ពលករខ្មែរជាង២០០នាក់ជាប់គាំងនៅព្រំដែន ខណៈអាជ្ញាធរកម្ពុជា-ថៃ ជួយសម្រួលកន្លែងស្នាក់នៅ និងស្បៀង

04
សីហា

ពលករខ្មែរជាង២០០នាក់ជាប់គាំងនៅព្រំដែន ខណៈអាជ្ញាធរកម្ពុជា-ថៃ ជួយសម្រួលកន្លែងស្នាក់នៅ និងស្បៀង

ប្រភព៖ថ្មីៗ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អះអាងថា ពលករជាង២០០នាក់ ដែលជាប់គាំងនៅខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ត្រូវមន្រី្តស្ថានទូតកម្ពុជានិងអាជ្ញាធរថៃ ជួយផ្ដលស្បៀងនិងកន្លែងស្នាក់ហើយ។ ប៉ុន្តែសង្គមស៊ីវិល នៅតែបារម្ភពីការស្នាក់នៅតាមព្រំដែន និងការត្រឡប់វិញទាំងប្រឈមរបស់ពួកគេ។

 

ខណៈប្រទេសថៃ កំពុងផ្ទុះជំងឺកូវីដ-១៩ រង្វង់២ម៉ឺននាក់ក្នុងមួយថ្ងៃនេះ ទើបធ្វើឲ្យពលករខ្មែរនៅទីនោះ សម្រុកមកកម្ពុជាវិញ ទាំងប្រថុយប្រថាន និងកំពុងជាប់គាំងនៅតាមបន្ទាត់ព្រំដែន។ ជុំវិញបញ្ហាពលករនេះ លោក សុំ ចាន់គា បានពិនិត្យឃើញថា ពួកគេទាំងនោះ កំពុងប្រឈមមុខខ្វះស្បៀងអាហារ និងសេវាព្យាបាលជំងឺទៀតផង ខណៈដែលភាគីកម្ពុជា-ថៃ បិទខ្ទប់ច្រកព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
មន្ត្រីសម្របសម្រួលនៃសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ដូច្នេះថា៖ «ពួកគេ(ពលករ)នៅតែបន្តសម្រុកមកវិញ ខ្លះព្យាយាមមកដោយខ្លួនឯង ខ្លះត្រូវបានអាជ្ញាធរថៃដឹកពួកគេមកដាក់នៅច្រករបៀង។ ពួកគេឥឡូវជាប់តាមខ្សែបន្ទាត់ព្រំដែនច្រើន ហើយអាជ្ញាធរយើងមិនអនុញ្ញាតឲ្យចូល។ អាជ្ញាធរខ្លះក៏ជួយផ្ដល់ស្បៀងឲ្យពួកគេ ខ្លះក៏ដេកអត់់ ដេកខ្វះខាតទាំងស្បៀង ហើយមានទាំងជំងឺ»។
ពលករខ្មែរ២១៦នាក់ កំពុងជាប់គាំងនៅព្រំដែនថៃ ស្ថិតនៅស្រុកតាប្រាយ៉ា ខេតសាកែវ ទល់នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ។ ចំពោះបញ្ហាពលករខ្មែរនេះ ខាងមន្រី្តស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានចុះជួបពួកគេហើយ ដោយនាំយកទាំងស្បៀងអាហារ និងសម្ភារៈការពារកូវីដ-១៩ ឲ្យពួកគេទៀតផង។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី៣ សីហា លោក កុយ គួង បានបញ្ជាក់ដូច្នេះ ៖«មន្ត្រីនៃស្ថានអគ្គកុងស៊ុល បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងកម្ពុជា-ថៃ នៃស្រុក-ខេត្តខាងលើ ដើម្បីដឹកជញ្ជូនស្បៀង និងរៀបចំកន្លែងស្នាក់នៅ ដែលមានសុវត្ថិភាពជូនពួកគាត់ហើយ»។
ក្រៅពីនេះ អាជ្ញាធរកម្ពុជា ក៏បានអប់រំ និងស្នើឲ្យពលករទាំងអស់អត់ធ្មត់ ដោយកុំចល័ត ឬបន្លាស់ទីបណ្ដោះអាសន្នសិន ដើម្បីទុកពេលឲ្យរដ្ឋាភិបាលទប់ស្កាត់កូវីដ-១៩។ នេះបើតាមលោក កុយ គួង។

