កម្ពុជា​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ប្រឆាំង​វីរុស​កូវីដ-១៩​ជូន​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ

10
សីហា

កម្ពុជា​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ប្រឆាំង​វីរុស​កូវីដ-១៩​ជូន​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ

ប្រភព៖ ឌឹខេមបូឌាដេលី

គណៈកម្មាធិការ​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដូស​ជំរុញ ឬ​ដូស​ទី​៣ ដល់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ។

អនុគណៈកម្មាធិការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង Covid-19 បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កំណត់​ទីតាំង និង​កាលបរិច្ឆេទ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​៣ ជូន​យោធិន និង​ក្រុម​គ្រួសារ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ តទៅ ដែល​តម្រូវ​ឲ្យ​បណ្តា​ស្ថាប័ន​ទាំងអស់​ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ក្នុង​យុទ្ធនាការ​នេះ។

ប្រភព​ដែល​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ នឹង​ចាក់​នៅ​ទីតាំង​ចំនួន​៥ ដូចជា៖

  • ចាក់​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា
  • នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​ខេមរភូមិន្ទ
  • នៅ​សាលា​បឋម​សិក្សា​នាគវ័ន្ត
  • នៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេជោសែន
  • និង​ចាក់​នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោស​សម្អាត​មីន និង​សំណល់​សង្គ្រាម។

អនុគណៈកម្មាធិការ​នេះ​បញ្ជាក់​ថា យោធិន​ទាំងនោះ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​ខេមរភូមិន្ទ (ខភម) និង​ប័ណ្ណ​ចាក់​វ៉ាក់សាំង​រួច​ដូស​ទី​២ ខណៈ​ក្រុម​គ្រួសារ​របស់​ពួកគេ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផង​ដែរ​នៅ​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​នោះ។

កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​ចាក់​វ៉ាក់សាំង​អាស្ត្រាសេណេកា (AstraZeneca) ដែល​ជា​ដូស​ទី​៣ ឬ​ដូស​ជំរុញ ដែល​នឹង​បើក​យុទ្ធនាការ​ចាប់ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ តទៅ ដោយ​បាន​ប្រកាស​ចាប់ផ្តើម​ជំហាន​ដំបូង​ទៅដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ​ចំនួន ៧​ខេត្ត ដូចជា​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​កោះកុង ជាដើម។

ជុំវិញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ឬ​ដូស​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​អាស្ត្រាសេណេកា ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា ការ​ជំរុញ​ឲ្យ​មាន​ការ​ចាក់​ដូស​ទី​៣ ឬ​ដូស​ជំរុញ គឺជា​ភស្តុតាង​ជាក់ស្តែង​មួយ​ដែល​បង្ហាញ​ថា វ៉ាក់សាំង​ទាំង​ពីរ​ដូស​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ទទួល​កន្លងមក គឺ​រដ្ឋាភិបាល​ទទួលស្គាល់​ថា​មិន​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នោះ​ទេ។

លោក​អំពាវនាវ​ឲ្យ​ក្រសួង​សុខាភិបាល យកចិត្ត​ទុកដាក់​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​សម្រេច​ដាក់​ចេញ​យុទ្ធនាការ​ចាក់​ដូស​ជំរុញ​នេះ​អំពី​ប្រសិទ្ធភាព និង​ផល​ប៉ះពាល់​របស់​វា ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិលសង្ស័យ និង​ការ​មិន​ទុកចិត្ត ខណៈ​អង្គការ​សុខភាព​ពិភពលោក​ហាក់​នៅ​មិនទាន់​ប្រកាស​ឲ្យ​ប្រើប្រាស់​ដូស​ទី​៣ នេះ​នៅឡើយ។

ទាក់ទិន​នឹង​យុទ្ធនាការ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​បាន​អះអាង​កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ ថា ខ្លួន​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ពលរដ្ឋ​បាន​ចំនួន​ជាង ៨​លាន ១​សែន​នាក់​ហើយ រីឯ​អ្នក​ដែល​បាន​ចាក់​ដូស​ទី​២ មាន​ចំនួន​ជាង ៥​លាន ៧​សែន​នាក់ ខណៈ​កុមារ​ចាក់​បាន​ជាង ១៤% (១៤,១៩​ភាគរយ) ផង​ដែរ ដោយឡែក​អ្នក​ដែល​ចាក់​ដូស​ជំរុញ ឬ​ដូស​ទី​៣ មាន​ចំនួន​ជាង ១​ម៉ឺន ២​ពាន់​នាក់​ហើយ​នៅ​ពេលនេះ។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៥០៨​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៦៦០​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ២៣​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៨​ម៉ឺន ២​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៧​ម៉ឺន ៦​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជិត ១៦០០​នាក់​ហើយ។

ដោយឡែក​អ្នក​ដែល​បាន​ឆ្លង​វីរុស Covid-19 ប្រភេទ​ថ្មី DELTA មាន​ចំនួន ៣៨៥​នាក់​ហើយ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២១ នេះ ក្នុង​នោះ​រាជធានី-ខេត្ត​ដែល​ពាក់ព័ន្ធ​រួម​មាន ព្រះវិហារ សៀមរាប និង​ខេត្ត​កណ្តាល ជាដើម៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...