អង្គការ​សហ​ប្រជា​ជាតិ​៖​ ស្ត្រី​ធ្វើ​ចំណាក​ស្រុក​ប្រឈម​ការ​រើស​អើង​និង​អំពើ​ហិង្សា

12
សីហា

អង្គការ​សហ​ប្រជា​ជាតិ​៖​ ស្ត្រី​ធ្វើ​ចំណាក​ស្រុក​ប្រឈម​ការ​រើស​អើង​និង​អំពើ​ហិង្សា

ប្រភព៖VOD

អង្គការសហប្រជាជាតិ បង្ហាញថា ស្ត្រីជាពលករចំណាកស្រុកប្រឈមនឹងការរើសអើងលក្ខណៈ​ជាប្រព័ន្ធនិងអំពីហិង្សា អំឡុងពេលដែលពួកគេស្វែងរកសេវាកម្មនានាក្នុងដំណាក់កាលធ្វើចំណាកស្រុកនោះ។

ក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា ការធ្វើចំណាកស្រុករបស់ស្ត្រីអាចទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ខណៈ​ការ​​ធ្វើចំណាក​ស្រុក​នេះក៏ជា​ប្រភព​ចំណូល​ដ៏សំខាន់សម្រាប់ស្ត្រី ដើម្បីបង្កើនទីភ្នាក់ងារនិងការកែលម្អមុខមាត់របស់ពួកគេនៅក្នុងគ្រួសារនិងសហគមន៍។

ទោះបីយ៉ាងណា​ អង្គការ​សហប្រជាជាតិ បានបញ្ជាក់ថា ស្ត្រីជាពលករចំណាកស្រុក​ទាំង​នោះប្រឈម​នឹងការរើសអើង​លក្ខណៈ​ជា​ប្រព័ន្ធ ហើយបញ្ហាប្រឈមនិងឧបសគ្គជាច្រើនទាំងនោះបានរារាំងពួកគេមិនឱ្យស្វែងរកជំនួយទាំងតាមរយៈបណ្តាញផ្លូវការនិងក្រៅផ្លូវការ ថែមទាំងមិន​ដឹង​ថា ត្រូវស្វែងរកសេវាកម្មដែលមានការគាំទ្រនិងការគោរពនៅទីណាជាដើម។

អង្គការសហប្រជាជាតិ​ដដែលថា ការរើសអើងនេះបង្កជាគ្រោះថ្នាក់ ជាពិសេសនៅពេលប្រែទៅ​ជា​អំពើ​ហិង្សាដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមនិងបុគ្គលទៀតផង។

ជាងនេះទៅទៀត អង្គការសហប្រជាជាតិថា នៅពេលជំងឺកូវីដ-១៩កំពុងឆ្លងរាតត្បាតនៅទូទាំង​ពិភព​លោក​នោះ បណ្តាលឱ្យមានការកើនឡើងនូវអំពើហិង្សាលើស្ត្រីនិងក្មេងស្រីគ្រប់រូបភាព ដែលធ្វើឱ្យមានការគំរាមកំហែង និងការថយក្រោយ​នូវសមិទ្ធផលនៃគោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព ហើយការកើនឡើងនៃអំពើហិង្សាលើស្ត្រីនេះ វាបង្កផលប៉ះពាល់ដល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។

ប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Pauline Tamesis សាទរចំពោះកម្មវិធី​សុវត្ថិភាពនិងយុត្តិធម៌ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម​រួម​គ្នារ​បស់​សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ ត្រូវបានអនុវត្តនៅប្រទេសកម្ពុជា ដោយផ្តោតលើជនងាយរងគ្រោះបំផុត នោះគឺស្ត្រីជាពលករចំណាកស្រុក។ ​

លោកស្រី Pauline Tamesis បាន​លើកឡើងថា៖ «ខ្ញុំមានសេចក្តីរីករាយដែលកម្មវិធីសុវត្ថិភាពនិងយុត្តិធម៌ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរួមគ្នារបស់សហភាពអឺរ៉ុបនិងអង្គការសហប្រជា​ជាតិ ត្រូវបានអនុវត្តនៅប្រទេសកម្ពុជា ដោយផ្តោតលើជនងាយរងគ្រោះបំផុត នោះគឺស្ត្រីជាពលករចំណាកស្រុក។ តាមរយៈការធ្វើការរួមគ្នា យើងអាចធានាថា ស្ត្រីជាពលករចំណាក​ស្រុក បានទទួល​ព័ត៌​មាន ភាពអង់អាច ការគាំទ្រផ្លូវច្បាប់ និងសេវាកម្មផ្សេងៗទៀតទាក់ទងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ» ។

អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត មានប្រសាសន៍​ថា ស្រ្តីជាពលករត្រូវបានរើសអើងនិងប្រឈមនឹងអំពើហិង្សា ដោយសារ​ការធ្វើចំណាក​ស្រុករ​បស់​ពួក​គេ​ខុស​ច្បាប់ ប៉ុន្តែ​ពលករទៅតាមក្រុមហ៊ុនស្របច្បាប់នោះ អ្នកស្រីថា មិនមានបញ្ហាប្រឈមឡើយ។ លោកស្រី​បន្តថា ភាគច្រើនអ្នកដែលធ្វើចំណាក​ស្រុក​ខុស​ច្បាប់ មិនបា​ន​ស្វែង​យល់​ពី​ក្រុម​ហ៊ុននិងការ​ងារ និងទីកន្លែងដែលពួកគាត់ធ្វើការឡើយ ដែលជាកត្តាជំរុញឱ្យពួកគាត់ប្រឈម​នឹង​ការរើស​អើង និងជួបអំពើហិង្សានៅកន្លែងការងារ។