កម្ពុជា បានប្រកាសបិទខ្ទប់ខេត្តចំនួន៨ ជាប់ព្រំដែនថៃបណ្ដោះអាសន្ន ។ ក្នុងនោះរួមមាន ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ និងខេត្តកោះកុង។
លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ក្នុងអំឡុងខែកក្កដានេះ មានពលករខ្មែរត្រឡប់ពីថៃជាង៧,៨ពាន់នាក់។
បើគិតពីខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មានពលករខ្មែរត្រឡប់មកកម្ពុជាវិញ ជាង៥ម៉ឺននាក់ ក្នុងនោះមានករណីឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃចាប់ប្រគល់មកឲ្យកម្ពុជាវិញ ជាង៦ពាន់នាក់។ កន្លងមកសមត្ថកិច្ចកម្ពុជាក៏បានឃាត់ខ្លួនពលករខ្មែរ ឆ្លងដែនខុសច្បាប់ជាង២៦០នាក់ដែរ។ នេះបើតាមលោក កែវ វណ្ណថន។
វណ្ណថន។

     ពលករជាង២០០នាក់ដែលជាប់គាំងនៅព្រំដែន ទទួលបានស្បៀងពីអាជ្ញាធរខ្មែរនិងថៃ។ (រូបពី លោក កុយ គួង)
ពលករខ្មែរនៅថៃ កំពុងពិបាករកសេវាព្យាបាលជំងឺ ខ្វះខាតស្បៀង និងបាត់បង់ការងារ
ជាពលករខ្មែរនៅថៃជាង១០ឆ្នាំហើយ ពេលនេះលោក វន់ ភក្តី កំពុងមានបញ្ហាសុខភាព ដោយមានអាការៈឈឺក ឈឺក្បាល ក្ដៅខ្លួនជាដើម ប៉ុន្តែពិបាករកសេវាសុខភាព ដោយសារប្រទេសថៃផ្ទុះកូវីដ-១៩ខ្លាំង។ ដោយសារពិបាករកសេវាព្យាបាលនេះ លោក ភក្តី តែងតែព្យាយាមនៅឆ្ងាយពីប្រពន្ធ ដែលទើបសម្រាលកូនហើយ ដើម្បីបង្ការជំងឺកាចសាហាវនេះ។
កំពុងស្ថិតនៅក្នុងផ្ទះជួល នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ពលករខ្មែររូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមបណ្ដាញតេឡេក្រាមដូច្នេះ៖«ខ្ញុំសង្ស័យខ្លួនឯងឆ្លងកូវីដ-១៩ តែគ្មានពេទ្យនិងកន្លែងពិនិត្យ ព្រោះយើងខ្មែរពិបាករកសេវាពិនិត្យណាស់។ ពលរដ្ឋថៃខ្លះក៏ពិបាករកសេវាពិនិត្យដែរ ព្រោះនៅបាងកកនេះឆ្លងច្រើន។ ប៉ុន្មានថ្ងៃនេះ មានតែរកទិញថ្នាក់បញ្ជុះកម្ដៅនៅជិតផ្ទះ ហើយផឹកទឹកស្លឹកគ្រៃ ទឹកក្រូឆ្មាសិនតែប៉ុណ្ណោះ»។
មិនតែប៉ុណ្ណោះ លោក ភក្តី ក៏ជួបបញ្ហាខ្វះខាតស្បៀងអាហារដែរ ក្រោយខ្លួនបាត់បង់ការងារធ្វើនៅថៃ ជាង១ខែមកហើយ។ បញ្ហានេះ លោក ភក្តី ក៏បានស្នើសុំជំនួយពីអាជ្ញាធរកម្ពុជា ប្រចាំប្រទេសថៃដែរ ប៉ុន្តែមិនទាន់ឃើញអាជ្ញាធរចុះមកជួយនោះទេ។
ដោយឡែកលោក គង់ វាសនា ក៏ជួបបញ្ហាដូចលោក វន់ ភក្តី ដែរ។ ប៉ុន្តែលោក វាសនា ហាក់មានសំណាងជាង លោក ភក្តី បន្តិច នៅពេលសុំអន្តរាគមន៍ពីខាងអាជ្ញាធរ។ «ខាងក្រុមក្រសួងទាក់ទងមក(ខ្ញុំ)ហើយ ប៉ុន្តែពួកគេថា ពីរឬបីថ្ងៃទៀតបានចុះមក»។ នេះបើតាមការលើកឡើងរបស់លោក វាសនា។
