ពលករ​ខ្មែរ​​ធ្វើ​ការ​​នៅ​​ម៉ា​ឡេ​ស៊ី ខកចិត្ត​ចំពោះ​មន្រ្តីស្ថានទូត​ខ្មែរ​មិន​អើពើ​ទុក្ខលំបាក​របស់​ពួកគេ​អំឡុង​ពេល​រាតត្បាត​ជំងឺកូវីដ១៩​

10
សីហា

ពលករ​ខ្មែរ​​ធ្វើ​ការ​​នៅ​​ម៉ា​ឡេ​ស៊ី ខកចិត្ត​ចំពោះ​មន្រ្តីស្ថានទូត​ខ្មែរ​មិន​អើពើ​ទុក្ខលំបាក​របស់​ពួកគេ​អំឡុង​ពេល​រាតត្បាត​ជំងឺកូវីដ១៩​

ប្រភព៖ RFA

ពលករ​​ខ្មែរ​​ធ្វើ​​ការ​​​នៅ​​ម៉ា​ឡេ​​ស៊ី​ជា​ច្រើន​នាក់ ខក​ចិត្ត​ចំពោះ​​មន្រ្តី​ស្ថាន​ទូតខ្មែរ​ប្រចាំ​ប្រទេស​​នេះ ដែល​ព្រងើយ​កន្តើយ​​ចំពោះ​​ទុក្ខ​លំបាក​​របស់​​ពួក​គាត់​​អំឡុង​​​ពេល​​រាត​ត្បាត​​នៃ​​ជំងឺ​កូវីដ-១៩។ ការ​លើក​ឡើង​នេះ ដោយ​សារ​ពល​ករខ្មែរ​ទាំង​នេះ​​កំពុង​ខ្វះ​ខាត​​ស្បៀង​អាហារ និង​បាត់​បង់​​ការ​ងារ​​ធ្វើ​ជា​ច្រើន​​ខែ​​មក​នេះ ប៉ុន្តែ​ពុំ​ឃើញ​មន្រ្តី​ស្ថាន​ទូត​ខ្មែរ​​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​​នោះ​ទេ។​ មន្រ្តី​​សង្គម​​ស៊ីវិល ជំរុញ​​ឲ្យ​​រដ្ឋា​​ភិបាល​​កម្ពុជា​​រៀប​ចំគោល​នយោ​បាយ​ផ្តល់​ស្បៀង​អាហារ​និង តម្រូវ​កា​រ​នានា​ដល់​ពលករ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស ដើម្បី​​ឆ្លើយ​តប​​​បន្ទាន់​​​ជុំវិញ​​ទុក្ខ​​កង្វល់​របស់​ពួក​គេ​​ឱ្យ​ទាន់​​ពេល​វេលា ។

ពលករ​​ខ្មែរ​​ជា​​ច្រើន​​នាក់ ដែល​​កំពុង​​ធ្វើការ​​នៅ​​ក្នុង​​ប្រទេស​​ម៉ា​ឡេ​ស៊ី ​ កំពុងដាច់​​ស្បៀង​​អាហារ គ្មាន​លុយ​ថ្លៃ​បន្ទប់​ជួល ស្រប​​ពេល​​រដ្ឋា​​ភិ​បាល​​​ប្រទេស​មួយ​​នេះ ​ប្រកាស​​​ដាក់​​ប្រទេស​​ក្នុង​​ភាព​​អាសន្ត​ជាង​បីខែ​មក​ហើយ ដើម្បី​​ទប់ស្កាត់​​ការ​​​រាត​ត្បាត​​ជំងឺ​​កូវីដ-១៩។ ក្រុម​ពលករខ្មែរ​ទាំង​នេះ មិន​ដឹង​ទៅ​រំពឹង​ស្ថាប័ន​ណា​​ដើម្បី​ជួយ​​ចំលែក​​ទុក្ខ​កំបាក​ដែល​កំពុង​យ៉ាប់​យ៉ឺន​នេះ​ទេ។