លោកស្រីថា៖ «អ៊ីចឹងហើយបានជាក្រសួងយើងខំធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់មួយចំនួនដែលទាក់ទងនឹង​ការធ្វើចំណាកស្រុកមិនស្របច្បាប់ហ្នឹង ឱ្យមានលក្ខណៈទូលំទូលាយទៅតាម​ប្រព័ន្ធអនឡាញឬ​ក៏អីផ្សេងៗទៀត​។ ក្នុងករណីគាត់ត្រឡប់មកវិញ ​មានន័យថា បើសិនជាគាត់ទទួលរងអំពើហិង្សា​ អ៊ីចឹងក្រសួងទទួលក្នុងការផ្ដល់ប្រយោជន៍ ប្រឹក្សាផ្លូវចិត្ត និងផ្នែកច្បាប់​ ហើយនិងបញ្ជូនគាត់ទៅរកសេវាពាក់ព័ន្ធ​​ បើសិនជាគាត់ចាំបាច់ទាមទារសេវាអី​ផ្សេងៗ»។​

កំពុងសម្រាកព្យាបាលកូវីដ-១៩ នៅក្រុងប៉ោយប៉ែត អ្នកស្រី ប៉ុក ណា ជាពលករផ្នែកសំណង់​នៅខេត្តឈុនបូរី ប្រទេសថៃ  បានរៀបរាប់ថា អ្នកស្រីមិនចង់ធ្វើជាពលករចំណាកស្រុក​ទៅប្រទេសក្រៅ​ឡើយ ត្បិតមានបញ្ហាប្រឈមជាច្រើន ពិសេសការរើស​អើង ប៉ុន្តែដោយ​សារ​ជីវភាព​ខ្វះ​ខាត ខណៈការងារនៅក្នុងស្រុកមិនសូវទទួល​កម្រៃខ្ពស់។

អ្នកស្រីថា៖ «ការរើសអើងមានដែរ តែយើងចេះតែទ្រាំៗទៅណា! ខាងថៃ គេរើសអើងយើង និង​ខ្មែរយើងដែលគេនាំយើងទៅថៃហ្នឹង ក៏គេរើសអើងយើង វាមានពីរយ៉ាង។ និយាយរួម​ទៅ គេអត់​ល្អនឹងយើង​ទេ និយាយមិន​ល្អ គេមើលមកយើងវាអត់មានលុយមានអីហ្នឹង»។

មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើង​ថា ស្ត្រីដែលធ្វើការនៅក្រៅប្រទេសតែងតែទទួលរងការរើសអើង ការគំរាមកំហែង ​ការបៀតបៀន ជាពិសេសស្ត្រីធ្វើការតាមផ្ទះ ខណៈប្រាក់ចំណូលដែលពួកគាត់ទទួលបាននោះក៏ទាប​ជាង​បុរស​ដែរ។

លោកសង្កេតឃើញថា កន្លងមក វិធានការរបស់រដ្ឋាភិបាល​មិនមានគោលនយោបាយ​ជាក់លាក់ ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ចំពោះការធ្វើទុក្ខបុកម្នេញ ការបៀតបៀន និងការរើស​អើង​លើ​ស្ត្រីចំណាកស្រុកនៅឡើយទេ។

លោកថា៖ «ការបៀតបៀនពីសំណាក់ថៅកែ និងការធ្វើការលើសកម្លាំង ការកេងកម្លាំង​ពលកម្ម អំពើជួញដូរអីផ្សេងៗជាដើម។ ទី៣ ស្ត្រីមិនត្រូវបានគេយកចិត្តទុកដាក់ជួយសង្គ្រោះ​ ហើយការឆ្លើយតប ​​ស្ថានទូតនិងស្ថានកុងស៊ុល ឬប្រទេសអ្នកទទួលក្ដី ឬប្រទេសអ្នកបញ្ជូនក្ដី ​ច្រើនតែមិនសូវផ្ដល់តម្លៃ​យកចិត្តទុកដាក់ការពារផលប្រយោជន៍ ​ក៏ដូចជាផ្ដល់នូវយុត្តិធម៌​ដល់ពួកគាត់ជាដើមអ៊ីចឹង»។

​បើតាមរបាយការណ៍អង្គការសហប្រជាជាតិ ឱ្យដឹងថា ការបង្កើនប្រតិបត្តិការនៃគំនិតផ្តួចផ្តើមដែលមានសុវត្ថិភាពនិងយុត្តិធម៌ ក្នុងការដោះស្រាយបញ្ហា​ជាច្រើនរបស់ស្ត្រីជាពលករចំណាក​ស្រុក និងធានាថា សេវាកម្មស្ដីពីអំពើហិង្សា​ផ្អែកលើយេនឌ័រ «GBV» ត្រូវបានគេមើលឃើញថាជាសេវាកម្ម​សំខាន់ក្នុងអំឡុង​ពេលផ្ទុះជំងឺកូវីដ​-១៩ ហើយស្ត្រីនិងក្មេងស្រីចំណាកស្រុកមានសិទ្ធិស្មើគ្នាក្នុងការទទួលបានសេវាកម្មទាំងនេះ៕

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...