ហាហ្នឹងជាបញ្ហាបន្ទាន់ ​​សម្រាប់ឱ្យមន្ត្រីរបស់យើងធ្វើកិច្ចការងារនេះជាបន្ទាន់ ទាំងខាងមុខ ទាំងខាងក្រោយ។ សូមអំពាវនាវ​សម្ដេច​ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា ដែល​ជា​ម​ន្ត្រី​ទទួល​ចុះជួយចំពោះខេត្ត​រាជធានី ជួយឧបត្ថម្ភនិងមើលការខុសត្រូវ​ខេត្ត ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ-១៩ តាមរយៈអ្នកដែលមាននៅខាងក្នុងជាស្រេច»។​​

ការដាក់ចេញវិធានការនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពាក់ព័ន្ធនឹងអាជ្ញាធរកម្ពុជាបានបិទព្រំដែនកម្ពុជា-ថៃមិនឱ្យពលករខ្មែរនៅថៃចូលមកកម្ពុជាវិញ ខណៈប្រទេសថៃកំពុងឆ្លងរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទ«ដែលតា»។

អភិបាលរងខេត្តឧត្ដរមានជ័យ លោក ឌី រ៉ាដូ មានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងអនុវត្តជាបន្ទាន់​ទៅតាមផែនការដាក់ចេញដោយ​នាយករដ្ឋមន្រ្តី។ លោកថា រដ្ឋបាលខេត្តនឹងផ្ទេរពលករដែលកំពុងធ្វើចត្តាឡីស័កទៅបន្តដាក់ខ្លួនដាច់ដោយឡែកនៅតាមមណ្ឌលក្នុងឃុំស្រុកដែលពួកគេរស់នៅ។

បើតាមអភិបាលរងខេត្ត​រូបនេះ រដ្ឋបាលខេត្ត​កំពុងរៀបចំមណ្ឌលចត្តាឡីស័កសម្រាប់មនុស្ស៣ ០០០​នាក់បន្ថែមទៀត នៅស្រុកអន្លង់វែង ដែលនឹងរួចរាល់ក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្ន អាជ្ញាធរខេត្តបានត្រៀមរួចរាល់នៅមណ្ឌលដែលអាចដាក់​​ពលករ​បានចំនួន៣ ០០០​នាក់ និងមណ្ឌល​សម្រាកព្យាបាលបានពី២ ០០០ទៅ២ ៥០០​នាក់។

លោក ឌី រ៉ាដូ មានប្រសាសន៍ថា៖ «ពេលដែលព្រំដែនបើកឡើងវិញ អាចមានបងប្អូនច្រើន! ដូច្នេះ អនុវត្តទៅតាមបទបញ្ជារបស់សម្តេច ខេត្តរបស់យើងខ្ញុំនឹងត្រៀមមណ្ឌលដែលដាក់ពលករបច្ចុប្បន្ននេះទៅខេត្តសាម៉ីរៀងៗខ្លួនហើយ។ ហើយត្រៀមទទួលបងប្អូនពលករដែលត្រឡប់មកវិញ នៅពេលដែលយើងបើកព្រំដែន»។

ចំណែកអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី លើកឡើងថា រដ្ឋបាលខេត្តបានត្រៀមខ្លួនអនុវត្តបទបញ្ជារួចរាល់ក្នុងការផ្ទេរពលករទៅបន្តធ្វើចត្តាឡីស័កតាមមណ្ឌលនៃបណ្តាខេត្តដែល​ពួកគេរស់នៅ សម្រាប់ត្រៀមទទួលពលករដែលទើបត្រឡប់មកថ្មី។ លោកបន្ថែមថា ពលករខ្មែរដែលកំពុងជាប់ខាងព្រំដែនប្រទេសថៃជាមួយនឹងខេត្តកោះកុង គឺនៅសល់តែជាង២០នាក់ប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ឥលូវនេះ យើងមានកន្លែងសម្រាប់៧០០នាក់ ប៉ុន្តែ​គ្រាន់តែថា ប្រសិនបើមានមក​លើស​ហ្នឹង ហើយមានកន្លែងបន្តបន្ទាប់ទៀត»។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា សាទរការទទួលពលករខ្មែរមកពីថៃចូលមកកម្ពុជាវិញ  ប៉ុន្តែលោកបង្ហាញក្ដីបារម្ភចំពោះការដឹកពលករមកធ្វើចត្តាឡីស័កតាមផ្ទះ ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីចូលក្នុងសហគមន៍ បើសិនជាធ្វេសប្រហែស។ ករណីនេះ លោកថា រដ្ឋាភិបាលគួររៀបចំកន្លែងធ្វើចត្តាឡីស័កផ្សេង ដើម្បីដាក់ពួកគាត់។

ក្រៅ​ពីទទួលពលករខ្មែរជាប់នៅតាមព្រំដែនហើយ លោក មឿន តុលា ស្នើឱ្យរដ្ឋាភិបាលទៅដឹកពលករខ្មែរនៅតាមខេត្តនានាក្នុងប្រទេសថៃមកកម្ពុជា ខណៈពួកគាត់កំពុងជួបការលំបាកខ្លាំង។

បើតាមរបាយការណ៍ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ “ដែលតា (Delta)” ដែលមានប្រភពចេញពីប្រទេសឥណ្ឌា នៅលើពលករខ្មែរ​​ត្រឡប់ពីថៃ អ្នកដំណើរមកតាមជើងហោះហើរ ​និង​បុគ្គលិក​សុខាភិ​បាល រួមទាំង​អ្នកភូមិ​នៅក្នុងសហគមន៍ សរុប​ចំនួន៣២៧នាក់៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...