ពល​ការិនី​​​​មាន​​​ស្រុក​​​កំណើត​​​នៅ​​​ខេត្ត​​​សៀម​រាបកញ្ញា សុត យ៉េច​ រៀប​​រាប់ប្រាប់អាស៊ីសេរី​​​ថា កញ្ញា​​បាន​មក​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈ​ពេល​៧ឆ្នាំ​មក​ហើយ ដើម្បី​​រក​ប្រាក់ផ្គត់​ផ្គង់​​គ្រួសារ​ និង​សង​បំណុល​ធនា​គារ​នៅ​ស្រុក​កំណើត។ កញ្ញាបន្ត​ថា ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩​មក កញ្ញា​បាត់​​បង់​​ការ​​ងារ​ស្ទើរទាំង​ស្រុង ដែល​​បច្ចុប្បន្ន​កញ្ញា​​កំពុង​ប្រឈម​ការ​ខ្វះ​ខាត​ស្បៀង​អាហារ និង​គ្មានលុយបង់​ថ្លៃ​បន្ទប់ និងថ្លៃ​ទឹក​ភ្លើង​ប្រមាណ ​៤៥០ រីង​ហ្គីត ​​ឬជិត ​១២០ ​ដុល្លារ​អាមេរិក​ក្នុងមួយ​ខែ។ កម្មការិនី​រូប​នេះ​អះ​អាង​ថា ​​រហូត​មក​ដល់​ពេល​នេះ កញ្ញា​មិន​ដែលឃើញ​មន្រ្តី​ស្ថាន​ទូត​ខ្មែរ​ចុះ​ជួយ​កម្មករ​ដែល​កំពុង​ខ្វះ​ខាត​ទេ ខណៈ​ដែល​កន្លងមក​ពលករ​​ខំធ្វើ​ការ​បង់​ពន្ធ​ជូន​រដ្ឋ៖ «ខ្ញុំ​អស់​ការ​ជឿ​ជាក់​លើ​ស្ថាន​ទូត ​គាត់​ដោះ​ស្រាយ​ឱ្យ​ខ្ញុំ​អត់ចេញ ជួល​កាល​រឿង​ខ្លះ​ខ្ញុំ​អត់​ចង់​ប្តឹង​ទៅ​ស្ថាន​ទូត​មាន​រឿង​មាន​ហេតុ​អី​ដូច​ថា អត់​មាន​ដំណោះ​ស្រាយ​សម្រាប់​ពលករ​ទេ ​ស្ងាត់​ឈឹង រាល់​ថ្ងៃ​ខ្ញុំ​អស់​ទំនុកចិត្ត​ទៅ​លើ​រដ្ឋា​ភិបាល​អត់​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ពួក​ខ្ញុំ​ដែល​មក​ធ្វើ​ការ​នៅក្រៅ​ប្រទេស មក​ខុស​ច្បាប់​ខ្ញុំ​អត់​និយាយ​ទេ​ តែ​ខ្ញុំ​មក​ដោយ​ស្រប​ច្បាប់​ ខ្ញុំ​បង់ពេញ​ទាំង​អស់​ តែ​យ៉ាង​ណា​គួរ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​ពួក​ខ្ញុំ»។

ស្រដៀង​​គ្នា​​នេះ​​ដែរ ពល​ការិនី​​ធ្វើ​​ការ​​នៅ​​ម៉ាឡេស៊ី​​ម្នាក់​​ទៀតលោក​​ស្រី ​ថត សាលី រៀប​​រាប់​​ប្រាប់​​អាស៊ី​​សេរី​​នៅ​​ថ្ងៃ​ទី​៩ ​ខែសីហា ​ថា​លោកស្រី​និង​ប្តី​មក​ធ្វើ​ការ​នៅ​ប្រទេស​​ម៉ាឡេ​ស៊ី​ដោយ​ខុស​ច្បាប់​ជាង ​៤ ឆ្នាំ ប៉ុន្តែ​គ្រួសារ​របស់​លោកស្រី គ្មាន​សេស​សល់​ប្រាក់​សម្រាប់​ទុក​ហូប​ចុក​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​នេះទេ។ ពលការិនី​នៅ​ខេត្ត​ត្បូងឃ្មុំ​​រូប​​នេះត្អូញ​ត្អែរ​ថា ​គ្រួសារ​លោកស្រី​និង​ពល​ករខ្មែរ​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​កំពុង​ជួប​បញ្ហា​ជីវភាព​ដូចៗ​គ្នា ដែល​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋា​ភិបាល​និង​អង្គការ​មនុស្ស​ធម៌​ជា​បន្ទាន់។ ពួក​គាត់ មិនអាច​ចេញ​ពី​បន្ទប់​ជួល​ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​ដូច​មុន​ទេ ដោយ​សារ​រដ្ឋា​ភិបាល​ម៉ាស៊ី កំពុង​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​ប្រទេស​នេះ​ជា​ច្រើន​ខែ​មក​ហើយ៖ «យើង​នៅសុំ​អង្វរម្ចាស់​ផ្ទះ​គេ​សិន​ហ្នឹង អង្វរ​ដូច​ជា​យើងឆ្លៀត​បាន​កន្លែង​នេះបន្តិច​កន្លែង​នោះ​បន្តិច គេ​ហៅ​មួយ​ថ្ងៃ​ទៅ​ ធ្វើ​ទាំង​ខុស​ច្បាប់​តែបើ​ចង់​ទៅ​ខ្មែរ​វិញ​យើង​កូន​ភ្លោះ​ចឹង​ទៅ​ឥឡូវ​នេះ​សំបុត្រ​យន្ត​ហោះ​វា​ថ្លៃ​ម្នាក់ ​៣ពាន់​រីងហ្គីត ​ហើយ​កូន​តូច​គេ​ទារ​ ២ពាន់​ ៦​រយ​រីហ្គីត​ហើយ​​យើង​មាន​លុយ​ណាទៅ​ខ្មែរ»។