ទាក់ទងនឹងបញ្ហារកសេវាព្យាបាល និងស្បៀងនេះ លោក ហេង សួរ នៅតែអះអាងថា ពួកគេអាចទាក់ទងតាមប្រព័ន្ធអនឡាញ ទៅអាជ្ញាធរកម្ពុជាប្រចាំប្រទេសថៃ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរូបនេះ បានបញ្ជាក់ដូច្នេះ៖«ប្រសិនជាបងប្អូននៅក្នុងបាងកក ឬខេត្តជុំវិញបាងកក គឺយើងមានសេវាប្រឹក្សាយោបល់អំពីការព្យាបាលកូវីដ-១៩ ពីចម្ងាយជូន។ ប្រសិនជាបងប្អូនត្រូវការថ្នាំក៏អាចស្នើសុំបាន។ បើខ្វះខាតស្បៀងក៏អាចស្នើសុំបាន »។
ជាមួយគ្នានេះ លោក ហេង សួរ ស្នើសុំឲ្យពលករទាំងអស់បន្តស្នាក់នៅក្នុងប្រទេសថៃសិន និងអនុវត្តតាមបម្រាមអាជ្ញាធរថៃបានកំណត់ ក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ-១៩នេះ។ «ដោយឡែកអ្នកដែលល្មើសបំរាមមិនឲ្យធ្វើដំណើរ ដែលរដ្ឋាភិបាលថៃកំណត់ នោះយើងពិបាកជួយគាត់។ ដួច្នេះសូមបងប្អូនកុំអាលចល័ត ឬធ្វើដំណើរមកព្រំដែន។ បើខ្វះខាតយ៉ាងណាសូមរក្សានៅផ្ទះសិន។ សូមបងប្អូនគោរពវិធានការរបស់រដ្ឋាភិបាលនៃប្រទេសទាំង២»។ នេះជាការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ។
ទាក់ទិននឹងបញ្ហាពលករនេះ លោក ឌី ថេហូយ៉ា មន្រី្តទទួលបន្ទុកពលករទេសន្តប្រវេសន៍ នៃអង្គការសង់ត្រាល់ យល់ថា រដ្ឋាភិបាលកម្ពុជា ជួយពលករនៅមានកម្រិត។ ក្នុងន័យនេះលោក លោក ឌី ថេហូយ៉ា បានលើកឡើងថា អាជ្ញាធរខ្មែរ ត្រូវសហការជាមួយអាជ្ញាធរថៃ ចុះទៅដល់ទីកន្លែង ដែលពលករខ្មែរកំពុងស្នាក់នៅក្នុងប្រទេសថៃ ដើម្បីស្ដាប់ព័ត៌មានលម្អិតពីផលលំបាកពួកគេ ដើម្បីរៀបចំយន្តការបន្ថែមទៀត។
«ប្រសិនបើឲ្យពលករបន្តស្នាក់នៅថៃ គឺត្រូវធានាថា ឲ្យពួកគាត់មានស្បៀងអាហារ មានកន្លែងពិនិត្យសុខភាព និងជំរុញឲ្យរដ្ឋាភិបាលថៃចាក់វ៉ាក់សាំងដល់ពលករទាំងនោះ។ បើពួកគេត្រឡប់មកវិញ ត្រូវរៀបចំទទួលនិងកន្លែងស្នាក់ឲ្យពួកគេ»។ នេះបើតាមមន្ត្រីសង់ត្រាល់ ដែលបានបន្ថែមថា ការបិទខ្ទប់ព្រំដែនតែមួយមុខ មិនអាចទប់ស្កាត់ការរាលដាលកូវីដ-១៩ បានឡើយ។
គិតមកដល់ពេលនេះ ពលករខ្មែរជាង១ម៉ឺន៥ពាន់នាក់ហើយ បានឆ្លងកូវីដ-១៩នៅថៃ។ ចំណែកពលករខ្មែរនៅថៃជិត២លាន ភាគច្រើនធ្វើការក្នុងវិស័យឧស្សាហកម្ម សំណង់ និងការងារក្រៅប្រព័ន្ធមិនរៀបរយមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់លោក ឌី ថេហូយ៉ា មន្រី្តទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...