វិទ្យុ​​​អាស៊ី​​​សេរី មិន​​​អាច​​​ទាក់​​​ទង​​​ប្រធាន​​​អង្គ​​​ភាព​​​អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋា​​ភិ​បាលលោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​ការ​​បរ​​ទេស​​​និង​​សហ​​ប្រតិ​បត្តិ​​ការ​​អន្តរ​​ជាតិលោក កុយ គួង និង​​​មន្រ្តី​​ទទួល​​បន្ទុក​​ការ​​ងារ​​ស្ថាន​​ទូត​​ខ្មែរ​​ប្រចាំ​​ម៉ា​ឡេ​ស៊ីលោក លី ហា ដើម្បី​​​សុំ​​ការ​​​ឆ្លើយ​​តប​​​ជុំ​វិញ​​​រឿង​​នេះបាន​​ទេ នៅ​​ថ្ងៃ​​ទី​៩ ខែសីហា។

ជុំវិញ​​រឿង​​នេះ​​ មន្ត្រី​​​អង្គការ​​​សង់​​ត្រាល់ ​(Central) ទទួល​​បន្ទុក​​​សិទ្ធិ​​​ការ​​ងារលោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា​ ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស កំពុង​ជួប​ទុក្ខ​លំបាក​ផ្នែក​ជីវភាព​ដែល​ស្ថាន​ភាព​នេះ​រដ្ឋា​ភិបាល​គួរ​ផ្តល់​ស្បៀងហារ​ដល់​ពួក​គេ​កំពុង​ខ្វះ​ខាត​ជា​មុន​សិន។ លោក​ថា ​រដ្ឋ​មាន​កាតព្វ​កិច្ច​ធានា​នូវសិទ្ធិ​រស់​រាន​មាន​ជីវិត​ដល់​ពលរដ្ឋ​គ្រប់​រូប​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែលោក​សង្កេត​ឃើញ​ថា ​រដ្ឋា​ភិបាល​ពុំ​ទាន់​មាន​រៀប​ចំគោល​នយោ​បាយ​ជួយដល់​ពលករ​ចំណាក​ស្រុក​ក្រៅ​ប្រទេស​នៅ​ឡើយ​ទេ។ លោក​អំពាវ​នាវ​ដល់រដ្ឋា​ភិបាល ត្រូវ​គិត​ពិចារណា​ជុំវិញ​បញ្ហា​ប្រឈម​ទាំង​នេះ ដូច​ជា​រៀប​ចំគោលនយោ​បាយ​ឆ្លើយ​តប​ផ្តល់​ស្បៀង​អាហារ រួម​ទាំង​ស្នើ​ទៅ​រដ្ឋា​ភិបាល​ម៉ាឡេស៊ីជួយ​អនុគ្រោះ​ថ្លៃទឹក​ភ្លើង​ក្នុង​ករណី​ពួក​គាត់​ដែល​មិន​មាន​លទ្ធ​ភាព៖ «បើ​និយាយ​សហការ​ជា​មួយ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ដែលទទួល​វា​ជា​ការណ៍​មួយ​ដែល​ប្រទេស​ទទួល​ហ្នឹង​បាន​ដឹង​ឮ បាន​ស្នើ​សុំ​សម្របសម្រួល​លើ​ចំណុច​ណា​ខ្លះ​ចឹង​ទៅ ផ្ទុយ​ទៅ​វិញ​បើ​សិន​យើង​អត់​បាន​និយាយ​អីសោះ អត់​មាន​គោល​​នយោ​បាយ​អី​សោះ អត់​បាន​ប្រឹង​ប្រែង​សហការ​ជា​មួយប្រទេស​ទទួល​ហ្នឹង​ទេ ចឹង​ក៏​គេ​មិន​ដឹង​ផ្តល់​​​ការ​សម្រប​សម្រួល​ឱ្យ​យើង​យ៉ាងមិច ធម្មតា​ប្រទេស​ទទួល​គេ​ត្រូវ​ការ​កេង​ប្រវ័ញ្ច ចង់​បាន​កម្រៃ​មក​លើ​យើង តែយើង​ជា​ប្រទេស​ម្ចាស់​សាមី​មិន​គិត​គូរ​អំពី​ពលរដ្ឋ​ខ្លួន​ឯង​អ្នក​ណា​គិត​ជំនួសយើង»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះសង្កេត​ឃើញ​ថា ចាប់​​តាំង​​ពី​​ដើម​​ឆ្នាំ​២០២០ ពល​ករខ្មែរ​​ធ្វើ​ការ​នៅ​​ក្រៅ​​ប្រទេស​​ប្រឈម​​បញ្ហា​​អស់​​សុពល​​ភាព​​ឯក​​សារ​​ស្រប​​ច្បាប់ ដែល​​ពួក​គេ​អាច នឹង​​រង​​គ្រោះ​​​ទ្វេ​ដង​អំឡុង​ពេល​រីក​រាល​​ជំងឺ​កូវីដ-​១៩ ព្រោះ​ពួកគេ​ត្រូវ​ថៅកែ​និង​ជន​ខិល​ខូច​មួយ​ចំនួន​រំលោភ​បំពាន​សិទ្ធិ កេង​ប្រវ័ញ្ច​ពល​កម្មដោយ​មិន​បើក​ប្រាក់​ឈ្នួល បញ្ឈប់​ពី​ការ​ងារ​ទាំង​បំពាន។

របាយ​​ការណ៍​​របស់​​អង្គ​​ការ​​សង់​​ត្រាល់​បង្ហា​ញ​​ថា គិត​​ត្រឹម​​ឆ្នាំ​២០២០ ពល​ករខ្មែរ​​ស្រប​​ច្បាប់​ និង​​ពលករ​​ខុស​​ច្បាប់មាន​​ចំនួន​​ប្រមាណ​​ជាង​ ​១០​ម៉ឺន​​នាក់ ​(១០០.០០០)​ កំពុង​​ធ្វើ​ការ​​នៅ​​ក្នុង​​ប្រទេស​​​ម៉ាឡេស៊ី។

រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី បាន​អនុញ្ញាត​ឱ្យ​ជន​បរ​ទេស​​ស្រប​​ច្បាប់​ និង​​ខុស​ច្បាប់​កំពុង​ស្នាក់​នៅ​និង​ធ្វើ​ការ​ទាំង​អស់​អាយុ​ចាប់​ពី​ ១៨ ​ឆ្នាំ​ឡើង​ទៅ​ អាច​​ទៅចាក់​វ៉ាក់​សាំង​​បង្ការ​ជំងឺ​កូវីដ​-១៩ ​ដោយ​​ឥត​គិត​ថ្លៃ​ផង​ដែរ ស្រប​ពេល​អាជ្ញា​ធរ​​ប្រទេស​នេះ​​​​​បន្ត​​​បិទ​​​ខ្ទប់​​​​​ប្រទេស​​នេះ​​រយៈ​​ពេល​​ជាង​ ៣ ខែ​​មក​​ហើយ ​ ដើម្បី​​ទប់​​ស្កាត់​​​ការ​​​រាត​​ត្បាត​​​ជំងឺ​​​កូវីដ-​​១៩​។ ​វិធាន​​​ការ​​​របស់​​​អាជ្ញាធរ​​​ម៉ាឡេស៊ី​​​ហាម​​​ឃាត់​​អ្នក​​ធ្វើ​​​ដំណើរ​​​ចាប់​​​ពី​​​ម៉ោង​​ ​៨ យប់​ ​​ដល់​​​ម៉ោង ៨ ព្រឹក និង​​ហាម​​​ការ​​ប្រមូល​​ផ្ដុំ​​​គ្នា​​ជា​ដើម​​។ ​ប្រសិន​​​​បើ​​​​ជន​​​ណា​​​ល្មើស​​​នឹង​​​បម្រាម​​​នេះ ​​​អាច​​​នឹង​​​ត្រូវ​​​​មាន​​ទោស​​​​ដាក់​​ពន្ធនា​គារ​ ៦ ខែ ទៅ​ ​១ ឆ្នាំ​​​និង​​​ពិន័យ​​​ប្រាក់ ​​​១ម៉ឺន ​​រីង​ហ្គីត​ ឬ​​​ស្មើ​​ប្រមាណ​​​ ២ពាន់​ ​៥០០​ដុល្លារ​(២.៥០០)៕

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...